សង្ខេប​បច្ចុប្បន្នភាព​ពិភព​លោក​ក្នុង​សប្តាហ៍ ១៦-២២ មីនា ២០១៥

តើ​នៅ​ទូទាំង​ពិភព​លោក​នៅ​ក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​សំខាន់​ៗ​អ្វី​ខ្លះ​បាន​កើត​ឡើង?

សូម​ស្តាប់​ ហេង ឧត្តម : http://mfi.re/listen/i77h8bh8ymbl919/07h00-World_Weekly-Oudom-22-03-2015.mp3

នៅ​ថ្ងៃ​ចន្ទទី១៦មីនា​ដើម​សប្តាហ៍​នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Jonh Kerry បានផ្តើមដំណើរទស្សនកិច្ច ជាមួយសមភាគីអ៊ីរ៉ង់ លោក Mohammad Javad Zarif នៅប្រទេស​ស្វីស ដើម្បីជជែកពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ តាមការបញ្ជាក់ពីមន្ត្រីអាមេរិក ជំនួបនៅស្វីសនេះ គឺជាដំណើរការចរចាយ៉ាងសំខាន់ដើម្បីត្រួសត្រាយដំណោះស្រាយបញ្ហានុយក្លេអ៊ែ​ដ៏ចម្រូងចម្រាស់របស់រដ្ឋអ៊ីរ៉ង់ ដែលនឹង​​ត្រូវដល់ថ្ងៃកំណត់ព្រម​ព្រៀងចុងខែមីនានេះ។

រុស្ស៊ីបានបើកធ្វើសមយុទ្ធ ដែលឥតប្រកាសឲ្យដឹងជាមុន នៅភាគឧត្តរប្រទេស។ លំហាត់សឹកខ្នាតធំនេះ តាមប្រសាសន៍លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានចាប់ផ្តើមថ្ងៃចន្ទទី១៦មីនា ហើយនឹងពន្យារទៅរហូតដល់ថ្ងៃទី២១មីនា។ ការ​ប្រព្រឹត្តទៅនេះគឺស្របនឹងបទបញ្ជា របស់លោកប្រធានាធិបតីពូទីន ក្នុងឋានៈជាអគ្គមេបញ្ជាការជាន់ខ្ពស់បំផុត ដើម្បីផ្ទៀងផ្ទាត់មើល ដោយឥតប្រកាសឲ្យដឹងជាមុន អំពីភាពត្រៀមប្រយុទ្ធនៃកងទ័ពរុស្ស៊ី  នៅតំបន់សមុទ្រ Arctique ប៉ែកឧត្តរនៃ​ប្រទេស។ លំហាត់សឹកនេះ ជួនពេលគ្នានឹងសមយុទ្ធបក្សសម្ព័ន្ធអូតង់ នៅឯសមុទ្រខ្មៅផង និង តំបន់បាល់ទិកផង ជិតព្រំដែនរុស្ស៊ី​ទៀត​ផង​។

នៅ​ថ្ងៃអង្គារកន្លងទៅនេះ​ ជនជាតិនូវែលសេឡង់ម្នាក់រួមជាមួយនឹងជនជាតិភូមាពីរនាក់ផ្សេងទៀត ត្រូវបានតុលាការភូមាកាត់ទោស ឲ្យជាប់ពន្ធនាគារម្នាក់ៗ២ឆ្នាំកន្លះ ក្រោមបទចោទប្រកាន់ថាបានប្រមាថពុទ្ធសាសនា។ ចំណែក​អង្គការសិទ្ធិមនុស្សវិញបានហៅការកាត់ទោសនេះ ថាជាការរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។

