បច្ចុប្បន្នភាពពិភពលោកប្រចាំ​សប្តាហ៍ ថ្ងៃទី​៦ដល់១១ មេសា ២០១៥

បញ្ហាបច្ចេកទេស បងៗ​ជើង​ចាស់ថា សំឡេងដូចថតក្នុងពាង! ហាស់ហាស់
ម៉ាស៊ីនមានបញ្ហាម្សិលមិញ! ជាបទពិសោធមួយទៀត!

ស្តាប់៖  http://mfi.re/listen/4fimytzscmqdacy/07h00-Oudom-World_Weekly-12-04-2015.mp3

នៅ​ដើម​សប្តាហ៍​នេះ នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក ឌីមីទ្រី មេដដេដេវ បាន​បំពេញទស្សនកិច្ចផ្លូវកា​រ​រយៈពេល៣ថ្ងៃ នៅប្រទេសវៀតណាម។ ដំណើរទស្សកិច្ចលើកនេះ លោកនាយករដ្ឋមន្ដ្រីរុស្ស៊ី បាន​ជួបជាមួយសមភាគីវៀតណាម និងប្រធានាធិបតីវៀតណាម។ គួរជម្រាបជូនថា ដំណើរទស្សនកិច្ចដែលចាប់ផ្ដើមតាំងពីថ្ងៃអាទិត្យទី៥មេសា ផ្ដោតសំខាន់លើការពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ​រវាងរុស្ស៊ី និងវៀតណាម។

នៅថ្ងៃចន្ទ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ​ FMI លោកស្រី Christine Lagarde បាននិយាយថា ក្រិកយល់ព្រមសងបំណុល IMF នៅថ្ងៃទី៩មេសា។ ការលើកឡើងនេះ គឺបន្ទាប់ពីមានជំនួបរវាង លោកស្រី Lagarde ជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិក លោក Yanis Varoufakis។ សូមបញ្ជាក់ថា បំណុលរបស់រដ្ឋាភិបាលក្រិក ដែលជំពាក់ FMI និងសហភាពអឺរុប គិតជាសរុប មានប្រមាណ ៤៨៥ ពាន់លានដុល្លារ គឺជាង១៤០ភាគរយនៃផលិតផលក្នុងស្រុបសរុប។​ ហើយបំណុលក្រិកចំពោះ IMF គឺមាន៤៦០លានដុល្លារ។ ទោះជាការសន្យាមានពិតមែន ប៉ុន្តែក្រិកនៅមិនទាន់ទទួលបានប្រាក់ជំនួយបន្ថែម២៤០ពាន់លានអឺរូពីសហភាពអឺរុបនៅឡើយទេ ព្រោះក្រុងព្រុយសែលទាមទារឲ្យក្រិក គិតពីកំណែទម្រង់ក្នុងប្រទេសជាមុនសិន។

នៅប្រទេសប៉ាគីស្ថាន សភាបានផ្តើមជជែក ក្នុងថ្ងៃចន្ទទី៦មេសានេះ លើសំណើរបស់ប្រទេស អារ៉ាប៊ីសាអូឌីត ដែលបានសុំឲ្យរដ្ឋាភិបាលប៉ាគីស្ថាន ផ្តល់ជំនួយយោធានៅក្នុងអន្តរាគមន៍វាយប្រហារផ្លូវអាកាសលើក្រុមឧទ្ទាមហ៊ូទី្ស នៅប្រទេសយេម៉ែន។ គឺជាអន្តរាគមន៍យោធាផ្លូវអាកាសដែលដឹកនំាដោយប្រទេសអារ៉ាប៊ីសាអូឌីត រួមជាមួយនឹងកម្លំាងសម្ព័ន្ធមិត្តអារ៉ាប់ចំនួន ១០ប្រទេសផ្សេងទៀត​។ អ្វីជាការកត់សម្គាល់ គឺ​អន្តរាគមន៍យោធារបស់សម្ព័ន្ធអារ៉ាប់ជាង១០ថ្ងៃកន្លងទៅបាន បណ្តាលឲ្យស្លាប់ជនស៊ីវិលកាន់តែច្រើន រីឯក្រុមឧទ្ទាមហ៊ូទី្សក៏កាន់តែមានឥទ្ធិពលកាន់តែខ្លំាងឡើងទៅវិញ។ ដោយឡែក អារ៉ាប៊ីសាអីឌីត ទើបបានអនុញ្ញាតឲ្យអង្គការកាកបាទក្រហមអន្តរជាតិ ដឹកជំនួយមនុស្សធម៌ទៅផ្គត់ផ្គង់ជនស៊ីវិល នៅយេម៉ែន។

