ទស្សនសារព័ត៌មាន ថ្ងៃទី​១៦ មេសា ២០១៥

នៅថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី៣ ត្រូវនឹងថ្ងៃព្រហស្បតិ៍នេះ កាសែតប្រចាំថ្ងៃ រួមមាន រស្មីកម្ពុជា កម្ពុជាថ្មី កោះសន្តិភាព និងកាសែតភ្នំពេញប៉ុស្តិ៍ ជា​ដើម ​មិនទាន់ចាប់​ផ្តើម​ការ​ផ្សាយឡើង​វិញ​នៅឡើយ​​ទេ​។ ដូច្នេះ នាទីទស្សនៈសារព័ត៌មានសម្រាប់ថ្ងៃទី​១៦មេសានេះ ខ្ញុំសូម​ដក​ស្រង់​ចេញពីគេហទំព័រយក​មក​ជម្រាប​ជូន​វិញ​​។

ស្តាប់សំឡេង ពី​វិទ្យុ​បារាំងអន្តរជាតិ ៖ http://mfi.re/listen/9rz9nwx9b9bawl2/07h00-Press-Review-Oudom-16-04-2015.mp3

Press review-10-04-2015

នៅ​គេហទំព័រ CEN ថ្មីថ្មី​​​​ ដើមអំពិល​ និង​ AKP សុទ្ធ​ឲ្យ​តម្លៃ​ដំណឹង​របស់​ខ្លួន​ខ្លាំង​ទៅ​លើក​រឿង​បំបែក​កំណត់​ត្រា​ពិភព​លោក​របស់​កម្ពុជា​។ បន្ថែម​ពី​ការ​ដាក់​រូបថត​​បួន​សន្លឹក​បង្ហាញ​ពី​នំអន្សមយក្ស​​និង​យុវជន​ឈរ​ជា​ជួរ​ស្លៀក​ពាក់​ដូចៗគ្នា​ ​ទី​ភ្នាក់​ងារ​ព័ត៌មាន​ជាតិ​ AKP បាន​សរសេរ​យ៉ាង​ខ្លី​ថា អង្គរសង្រ្កាន្តឆ្នាំ២០១៥ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទទួលបានកំណត់ត្រាពិភពលោកចំនួនពីរ គឺ​នំ​អន្សម​យក្ស​ដែលមានទំងន់ជាង​៤តោន និងការរាំចង្វាក់ម៉ាឌីហ្សូន ដែលមានអ្នកចូលរួមរាំចំនួន២០១៥នាក់។ កំណត់​ត្រា​នេះ​ប្រកាស​ដោយ​ស្ថាប័ន Guinness World Records នាថ្ងៃទី១៣និងថ្ងៃទី១៥ ខែមេសា នៅក្រុងសៀមរា​ប​​។

ចំណែក​ CEN បរិយាយថា ទីបំផុតទៅ ការរាំម៉ាឌីហ្ស៊ននៅទីលានជល់ដំរី ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបំបែក​ឯតទគ្គកម្ម​ពិភព​លោក​​ហើយ​ គឺ​មួយ​ថ្ងៃ​បន្ទាប់ ពី​ការ​ចុះ​បញ្ជី​នំ​អន្សម​យក្ស​ក្នុង​កំណត់ត្រាពិភពលោក​។ គេហទំព័រ CEN សរសេរថា ​ការវាយតម្លៃនោះ ត្រូវ​បានតំណាង Guinness World Record ប្រកាសកាលពីម៉ោងជិត២រសៀល ថ្ងៃទី១៥មេសា ឆ្នាំ២០១៥។ យុវជន​ពាក់​អាវផ្ទៃ​មេឃ​និង​មួកស្លឹក​ត្នោត​ មានសញ្ញាសហភាពសហព័ន្ធយុវជនកម្ពុជា បានឈរជាជួរ ហាត់សមរាំតាំងពីម៉ោង៦ព្រឹក។ តំណាងក្រុមការងារ​សៀវភៅ​កំណត់ត្រា​ពិភព​លោក​ បានចូលរួមពិនិត្យដើម្បីកត់ត្រានិងវាយតម្លៃលើ​ការរាំម៉ាឌីហ្ស៊ន ចំពោះ​លក្ខណៈ​វិនិច្ឆ័យ​ដែល​ត្រូវ​រាំឲ្យស្រុះគ្នា ក្នុងរយៈពេល៥នាទី។ នេះ​បើ​តាម​ CEN ។​

