ភាព​ក្រីក្រ​​ ជាឫស​គ​ល់​​សំខាន់​​មួយ ​​នៃ​​អំពើ​​ពុ​ក​​រលួយ ​​នៅ​​កម្ពុជា

បទយកការណ៍ដោយ ហេង ឧត្តម

ស្តាប់​សំឡេង​ទាំងស្រុងនៃ​បទយកការណ៍​ ៖ http://mfi.re/listen/vtb0ecpupry3ukt/Oudom_HENG-feature-youth-debate-tic-25-06-2015.mp3

IMG_6887យុវជន​ស្មគ្រចិត្តរបស់អង្គការតម្លាភាពកម្ពុជា បានរៀបចំ​«ការប្រកួតជើង​ឯក​តស៊ូមតិ​ដើម្បី​តម្លា​ភាព​ឆ្នាំ២០១៥» ​កាលពីថ្ងៃ​ទី​២១​​មិថុនា​កន្លង​​ទៅនេះ​។ ជាការប្រកួតតទល់គ្នា​ដោយ​ប្រើពាក្យ​សម្តី ចំណេះដឹង​ និងភាពឈ្លាសវៃ ​ដើម្បីជជែក​​ពិភាក្សា​គ្នា​ចំពោះ​​បញ្ហា​​អំពើពុក​រលួយ​​​នៅ​ស្រុកខ្មែរ។ ការប្រកួត​នេះគឺផ្តោតទៅ​លើឫស​គល់ និងផលប៉ះ​ពាល់នៃអំពើ​ពុក​រលួយ ព្រមទាំងផ្តល់​​ដំណោះ​ស្រាយ​មួយចំនួន​​ផងដែរ។ ហេង ឧត្តម អ្នកកាសែតនៃវិទ្យុ​បារាំង​​អន្តរជាតិ បានចូលរួមស្តាប់​នៅក្នុងកម្មវធីនេះ ហើយរៀប​ចំ​បទ​​យកការណ៍​ជូន​ប្រិយ​​មិត្តអ្នក​ស្តាប់។ សូមអញ្ជើញស្តាប់ដូចតទៅ ៖

IMG_6870នៅកម្ពុជា មានមនុស្សតិចណាស់ដែលមិនដឹងថាស្រុករបស់ខ្លួនកំពុងមានអំពើពុករលួយ។ របាយ​ការណ៍នៅឆ្នាំ២០១៤​របស់អង្គការ​តម្លាភាព​អន្តរជាតិ ក៏បង្ហាញដែរថា ប្រជា​ពល​រដ្ឋ​អាស៊ាន​ ច្រើនជាង៥០ភាគរយ បានដឹងឮថា ប្រទេសរបស់​ខ្លួនកំពុង​ញាំញី​ដោយ​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។

នៅស្រុកខ្មែរ មានមូលហេតុច្រើនដែលបណ្តាលឲ្យកើតមានជំងឺស៊ីរូងសង្គមមួយនេះ។ នៅ​ក្នុង​នោះ យុវជន​អង្គការ​តម្លាភាព​​កម្ពុជា​និង​មនុស្ស​ខ្មែរមួយចំនួន បានយល់ឃើញថា «ភាព​ក្រីក្រ​​ជាឫសគល់​សំខាន់មួយ​នៃអំពើពុករលួយ​នៅ​កម្ពុជា​»។ នេះគឺប្រធាន​​បទ​ដែល​គេយក​ទៅ​ធ្វើការប្រកួត​ជ្រើស​រើស«ជើងឯក​តស៊ូមតិ​ដើម្បីតម្លាភាពឆ្នាំ២០១៥»​កាលពីពេល​ថ្មី​ៗ​កន្លង​ទៅនេះ។