នៅម៉ាឡេស៊ី។ នៅយប់ថ្ងៃចន្ទ សភា​ទើបបានបោះឆ្នោត អនុម័តច្បាប់ប្រឆាំងអំពើភេរវកម្ម ដ៏ចម្រូងចម្រាស ដោយ​សំឡេង​គាំទ្រចំនួន៧៩សំឡេង និងសំឡេងប្រឆាំង៦០សំឡេង។ ច្បាប់ប្រឆាំងអំពើភេរវកម្ម ត្រូវអនុម័តឡើង នៅតែមួយថ្ងៃក្រោយ ប៉ូលិសចាប់ខ្លួនមនុស្ស១២នាក់ ដែលជាប់សង្ស័យថា កំពុងរៀបចំគម្រោងធ្វើភេរវកម្ម ក្នុងទឹកដីម៉ាឡេស៊ី។

ក្រុមគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្ស បានរិះគន់ ច្បាប់អំពើភេរវកម្មរបស់រដ្ឋាភិបាល ដែលពួកគេចាត់ទុក ថា កំពុងធ្វើឲ្យប្រជាធិបតេយ្យម៉ាឡេស៊ីដើរថយក្រោយ។

អតីតអភិបាលក្រុងណាន់ជីងដែលគេប្រសិទ្ធិនាមថា លោក ប៊ុលដូហ្សែ បន្ទាប់ពីបានដឹកនាំធ្វើការដ្ឋានសំណង់ក្នុងរដ្ឋធានីដ៏ចំណាស់របស់ចិនត្រូវបានតុលាការកាត់ទោស នៅថ្ងៃទី៧មេសា ២០១៥​​នេះ ឱ្យជាប់ទោសក្នុងពន្ធនាគារនិងធ្វើការជាទម្ងន់១៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ។ លោក ជី ជានយ៉េ ជាឥស្សរជននយោបាយជាន់ខ្ពស់ចិនម្នាក់ ក្នុងចំណោម១២នាក់ ដែលមានឋានៈស្មើ​នឹងអនុរដ្ឋមន្ត្រី និងដែលត្រូវបានយន្តការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់លោកប្រធានា​ធិប​​តី ​​ស៊ី ជីងពីង ធាក់ឱ្យខ្ទាតចេញពីអំណាច។ យើងស្តាប់ អៀង សុខម៉ិញ ជូនពត៌មានពិស្តារ៖

ប្រមុខការទូតចិន វ៉ាង យី បានថ្លែងនៅថ្ងៃអង្គារ​​ថា គ្រប់ភាគីចរចាទំាងអស់ក្នុងសំណុំរឿងនុយក្លេអ៊ែរ​កូរ៉េខាងជើង ត្រូវតែគិតគូរពីក្តីបារម្ភរបស់ភាគីម្នាក់ៗ ដើម្បីបង្កើតឲ្យមានបរិយាកាសល្អមួយក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញ។ គួររម្លឹកជូនថា កិច្ចចរចា៦ភាគី មានអាមេរិក ចិន រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងកូរ៉េខាងជើងដែលបានចាប់ផ្តើមក្នុងឆ្នំា២០០៥នោះ​ បានជាប់គំាងតំាង​ពីឆ្នំា២០០៨មកម្ល៉េះ។ កូរ៉េខាងជើងធ្លាប់បានអំពាវនាវឲ្យផ្តើមកិច្ចចរចាឡើងវិញដែរ​ តែអាមេរិកនិងកូរ៉េខាងត្បូង បានស្នើក្រុងព្យុងយ៉ាងឲ្យបង្ហាញពីឆន្ទៈក្នុងការគោរពកិច្ចសន្យាបិទបញ្ចប់​កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន​ជាមុនសិន។