ផ្ទុយ​ពី​គេ​បន្តិច គេហទំព័រ​អេឡិច​ត្រូនិច​ថ្មីថ្មី បាន​ដាក់​ចំណង​ជើងថា «រាំ​ម៉ា​ឌី​ហ្សុ​ន៖ កម្ពុជា​ទម្លាក់​អូស្ត្រាលី ​ដើម្បី​ចូលក្នុង​កំណត់ត្រា​ពិភពលោក​សាជាថ្មី»។ ថ្មី​ថ្មី​ បាន​រម្លឹក​ថា ក្នុងការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន​នេះ កម្ពុជា​ធ្លាប់បំបែក​ឯតទគ្គកម្ម​ពិភព​លោក ​រួច​ម្តង​ហើយ​កាលពី​​ឆ្នាំ​២០១២ ដោយមាន​អ្នកចូលរួម ៩២៩នាក់ ប៉ុន្តែ​ត្រូវបាន​បំបែក​ដោយ​ក្រុម​រាំ​នៅ​អូស្ត្រាលី ​កាលពី​ឆ្នាំ២០១៤ ដែលមាន​ចំនួន​១១៥៥​នាក់​​​។ ទោះបីជា​យ៉ាងណាក៏ដោយ ចំពោះ​ការ​ទម្លាក់​អូស្ត្រាលី ​ដើម្បី​ចូលក្នុង​កំណត់ត្រា​ពិភពលោក​សាជាថ្មីឡើងវិញ​នេះ ​ ថ្មីថ្មីៗ​ បាន​សរសេរថា គឺ​នៅ​តែ​មានមតិ​មួយចំនួន​ រិះគន់​ពី​ការ​លើកយក​ក្បាច់​រាំ​បរទេស​ ដើម្បី​ទទួលបាន​កំណត់ត្រា​ពិភពលោក។ ហើយ​អ្នក​ទាំងនោះ ចង់​ឲ្យ​លើកយក​ចង្វាក់រាំ​ខ្មែរ ដូចជា​រាំវង់ រាំក្បាច់ ជាដើម មិន​តែប៉ុណ្ណោះ ពួកគេ​ចង់​ឲ្យ​មានអ្នក​ចូលរួម​​រហូតដល់​ទៅ២៥៥៩ ដែល​ស្មើនឹង​ចំនួន​ឆ្នាំ​នៃ​ពុទ្ធសករាជ។ នេះ​បើ​តាម​គេហទំព័រ​ថ្មីថ្មី។

 ជុំវិញ​ការ​បំបែក​ឯតទគ្គកម្ម​ពីពិភលោកនេះ ថ្មីថ្មីបាន​សរសេរ​អត្ថបទ​មួយ​ទៀត និយាយ​អំពី​«អង្រុត​​យក្ស មួក​យក្ស ជាប់​ឯតទគ្គ​កម្ម​ជាតិ​ដំបូង​​នៅ​កម្ពុជា»។ គេហទំព័រ​នេះ ឲ្យដឹងថា អង្រុត​យក្ស មួក​យក្ស កន្ត្រង់​ប្រហុក​យក្ស និង​បំពង់​ទឹកត្នោត​យក្ស ដែល​ធំ​ជាង​សម្ភារ​ធម្មតា​នោះ រាប់រយ​ដង បាន​ជាប់​ឯតទគ្គ​កម្ម​ថ្នាក់ជាតិ​ដំបូង​នៅ​កម្ពុជា។ អ្នកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​​ថ្មីថ្មីអះអាងថា ជា​អ្នក​ប្រកាស​ទទួលស្គាល់​នូវ​សម្ភារៈប្រើប្រាស់​ប្រពៃណី​របស់​ខ្មែរធំៗទាំង៤នោះថា ជា​វត្ថុ​ជាប់​ក្នុង​ឯតទគ្គ​កម្ម​ថ្នាក់​ជាតិ​​ដំបូង​ជាង​គេ​នៅ​កម្ពុជា។

 ក្រៅពីប្រធាន​​រឿង​ពាក់​ព័ន្ធ​នឹង​អង្គរសង្គ្រាន្ត​នៅ​ខេត្ត​សៀមរាប គេហទំព័រ​ជា​ភាសា​ខ្មែរ បាន​ចេញ​ផ្សាយ​រឿង​ផ្សេង​ដោយឡែក​ៗគ្នា ស្តី​ពី​រឿង​សន្តិសុខ​សង្គម​ និង​និយាយ​តិច​តួ​ច​ពីរឿង​នយោបាយ​ ដោយ​មិន​មាន​អធិប្បាយ​វែង​អន្លាយ​នោះ​ទេ​។