ប្រធានបទ​ជាច្រើន​ដែលទាក់ទងនឹង​អំពើពុករលួយនៅស្រុកខ្មែរ បានត្រូវលើក​យក​ទៅ​ជជែក​​ដេញ​​ដោរ​គ្នា នៅ​ក្នុង​កម្មវិធី​ប្រកួត​​តស៊ូ​​មតិ​។ វិញ្ញាសាទាំងនោះ មានដូចជា ៖ «​ការ​លុប​បំបាត់​​​អំពើ​ពុករលួយ គួរតែ​ទុកឲ្យ​រដ្ឋាភិបាល​ធ្វើតែ​ម្នាក់ឯង» «គួរ​បង្កើត​ច្បាប់​ហាម​​ឃាត់​បុគ្គលិក​​​ដែលជាប់​សាច់ឈាម​គ្នាជិតស្និទ មិនឲ្យ​ធ្វើការនៅ​ក្នុងស្ថាប័ន​រដ្ឋតែ​មួយ​ដូចគ្នា បើ​ទោះ​​បី​ជា​បេក្ខជន​នោះ មានសមត្ថភាព​​គ្រប់​គ្រាន់​ក៏ដោយ» «រដ្ឋាភិបាល​ត្រូវឲ្យគ្រឹះស្ថាន​ឧត្តម​សិក្សា​បញ្ចូល​មេរៀន ​ប្រឆាំង​អំពើ​​​ពុក​រលួយ នៅក្នុង​កម្មវិធី​សិក្សា» និង​​ប្រធាន​បទ «​ភាព​​ក្រីក្រជាឫស​គល់នៃអំពើពុក​រលួយ» ជាដើម។ យុវ​ជន​​ដែល​ចូល​​រួម​​ជជែកតស៊ូមតិ​នេះ គឺ​មក​ពីសាកល​​វិទ្យាល័យ​​ផ្សេងៗ​គ្នា​នៅ​ក្រុងភ្នំពេញ​។ ពួកគេមាន៨ក្រុម ហើយ​១​ក្រុម​នី​មួយ​ៗ​​​មាន​គ្នា​៤នាក់។ យុវជនទាំងនោះត្រូវ​ដើរតួជា​ក្រុម​ស្រប​និងជា​ក្រុម​បដិសេធ ដើម្បី​រក​​អំណះ​អំណាង​ការពារ និង​បដិសេធ​។

ការរៀបចំកម្មវិធីតស៊ូមតិ បានចំណាយពេលជាង៤ខែ ទម្រាំ​សម្រេចបាន​ដល់ថ្ងៃប្រកួត​ជម្រុះ​ចុង​ក្រោយ។ ការ​ក្រកួតនេះ ត្រូវ​​គណៈ​កម្មាការ​​​វាយតម្លៃទៅ​លើ អំណះអំណាង​ត្រឹមត្រូវសម​ហេតុ​ផល លំហូរនៃការ​រៀបចំទឡ្ហីករណ៍​របស់​ក្រុមខ្លួន ការ​​បញ្ចេញ​សំឡេង​​និង​កាយ​វិការ ព្រម​ទាំងភាព​សាមគ្គីក្នុងក្រុម​ជាដើម។ បន្ទាប់ពីជម្រុះ​ចម្រាញ់យ៉ាង​ស្វិតស្វាញ ទី​​បំផុត​នៅ​សល់​​តែយុវជន​​ពីរ​ក្រុម​ចុង​ក្រោយ​​ប៉ុណ្ណោះ គឺក្រុមសំឡេងយុវជន​និងក្រុម​យុវជន​ជំនាន់ថ្មី ដែល​​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ​។

IMG_6868ក្រុមយុវជនជំនាន់ថ្មី ជាក្រុមបដិសេធ។ តំណាងក្រុមនេះ បញ្ជាក់ពីពាក្យ ភាពក្រីក្រ ដោយ​ពន្យល់​​ពាក្យ​នីមួយ​ៗ​របស់​ប្រធាន​បទផង។ […] «នាងខ្ញុំឈ្មោះ ព្រហ្ម លក្ខិណា តំណាង​ក្រុម​បដិ​សេធ។ មុននឹងឈានទៅដល់ការបកស្រាយ​បដិសេធ​​នឹងប្រធាន​បទដែល​លើក​ឡើង ខណៈ​ពេលនេះ អនុញ្ញាតឲ្យនាងខ្ញុំ ពន្យល់នូវពាក្យគន្លឹះពីរជាមុនសិន។ ពាក្យថា ភាព​ក្រីក្រ យោង​តាម​ធនាគារ​ពិភព​លោក បាន​ឲ្យ​និយមន័យថា​​គឺជា​កម្រិត​នៃជីវភាព​​ប្រជាជនដែល​រក​ប្រាក់​​ចំណូល​ក្រោម​ខ្សែបន្ទាត់ តិចជាង៥ពាន់រៀលក្នុងមួយថ្ងៃ។ រីឯ​ពាក្យ​ថា អំពើពុករលួយ យោង​តាមអង្គការ​តម្លាភាព បាន​ឲ្យ​និយម​ន័យ​​ផង​ដែរ​ថា គឺជា​ការ​រំលោភ​បំពាន​ទៅ​នឹង​មុខ​ងារ​សាធារណៈ​ដើម្បីផល​ប្រយោជន៍របស់ខ្លួន និងបក្សពួករបស់ខ្លួន។ បើយើង​សង្កេត​មើល​ទៅ​ប្រទេសកម្ពុជាយើងសព្វថ្ងៃ តើអ្នកដែល​ក្រីក្រប្រព្រឹត្ត​​អំពើ​ពុក​រលួយ ឬមន្ត្រីមានអំណាច​​ប្រព្រឹត្ត​​អំពើ​ពុករលួយ? អំពើពុករលួយទាំងនោះ ប្រាកដជាកើត​ឡើងពីអ្នកមានអំណាច ឬ​មាន​ទឹក​លុយ ឬក៏មាន​ទឹកប្រាក់​ជា​ដើម​។ អំពើពុករលួយកើតចេញពីអ្នកដែលមិនក្រ! អ្នក​ដែល​មិនក្រ មានន័យថា អ្នកដែល​មាន​នៅ​លើ​ខ្សែ​បន្ទាត់ភាពក្រីក្រ។ […] ភាព​ក្រីក្រ​មិន​មែន​ជា​ឫស​គល់នៃអំពើពុករលួយ ព្រោះភាពក្រីក្រ [អំពើពុករលួយ] កើតចេញពីការអនុវត្ត​ច្បាប់​នៅ​​មាន​​កម្រិត ។ […]

