ទស្សនៈសារព័ត៌មានរបស់កាសែតខ្មែរ​ថ្ងៃអង្គារ ទី​៩ មិថុនា ២០១៥

ទស្សនៈសារព័ត៌មានរបស់កាសែតខ្មែរ​ ដែល​ផ្សាយក្នុងស្រុកនៅថ្ងៃអង្គារ​នេះ ​បាន​នាំគ្នា​សរសេរពី​មរណភាព​របស់​ប្រធាន​​ព្រឹទ្ធ​សភា​ និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា។

Press review-10-04-2015 សូម​ស្តាប់ ហេង ឧត្តម ៖http://mfi.re/listen/ahg9q76cdg5xjz7/07h00-Oudom-Press-review-09-06-2015.mp3

«សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម ទទួល​មរណភាព» គឺ​ជា​ចំណង​ជើង​របស់ កាសែត​រស្មីកម្ពុជា ដោយ​មាន​រូប​ថត​អម​មួយ​សន្លឹក​ផង​។ ​កាសែត​នេះ យក​សម្តី​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទៅ​សរសរ​ថា រាជរដ្ឋាភិបាល​និងប្រជាជន​កម្ពុជា សោកស្តាយ​ជា​ខ្លាំង​បំផុត​ ចំពោះ​ការ​បាត់​បង់​សម្តេច​ ជា​ ស៊ីម អតីត​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ ដែល​ទទួល​មរណភាព​ដោយ​ជរាពាធ នៅថ្ងៃម្សិលមិញ។ កម្ពុជា​ចង​ចាំ​ជានិច្ច​ចំពោះ​ការ​តស៊ូ​និង​ពលិកម្ម​គ្រប់​យ៉ាង​​ដែល​សម្តេច​បាន​លះ​បង់​ចំពោះ​ជាតិ​មាតុភូមិ។ ក្រៅពី​ស្រង់​សម្តី​របស់​លោក ហ៊ុន សែន, កាសែត​រស្មីកម្ពុជា បាន​លើក​យក​ជីវប្រវត្តិនិង​ស្នាដៃ​របស់​លោក ជា ស៊ីម ទៅ​​ចុះ​ផ្សាយផង​ដែរ​។

 ចំណែក​ កាសែត​កោះសន្តិភាព ចុះ​ផ្សាយ​ដំណឹង​មរណភាព​របស់​លោក​ ជា ស៊ីម ដូច​កាសែតក្នុង​ស្រុក​ផ្សេង​ទៀត​ដែរ​ ​ដោយ​ភ្ជាប់​មកនូវ​រូប​ថត​​៣​សន្លឹក។ កាសែត​នេះ ក៏បញ្ជាក់​​​ថា សព​របស់​លោក​នឹង​បូជានៅមុខវត្តបទុមវត្តី​នៅ​ថ្ងៃទី​១៩មិថុនា វេលាម៉ោង​៧ព្រឹក​។

 ដោយឡែក កាសែតភ្នំពេញ​ប៉ុស្តិ៍ភាសា​ខ្មែរ​ យក​ការ​ស្លាប់​របស់​លោក ជា ស៊ីម ជា​រឿង​សំខាន់សម្រាប់​ចុះ​ផ្សាយ​ថ្ងៃ​នេះ​ គឺដោយ​ចំណាយ​៣ទំព័រពេញតែម្តង​ ​ដើម្បី​រៀប​រាប់ជាមួយ​​និង​ស្រង់​សម្តី​របស់​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​ រហូត​ដល់​អ្នក​លក់​ដូរ​និង​អ្នក​រត់​ម៉ូតូ​ឌុប។ ​ រូប​ថត​មួយ​ផ្ទាំង​ធំស្ទើរតែពេញ​មួយ​​ទំព័រ​មុខដែល​បង្ហាញ​ពី​ព្រះ​មហា​ក្សត្រ​ជួយ​ទប់​និង​កាន់​ដៃលោក​ ជា ស៊ីម, កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​ដាក់​ចំណឹង​ជើង​ថា «លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា ទទួល​មរណ​ភាព​ក្នុង​ជន្មាយុ​​៨៣ឆ្នាំ»។ កាសែត​បាន​រាយការណ៍ពី​ប្រវត្តិ​ជំងឺ​របស់​ប្រធានព្រឹទ្ធសភា ដែល​ធ្វើ​ដំណើរ​បន្តបន្ទាប់ពី​ក្រៅប្រទេស​ដើម្បី​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ ចាប់​ពីខែតុលា​ ឆ្នាំ២០០០កន្លង​មក។ ហើយ​ទើបតែ​ស្លាប់​ដោយសារ​ជំងឺ​កាលពី​ម្សិលមិញវេលាម៉ោង​​ជិត​៣និង៤៥នាទី​រសៀល​។ ភ្នំពេញ​ប៉ុស្តិ៍​​យក​សម្តី​របស់​លោក សួស យ៉ារ៉ា អ្នក​នាំពាក្យ​បក្ស​កាន់អំណាច មក​សរសេរថា «លោក ជា ស៊ីម ជា​បុរស​ដាក់​ខ្លួន​និង​ចិត្ត​ល្អ​របស់​ប្រជាជន។ ប្រទេស​ទាំង​មូល​និង​គណបក្ស​ ជា​ការពិត យើង​សោកស្តាយ​ចំពោះ​ការ​បាត់​បង់​បុរស​រដ្ឋ​របស់​យើង​ ដែល​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍​»។

