នេះជាកិច្ចការសាកល្បងទីមួយសម្រាប់ «ទស្សនៈសារព័ត៌មានកម្ពុជា» ដែលកាសែតខ្មែរផ្សាយនៅថ្ងៃនេះ។ ខ្ញុំបានងើបតាំងតែពីម៉ោង៤ព្រហាម ដើម្បីរៀបចំកិច្ចការនេះ។ ខ្ញុំបានព្យាយាមធ្វើវាដោយអស់ពីចិត្តនិងសមត្ថភាព។
ស្តាប់៖ http://mfi.re/listen/o92x7d4b1jlxden/7h00-Oudom-PressReview-10-04-2015.mp3
កាសែតក្នុងស្រុកខ្មែរ ដែលផ្សាយថ្ងៃសុក្រ ទី១០មេសានេះ បាននាំគ្នាសរសេរផ្តោតទៅការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី។
«មេឃចាប់ផ្តើមស្រឡះ សម្តេចតេជោ ថ្លែងថា៖ ខ្ញុំនិងលោក សម រង្ស៊ី បង្តើតវប្បធម៌សន្ទនាបានលទ្ធផល»។ នេះគឺជាចំណើងធំនៅទំព័រមុខរបស់កោះសន្តិភាព។ កាសែតបានឲ្យតម្លៃរឿងនេះ និងចំណាយស្ទើរតែពេញ១ទំព័រសម្រាប់រាយការណ៍ ដោយស្រង់សម្តីលោក ហ៊ុន សែន និង លោក សម រង្ស៊ី។ «អ្វីដែលខ្ញុំនិងលោកសម រង្ស៊ី បានបង្កើតឡើងនូវវប្បធម៌សន្ទនាសម្រាប់ដោះស្រាយបញ្ហា គឺពិតជាមានប្រយោជន៍ ហើយថ្ងៃនេះគឺជាសក្ខីកម្មដ៏ជាក់លាក់បង្ហាញពីជោគជ័យនៃវប្បធម៌សន្ទនានោះឯង»។ នេះជាប្រសាសន៍លោកនាយករដ្ឋមន្ត្រីដែលត្រូវ កោះសន្តិភាព ស្រង់យកទៅចុះផ្សាយ។ លោក សម រង្ស៊ី ក៏បានបន្ទរដែរថា «ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រនៃវប្បធម៌សន្តិភាព មិនមែនគ្រាន់តែទ្រស្តីទេ»។
ក្រៅពីការផ្តិតរូបថតលោកនាយករដ្ឋមន្ត្រីនិងលោក សម រង្ស៊ី ដើរទន្ទឹមគ្នា ដោយសើចយ៉ាងក្អាកក្អាយ «កាសែតកម្ពុជាថ្មី» បានដាក់ចំណងជើងរឿងសំខាន់នៅលើទំព័រមុខរបស់ខ្លួនថា «គ.ជ.ប.ថ្មី ជាកាដូឆ្មាំថ្មីចំពោះប្រជាពលរដ្ឋកម្ពុជា»។ កាសែតនេះបានលើកយកសម្តីរបស់លោក ហ៊ុន សែន ដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ដែលត្រូវជ្រើសតាំងដោយរដ្ឋសភា នៅថ្ងៃទី៩មេសា គឺជាសារនិងជាកាដូសម្រាប់ឆ្នាំថ្មីចំពោះប្រជាពលរដ្ឋកម្ពុជា។ «កម្ពុជាថ្មី» បានឲ្យដឹងថា ឥស្សរជនទាំង៩រូប របស់គ.ជ.ប.ថ្មី ដែលរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត មានសំឡេងគាំទ្រ១១៣លើ១១៩នៃសមាជិករដ្ឋសភាដែលមានវត្តមាន។ បើតាមកាសែតនេះ អ្នកទាំង៩រូបនឹងត្រូវចូលស្បថកាន់តំណែង ហើយនៅថ្ងៃចន្ទទី១៣មេសា នឹងមានផ្ទេរតំណែងរវាងគ.ជ.ប.ចាស់និងគ.ជ.បថ្មី នៅឯទីស្នាក់ការ។