រីឯក្រុមសំឡេងយុវជន ដែលជាក្រុមស្រប បានឡើងការពារខ្លួន។ យុវជន ហេង សុវណ្ណ បាន​រម្លឹក​ជាថ្មី ពីពាក្យ ភាព​ក្រីក្រ​។ សុវណ្ណ ពន្យល់ដោយ​ញែក​វិសាល​ភាពនិយម​ន័យ​នៃភាព​ក្រីក្រ គឺការក្រីក្ររបស់ប្រជាជន ការខ្វះខាតទាំងចំណេះ​ដឹង​និង​សេដ្ឋកិច្ច រួមទាំង​រដ្ឋាភិបាល​ក្រីក្រី​ផងដែរ។ […] ខ្ញុំឈរនៅទីនេះ ដើម្បីបង្ហាញគោលជំហរថា ភាពក្រីក្រគឺ​ជាឫសគល់​នៃ​អំពើ​​ពុករលួយ។ ដូចសមាជិក​ក្រុម​របស់​ខ្ញុំបានបង្ហាញហើយពាក់ព័ន្ធ ទី១ ភាពក្រីក្ររបស់​រាស្ត្រ​នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ ហើយទី២ ភាពក្រីក្រ​របស់​រដ្ឋាភិបាល​នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយ​។ អឺ! ក្រុមរបស់ខ្ញុំបាន​បង្ហាញហើយពីក្រីក្រ​របស់​បុគ្គល គឺថាភាព​ក្រីក្រ​របស់​រាស្ត្រ​ក្នុង​ស្ថាប័ន​មួយហ្នឹង គឺធ្វើឲ្យ​អ្នក​មាន​អំណាច​ងាយ​ស្រួល​ក្នុងការគ្រប់គ្រង។ ក៏ប៉ុន្តែយើង​បាន​បែងចែក​ភា​ព​ក្រីក្រ​មួយ​ទៀត​។ រដ្ឋាភិបាលក្រីក្រ! រដ្ឋាភិបាលក្រីក្រ​ដូចជា ប្រទេស​នៅ​អាហ្វ្រិក​​ជាដើម គឺធ្វើឲ្យប្រទេស​ពុក​រលួយខ្លាំង​មែនទែន។ ដោយសារអី? ដោយសារ ស្អីក៏​គាត់​អត់​មាន ប្រព័ន្ធច្បាប់ ក៏មិនមានត្រឹមត្រូវ ពាក់​ព័ន្ធជាមួយ​នឹង​ប្រព័ន្ធ​និទ្ទណ្ឌ​ភាព​នៅ​ក្នុង​សង្គម​ក៏កើតមានច្រើន គោលនយោបាយក៏រៀបចំ​មិន​បាន​ត្រឹម​ត្រូវ ធ្វើឲ្យមាន​​ការ​​រំលោភ​បំពាន​​​​អំណាច​​ទៅវិញទៅមក។

[សំណួរពីក្រុមបដិសេធ]

ជាក់ស្តែងសមាជិកក្រុមរបស់មិត្ត បានបកស្រាយដោយគ្មានលើកយកអំណះអំណាង​ណា​មួយ​​មកបញ្ជាក់ពី​ភាពក្រីក្រី​នោះ​ទេ ដែល​ឲ្យ​និយម​ន័យថា ខ្វះតម្រូវការផ្ទាល់ខ្លួន។ ខ្ញុំសួរ​តើ​ការ​​ខ្វះខាតឡាន ខ្វះខាតវីឡា! គឺជាតម្រូវការផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ? តើនេះគឺ​ជា​ភាព​ក្រីក្រ​ដែរ​ឬក៏​យ៉ាងម៉េច?

