ទស្សនសារព័ត៌​មាន​​កម្ពុជា ថ្ងៃទី​១៤ មេសា ២០១៥

ស្តាប់៖ http://mfi.re/listen/dj4zqpxj7j9cc4c/07h00-Oudom-Press_Review-14-04-2015.mp3

វិទ្យុ​បារាំងអន្តរជាតិ​ ​ផ្សាយ​នៅ​ទី​១៤ មេសា ២០១៥ ៖ http://km.rfi.fr/cambodia/oudom-heng-press-review-14-04-2015/

Press review-10-04-2015

ដោយសារ ថ្ងៃអង្គារ​នេះជា​ថ្ងៃ​បុណ្យ​ឆ្នាំ​ថ្មី កាសែត​ទាំងអស់​បាន​ឈប់​សម្រាក​និង​ផ្អាក​ការ​ផ្សាយ ដើម្បី​ចូល​រួម​អបអរ​ពិធី​​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ ដូច្នេះ​​យើង​សូម​លើក​យក​«ទស្សនសារព័ត៌​មាន​​កម្ពុជា​​» ដែល​បាន​ផ្សាយ​​តាម​រយៈ​ប្រព័ន្ធ​អ៊ិន​ធឺណិត​វិញ។

«មាន​សែន មាន​ស៊ី!» ជា​អត្ថបទ​ដែល​លោត​ឡើង​នៅ​ទំព័រ​មុខ​របស់​សារព័ត៌មាន​អេឡិច​ត្រូនិច ថ្មីថ្មីៗ។ អម​ដោយ​​រូប​ភាព​​មួយ​ផ្ទាំង​ធំ ឲ្យ​ឃើញ​​ពី​​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី សើច​ក្អាកក្អាយ ​សារព័ត៌មាន​ ថ្មីថ្មីៗ បាន​សរសេរ​ថា វប្បធម៌ «មានសែន អត់ស៊ី» ឬ «មាន​ស៊ី អត់សែន» ប្រហែលជាចាកចេញទៅតាមទេវតាឆ្នាំចាស់ហើយ។ ឯ​វប្បធម៌ «មាន​សែន មាន​ស៊ី» កាន់តែ​លេច​ច្បាស់​ឡើង ខណៈ​​មេដឹកនាំ​បក្សនយោបាយ​ទាំងពីរ មាន​វត្តមាន​រួមគ្នា​ជា​ប្រវត្តិសាស្ត្រ ​នា​ពិធី​បើក​អង្គរ​សង្ក្រាន្ត នៅ​​ថ្ងៃទី១៤ ខែមេសានេះ​។ ថ្មីថ្មី​ បន្ថែម​ថា ទេវតា​ឆ្នាំថ្មី ច្បាស់​ជា​មិន​សូវ​ឈឺ​ព្រះ​កេស​ឡើយ ដោយសារភាព​វិជ្ជមាន​នៃ​វប្បធម៌​សន្ទនា​​។ បើ​តាម​ថ្មីថ្មី ការ​សម្រុះសម្រួល​​បង្កើត​ស្ថាប័ន គ.ជ.ប ថ្មី និង​ការដោះលែង​សកម្មជន​នយោបាយនិង​សកម្មជន​ដីធ្លី​​ពី​ពន្ធនាគារ គឺ​ជា​សម្បទាន​ដ៏​ល្អ ហើយ​ទង្វើ​ទាំងនេះ ពិតជា​ផ្តល់​ក្តី រំភើប​ដល់​ទេវតា​ឆ្នាំ​ថ្មី​ជាមិនខាន។ យ៉ាង​ណា​ក៏​ដោយ ​សារព័ត៌មាន Thmeythemy.com ក៏​មិន​ភ្លេច​លើកពី​មតិ​មួយចំនួន​ដែល​យល់ឃើញថា វា​ជាការ​ត្រូវរ៉ូវ​គ្នា​តែមួយ​ចំអិន​កំពឹស​តែប៉ុណ្ណោះ ពីព្រោះ​វា​មិនមែនជា​លើកទីមួយ​ឡើយ ដែល​អ្នកនយោបាយ​ចាប់ដៃគ្នា ញញឹម​ដាក់គ្នា ហើយ​ក្រោយមក​បែរជា​ជេរ​គ្នា រិះគន់​គ្នា​ទៅវិញទៅមកនោះ​។

