ទស្សនៈ​សារព័ត៌មាន ថ្ងៃសុក្រ​ទី១០មេសា ២០១៥

នេះ​ជា​កិច្ច​ការ​សាកល្បង​ទីមួយ​សម្រាប់ «ទស្សនៈសារព័ត៌មាន​កម្ពុជា» ដែល​កាសែត​ខ្មែរផ្សាយ​នៅ​ថ្ងៃ​នេះ។ ខ្ញុំ​បាន​ងើប​តាំងតែពី​ម៉ោង​៤ព្រហាម ដើម្បី​រៀប​ចំ​កិច្ច​ការ​នេះ។ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​វា​ដោយ​អស់​ពី​ចិត្ត​និង​សមត្ថភាព។

Press review-10-04-2015

ស្តាប់៖ http://mfi.re/listen/o92x7d4b1jlxden/7h00-Oudom-PressReview-10-04-2015.mp3

កាសែត​ក្នុងស្រុក​ខ្មែរ ដែល​ផ្សាយ​​ថ្ងៃ​សុក្រ ទី​១០មេសា​នេះ បាន​នាំ​គ្នាសរសេរ​​ផ្តោត​ទៅ​ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។

«មេឃ​ចាប់​ផ្តើម​​ស្រឡះ​ សម្តេច​តេជោ ថ្លែង​ថា​៖ ខ្ញុំ​និង​លោក សម​ រង្ស៊ី បង្តើត​វប្បធម៌​សន្ទនា​បាន​លទ្ធផល​»។ នេះ​គឺ​ជា​ចំណើង​ធំនៅ​ទំព័រ​មុខ​​របស់​កោះ​សន្តិភាព​។ កាសែត​បាន​ឲ្យ​តម្លៃ​រឿង​នេះ និង​ចំណាយ​ស្ទើរ​តែ​ពេញ​១ទំព័រ​សម្រាប់​រាយ​ការណ៍ ដោយ​ស្រង់​សម្តី​លោក ហ៊ុន សែន និង លោក សម រង្ស៊ី​។ «អ្វីដែល​ខ្ញុំ​និង​លោក​សម រង្ស៊ី បាន​បង្កើត​ឡើង​នូវ​វប្បធម៌​​សន្ទនា​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ គឺ​ពិត​ជា​មាន​ប្រយោជន៍​ ហើយ​ថ្ងៃនេះ​គឺ​ជា​សក្ខី​កម្ម​ដ៏​ជាក់​លាក់​បង្ហាញ​ពី​ជោគជ័យ​នៃ​​វប្បធម៌​​សន្ទនា​នោះ​ឯង»។ នេះ​ជា​ប្រសាសន៍​លោកនាយករដ្ឋ​មន្ត្រី​ដែល​ត្រូវ​ កោះ​សន្តិភាព ​ស្រង់យក​​ទៅ​ចុះ​ផ្សាយ។ លោក សម រង្ស៊ី​ ក៏​បាន​បន្ទរ​ដែរថា «ថ្ងៃ​នេះជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​នៃ​​វប្បធម៌សន្តិភាព​ មិន​មែន​គ្រាន់តែទ្រស្តីទេ»។​