 រីឯ​​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​បក្ស​សង្គ្រោះជាតិ បាន​ផ្ញើ​សម្តី​តាម​ភ្នំពេញ​ប៉ុស្តិ៍ថា បក្ស​ប្រឆាំង​សម្តែង​នូវ​សមាន​ទុក្ខ​យ៉ាងក្រៀម​ក្រំ​ដល់​ក្រុម​គ្រួសារ​សព។ ហើយ​លោក យឹម សុវណ្ណ ថ្លែងថា «គាត់​បាន​ធ្វើការ​យ៉ាង​ច្រើន​ដើម្បី​កម្ពុជា»។ ក្រៅ​ពី​រៀប​រាប់​សកម្មភាព​នយោបាយ​ និង​ការ​ចូលរួម​រំដោះ​កម្ពុជាពី​ខ្មែរ​ក្រហមរបស់​លោក ជា​ ស៊ីម កាសែត​ភ្នំពេញប៉ុស្តិ៍​ ក៏​ឆ្លៀត​រៀប​រាប់​រឿង​ការ​ប្រជែង​អំណាច​គ្នា​នៅ​ក្នុង​បក្សប្រជាជនកម្ពុជា ហើយ​ថា លោក ហ៊ុន សែន​ បាន​ធ្វើ​ឲ្យ​អំណាច​របស់​លោក ជា​ ស៊ីម ចុះ​ខ្សោយ។ មិនតែប៉ុណ្ណោះ មេអង្គរក្ស​របស់​លោក ជា ស៊ីម ត្រូវ​បាន​ចាប់​ខ្លួន​។

លោក Sebastian Strangio ជា​អ្នកអតីត​អ្នក​កាសែត​ភ្នំពេញប៉ុស្តិ៍ និងអ្នក​និពន្ធសៀភៅចំណងថា «កម្ពុជា​របស់​លោក ហ៊ុន សែន» បា​នថ្លែងថា ការ​ស្លាប់​របស់​លោក ជា​ ស៊ីម មិន​ទំនង​ជាង​នឹង​ធ្វើ​ឲ្យ​មានការ​កែសម្រួល​តុល្យភាពអំណាច​​ជាង​ខ្លាំង​នៅ​ក្នុង​គណបក្ស​ទេ ដោយសារ​តួនាទី របស់​លោក ជា ស៊ីម នៅក្នុង​រដ្ឋាភិបាល​ភាគ​ច្រើ​នបំផុត ​គ្រាន់តែ​ជា​និមិត្តរូប។ ប៉ុន្តែអ្នកនិពន្ធរូបនេះ បន្ត​បញ្ជាក់តាម​ភ្នំពេញប៉ុស្តិ៍​ថា ក្រុម​របស់​លោក ជា​ស៊ីម នឹង​បន្ត​ចុះ​ខ្សោយ។

