ទស្សនៈសារព័ត៌មាន​ ថ្ងៃ​ទី​​២៨​មេសា​២០១៥

ដោយ ហេង ឧត្តម ៖ http://mfi.re/listen/a9eochfzqay3dd5/07h00-Press-Review-Oudom-28-04-2015.mp3

Press review-10-04-2015

កាសែត​ក្នុងស្រុក​ថ្ងៃនេះ ចាប់​អារម្មណ៍​ប្រធានរឿងគ្រោះ​ថ្នាក់​ចរាចរណ៍​របស់​អ្នក​ម្នាង​រណ​ឫទ្ធិ និង​ជំនួប​របស់​លោក​ ហ៊ុន សែន ​សម រង្ស៊ី នៅម៉ាឡេស៊ី។ លើស​ពីនេះ កាសែត​កោះ​សន្តិភាព និងភ្នំពេញ​ប៉ុស្តិ៍​ ​នៅ​ថ្ងៃអង្គារទី​២៨មេសា​នេះ ហាក់​ចាប់​អារម្មណ៍​ខ្លាំងទៅ​​លើ​រឿង​បរិស្ថាន ធនធាន​រ៉ែ​ ព្រៃឈើ និង​ដីធ្លី។

 យើង​ផ្តើម​និយាយព័ត៌មាន​ពី​ភ្នំពេញ​ប៉ុស្តិ៍ ព្រោះ​កាសែតនេះ​ជាអ្នក​នាំ​អាត​​​សរសេរ​រឿងស្តីពី បរិស្ថាន​ច្រើន​ជាងគេ គឺ​​​មិនតិច​ជាង​៥អត្ថបទ​ទេ។ ដោយ​ដាក់​រូប​ថត​ស្ត្រីមួយ​ក្រុម​ខ្លះ​​អង្គុយ ​និងខ្លះ​ឈរកាន់​ក្រដាស​​នៅ​រដ្ឋសភាជាតិ, ភ្នំពេញប៉ុស្តិ៍​ បាន​សរសេរ​អធិប្បាយ​ពីក្រោម​រូបថា ស្រ្តី​បឹង​កក់មួយ​ក្រុម​ដែល​ជាជន​រងគ្រោះ​​បាត់​ដី​និងផ្ទះ​សម្បែង​ ដោយសារ​គម្រោង​អភិវឌ្ឍ​ន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​តំបន់​បឹកក់ បាន​ចេញ​មុខ​តវ៉ា​សាជាថ្មី​ទៀត​នៅ​មុខ​សភាជាតិ​កាលពីម្សិលមិញ។ ស្ត្រីទាំង​នោះ បាន​លើកបដា ដោយស្នើ​រដ្ឋាភិបាល​នូវ​ជម្រក​នៅ​ក្នុង​ក្រុង​ឲ្យ​បាន​សមរម្យ​។

នៅ​ពីក្រោម​រូបនេះបន្តិច​ ភ្នំពេញប៉ុស្តិ៍ បាន​ដាក់​ចំណង​ជើង​អត្ថបទយ៉ាងធំថា «អាជ្ញាធរ​អូស្ត្រាលី​បាន​​ស៊ើប​អង្កេត​ ករណី​សូក​ប៉ាន់​ក្នុងការ​រុករករ៉ែនៅ​កម្ពុជា»។ កាសែត​រាយការណ៍ថា អាជ្ញាធរ​សហព័ន្ធ​អូស្ត្រាលីបាន​​ស៊ើប​អង្កេត​ក្រុម​ហ៊ុន​រុករក​រ៉ែ​អូស្ត្រាលី ​ឈ្មោះ OZ Minerals ចាប់ពី​ឆ្នាំ​ខែកញ្ញា​២០១៤ អំពី​ការ​អះអាង​ថា ក្រុម​ហ៊ុន​នេះ​ជាប់​ពាក់​ព័ន្ធ​ក្នុងការ​សូក​ប៉ាន់​នៅក្នុងប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០០៩។ ការ​សូកប៉ាន់​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ទទួល​អាជ្ញាបណ្ណ​ក្នុង​ការ​រុករ៉ែពី​ក្រសួង​។ កាសែត​ឲ្យ​ដឹង​ទៀតថា ក្រុម​ហ៊ុន​ OZ Minerals ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូក​ប្រាក់​ជិត​១លាន​ដុល្លារអាមេរិក​ឲ្យ​ស្ត្រី៣នាក់ក្នុង​ក្រុម​ហ៊ុន​ដៃ​ដូ​របស់​កម្ពុជា​ ដែល​មាន​សាច់​ញាតិ​មាន​ឋានៈខ្ពស់​នៅ​ក្នុងក្រសួង​រ៉ែ​និងថាមពល​។