ក្រៅ​ពី​ការ​ផ្តិត​រូបថ​ត​លោកនាយករដ្ឋ​មន្ត្រី​និង​លោក​ សម រង្ស៊ី ដើរ​ទន្ទឹម​គ្នា ដោយ​សើច​យ៉ាង​ក្អាកក្អាយ​ «កាសែត​​កម្ពុជា​ថ្មី»​ បានដាក់​ចំណងជើងរឿងសំខាន់នៅ​លើ​ទំព័រ​មុខរបស់ខ្លួនថា «គ.ជ.ប.ថ្មី ជា​កាដូ​ឆ្មាំ​ថ្មី​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​»។ កាសែតនេះ​​​បាន​លើក​យក​សម្តី​របស់​លោក ហ៊ុន សែន ដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែល​ត្រូវ​ជ្រើ​ស​តាំង​ដោយ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៩មេសា គឺ​ជា​សារ​និង​ជា​កាដូ​សម្រាប់ឆ្នាំថ្មី​ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា។ «កម្ពុជា​​ថ្មី» បាន​ឲ្យ​ដឹងថា ឥស្សរជន​ទាំង​៩​រូប​ របស់​គ.ជ.ប.ថ្មី ដែល​រដ្ឋ​សភា​ផ្តល់​សេចក្តី​ទុក​ចិត្ត​ មាន​សំឡេង​គាំទ្រ​១១៣លើ​១១៩នៃ​សមាជិក​រដ្ឋសភា​ដែលមាន​វត្តមាន​។ បើ​តាម​កាសែត​នេះ អ្នក​ទាំង​៩រូប​នឹងត្រូវ​ចូល​ស្បថ​កាន់​តំណែង​ ហើយ​នៅ​ថ្ងៃចន្ទទី​១៣មេសា នឹង​មាន​ផ្ទេរ​តំណែង​រវាង​គ.ជ.ប.ចាស់​និង​គ.ជ.បថ្មី នៅ​ឯទីស្នាក់ការ។

ចំពោះ​«រស្មីកម្ពុជា»ក៏​មិន​រំលង​ប្រធាន​រឿង​​នេះដែរ​។ កាសែត​បាន​ចុះ​ផ្សាយ​សម្រង់​សម្តី​របស់​ប្រមុខ​​រដ្ឋា​ភិ​បាល​ថា «នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ត្រូវ​តែបញ្ចប់​ជា​ស្ថាព័រ។ យើង​គ្មាន​ជម្រើស​អ្វី​ណា​ក្រៅ​ពី​រួម​រស់​ជា​មួយ​គ្នា ទោះ​បី​មាន​ទស្សនៈខុស​គ្នា​ ​ប៉ុន្តែ​យើង​ជា​ខ្មែរ​ដូច​គ្នា ក៏​ត្រូវ​រស់​នៅ​លើ​ទឹក​ដី​ដ៏​កម្សត់​នេះ​ឲ្យ​ក្លាយ​ជា​ទឹក​ដី​ដ៏​សម្បូរ​ សប្បាយ និង​សេចក្តីសុខ»។ ក្រៅពី​ចុះ​ផ្សាយ​សម្តី​របស់​ថ្នាក់​ដឹក​នាំ​ជាន់ខ្ពស់​របស់​បក្ស​ជាប់ឆ្នោត​ទាំង​ពីរ ​«រស្មីកម្ពុជា» ក៏​ឆ្លៀត​ចុះ​ផ្សាយ​ប្រវត្តិ​រូប​លោក ស៊ិក ប៊ុន​ហុក ប្រធាន​ គ.ជ.ប.ថ្មី ដែល​ជា​អ្នក​មាន​បទ​ពិសោធ​ខាង​វប្បធម៌​និង​ច្បាប់ ធ្លាប់​រៀន​បាន​សញ្ញាបត្របណ្ឌិត​​វិទ្យាសាស្ត្រ​នយោបាយ​សង្គម ពី​ក្រុង​ម៉ូស្កូ​។

ខុស​ពី​កាសែត​ផ្សេងៗ​បន្តិច ភ្នំពេញប៉ុស្តិ៍ ជា​ភាសា​ខ្មែរ បានឲ្យ​ចំណងជើងរឿងនេះថា «បន្ទាប់ពីអនុម័ត គ.ជ.ប.ថ្មី នឹងស្បថចូលកាន់តំណែងថ្ងៃសៅរិ៍»។ ភ្នំពេញប៉ុស្តិ៍ បាន​រំលេច​រូប​ថត​លោក​ សម រង្ស៊ី និង​លោក នាយក​រដ្ឋម​ន្ត្រី​ ដើរ​ចេញ​ពី​សភា​និង​រក​ចាំ​ដៃគ្នាតែ​មិន​សូវ​ស្និទ​។ ក្រៅពី​រាយ​ឈ្មោះ​សមាជិក​គ.ជ.ប.ថ្មី​ទាំង​៩រូប កាសែត​​ភ្នំពេញប៉ុស្តិ៍បញ្ជាក់ថា ចំណោម​សមាជិក​គ.ជ.ប.៩នាក់​មាន​ស្ត្រី​តែ​ម្នាក់ប៉ុណ្ណោះ​​ ហើយ​ចំពោះ​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្តសមាស​ភាព​គ.ជ.គ.​​ គឺ​មាន​១សំឡេង​ប្រឆាំង ២សំឡេង​អនុប្បវាទ និង​១សំឡេង​មោឃៈយកការ​បាន៕​