នៅប្រទេសបារាំង។ នៅថ្ងៃខួប២១ឆ្នាំនៃការផ្ទុះអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា ប្រទេសបារាំងបានចុះហត្ថលេខានៅល្ងាចថ្ងៃអង្គារ បញ្ចេញឯកសារសម្ងាត់របស់ប្រធានាធិបតី ពីឆ្នាំ១៩៩០-១៩៩៥ ឱ្យសាធារណជនចូលអាន។ ជាសេចក្តីសម្រេចចិត្តមួយ ដែលត្រូវបើកទម្លាយឱ្យឃើញច្បាស់អំពីនយោបាយបារាំងក្នុងអំឡុងពេលនោះ ព្រោះប្រធានាធិបតីរវ៉ាន់ដានៅតែបន្តចោទប្រកាន់​ប៉ារីសថា ជាអ្នករួមគំនិតក្នុងអំពើប្រល័យពូជសាសន៍។

នៅថ្ងៃពុធទី៨មេសាកន្លងទៅ​នេះ លោករដ្ឋមន្រ្តីការពារជាតិអាមេរិក Ashton Carter បានផ្តើម​បំពេញ​​ទស្សនកិច្ចមួយជុំទ្វីបអាស៊ី។ ជប៉ុនជាប្រទេសទី១ដែលលោក Carter បានទៅទស្សនកិច្ច​​រយៈ​​ពេល២ថ្ងៃ មុននឹងទៅកូរ៉េខាងត្បូងនៅថ្ងៃសុក្រទី១០មេសា។ កម្មវត្ថុនៃទស្សនកិច្ចរបស់លោក Carter នៅជប៉ុន គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា ពិសេសពិនិត្យសើរើមើលឡើងវិញនូវកិច្ចព្រព្រៀងស្តីពីវិស័យការពាររវាងក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ។

ទស្សនកិច្ចរបស់​នាយករដ្ឋមន្ត្រីក្រិកនៅម៉ូស្គូ ក្រោមក្រសែភ្នែកសហភាពអឺរ៉ុប។ មូលហេតុមកពីគណៈកម្មការអឺរ៉ុប ដែលជាក្បាលម៉ាស៊ីនដឹកនាំសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទល់នឹងរុស្ស៊ី បានព្រមានក្រិកជាសមាជិកសហភាពនេះថា ក្នុង​កិច្ចចរចាជាមួយនឹង​លោកប្រធានាធិបតីរុស្ស៊ីពូទីន ត្រូវតែប្រកាន់យកគោលជំហររួមតែមួយរបស់សហភាពនេះ ចំពោះប្រទេសរុស្ស៊ីដែលជាប់ចោទក្នុងការបង្កឲ្យមានវិបត្តិនៅអ៊ុយក្រែន។ សូម​ស្តាប់​ កែវ ឆាយា ដែល​វិទ្យុ​យើង​បាន​ផ្សាយ​កាលពី​ពុធ។

នៅរដ្ឋការ៉ូលីនខាងត្បូង ក្នុងប្រទេសអាមេរិក សហគមន៍ប្រជាជនអាមេរិកាំងស្បែកខ្មៅ ផ្ទុះកំហឹង បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសស្បែកស បាញ់សម្លាប់កាលពីថ្ងៃ​៤មេសា​។ ថ្ងៃពុធ ពួកគេបានដើរក្បួនតវ៉ាដើម្បីទាមទារអាជ្ញាធរអាមេរិក ចាប់ខ្លួន ថ្កោលទោសប៉ូលិសស្បែកស។ អភិ​បាល​​ក្រុង North Charleston បានអះអាងថា Michael Slager ប៉ូលិសដែលបានបាញ់សម្លាប់ បុរសអាមេរិ​កាំង ស្បែកខ្មៅ Walter Scott ត្រូវបានចាប់ឃុំខ្លួន និងកំពុងប្រឈមនឹងបទចោទប្រកាន់សម្លាប់មនុស្សដោយគិតទុកជាមុន។ នៅអាមេរិក ប៉ូលិសស្បែកស បាញ់សម្លាប់បុរសស្បែកខ្មៅ បានកើតមានជារឿយៗ។ សហគមន៍អាមេរិកាំងស្បែកខ្មៅបរិហារពីការរើសអើងប្រកាន់ពូជសាសន៍ពីសំណាក់​ប៉ូលិសអាមេរិកាំងស្បែកស ទៅលើមនុស្សស្បែកខ្មៅ។