នៅស៊ីរី។ ទាហាន​ជើង​អាកាស​ បាន​បាញ់​ទម្លាក់​យន្តហោះ​ស៊ើបការណ៍ ដ្រូន​ របស់​អាមេរិក​មួយ​គ្រឿង ដែល​បាន​ហោះ​ហើរ​លើ​តំបន់​គ្រប់គ្រង​ដោយប្រធានាធិបតី​ស៊ីរីលោក បាស្ហា អាល​អាសាដ។ ក្រុង​​វ៉ាស៊ីនតោន មិន​ទាន់​បញ្ជាក់​ព័ត៌មាន​នេះ​ទេ តែ​ប្រភព​ការពារជាតិ​​​ បាន​បង្ហើប​ថា​សហរដ្ឋ​អាមេរិក​ បាន​បាត់“ទំនាក់ទំនង”ជាមួយ​នឹង​យន្តហោះ​ដ្រូន​មួយ​គ្រឿង​ ដែល​ហោះហើរ​នៅ​ភាគ​​និរតី​ប្រទេស​ស៊ីរី។

ថ្ងៃពុធនៅអាហ្វហ្កានីស្ថាន។ រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត ដែលធ្វើឡើងដោយក្រុមតាលីបង់ បានវាយប្រហារលើក្រុមមន្ត្រីជាន់ខ្ពស់ថ្នាក់​ខេត្ត ដោយបង្ករឲ្យ​ជនស៊ីវិល៧នាក់ស្លាប់និងជិត ៤០នាក់ របួសនៅភាគខាងត្បូងប្រទេសអាហ្គានីស្ថាន។

 កាល​ពីថ្ងៃពុធគឺជា​គម្រប់១ឆ្នាំគត់ តាំងពីទឹកដីគ្រីមេ បានភ្ជាប់មកនឹងមាតុប្រទេសរុស្ស៊ីវិញ។ សន្ធិសញ្ញាស្តីអំពីការភ្ជាប់នេះ ត្រូវបានចុះហត្ថលេខាយ៉ាងឧឡារឹក នៅវិមានក្រេមឡាំងថ្ងៃ ១៨មីនាឆ្នាំ២០១៤ ដោយលោកប្រធានាធិបតីរុស្ស៊ីពូទីននិងមេដឹកនាំគ្រីមេ យោងទៅលើលទ្ធផលប្រជាមតិនៅទីនោះ គឺបន្ទាប់ពីសំណូមពរសុំភ្ជាប់នេះបានទទួលការអនុម័ត ដោយសភាទាំងពីរថ្នាក់នៃរដ្ឋសភារុស្ស៊ី។ ប៉ុន្តែបស្ចិមលោកបាន​ចោទរុស្ស៊ីថា រំលោភលើបូរណ​ភាព​ដែនដីអ៊ុយក្រែននិងច្បាប់អន្តរជាតិ ហើយដាក់ទណ្ឌកម្មរុស្ស៊ីរហូតមកទល់សព្វថ្ងៃ។ ចំពោះ​​ក្រុងម៉ូស្គូ គឺ​សំអាង​ទៅ​លើធម្មនុញ្ញ អ.ស.ប. ស្តីអំពី សិទ្ធិស្វ័យកំណត់ របស់ប្រជាជន​។

សូម​ស្តាប់កែវ ឆាយ៉ា ដែល​វិទ្យុ​យើង​បាន​ចាក់​ផ្សាយ​កាល​ពីថ្ងៃពុធ​៖

បន្ទាប់ពី២ខែនៃព្រឹត្តិការណ៍ដែល​ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស១៧នាក់ នៅក្រុងបារីស   រដ្ឋា​ភិបាលបារាំង នៅថ្ងៃព្រហស្បតិ៍ ត្រូវដល់ពេលដាក់ស្នើវិធានការមួយចំនួន ក្នុងគោលដៅធ្វើឲ្យ​ប្រសើរឡើងនូវការឈ្លបមើលសកម្មភាពក្រុមជីហាត។ សេចក្តីព្រាងច្បាប់នេះនឹងអនុញ្ញាតឲ្យ​អាជ្ញាធរបារាំងត្រួតពិនិត្យលើជនសង្សយ ដែលគ្រោងធ្វើសកម្មភាពភេរវ​និយម ដោយពុំចាំបាច់មានការអនុញ្ញាតពីតុលាការនោះទេ។ សេចក្តី​ព្រាងច្បាប់មួយនេះ បានធ្វើឲ្យ​មានការខឹងសម្បាររួចទៅហើយ ពីមនុស្សដែលមើលឃើញថាពង្រាងច្បាប់មួយនេះនឹងអាចវាយប្រហារលើសេរីភាពឯកជន។