ក្រៅ​ពី​រឿង​គ.ជ.ប.ថ្មី រចនាបថខ្លោងទ្វារអង្គរសង្រ្កាន្ត គឺ​ជា​ប្រធានរឿង​សំខាន់​បន្ទាប់​របស់​«កោះសន្តិភាព»។ កាសែ​តនេះ ឲ្យ​ចំណង​ជើងថា «រចនាបថខ្លោងទ្វារអង្គរសង្រ្កាន្តថ្មីទទួលការសាទរ»។ សង្គ្រាម​ពាក្យ​សម្តី​តាម​សង្គម​ហ្វែស​បុក​ដែល​ធ្លាប់​វាយ​ប្រហារ​រិះគន់​ទំនង​ជា​នឹង​បាត់​ឥទ្ធិពល​ទៅវិញ បន្ទាប់​ពី​ខ្លោង​ទ្វា​រ​ចាស់​ឆេះ​នៅ​សល់​តែ​តួ​ និង​អ្នក​រៀប​ចំ​កម្មវិធី​ដ៏​ធំនេះ បានសម្រេច​​ផ្លាស់ប្តូរ​ដាក់​ខ្លោង​ទ្វារ​អង្គរ​សង្គ្រាន្ត​ថ្មី​មក​ជំនួស​វិញ។ បើ​តាម​កោះសន្តិភាព លោក ហ៊ុន ម៉ានី ថា ខ្លោង​ទ្វារ​លើក​ក្រោយ​នេះ មាន​លក្ខណៈ​ខ្មែរ​«ជាង​មុន»។

រឿង​ខ្លោង​ទ្វារ​​​នេះ ក៏​ត្រូវ​បាន​«រស្មីកម្ពុជា» ចុះ​ផ្សាយ​ដែរនៅ​ក្នុង​ទំព័រ​ទី​៦។ «ឃាត់​ខ្លួន​មនុស្ស​៩នាក់​ពី​បទ​លួច​ដុត​ស៊ុម​ខ្លោង​ទ្វារ​អង្គរ​សង្គ្រាន្ត» នេះ​ជា​ចំណង​ជើង​របស់​រស្មីកម្ពុជា​អម​ដោយ​រូប​ថត​គ្រោង​ដែក​នៃ​ខ្លោង​ទ្វារ​ដែល​បាន​ឆេះ​អស់​។ ​កាសែត​រាយ​ការណ៍ថា មនុស្ស​៩នាក់​ត្រូវ​នគរបាល​ខេត្ត​សៀម​រាប​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់ ហើយថា មនុស្ស​២នាក់ ឈ្មោះ​ សុង និង​ម៉ាប់ ជា​ជន​ដៃ​ដល់ ហើយ​៧នាក់​ផ្សេងទៀត​ស្ថិត​ក្នុង​ក្រុម​ជន​​សង្ស័យ​៕​