ចំពោះ«រស្មីកម្ពុជា»ក៏មិនរំលងប្រធានរឿងនេះដែរ។ កាសែតបានចុះផ្សាយសម្រង់សម្តីរបស់ប្រមុខរដ្ឋាភិបាលថា «នយោបាយទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីត្រូវតែបញ្ចប់ជាស្ថាព័រ។ យើងគ្មានជម្រើសអ្វីណាក្រៅពីរួមរស់ជាមួយគ្នា ទោះបីមានទស្សនៈខុសគ្នា ប៉ុន្តែយើងជាខ្មែរដូចគ្នា ក៏ត្រូវរស់នៅលើទឹកដីដ៏កម្សត់នេះឲ្យក្លាយជាទឹកដីដ៏សម្បូរ សប្បាយ និងសេចក្តីសុខ»។ ក្រៅពីចុះផ្សាយសម្តីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សជាប់ឆ្នោតទាំងពីរ «រស្មីកម្ពុជា» ក៏ឆ្លៀតចុះផ្សាយប្រវត្តិរូបលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប.ថ្មី ដែលជាអ្នកមានបទពិសោធខាងវប្បធម៌និងច្បាប់ ធ្លាប់រៀនបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយសង្គម ពីក្រុងម៉ូស្កូ។
ខុសពីកាសែតផ្សេងៗបន្តិច ភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរ បានឲ្យចំណងជើងរឿងនេះថា «បន្ទាប់ពីអនុម័ត គ.ជ.ប.ថ្មី នឹងស្បថចូលកាន់តំណែងថ្ងៃសៅរិ៍»។ ភ្នំពេញប៉ុស្តិ៍ បានរំលេចរូបថតលោក សម រង្ស៊ី និងលោក នាយករដ្ឋមន្ត្រី ដើរចេញពីសភានិងរកចាំដៃគ្នាតែមិនសូវស្និទ។ ក្រៅពីរាយឈ្មោះសមាជិកគ.ជ.ប.ថ្មីទាំង៩រូប កាសែតភ្នំពេញប៉ុស្តិ៍បញ្ជាក់ថា ចំណោមសមាជិកគ.ជ.ប.៩នាក់មានស្ត្រីតែម្នាក់ប៉ុណ្ណោះ ហើយចំពោះការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាសភាពគ.ជ.គ. គឺមាន១សំឡេងប្រឆាំង ២សំឡេងអនុប្បវាទ និង១សំឡេងមោឃៈយកការបាន៕
ក្រៅពីរឿងគ.ជ.ប.ថ្មី រចនាបថខ្លោងទ្វារអង្គរសង្រ្កាន្ត គឺជាប្រធានរឿងសំខាន់បន្ទាប់របស់«កោះសន្តិភាព»។ កាសែតនេះ ឲ្យចំណងជើងថា «រចនាបថខ្លោងទ្វារអង្គរសង្រ្កាន្តថ្មីទទួលការសាទរ»។ សង្គ្រាមពាក្យសម្តីតាមសង្គមហ្វែសបុកដែលធ្លាប់វាយប្រហាររិះគន់ទំនងជានឹងបាត់ឥទ្ធិពលទៅវិញ បន្ទាប់ពីខ្លោងទ្វារចាស់ឆេះនៅសល់តែតួ និងអ្នករៀបចំកម្មវិធីដ៏ធំនេះ បានសម្រេចផ្លាស់ប្តូរដាក់ខ្លោងទ្វារអង្គរសង្គ្រាន្តថ្មីមកជំនួសវិញ។ បើតាមកោះសន្តិភាព លោក ហ៊ុន ម៉ានី ថា ខ្លោងទ្វារលើកក្រោយនេះ មានលក្ខណៈខ្មែរ«ជាងមុន»។