កាសែត​នេះឆ្លៀត​ទៅ​សួរ​អ្នក​រត់​ម៉ូតូ​កង់​បី​មកពី​ខេត្ត​ស្វាយរៀង និង​អ្នក​លក់ដូរ ហើយ​ក៏​មាន​​និស្សិត​ផង។ អ្នក​ខ្លះ​បញ្ចេញ​យោបល់​ថា សោកស្តាយ ហើយ​ខ្លះទៀថា លោក ជា ស៊ីម ជា​អ្នក​ដឹកនាំ​ល្អ មិន​សូវ​មាន​អ្នក​និយាយ​ដើម​គាត់​អាក្រក់​ដូច​ថ្នាក់​ដឹក​នាំ​ផ្សេង​ទេ​។ ចំណែក​អ្នក​រត់​កង់​បីវិញ បាន​ពោលសម្តី​​តាម​ភ្នំពេញ​ប៉ុស្តិ៍​​ថា សម្តេច​ ជា ស៊ីម អត់​បាន​ជួយ​អីផង កាលពី​សម័យ​រដ្ឋកម្ពុជា​ហ្នឹង ខ្ញុំ​​ធ្វើ​ទាហាន​​លំបាក និង​វេទនា​ជាប់​រហូត​មក។ គាត់​បាន​​ជួយ​រំដោះ​ប្រទេស​ តែ​មកដល់​បច្ចុប្បន្ន​​ប្រទេស​ក៏​មើល​ទៅ​ដូច​ជា​មិន​​មាន​ការរីក​ចម្រើន​អី​ច្រើន​ទេ យួន​ចូល​រាល់តែ​ថ្ងៃ ហើយ​ប្រជា​ពលរដ្ឋ​ក៏​រស៊ី​យ៉ាប​ណាស់​ដែរ។

 បន្ថែម​លើ​ការស្រង់​សម្តី​គេ​ទាំង​ឡាយទៅ​​ចុះ​ផ្សាយ នៅ​ក្នុង​អត្ថបទដ៏​វែង​​របស់​ខ្លួន​ ភ្នំពេញ​ប៉ុស្តិ៍ បាន​លើក​ឡើង​ពី​រឿង​តំណែង​ប្រធាន​ព្រឹទ្ធសភា និង​តួនាទី​ប្រធាន​បក្ស​ប្រជា​ជន។ លោក សួស យ៉ារ៉ា អ្នកពាក្យ​បក្ស​កាន់​អំណាច បាន​បញ្ជាក់ថា នៅពេល​នេះ មាន​ត្រឹម​ប្រធាន​ស្តីទី​ សិន ហើយ​នឹងរង់ចាំ​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ថ្មី។

 ចំពោះ​រឿង​តំណែង​ប្រធាន​ថ្មី​នេះ សារព័ត៌មាន​អេឡិច​ត្រូនិក​ថ្មីៗ បាន​បញ្ចេញ​អត្ថបទ​ខ្លី​អម​នឹង​សំឡេង​របស់​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ធ្លាប់​បានអះអាងថា ប្រសិនបើលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាមរណកាល​ទៅ រូបលោកនឹងធ្វើជាប្រធានគណបក្សបន្ត រីឯលោក សាយ ឈុំ ដែលបច្ចុប្បន្នជាអនុប្រធានព្រឹទ្ធសភា នឹងធ្វើជាប្រធានព្រឹទ្ធសភា។

សារព័ត៌មាន​អេឡិច​ត្រូនិក​ថ្មីៗ ស្រង់​សម្តីប្រមុខ​រដ្ឋា​ភិបាលមក​សរសេរ​ឡើងវិញទៀត​​ថា ​« ក្នុងករណី គាត់ (លោក ជា ស៊ីម)​ មរណកាលទៅ អ្នកដែលធ្វើប្រធានបក្សគឺ ហ៊ុន សែន បេក្ខជនមានស្រាប់ហើយ គ្រាន់តែចាំបោះឆ្នោតប៉ុណ្ណោះ ។ បើទោះ ហ៊ុន សែន មិនធ្វើប្រធាន ថ្ងៃនេះ ហ៊ុន សែន ដឹកនាំបក្សរហូតមកហើយ » ។