សន្និសីទអន្តរជាតិ​ស្តីពី​ការ​កាត់បន្ថយ​គ្រោះធម្មជាតិ​ដែល​បាន​រៀបចំ​រយៈពេល៥ថ្ងៃ​ក្នុង​ក្រុង​សេនដាយ​ប្រទេស​ជប៉ុន​បាន​បិទបញ្ចប់​នៅ​ថ្ងៃ​ពុធទី១៨មីនា។ ជា​លទ្ធផល សន្និសីទ​បាន​អនុម័ត​​ចេញ​នូវ​វិធានការ​បង្ការ​មួយ​ចំនួន​សម្រាប់​រយៈពេល១៥ឆ្នំា​ខាង​មុខ។ ពោល​គឺ​ពី​ឆ្នំា ២០១៥ដល់​ឆ្នំា២០៣០។ តែ​លទ្ធផល​នេះ​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​វាយតម្លៃ​ថា នៅ​មាន​លក្ខណៈ​តិចតួចស្តួចស្តើង​នៅ​ឡើយ ព្រម​ទំាង​បាន​បរិហារ​លើ​ក្រុមប្រទេស​អ្នកមាន​ពី​បទ​មិន​បាន​បំពេញ​កាតព្វកិច្ច និង​គោរព​ពាក្យសន្យា​របស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ។

-មន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​​​ចិននិង​ជប៉ុន ​បាន​ជួប​ប្រជុំគ្នា កាលពី​​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅ​នេះ​ នៅ​ក្នុងក្រុង​តូក្យូ​ប្រទេស​ជប៉ុន ដើម្បី​ជជែក​គ្នា អំពី​បញ្ហា​សន្តិសុខ រវាង​ប្រទេស​ទាំងពីរ។ នេះ​គឺ​ជា​កិច្ចប្រជុំ​ថ្នាក់​មន្រ្តីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​លើកទី១​ ក្រោយ​ពី​ត្រូវ​ផ្អាក​អស់រយៈពេល ៤ឆ្នាំ ដោយសារ​តែ​មាន​ភាព​តានតឹង រវាង​ប្រទេស​ទាំងពីរ ជាពិសេស ជុំវិញ​​ជម្លោះ​ដែន​សមុទ្រ និង​ជុំវិញ​បញ្ហា​ប្រវត្តិសាស្រ្ត​សម័យ​សង្រ្គាម។ សូម​លោកអ្នក​នាង​ស្តាប់ សេង ឌីណា ៖

នាយក​រដ្ឋមន្រ្តី​ទុយនីស៊ី​បាន​និយាយនៅថ្ងៃព្រហស្បតិ៍​ថា គេ​កំណត់ឃើញ​អត្តសញ្ញាណ​របស់​​ឧក្រិដ្ឋជន ទាំងពីរ​នាក់ ដែល​បាន​បាញ់​រះ សម្លាប់ និង​ធ្វើ​ឲ្យ​របួស អ្នកទេសចរ នៅ​សារមន្ទីរជាតិប៉ារដូ កណ្តាល​ក្រុង​ទុយនីស កាលពី​ថ្ងៃ​ទី​១៨មីនា​។ គឺរវកម្ម​នៅ​ប្រទេស​ទុយនីស៊ី ដែល​បាន​សម្លាប់​មនុស្ស២២នាក់ ដែល​នៅក្នុង​នោះ មាន២០​នាក់គឺជាអ្នកទេសចរ​បរទេស។ នាយក​រដ្ឋមន្រ្តី​ទុយនីស៊ីបាន​បញ្ជាក់​ផង​ដែរ​ថា ប៉ូលិស​កំពុង​តាមរកចាប់​អ្នកផ្សំ​គំនិត ជាមួយ​ឧក្រិដ្ឋជន ដែល​អាច​មាន​គ្នីគ្នា២ទៅ​៣​នាក់​ទៀត។