[ចម្លើយក្រុមស្រប របស់ ហេង សុវណ្ណ]

បាទ! នៅពេលដែល​ពលរដ្ឋខ្វះ​អាហារ ខ្វះ​ចំណេះដឹង សូម្បី​តែអាហារ​​គ្រប់គ្រាន់ សម្លៀក​បំពាក់​​​ស្រួលបួលហ្នឹង មិន​ទាំង​មាន​ផង! គាត់​ខ្វះ​ចំណេះ​ដឹង គេចេះ​តែបន្លំ​គាត់​យ៉ាង​ម៉េច​ក៏​ចេះ​​តែ​​បាន។ យើងអត់និយាយថា គាត់ខ្វះឡាន ខ្វះអីទេ។ […]

ចំណែកក្រុមយុវជនជំនាន់ថ្មី ដែលជាក្រុមបដិសេធវិញ មានអំណះអំណាងផ្ទុយពីនេះ។ ចំពោះ ក្រុមបដិសេធ យល់ថា អំពើ​​ពុក​រលួយ​មិន​កើតពីអ្នកក្រ ឬភាពក្រីក្រនោះទេ តែគឺ​ចេញ​ពី​អ្នក​មាន! អ្នកមានដែលស្ថិតនៅលើខ្សែបន្ទាត់ក្រីក្រ និង​អ្នក​​​មាន​សែស្រឡាយ​បក្ស​ពួក ហើយ​គឺមកពីស្ថាប័នតុលាការអយុត្តិធម៌ និងអ្នកធ្វើការនៅស្ថាប័ននេះ។ […] អំពើពុក​រលួយ​កើត​ចេញពីអ្នកដែលស្ថិត​នៅលើ​ខ្សែ​បន្ទាត់​នៃ​ភាពក្រីក្រ សំណួរសួរថា តើអ្នករក​ប្រាក់​ចំណូល​ក្រោម​​៥​ពាន់​រៀល​ទៅប្រព្រឹត្តអំពើពុករលួយតាមរូបភាពណា? ជាចំណុច​មួយ​​ដែល​យើង​ត្រូវ​គិតពិចារណា​ឱ្យបាន​ស៊ី​ជម្រៅ​បន្តិច។ បើ​តាម​របាយការណ៍​របស់​​ធនាគារ​ពិភព​លោក ក៏បានកំណត់ពីកម្រិត​ភាព​ក្រីក្រ​របស់​ប្រជាជនកម្ពុជាថា មាន១៧.៧% និងអ្នក​រស់​នៅ​លើខ្សែបន្ទាត់ភាពក្រីក្រ​ដែលរកចំណូលលើសពី៥ពាន់​រៀល គឺមាន​៨២.៣%​។ មួយវិញ​ទៀត របាយ​ការណ៍​របស់អង្គការតម្លាភាពកម្ពុជា នៅចុងឆ្នាំ២០១៤ បានរកឃើញថា អំពើពុក​រលួយ​បាន​​កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ស្ថាប័ន​ដែលពាក់ព័ន្ធ រួមមានស្ថាប័នតុលាការកម្ពុជា ជាប់​លំដាប់​ថ្នាក់​លេខ១ ស្ថាប័ននគរបាល​កម្ពុជា​ជាប់​លំដាប់​ថ្នាក់​លេខ​២ និងស្ថាប័ន​ផ្តល់​សេវា​សាធារណៈ​ ជាប់លំដាប់លេខ៣។ សួរតើអ្នកណាធ្វើការនៅក្នុងស្ថាប័ននោះខ្លះ? តើ​ប្រជា​ពល​រដ្ឋ​​​ក្រីក្រដែល​រកប្រាក់ចំណូលតិចជាង៥ពាន់រៀលក្នុងថ្ងៃ ជាមន្ត្រីរាជការដែលធ្វើការ​នៅក្នុង​ស្ថាប័​ន​នេះ​ឬក៏​យ៉ាង​​ណា​?​ […]

បន្ទាប់ពីជជែកតទល់គ្នាជិតកន្លះម៉ោង គណៈកម្មាការ បានសម្រេចឲ្យក្រុមស្របឈ្នះ ដោយ​ពិន្ទុ​​៦២៦ ទល់នឹង៦០៦។