ចំណែក​នៅពី​ខាង​ស្តាំ​រូបថត​ស្ត្រី​បឹង​កក​ខាង​លើ កាសែត​​ដដែល​នេះ​ បាន​ដាក់​ចំណ​ងជើង​ថា    «របាយការណ៍​បង្ហាញថាមន្ត្រី​ជា​អ្នក​បំផ្លាញ​ឈើព្រៃឡង់»។ ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​ បាន​ផ្តើម​សរសេរ​ថា មន្ត្រី​រដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន​ ឈ្មួញ​និង​អ្នក​មាន​អំណាច​ផ្សេង​ទៀត បាន​កំពុង​ប្រើ​ប្រាស់​សិទ្ធិ​អំណាច​របស់​ពួក​គេ​ ដោយ​ខុស​ច្បាប់​និង​បំពាន ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ធន​ធាន​ព្រៃឡង់ តាមរយៈ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​។ កាសែត​បញ្ជាក់ថា នេះ​បើ​តាម​របាយការណ៍​ស្រាវជ្រាវ​ថ្នាក់​ឃុំ ឆ្នាំ២០១៣ដល់​២០១៤របស់​បណ្តាញ​ព្រៃ​ឡង់​កម្រាស​១៤២ទំព័រ មាន​ចំណង​ជើងថា «ព្រៃ​ឈើ​របស់​យើង​នៅតែ​ស្ថិត​នៅក្រោម​ការ​កាប់​បំផ្លាញ់» ដែល​បាន​ចេញ​ផ្សាយ​ម្សិលមិញ។

ភ្នំពេញ​ប៉ុស្តិ៍​ដោយ​ផ្អែក​លើ​របាយការណ៍​ដដែល​នេះ បាន​សរសេរ​ទៀតថា អាជ្ញាធរ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​​ច្បាប់​និង​គ្រប់​គ្រង​ព្រៃ​ឈើ​ បែរ​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ និង​ខ្វះ​វិធាន​ការ​ជាក់​ស្តែង​ ក្នុង​ការ​ឈប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ ទៅវិញ។

 យើង​ងាក​មក​កាសែត​«កោះសន្តិភាព​»បន្តិចសិន​។ កាសែតនេះ​បាន​​ចាប់​អារម្មណ៍ដែរ​​រឿង​ព្រៃ​ឈើ​នៅថ្ងៃ២៨មេសា​នេះ ដោយ​ឲ្យ​ចំណង​ជើង​នៅ​ទំព័រ​មុខ​របស់​ខ្លួនថា «ព្រៃ​ឈើ​ក្នុង​សហគមន៍​រាជសាល រង​ការ​កាប់​ទន្ទ្រានយក​ដីលក់​ ពលរដ្ឋ​អំពាវនាវឲ្យ​ទប់​ស្កាត់»។ ​«កោះសន្តិភាព​» បាន​រាយការណ៍ថា នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង ថ្មីៗ​នេះ​ មាន​អ្នក​ភូមិ​មួយ​ចំនួន​តូច​បាន​ទៅ​កាប់​បំផ្លាញ​ព្រៃ​ទន្ទ្រាន​យក​ដី​លក់​ទៅអ្នក​ចំណូល​ថ្មី​ ក្នុង​មួយ​ហិកតា​១០០ដុល្លារ​ ដោយ​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​មភូមិឃុំ​ និងការ​បិទ​ភ្នែក​របស់​មន្ត្រី​រដ្ឋាបាល​ព្រៃ​ឈើ​​ថ្នាក់​មូលដ្ឋាន​ ដែល​ព្រងើ​យ​កន្តើយ​លើ​បញ្ហានេះ បាន​​ធ្វើ​ឲ្យ​មាន​សកម្មភាព​កាប់​ទន្ទ្រាន​បង្ក​ឲ្យ​បាត់​បង់​អស់​គម្រប​ព្រៃ​ឈើ​សហគមន៍​ជិត​៤០ភាគរយទៅហើយ។ ក្នុង​អត្ថបទ​ដដែល​នេះ​ កោះសន្តិភាព​ ក៏​បាន​រាយការណ៍ដែរថា នៅ​ស្រុក​សេសាន ដី​ព្រៃ​រាប់​រយ​ហិកតា​ក៏​ត្រូវ​គេ​សម្រុក​កាប់​ទន្ទ្រាន​ទាំង​ថ្ងៃទាំងយប់​ យ៉ាង​អនាធិបតេយ្យ​ ហើយ​ក៏​គ្មាន​អ្នក​ទប់​ស្កាត់​ដែរ។