គួរ​ជម្រាប​ជូនថា​តាំងពី​រាត្រីថ្ងៃទី​១៨ ប្រជាជន​ទុយនីស៊ី​បាន​ជួបជុំ ស្រែក​ប្រឆាំង​អំពើភេរវកម្ម។ ចំណែក​លោកប្រធានាធិបតី​ទុយនីស៊ី បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទុយនីស៊ី​រួបរួមគ្នា ប្រឆាំង​ក្រុមភេរវនិយម។ មួយ​ថ្ងៃបន្ទាប់មក គឺ​នៅថ្ងៃ​នៅថ្ងៃសុក្រ អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ភេរវជន​ទាំង​២​រូប​ដែល​បាន​បាញ់​សម្លាប់​អ្នកទេសចរ​បរទេស២០​នាក់ នៅ​សារមន្ទីរបារដូនោះ​ ធ្លាប់​ត្រូវ​បាន​បំពាក់បំប៉ន ហ្វឹកហ្វឺន ឲ្យ​ចេះ​ប្រើ​អាវុធ នៅ​ក្នុង​ប្រទេស​លីប៊ី។

 នៅ​ប្រទេស​ថៃ បុរស​វ័យចំណាស់​ម្នាក់​ត្រូវ​បាន​តុលាការ​យោធា​កាត់ទោស​នៅថ្ងៃ​សុក្រឲ្យ​ជាប់គុក ១៨​ឆ្នាំ ពី​បទ​គូរ សរសេរ​អក្សរ ដែល​មានន័យ ជេរប្រមាថ​ចេស្តា ព្រះមហាក្សត្រ​ថៃ​។ គួរ​កត់​សម្គាល់ថា ចាប់តំាងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​ យីង ឡាក់ ​ចេញពីអំណាច ចំនួនករណី​ប្តឹងផ្តល់ និង​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ ក្រោម​បទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ ចេះតែ​កើនឡើងមិន​ឈប់។ យើងស្តាប់ ឈាង បុប្ផា ដែល​វិទ្យុ​បារាំង​អន្តរជាតិ​​បាន​ចាក់​ផ្សាយ​កាល​ពីថ្ងៃសុក្រទី​២០មីនា​​​៖

 

នៅថ្ងៃទី២០​មីនាគឺជាទិវា​អន្តរជាតិ​នៃ​ប្រទេស​ប្រើ​ភាសាបារាំង ដែល​គេឲ្យ​ឈ្មោះ​ជា​ភាសាបារាំង​ថា “Journée internationale de la Francophonie”។ ​គួរ​បញ្ជាក់​ថា អង្គការ​អន្តរជាតិ​នៃ​ប្រទេស​ប្រើ​ភាសាបារាំង «Organisation Internationale de la Francophonie» ហៅកាត់ថា OIF បាន​បង្កើតឡើង កាលពីឆ្នាំ១៩៧០ មាន២០ប្រទេស​ចូលរួម ហើយ​សព្វថ្ងៃ​មានរដ្ឋ​និង​រដ្ឋា​ភិបាល​សរុបចំនួន៧៧ ក្នុងនោះមាន​៥៧ប្រទេស​សមាជិក និង២០ប្រទេស​សង្កេតការណ៍។ ផ្អែកតាមការសន្និដ្ឋានរបស់​របាយការណ៍ឆ្នាំ២០១៤ របស់ OIF ប្រសិនបើ​ការរីកចម្រើន​នៃការសិក្សា​ភាសាបារាំង​នៅតែបន្ត នៅទូទាំងពិភពលោក ចំនួននៃអ្នក​ប្រើភាសាបារាំង​នឹងកើនដល់ ៧៦៧ លាននាក់ នៅក្នុងឆ្នាំ២០៦០។

តម្រូវការទឹកក្នុងពិភពលោកបានកើនឡើងជារៀងរាល់ថ្ងៃ។ ២០ភាគរយនៃទឹកក្រោមដីត្រូវបាន គេប្រើហួសកំណត់។ ពីរថ្ងៃមុនទិវាទឹកពិភពលោក អង្គការសហប្រជាជាតិបានអំពាវនាវ នៅក្នុង របាយការណ៍របស់ខ្លួន ចេញផ្សាយ កាលពីថ្ងៃសុក្រ សុំឲ្យគេកែប្រែរបៀបប្រើប្រាស់ទឹកដ៏ខ្ជះខ្ជាយ ដើម្បីជៀសវាង ការខ្វះទឹកប្រើប្រាស់ នៅឆ្នាំ ២០៣០។