IMG_6882លោក សៅ ដឺលុច ជាសាស្ត្រាចារ្យច្បាប់ នៅសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ​និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​។ ជា​​មេ​ប្រយោគ​ឲ្យ​​ពិន្ទុនៅ ក្នុង​កម្មវិធីលោកយល់​ស្របថា «ភាពក្រីក្រ​ជា​ឫស​​គល់​នៃ​អំពើពុក​រលួយ» ព្រោះថា ភាពក្រីក្រ​នាំឲ្យប្រទេស​មិន​រីក​ចម្រើន និង​មាន​​ករណី​ជនពុក​រលួយ ឬជនល្មើស រំលោភបំពានច្បាប់ រួចផុតពីសំណាញ់យុត្តិធម៌ ហើយដែលហៅ​តាម​​ន័យ​ច្បាប់​ថា និទ្ទណ្ឌភាព។

[…] រាស្ត្រក្រ រដ្ឋាភិបាលក្រ គឺជាមូលហេតុ នាំឲ្យមាននិទ្ទណ្ឌភាពផង អំពើពុករលួយផង ហើយ​ទាំងពីរហ្នឹង ជាហេតុនាំ​ឲ្យ​ប្រទេស​​យើង​ក្រីក្រ លំបាករីកចម្រើនទៅមុខ។ […] ភាព​ក្រីក្រ ប្រាកដណាស់ ជាប្រភពមួយនៃអំពើពុករលួយ ហើយ​ផ្នត់​កំណត់​ក្រីក្រ​ក៏នាំ​ឲ្យ​មាន​អំពើ​ពុក​រលួយដែរ។ […]

ទន្ទឹមនឹងនេះ កញ្ញា ជ័យ សុត្ថារ័ត្ន ដែលជាសាស្ត្រាចារ្យភាសាអង់គ្លេស និងជាអនុប្រធានក្លឹប​ជជែក​តស៊ូមតិ​របស់​វិទ្យា​ស្ថាន​​ភាសា​បរទេស ក៏យល់ស្របនឹងប្រធានបទដែរ។  […] អឺ! ខ្ញុំ​យល់​ស្រប! ច៎ា! ខ្ញុំយល់ស្រប! អំពើពុករលួយ​គឺជាឫស​គល់​នៃ​អំពើ​ពុក​រលួយ​។ ប៉ុន្តែ ទន្ទឹម​នឹង​នេះ ក៏មានកត្តាចូលរួមផ្សេងៗទៀតផងដែរ។ […] ធម្មតា មនុស្សភាគច្រើន​ចោទ​ថា មនុស្ស​​​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយហ្នឹង ដោយសារតែគាត់មានថវិកាអត់គ្រប់គ្រាន់ អឺម! ដោយ​​សារ​តែ​គាត់​មានថវិកា​អត់​គ្រប់គ្រាន់ គាត់ខ្វះចំណេះដឹង! ធ្វើឲ្យមាន​អំពើ​ពុក​រលួយ​កើត​ឡើង​ ដោយសារតែអ្នកខ្លះ​មាន​លុយ​​ហើយគាត់លោភ​លន់! ចឹង! គាត់យកអ្នកអត់ដឹងអីហ្នឹង ជា​ឈ្នាន់! ដើម្បីធ្វើម៉េច ទាញផលប្រយោជន៍ថែមទៀត […] ។

សូមរម្លឹកដែរថា តាមអង្គការតម្លាភាពអន្តរជាតិ នៅឆ្នាំ២០១៤ កម្ពុជាជាប់លេខ១៥៧ ជា​ប្រទេស​ដែលពុករលួយ​ខ្លាំងគ្រាន់​បើ​ដែរ​។ ទោះយ៉ាងនេះក្តី លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ​ថា​ កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​​ត្រូវជាបណ្តើរៗ តាមរយៈកំណែទម្រង់និងការប្រឆាំងអំពើពុករលួយជាសន្លឹមៗ។ ប្រសិន​បើ​​ការ​​អនុវត្ត​​របស់រដ្ឋាភិបាលកម្ពុជា នៅតែស្វាហាប់​បន្តទៀតនោះ លោក ព្រាប កុល សង្ឃឹម​ថា ស្ថានភាពអំពើពុករលួយ​របស់​កម្ពុជា នឹងល្អប្រសើរ ព្រមទាំងអាច​កាត់​បន្ថយ​ជាក់​ជា​ពុំ​ខាន​៕

FullSizeRender

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s