បើ​តាម​ថ្មីថ្មីៗ «បញ្ហានយោបាយ» ប្រៀបដូចជា​រឿង​ភាគ​យ៉ាង​ដូច្នោះ​ដែរ បើទោះបីជា​សាច់រឿង​បានបញ្ចប់​ក៏ដោយ តែ​អ្នកនិពន្ធ​អាចបង្កើត​វគ្គ​ថ្មី​មួយទៀត ដោយ​ប្រើប្រាស់​តួ​ដដែល ជាមួយ​ការបង្កើត​បញ្ហា​ថ្មី។ ចុង​ក្រោយនៃ​អត្ថបទ​របស់ខ្លួន សារព័ត៌មាន Online មួយនេះ បាន​ចោទជា​សំណួរ​​ថា​ តើ​ការញញឹម និង​ការចាប់ដៃគ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គ្រាន់តែ​ជាកាដូលួង​ចិត្ត​សម្រាប់​ឱកាស​ឆ្នាំ​ថ្មី ឬយ៉ាងណា? តើភាពញញឹម​ខាងក្រៅ​ ស្តែង​ចេញពីចិត្តដែរឬទេ? ថ្មីថ្មី មិន​ផ្តល់​​ចម្លើយឡើយ ដោយគ្រាន់តែ​ឲ្យសូម​រង់​ចាំ​ទស្សនា​ភាគ​បន្ត៕

ចំណែក​សារព័ត៌មាន​CENវិញ ក៏​បាន​ចាប់​អារម្មណ៍​រឿង​លោក ហ៊ុន សែន ​និង​លោក​ សម    រង្ស៊ី ជួប​គ្នា​នៅអង្គរសង្គ្រាន្ត​​នោះ​ដែរ។ CEN បាន​ឲ្យ​ចំណង​ជើងថា «សម្តេច​ហ៊ុន​សែន និង​ភរិយា បាន​ទៅ​ដល់​សៀមរាប​ហើយ នៅ​ថ្ងៃ​ទី​១៣​មេសា​»។ ប៉ុន្តែ​ ​CEN គ្រាន់តែ​សរសេរ​របៀប​ពិធីការ​បន្តិច​ថា លោក​ ហ៊ុន សែន​ និងភរិយា បាន​អញ្ជើញ​ទៅដល់​ខេត្ត​​សៀមរាបហើយ​កាលពី​ព្រឹក​ម្សិលមិញ ហើយ​លោក សម រង្ស៊ី និង​ភរិយា​ បាន​ទៅដល់​នៅ​ពេល​ល្ងាច​ម្សិលមិញ។

​គេហទំព័រ CEN បាន​បញ្ជាក់ថា ថ្ងៃទី​១២ មេសា លោក​ សម រង្ស៊ី បាន​ទៅសៀម​រាប​​ដើម្បី​ជួប​ជាមួយ​យុវជន​និងអ្នក​គាំទ្រ ហើយ​លោក​ត្រឡប់ទៅ​ភ្នំពេញដើម្បី​ទទួល​ស្វាគមន៍​សកម្មជន​បក្ស​ដែល​ត្រូវ​ដោះ​លែង​ពី​ពន្ធធនារ មុន​នឹង​បក​ទៅ​សៀមរាប​វិញ។​

ប្រធាន​រឿងមួយ​ទៀត​ដែល​គេហទំព័រ​ក្នុង​ស្រុក​ផ្អើល​នាំ​គ្នា​សរសេរ​គឺ នំអន្សមយក្ស​របស់​ខ្មែរ​បំបែកឯតទគ្គ​កម្ម​ពិភពលោក។ ​គេហទំព័រ​ដើម​អំពិល​បាន​ឲ្យចំណង​ជើង​រឿងនេះថា ​«នំអន្សមយក្សកម្ពុជា ជាប់ក្នុងកំណត់ ត្រាពិភពលោក»។ នំអន្សមយក្សរបស់កម្ពុជា ដែលមានទន្ងន់រហូត ជាង ៤តោន នៅពេលចម្អិនរួចរាល់នោះ បានបំបែកឯតទគ្គកម្មនំដែលមានទម្ងន់ធ្ងន់ជាងគេលើពិភពលោក ហើយ​​ត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោក។ នេះ​បើ​តាម​ ដើម​អំពិល។ គេហទំព័រនេះ បាន​សរសេរ​ទៀតថា ការ​វាយតម្លៃត្រូវ​ធ្វើ​ឡើយ​យ៉ាងល្អិតល្អន់ ដោយ​ពិនិត្យ​ទៅលើទម្ងន់ រសជាតិនំ ជាមួយនិងគ្រឿងផ្សំ ព្រមទាំងគុណភាពនំផងដែរ​។

រឿង​នេះ មិន​រំលង​ពី​ គេហទំព័រ​ថ្មីថ្មី ដែរ។ Thmeythemy.com រំលេច​ចំណង​ជើង​ថា «មនុស្ស​រាប់ពាន់នាក់​ហែ​អន្សម​យក្ស​ផ្អើល​ក្រុង​អង្គរ»។ នៅ​លានជល់ដំរី កាលពី​ល្ងាច​ម្សិលមិញ​ ​តំណាង​ក្រុម ​Guinness World Records បានប្រកាស​ទទួលស្គាល់​នំអន្សម​ខ្មែរ​ជា​នំ​ធំ គឺ​​អន្សម​ធំ​ធ្វើពី​អង្ករដំណើប សណ្តែកបាយ និង​ខ្ទិះដូង​ដែល​ធំជាងគេ​ក្នុង​ពិភពលោក។ ថ្មី​ថ្មី​ សរសេថា នៅក្នុង​ក្បួន​ដង្ហែអន្សម​នោះ​ មនុស្សម្នា​បាន​ស្រែកថា​ជ័យ​ឃោស​ ពី​ នំអន្សម​យក្ស​ផង និង​ជយោ​ចុងភៅ​ខ្មែរ​ផង ដែល​បន្ទរ​ដោយ​អ្នក​ឈរ​អម​សងខាង​ផ្លូវ។ ហើយ​ម្នាក់ៗសុទ្ធ​តែមាន​កាន់​ទង់ជាតិ​ខ្មែរ ទង់​អង្គរ​សង្ក្រាន្ត និង​ទង់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