 ជុំវិញ​រឿង​ព្រៃ​ឈើ​នេះ ​«កោះសន្តិភាព​» បាន​ចេញ​អត្ថបទ​មួយ​ទៀត តែ​និយាយពី​រឿង​ឈើ​នៅ​ព្រំ​ដែន​ខ្មែរ​ថៃ។​ កាសែត​កោះសន្តិភាព​ដាក់​ចំណង​ជើងថា«          លួច​ចូល​កាប់​គ្រញូង​ អ្នកទោស​ខ្មែរ​៥៥នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ដោះលែង​និងប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា»។ កាសែត​ដដែល​នេះ បាន​ឲ្យដឹងថា កាលពី​ថ្ងៃទី​២៥មេសា​កន្លងទៅនេះ អាជ្ញាធរ​ថៃ​បាន​ដោះលែង​ប្រជាជន​ខ្មែរ​៥៥នាក់ មាន​ស្ត្រី២នាក់ ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ។ បើ​តាម​«កោះសន្តិភាព​» អ្នក​ទាំង​៥៥នាក់ ត្រូវទាហានថៃ​​ឃាត់​ខ្លួន​តាំងពី​ថ្ងៃ​៨មិថុនា​២០១៣ ហើយ​ទើប​តែ​ដោះលែង​ថ្ងៃ២៥មេសា​២០១៥នេះ។

 ដោយកាសែត​«រស្មី​កម្ពុជា» និង​«កម្ពុជាថ្មី» មិន​បាន​សរសេរ​ពី​រឿង​បំផ្លាញ​ព្រៃ​ឈើទេ​នៅថ្ងៃនេះ យើង​សូម​ត្រឡប់​ទៅ​«ភ្នំពេញ​ប៉ុស្តិ៍»វិញ។ «សកម្មជន​បន្ត​កាតព្វ​កិច្ច​ការពារ​ព្រៃ​ឈើ​លើ​វិថី​ ឈុត វុទ្ធី»។ នេះ​ជា​ចំណង​ជើង​របស់​កាសែត​ភ្នំពេញប៉ុស្តិ៍។ កាសែត​បាន​សរសេរ​ថា នៅថ្ងៃទី​២៦មេសា​២០១៥ គឺ​ជា​ខួប​៣ឆ្នាំ​ដែល​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​ដ៏​ល្បី​ល្បាញ​ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅ​ខេត្ត​កោះកុង។ កាសែត​បាន​បញ្ជាក់ថា ទោះបី​លោក​ ឈុត វុទ្ធី ស្លាប់​ទៅហើយក្តី ក៏​នៅ​មាន​សហការី​និង​កូន​ប្រុស​របស់​លោក នៅតែបន្ត​សកម្មភាព​របស់​លោក​បន្តទៀត។

 ក្រៅ​រៀប​រាប់​ព្រឹត្តិការណ៍​នៃការ​ស្លាប់​របស់​លោក ឈុត វុទ្ធី និង​លើក​យក​សម្រង់​សម្តី​របស់​សង្គម​ស៊ីវិល ភ្នំពេញ​បាន​លើក​យក​សម្តី​របស់ លោក ឆឺយ ឧត្តមរស្មី កូន​ប្រុស​លោក​ឈុត វុទ្ធី មក​បញ្ចប់​អត្ថបទរបស់​ខ្លួនថា «លោក​ ហ៊ុន សែន គួរតែ​ស្រឡាញ់​ធនធានធម្មជាំតិ​របស់​កម្ពុជា ពី​ព្រោះ​ប្រទេស​នេះ​បាន​ផ្លាស់​ប្តូរ​ខ្លាំង​ណាស់​រួច​ទៅហើយ»។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s