វិលមក«កោះសន្តិភាព»វិញ។ កាសែត​នេះ បាន​ដាក់​រូប​មួយ​ផ្ទះធំ មាន​ភ្លើង​ផ្សែង​ខ្មៅរោល កំពុងលេប​​ត្របាក​រូប​សំណាក​មួយ។ «ដុត​កម្ទេច​ទីតាំង​អត់​ច្បាប់​ធ្វើ​សមាធិ​សាសនា​លើ​កោះ​ក្នុង​សមុទ្រ» នេះ​ជា​ចំណង​របស់​«កោះសន្តិភាព»។ ​នៅ​កោះ​កុង​ក្រៅ ទី​តាំងសមាធិរបស់​សមាគមព្រះពុទ្ធសាសនា​អន្តរជាតិ​មួយដែលបានសង់លើដីកោះមួយមានទំហំរាប់សិបហិកតា រួមទាំងអគារឈើប្រក់ស្បូវ២ល្វែង រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមធ្វើពីជ័រ និងក្បាលតោថ្មជាទម្ររូបសំណាក ត្រូវបានដុតនិងវាយកម្ទេចចោល កាលពីថ្ងៃទី៨មេសា មានផ្សែងពណ៌ខ្មៅហោះលើ​អាកាសវេហា។ ប្រតិបត្តិការណ៍​នេះ​ដឹក​នាំ​ដោយ​ អាជ្ញាធរ​ខេត្ត​ កងទ័ព​ជើង​ទឹក​ និង​នគរ​បាល​អន្តោប្រវេសន៍។ កោះសន្តិភាព បាន​រម្លឹក​ឲ្យ​ដឹង​ដែរ​ថា កន្លែង​សមាធិ​នោះ​ បាន​កើត​ឡើង​តាំងពី​ខែតុលា​​២០១៤ ហើយ​រៀប​ចំ​ពិធីសមាធិ​​​ចម្រុះ​ជាតិ​សាសន៍​២​លើក​រួម​មក​ហើយ។​ កាសែត «កោះសន្តិភាព»បាន​ស្រង់​ព័ត៌មាន​ពី​មន្ត្រី​អន្តោប្រវេសន៍មកថា ភ្លៀវ​ដែល​ទៅ​សមាធិ​នៅ​ទីនោះ បាន​ត្រឡប់​ទៅ​វិញ​អស់​ហើយ ហើយ​បុរសជន​​ជាតិ​វៀតណាម​៧ដែល​ស្នាក់​នៅ​ប្រចាំ​ការក៏​ត្រូវ​បញ្ចូន​ត្រឡប់​ទៅប្រទេស​របស់​គេវិញ​ដែរ។ ចំពោះ​រឿង​នេះ ក៏​ត្រូវ​«កម្ពុជា​ថ្មី» ផ្សាយ​នៅ​ទំព័រ​មុខ​ដែរ តែ​មិន​ដាក់​រូប​ឆេះ​រូប​សំណាក់​ដូច​កោះ​សន្តិភាពនោះ​​ទេ។ ​«កម្ពុជា​ថ្មី» បាន​ឲ្យ​ដឹងថា ទីតាំង​សមាធិ​នោះ​ជា​សំណង់​ខុស​ច្បាប់ ហើយ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា លោក ដួង សារៀន ក៏​ទទួល​ស្គាល់​ដែរ។ ប៉ុន្តែ​លោក​អភិបាល​ខេត្ត​កោះ​កុង​និង​អ្នក​នាំ​ពាក្យ​ បាន​ឆ្លើយ​រុញ​ដាក់​គ្នា​ទៅវិញ​ទៅមក។ ​«កម្ពុជា​ថ្មី» បាន​ស្រង់​មតិ​របស់​ពលរដ្ឋមក​​ថា កុំ​ឲ្យ​មាន​ការ​ថ្លោះ​ធ្លោយ​ទៀត​ និងថា ត្រូវ​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ​រឿង​នេះ យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដោយ​មិន​គួរ​អត់​អោន​​ឲ្យ​ឡើយ​៕​