 ក្រៅពី​រឿង​មរណភាព​របស់​ប្រធាន​ព្រឹទ្ធ​សភា កាសែត​ក្នុងស្រុក ចាប់​អារម្មណ៍​រឿង​កម្តៅ​នយោបាយរវាង​បក្ស​ជាប់​ឆ្នោត​ទាំងពីរ។ «ប្រតិកម្ម​តបដៃគូសន្ទនា ចោទ​CPPលួច​សន្លឹកឆ្នោត តើCNRPហ៊ាន​ស្បថដល់​ព្រះអង្គដងកើទេ?» នេះ​ជា​ចំណង​ជើង​របស់​កាសែទ​កោះសន្តិភាព។ កាសែត​នេះ បាន​ស្រង់​សម្តី​លោក ហ៊ុន សែន ដែល​និយាយ​នៅរដ្ឋសភាពី​ម្សិលមិញ​មក​សរសេរ​ ពាក់​ព័ន្ធ​នឹង​​រឿងសន្លឹកឆ្នោត ដែលបក្ស​ប្រឆាំង​ចោទ​បក្សកាន់អំណាច់ថាលួចបន្លំ​​។ ​លោក ហ៊ុន សែន បបួល​លោក​ សម រង្ស៊ី នៅពេល​ប្រមុខ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ត្រឡប់​ចូល​ស្រុក​វិញ។ លោកថា ស្បថ​ឲ្យ​រន្ទះបាញ់។ ចំណែករស្មី​កម្ពុជា ក៏​យក​រឿង​នេះ​ទៅ​សរសេរ​ដែរ។ ភ្នំពេញប៉ុស្តិ៍​វិញ ក៏​មិន​រំលង​ដែរ។ ភ្នំពេញប៉ុស្តិ៍ ដាក់​ចំណង​ជើងថា «លោក ហ៊ុន សែន ចង់​នាំបក្ស​ប្រឆាំង​ទៅ​ស្បថ​រឿង​ចោទ​លួច​បន្លំ​សន្លឹក​ឆ្នោត»។

 បន្ថែមពី​ប្រធាន​រឿង​សំខាន់​ទាំង​នេះ កាសែត​ខ្មែរ​ផ្សាយ​ថ្ងៃអង្គារ​នេះ ក៏​បាន​សរសេរពី​តំណាង​រាង​ស្ត្រ​បក្ស​ប្រឆាំង​ឲ្យ​ភាគី​វៀតណាម​លុប​ស្រះ​វិញ។ រឿង​នេះ​មាន​ទៅ​ទំព័រ​មុខ​របស់​ភ្នំពេញប៉ុស្តិ៍។ ឯ​កោះសន្តិភាព​វិញ សរសេរឿង​នេះដោយ​អម​ជាមួយ​រូបថត​ពលរដ្ឋ​ជា​ច្រើន ខ្លះ​កាន់​ទង់​ជាតិ​ខ្មែរ និងមាន​អាជ្ញា​ធរ​ចូលរួម​ផង ព្រ​មទាំង​ដាក់​ចំណង​ជើង​ថា តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាំតិ​ទៅ​មើល​រណ្តៅ​ភាគី​វៀតណាម​ជីក។ កាសែត​រាយការណ៍ថា ពី​ម្សិលមិញ​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​និង​ពលរដ្ឋ​ខ្មែរ​ចុះទៅ​មើល​ព្រំ​ដែន​​កម្ពុជា​វៀតណាម ត្រង់​ខេត្ត​រតនគិរី តែ​ត្រូវ​សន្តិសុខ​ភាគី​វៀតណាម​ យក​ឆ្កែ​ឲ្យ​ដេញ​ខាំ​នាំ​គ្នា​រត់​ចេញ​មក​វិញ​ស្ទើរ​មិន​ចង់​ទាន់។ កាសែតកោះសន្តិភាព​លម្អិត​រឿងនេះ នៅ​ទំព័រទី​១១។​ បង្ក្រាប​ឈើ​គ្រញូង​២កន្លែង​នៅ​ស្រុក​ពួក​ខេត្ត​សៀមរាប ដកហូត​បាន​ប្រមាណ​២តោន។ នេះ​ជា​​ចំណង​ជើង​ នៅ​ទំព័រ​មុខ​របស់​កាសែត​រស្មី​កម្ពុជា៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s