រឿងខ្លោងទ្វារនេះ ក៏ត្រូវបាន«រស្មីកម្ពុជា» ចុះផ្សាយដែរនៅក្នុងទំព័រទី៦។ «ឃាត់ខ្លួនមនុស្ស៩នាក់ពីបទលួចដុតស៊ុមខ្លោងទ្វារអង្គរសង្គ្រាន្ត» នេះជាចំណងជើងរបស់រស្មីកម្ពុជាអមដោយរូបថតគ្រោងដែកនៃខ្លោងទ្វារដែលបានឆេះអស់។ កាសែតរាយការណ៍ថា មនុស្ស៩នាក់ត្រូវនគរបាលខេត្តសៀមរាបឃាត់ខ្លួនជាបន្តបន្ទាប់ ហើយថា មនុស្ស២នាក់ ឈ្មោះ សុង និងម៉ាប់ ជាជនដៃដល់ ហើយ៧នាក់ផ្សេងទៀតស្ថិតក្នុងក្រុមជនសង្ស័យ៕
វិលមក«កោះសន្តិភាព»វិញ។ កាសែតនេះ បានដាក់រូបមួយផ្ទះធំ មានភ្លើងផ្សែងខ្មៅរោល កំពុងលេបត្របាករូបសំណាកមួយ។ «ដុតកម្ទេចទីតាំងអត់ច្បាប់ធ្វើសមាធិសាសនាលើកោះក្នុងសមុទ្រ» នេះជាចំណងរបស់«កោះសន្តិភាព»។ នៅកោះកុងក្រៅ ទីតាំងសមាធិរបស់សមាគមព្រះពុទ្ធសាសនាអន្តរជាតិមួយដែលបានសង់លើដីកោះមួយមានទំហំរាប់សិបហិកតា រួមទាំងអគារឈើប្រក់ស្បូវ២ល្វែង រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីមធ្វើពីជ័រ និងក្បាលតោថ្មជាទម្ររូបសំណាក ត្រូវបានដុតនិងវាយកម្ទេចចោល កាលពីថ្ងៃទី៨មេសា មានផ្សែងពណ៌ខ្មៅហោះលើអាកាសវេហា។ ប្រតិបត្តិការណ៍នេះដឹកនាំដោយ អាជ្ញាធរខេត្ត កងទ័ពជើងទឹក និងនគរបាលអន្តោប្រវេសន៍។ កោះសន្តិភាព បានរម្លឹកឲ្យដឹងដែរថា កន្លែងសមាធិនោះ បានកើតឡើងតាំងពីខែតុលា២០១៤ ហើយរៀបចំពិធីសមាធិចម្រុះជាតិសាសន៍២លើករួមមកហើយ។ កាសែត «កោះសន្តិភាព»បានស្រង់ព័ត៌មានពីមន្ត្រីអន្តោប្រវេសន៍មកថា ភ្លៀវដែលទៅសមាធិនៅទីនោះ បានត្រឡប់ទៅវិញអស់ហើយ ហើយបុរសជនជាតិវៀតណាម៧ដែលស្នាក់នៅប្រចាំការក៏ត្រូវបញ្ចូនត្រឡប់ទៅប្រទេសរបស់គេវិញដែរ។ ចំពោះរឿងនេះ ក៏ត្រូវ«កម្ពុជាថ្មី» ផ្សាយនៅទំព័រមុខដែរ តែមិនដាក់រូបឆេះរូបសំណាក់ដូចកោះសន្តិភាពនោះទេ។ «កម្ពុជាថ្មី» បានឲ្យដឹងថា ទីតាំងសមាធិនោះជាសំណង់ខុសច្បាប់ ហើយប្រធានមន្ទីរធម្មការនិងសាសនា លោក ដួង សារៀន ក៏ទទួលស្គាល់ដែរ។ ប៉ុន្តែលោកអភិបាលខេត្តកោះកុងនិងអ្នកនាំពាក្យ បានឆ្លើយរុញដាក់គ្នាទៅវិញទៅមក។ «កម្ពុជាថ្មី» បានស្រង់មតិរបស់ពលរដ្ឋមកថា កុំឲ្យមានការថ្លោះធ្លោយទៀត និងថា ត្រូវស្រាវជ្រាវរកអ្នកនៅពីក្រោយរឿងនេះ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយមិនគួរអត់អោនឲ្យឡើយ៕