ជុំវិញ ការបំបែកឯតទគ្គ​កម្ម​ពិភពលោកនេះ គេហទំព័រ​ថ្មីថ្មី បាន​សរសេរ​អត្ថបទមួយ​ ដោយ​មាន​ចំណង​ជើង​ថា​ «សមាគម​ចុងភៅ​គ្រោង​ធ្វើ​អា​មុកយក្ស​ចូលរួម​អង្គរ​សង្ក្រាន្ត​ឆ្នាំក្រោយ»។ ថ្មី​ថ្មី​បានឲ្យ​ដឹងថា​​ ភ្លាមៗបន្ទាប់ពី​នំអន្សម​យក្ស ត្រូវបាន​ប្រកាសថា​បាន​ចុះ​ក្នុង​កំណត់ត្រា​ពិភពលោក Guinness World Records សមាគម​ចុងភៅ​កម្ពុជា បានប្តេជ្ញា​ចិត្ត​ថា​ខ្លួន​គ្រោង​នឹងធ្វើ​អា​មុកយក្ស​ទម្ងន់​មួយ​តោន ប្រសិនបើ​មាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំក្រោយ។ Thmeythemy.com បាន​ស្រង់​​សម្តី​របស់​ អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា លោក ឡុង បូរ៉ា ដែល​បញ្ជាក់ថា សមាគម​របស់លោក​ច​ង់​បង្ហាញ​រាល់​ម្ហូបអាហារ​របស់​ខ្មែរ ដើម្បី​ឲ្យ​ពិភពលោក​ស្គាល់។​​

ក្រៅ​ពី​ប្រធាន​រឿង​សំខាន់ៗ​ទាំង​នេះ គេហទំព័រ​ដើម​អំពិល​ ក៏បាន​ផ្សាយ​ពី​«មេដឹកនាំ គ.ជ.ប ថ្មីទាំង ៩រូប បានចូលកាន់​តំណែង​របស់​ខ្លួន​ហើយ កាលពី​ថ្ងៃម្សិលមិញ​»។ ​ដើម​អំពិល បាន​សរសេរ​នៅសេចក្តីផ្តើម​ថា មេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល​ជ្រើស​រើសដោយគណ បក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចូលកាន់តំណែងរបស់ខ្លួនជាផ្លូវការហើយ នៅព្រឹក​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ២០១៥ ជាមួយការប្តេជ្ញាខ្ពស់ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយតម្លាភាព សេរី អព្យាក្រិត្យ និង​អាច​ទទួល​បាន​ពី​គ្រប់ភាគី។

 «៣ខែដើមឆ្នាំ២០១៥កម្ពុជានាំចេញអង្ករបានជិត១៥ម៉ឺនតោន» ជាចំណងជើងអត្ថបទរបស់ សារព័ត៌មានថ្មីថ្មី។ គេហទំព័រនេះ បាន​យក​ទន្និន័យ​របស់ សហព័ន្ធស្រូវអង្ករកម្ពុជា មកចុះផ្សាយ ហើយបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅ កម្ពុជាបាននាំ​អង្ក​រ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិបានចំនួនជិត៤០ម៉ឺនតោន ហើយ៣ខែដើមឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករបានជិត១៥ម៉ឺនតោនហើយ។ ថ្មីថ្មី រម្លឹកថា តាម​គម្រោងរាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចឲ្យបាននូវការនាំចេញអង្ករ១លានតោននៅក្នុងឆ្នាំ២០១៥នេះ៕

 ដោយឡែក គេហទំព័រអគ្គស្នងការនគរបាលជាតិ ដែលធ្លាប់តែផ្សាយពីរឿងសន្តិភាពសុខសង្គមនិងពីធីការរបស់មន្ត្រីប៉ូលីសធំៗ តែ​ថ្ងៃនេះ បែរជាចុះផ្សាយដំណឹងចម្លែកមួយ ដោយឲ្យចំណងជើងថា «កូនគោចម្លែក កើតមកមានមាត់២និងភ្នែក៣ នៅស្រុកម៉ាឡៃ»។ រឿង​នេះ កើតនៅខេត្តបន្ទាយមានជ័យ៕​

ដោយ ហេង ឧត្តម

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s