គេហទំព័រ CEN បាន​ចេញ​ចំណង​ជើង នៅ​ម៉ោង​រំលងអធ្រាត្រចូលថ្ងៃទី​១៦មេសា​នេះ​​ថា «លោក​ កឹម ​​សុខា ចេញ​ទៅ​​សឹង្ហ​បុរី ខណៈ​លោក​សម​រង្ស៊ី រីករាយ​បុណ្យចូលឆ្នាំថ្មី​ជាមួយ​សម្តេច​ហ៊ុន​សែន នៅ​ខេត្ត​សៀមរាប»។ ដោយ​មិន​មាន​ដាក់​រូបថត​អ្វីទាំង គេហទំព័រនេះ សរសេរ​អត្ថបទ​ជា​ដំណឹង​ខ្លីថា លោក កឹម សុខា បានឡើងយន្តហោះ ដោយ​ស្ងាត់ៗទៅកាន់ប្រទេស​សិ​ង្ហបុរី ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ។ ការចាកចេញរបស់លោកកឹមសុខាតាមយន្តហោះ កាលពីថ្ងៃទី១៤មេសា ថ្ងៃចូលឆ្នាំទី១ ក្រោមហេតុផល​ថា ដើម្បី​ពិនិត្យ​សុខភាព។ CEN បានគូសបញ្ជាក់ថា ការចាកចេញទៅក្រៅប្រទេសរបស់លោកកឹមសុខាគ្រានេះ គឺខណៈដែលលោក សម រង្ស៊ី បាន​រីករាយបុណ្យចូលឆ្នាំថ្មី ជាមួយសម្តេចហ៊ុនសែន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។

 CEN បាន​ផ្សាយ​រឿង​នយោបាយ​ជា​ដំណឹង​ខ្លីៗបន្ថែម​​ទៀត។«លោក​ម៉ម​សូណង់ដូ រិះគន់​លោក​សម​ រង្ស៊ី ដែល​ស្និទ្ធស្នាល​នឹង​ សម្តេច ​ហ៊ុន​ សែន​ »។ CEN បាន​លើក​យក​សម្តីរបស់​​លោក​ម៉ម ​សូណង់ដូ ដែល​បានសរសេរទំព័រ​ហ្វេ​សប៊ុក កាលពី​យប់​ថ្ងៃ​ទី​១៤​មេសា ថា « ​ដូរឬ​មិន​ដូរ ទៅ​ជា​ស្អិតរ​មួ​ត​ដូច​ក្រមួន​ទៅវិញ បើ​មិន​ខ្មេះ​ទេ ងាប់​ទៅជា​ខ្មោច ល្អ​ជាង​! »​។​ CEN បញ្ជាក់ថា សម្តីនេះ​ គឺលោកប្រធាន​វិទ្យុ​សំបុក​ឃុំ ​ចោទទៅ​លោក សម រង្ស៊ី ដែល​ទៅ​ស្និត​ផ្អែម​ល្មួត​ជា​មួយ​​លោក​ ហ៊ុន សែន នៅថ្ងៃ​ចូលឆ្នាំទី១ ឯខេត្ត​សៀមរាប​។

រឿង​មួយ​ទៀត ដែល​គេហទំព័រ​ CEN យក​ទៅ​ចុះ​ផ្សាយ​ដែរនោះ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា នៅ​ព្រឹក​ថ្ងៃ​សុក្រទី​១៧ខែ​មេសានេះ​ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​​ខ្មែរក្រហម នៅ​សារៈមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក​។

យើង​បញ្ចប់​ទស្សនសារព័ត៌មាន​ដោយ​អត្ថបទ​មួយ​របស់​ដើមអម្អិល​។ គេ​​ទំព័រ​​ព័ត៌មានដើម​អម្ពិល​ បាន​រាយ​ការណ៍ថា សាលា​ដំបូង​រាជ​ធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមេសាម្សិលមិញនេះ បានសម្រេចឃុំខ្លួន លោក ឌួង ឆាយ កូនប្រុស របស់ឧកញ៉ា         ឌួង ងៀប ទៅ​​ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿងទះកំផ្លៀង កូនឧកញ៉ាល្បីឈ្មោះម្នាក់ កាលពីយប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរទី១។ ដើមអម្អិល សរសេរ​ថា លោក ឌួង ឆាយ ត្រូវបានអាវុធហត្ថបញ្ជាក់ថា បានវាយតប់ និងទះកំភ្លៀង ទៅលើយុវជនម្នាក់ ឈ្មោះ ទ្រី ដាលុច ដែលជាកូនប្រុសរបស់ឧកញ៉ាដ៏ល្បីមួយរូបនៅកម្ពុជា ព្រោះតែរឿងមើលមុខឌឺដងដាក់គ្នា នៅក្នុងហាងចាក់សាក់មួយ។ រឿងនេះ​កើត​ឡើង​នៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ កាលពីម៉ោង៨យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ។ មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បាន​ដើម​អម្អិលឲ្យដឹងថា តុលាការបាន សម្រេចចោទប្រកាន់ ២បទល្មើស៖ ទី១៖ ប្រើហឹង្សាដោយចេតនា និងទី២៖ គំរាមបាញ់សម្លាប់៕

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s