ភ្នំពេញ​ប៉ុស្តិ៍​ ជា​ខេមរភាសា​ មិន​បាន​ចាប់​អារម្មណ៍​រឿង​ដុត​រូប​សំណាក​នោះ​ទេ នៅថ្ងៃនេះ។ កាសែត​នេះ ចាប់​អារម្មណ៍​ជា​បន្ទាប់រឿង​សង្គម​ស៊ីវិល ដោយ​ដាក់​ចំណង​ថា «ក្រសួង​ដែន​ដី​បដិសេធ​របាយ​ការណ៍​រួម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ»។ អង្កការ​ពីរ​នោះ​គឺ​NGO Forum និង អង្គការ​ទស្សនៈ​ពិភព​លោក។ កាសែតបាន​សម្ភាស​លោក​ តឹក វណ្ណារ៉ា​ ហើយ​នាយក​ប្រតិបត្ត​អង្គការ​ NGO Forum និយាយថា របាយ​ការណ៍​នោះ​ជារបាយការណ៍​ឯករាជ្យ​ ដែល​មាន​ក្រុម​ស្រាវ​ជ្រាវ​ខ្មែរ​និង​បរទេស​ ហើយ​សង្កត់​ធ្ងន់​ទៅ​លើសំណាក​សហគមន៍​ក្រីក្រ​ចំនួន​១២នៅ​ភ្នំពេញ។

ក្រៅ​ពី​រឿង​ធំៗ កាសែតខ្មែរ​បាន​ចេញ​ចំណង​ជើង​រាយ​រង​ខ្លះ​ទៀត ដូច​ជា​ «តុលាការ​បន្ត​សវនាការ​កាត់​ទោស​លោក​ ហ៊ី ណារិន នៅ​ព្រឹក​ថ្ងៃ​ទី​១០មេសា» ជា​ចំណង​ជើង​របស់​«រស្មីកម្ពុជា» ។ កាសែត​នេះប្រាប់ថា លោក ​ ហ៊ី ណារិន ជា​អតីត​អធិការ​នគរបាល​ខណ្ឌ​មាន​ជ័យ​ ត្រូវ​បន្ត​សវនាការ​កាត់​ទោស​ ក្នុង​សំណុំ​រឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទឹក​ប្រាក់​ជាង​ ២ ៧១២លាន​រៀល។ តាម​​«រស្មីកម្ពុជា»ដែល​យោង​លើ​ច្បាប់​ព្រហ្ម​ទណ្ឌ​ខ្មែរ​ លោក​ហ៊ី ណារិន អាច​នឹង​ប្រឈមមុខ​ជាប់​ពន្ធនាគារ​ពី​៤ទៅ​១០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨លានទៅ​២០លានរៀល បើ​តុលាការ​រក​ឃើញ​មាន​ពិរុទ្ធមែន​។ រឿង​នេះ «កម្ពុជា​ថ្មី» ក៏​បាន​ផ្សាយ​ដូច​គ្នា​ផង​ដែរ។​

យើងបញ្ចប់នាទីទស្សនសារព័ត៌មានថ្ងៃនេះ តាមរយៈ​អត្ថបទ​របស់​«រស្មី​កម្ពុជា»។ កាសែត​នេះ បាន​ចេញ​ចំណង​ជើងថា «ចៅអធិការ​វត្តថ្មី​ត្រូវ​និមន្ត​ចេញពី​វត្ត​រឿង​លេង​កត់​ចាក់​កន្ទុយ​លេខ​ក្នុង​វត្ត»។ រឿង​នេះគឺ​បាន​កើតឡើង​​នៅ​ខណ្ឌ​ច្បារ​អំពៅ។ ចៅអធិការនោះ​ ព្រះ​នាម​ តាន់​ គង់លី ត្រូវ​ចំណុះ​ជើង​វត្ត ឧបាសក​ឧបាសិកា​ប្តឹង​សមត្ថកិច្ច ហើយ​បាន​សារភាពប្រព្រឹត្ត​លេង​កត់​កន្ទុយ​លេខ​​ពិត​មែន។ ចៅអធិការវត្ថថ្មី​នោះ ត្រូវ​សឹក​និង​ចេញពី​វត្ត​នៅ​ពេល​ចូលឆ្នាំ​ហើយ៕

 ដោយ​ ហេង ឧត្តម

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s