ភ្នំពេញប៉ុស្តិ៍ ជាខេមរភាសា មិនបានចាប់អារម្មណ៍រឿងដុតរូបសំណាកនោះទេ នៅថ្ងៃនេះ។ កាសែតនេះ ចាប់អារម្មណ៍ជាបន្ទាប់រឿងសង្គមស៊ីវិល ដោយដាក់ចំណងថា «ក្រសួងដែនដីបដិសេធរបាយការណ៍រួមរបស់អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ»។ អង្កការពីរនោះគឺNGO Forum និង អង្គការទស្សនៈពិភពលោក។ កាសែតបានសម្ភាសលោក តឹក វណ្ណារ៉ា ហើយនាយកប្រតិបត្តអង្គការ NGO Forum និយាយថា របាយការណ៍នោះជារបាយការណ៍ឯករាជ្យ ដែលមានក្រុមស្រាវជ្រាវខ្មែរនិងបរទេស ហើយសង្កត់ធ្ងន់ទៅលើសំណាកសហគមន៍ក្រីក្រចំនួន១២នៅភ្នំពេញ។
ក្រៅពីរឿងធំៗ កាសែតខ្មែរបានចេញចំណងជើងរាយរងខ្លះទៀត ដូចជា «តុលាការបន្តសវនាការកាត់ទោសលោក ហ៊ី ណារិន នៅព្រឹកថ្ងៃទី១០មេសា» ជាចំណងជើងរបស់«រស្មីកម្ពុជា» ។ កាសែតនេះប្រាប់ថា លោក ហ៊ី ណារិន ជាអតីតអធិការនគរបាលខណ្ឌមានជ័យ ត្រូវបន្តសវនាការកាត់ទោស ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ ទឹកប្រាក់ជាង ២ ៧១២លានរៀល។ តាម«រស្មីកម្ពុជា»ដែលយោងលើច្បាប់ព្រហ្មទណ្ឌខ្មែរ លោកហ៊ី ណារិន អាចនឹងប្រឈមមុខជាប់ពន្ធនាគារពី៤ទៅ១០ឆ្នាំ និងពិន័យជាប្រាក់៨លានទៅ២០លានរៀល បើតុលាការរកឃើញមានពិរុទ្ធមែន។ រឿងនេះ «កម្ពុជាថ្មី» ក៏បានផ្សាយដូចគ្នាផងដែរ។
យើងបញ្ចប់នាទីទស្សនសារព័ត៌មានថ្ងៃនេះ តាមរយៈអត្ថបទរបស់«រស្មីកម្ពុជា»។ កាសែតនេះ បានចេញចំណងជើងថា «ចៅអធិការវត្តថ្មីត្រូវនិមន្តចេញពីវត្តរឿងលេងកត់ចាក់កន្ទុយលេខក្នុងវត្ត»។ រឿងនេះគឺបានកើតឡើងនៅខណ្ឌច្បារអំពៅ។ ចៅអធិការនោះ ព្រះនាម តាន់ គង់លី ត្រូវចំណុះជើងវត្ត ឧបាសកឧបាសិកាប្តឹងសមត្ថកិច្ច ហើយបានសារភាពប្រព្រឹត្តលេងកត់កន្ទុយលេខពិតមែន។ ចៅអធិការវត្ថថ្មីនោះ ត្រូវសឹកនិងចេញពីវត្តនៅពេលចូលឆ្នាំហើយ៕
ដោយ ហេង ឧត្តម