នៅម៉ាឡេស៊ី។ រដ្ឋាភិបាលរឹតបន្តឹងកាន់តែខ្លាំងទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ។ នៅមួយសប្តាហ៍ក្រោយធ្វើច្បាប់ប្រឆាំងភេរវកម្ម ដែលអង្គការការពារសិទ្ធិមនុស្សនិងក្រុមប្រឆាំងចាត់ទុកថា​ជាឧប​ករណ៍​នយោបាយសម្រាប់បង្រ្កាបក្រុមអ្នកប្រឆាំង កាលពីថ្ងៃព្រហស្បតិ៍ សភាម៉ាឡេស៊ីបានបោះឆ្នោត អនុម័តលើវិសោធនកម្មច្បាប់មួយ​ទៀត គឺ​ច្បាប់​ប្រឆាំងនឹងការងើបបះបោរ។

ទូរទស្សន៍ជាតិបារាំង ប៉ុស្តិ៍លេខ៥ តេវ៉េសែងម៉ុងដ៍ ដែលធ្វើការផ្សព្វផ្សាយទូទាំងពិភពលោក ត្រូវអាក់ខានការផ្សាយរបស់ខ្លួនទាំងស្រុង កាលពីយប់ថ្ងៃពុធទី៨មេសា ដោយសារតែមានជនមិនស្គាល់មុខមួយក្រុម ជាចោរព័ត៌មានវិទ្យា បានចូលទៅបំផ្លាញប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍នេះ​។ ក្រៅពីបង្អាក់កម្មវិធីផ្សាយ ក្រុមចោរបានចូលទៅបញ្ឈប់ដំណើរការរបស់គេហទំព័រអ៊ីនធើនែត របស់ទូរទស្សន៍បារាំងទៀតផង។ ក្រុមចោរដែលបានធ្វើប្រតិបត្តិការនេះ បានអះអាងថា ពួកគេជាបក្សពួករបស់ក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាត។ សូមស្តាប់ម៉ម ពិសី៖

លោក ចន ឃែរី ប្រមុខការទូតសហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសមួយ តាមទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍ទាក់ទិនទៅនឹង វិបត្តិនៅយេម៉ែនដែលកំពុងតែក្តៅគគុក។ លោកថា អាមេរិក បានដឹងយ៉ាងច្បាស់ថាអ៊ីរ៉ង់កំពុងតែបញ្ជូនជំនួយទៅជួយក្រុមឧទ្ទាមហ៊ូទី។ លោកអះអាងថា គោលជំហររបស់​អាមេរិក គឺមិនចង់ប្រឈមមុខជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែអាមេរិកមិនអាចបោះបង់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលមានអារ៉ាប៊ីសាអ៊ូឌីតជាអ្នកដឹកនាំដែរ។ លោកថា អាមេរិកត្រូវតែជួយក្រុមសម្ព័ន្ធមិត្តអារ៉ាប់ ធ្វើការវាយបំបែកពួកឧទ្ទាមហ៊ូទី នៅយេម៉ែន។

ងាកមកនិយាយ​ពី​ទំនាក់ទំនងការទូតរវាងបារាំងនិងឥណ្ឌា។ ពីមនុស្សដែលគេមិនស្វាគមន៍ឲ្យជាន់ទឹកដីបារាំង មកជាមេដឹកនាំឥណ្ឌាដែលប្រទេសបារាំងលាកម្រាលព្រំក្រហមចាំទទួល។ នៅថ្ងៃសុក្រ​និងថ្ងៃសៅរ៍ថ្មី​ៗ​នេះ​, នាយករដ្ឋមន្រ្តីឥណ្ឌា លោក នរិន្ទ្រ ម៉ូឌី ចាប់ផ្តើមទស្សនកិច្ចជាលើកទី១ក្នុងប្រទេសបារាំង មុននឹងចេញដំណើរទៅអាល្លឺម៉ង់នៅថ្ងៃអាទិត្យនេះ​។ ក្នុងទស្សនកិច្ច​រយៈ​ពេល២ថ្ងៃនៅ​បារាំង​ ប្រមុខដឹកនាំឥណ្ឌាបាន​និយាយជាមួយសមភាគីបារាំងពីកិច្ចសហប្រតិបត្តិ​ការ រវាងប្រទេសទាំងពីរ ក្នុងវិស័យអវកាសនិងកម្មវិធីនុយក្លេអ៊ែរ។ ឈាង បុប្ផា រាយការណ៍ព័ត៌មាន ដែល​វិទ្យុ​បារាំង​បាន​ចាក់​ផ្សាយ​កាលពីថ្ងៃ​សុក្រ​?៖

 

កិច្ចចរចាមុនបោះឆ្នោតជុំទីពីរ ដែលក្រុមអ្នកនយោបាយសំខាន់ៗរបស់ភូមា ដូចជាមេដឹកនាំសភា យោធា និងគណបក្សប្រឆាំង ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី បានបិទបញ្ចប់ នៅល្ងាចថ្ងៃសុក្រទី១០មេសា ដោយគ្មានលទ្ធផលអ្វីទាំងអស់។ លោកស្រីប្រមុខបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានចាកចេញពីបន្ទប់ប្រជុំដោយគ្មានធ្វើអត្ថាធិប្បាយអ្វីទាំងអស់។

ជំនួបកំពូលអាមេរិកដែលបាន​ប្រព្រឹត្តទៅនៅប្រទេសប៉ាណាម៉ា ចាប់ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍ម្សិល មិញ​​នេះ។ អាចចាត់ទុកថាមាន​លក្ខណៈប្រវត្តិសាស្ត្រមួយស្រាប់ទៅហើយ ព្រោះនេះជាលើកទីមួយដែលគុយបា បានចូលរួមប្រជុំជាមួយគេឯង។ អ្វីជាការកត់​សម្គាល់ កាន់តែខ្លាំងបន្ថែមទៀត ក្នុងជំនួបដែលមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល ៣៥ប្រទេសនៃទ្វីបអាមេរិក ណាត់ជួបគ្នា មានប្រធានា​ធិបតី​អាមេរិក និងសមភាគីគុយប៉ាទៀត។ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា និងមេដឹកនាំគុយបា លោក Raul Castro បានចាប់ដៃនិងអង្គុយជិតគ្នាកាលពីថ្ងៃសុក្រនៅក្នុងជំនួបកំពូល​ជាប្រវត្តិសាស្រ្តរបស់​អាមេរិកនៅក្នុង​ប្រទេស​ប៉ាណាម៉ា។ នៅក្នុងជំនួបជាប្រវត្តិសាស្រ្តនោះ លោកអូបាម៉ា និង លោក Castro បានរាក់ទាក់ដាក់គ្នាទៅវិញទៅមកក្រោមក្រសែ​ភ្នែកលោកបាន គីម៉ូន អគ្គលេខាធិកាអង្គការសហប្រជាជាតិ។ សកម្មភាពរបស់មេដឹកនាំទាំងពីរនាពេលនេះ នឹងក្លាយជាសញ្ញាដ៏ល្អមួយ​ចំពោះការរឹតបន្តឹងចំណង​ការទូតឡើងវិញរវាងប្រទេសទាំងបីរបន្ទាប់ពីបានកាត់ផ្តាច់តាំងពីឆ្នាំ១៩៦១មក។

នៅប្រទេសភូមា។ ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មី Thingyan ជិតឈានចូលមកដល់ ប្រទេសភូមា បានដាក់​ចេញនូវ​បម្រាម​មិនឲ្យ​លក់ថ្នាំពន្យាកំណើត ថ្នាំជំនួយផ្លូវភេទ និងសូម្បីតែស្រោមអនាម័យ។ បម្រាមដាក់ចេញដោយប៉ូលីស ក្នុងគម្រោងពិសេសនេះ ធ្វើឡើងក្នុងគោលដៅកាត់បន្ថយឧក្រិដ្ឋកម្មដែលទាក់ទងនឹងការរួមភេទ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី។ នេះបើតាមសេចក្ដី​រាយការណ៍របស់កាសែត Myanmar Times។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពថា គម្រោងពិសេសនេះ កំពុងតែដើរលើផ្លូវខុស។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s