នៅ​អាហ្វហ្គានីស្ថាន។ នៅថ្ងៃសៅរ៍ ទី២១មីនាម្សិល​មិញ​នេះ​ លោក ប្រធានា ធិបតី និង លោកនាយករដ្ឋមន្រ្តីអាហ្វហ្កានីស្ថានចេញទៅបំពេញទស្សនកិច្ចរួមគ្នានៅសហរដ្ឋអាមេរិក​។ នៅក្នុងក្រុងវ៉ាស៊ីនតោន ថ្នាក់ដឹកនំាជាន់ខ្ពស់អាហ្វហ្កានីស្ថានទំាងពីររូបត្រូវលើកយកទៅ និយាយជាមួយថ្នាក់ដឹកនំាអាមេរិកពីលទ្ធភាពក្នុងការចរចាស្វែងរកសន្តិភាពជាមួយ ពួកតាលីបង់។ អ្វីជាការកត់សម្គាល់ ដំណើរទៅកាន់អាមេរិករបស់ថ្នាក់ដឹកនំាជាន់ខ្ពស់ អាហ្វហ្កានីស្ថាន បានធ្វើឡើងចំពេលដែលមានខេត្តអាហ្វហ្កានីស្ថានមួយចំនួនកំពុងការពារខ្លួនទប់នឹងពួកតាលីបង់ ដោយគ្មានជំនួយពីកម្លំាងអូតង់។

ប្រឈម​មុន​នឹងអំពើ​ហិង្សា​ផ្លូវ​ភេទ ចាប់​រំលោភ​ស្ត្រី កើន​ឡើង​ឥត​ឈប់​ឈរ​នៅ​ក្នុង​ប្រទេស រដ្ឋា​ភិបាលឥណ្ឌា​​បាន​សម្រេច​នៅ​ថ្ងៃសៅរ៍ម្សិលមិញ​​នេះ ដាក់​កម្រិត​ឱ្យ​មាន​ការ​ជ្រើសរើស​ប៉ូលិស​ជា​ស្ត្រី​ភេទ។ សេចក្តី​សម្រេចដែល​ក្រុម​ប្រឹក្សា​​នាយក​រដ្ឋមន្ត្រី​ទើប​ប្រជុំ​អនុម័ត​នេះជា​ចំណែក​មួយ​នៃ​វិធានការ​ពង្រឹង​ច្បាប់​សន្តិសុខ​សុវត្ថិភាព​​ប្រឆាំង​នឹង​ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី និង​មាន​កម្មវត្ថុ​បញ្ជ្រាប​ក្នុង​ជួរ​ប៉ូលិស​អំពីអំពើ​ហិង្សា​លើ​ស្ត្រី​​។ ចាប់​ពី​ពេល​នេះ​តទៅ ក្នុង​ចំណោម​ភ្នាក់ងារ​ប៉ូលិស​ជ្រើសរើស​ថ្មី​បី​នាក់ មាន​យ៉ាង​ហោច​ណាស់​ម្នាក់​ជា​ស្ត្រី។ កូតា​ បុគ្គលិក​ប៉ូលិស​ដោយ​ផ្អែក​លើ​ភេទ នឹង​ត្រូវ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ ជ្រើសរើសបុគ្គលិក ​ថា្នក់​​ភ្នាក់ងារ​​ប៉ូលិស​ដល់​ថ្នាក់​អធិការរង​​នៅ​ទូទាំង ​ប្រទេស រាប់​ទាំង​រដ្ឋធានី​ញូវដាលី​ផង។
-យើងបញ្ចប់ការ​សង្ខេប​បច្ចុប្បន្ន​ភាព​ពិភព​លោក​ នៅ​ស​ប្តាហ៍​នេះ ដោយនិយាយពី​សិង្ហបុរី។ ស្ថានភាពជំងឺរបស់ លោក លី ក្វាន់យូ កាន់តែដុនដាបទៅៗ។ នេះបើតាមរបស់រដ្ឋា​ភិបាល​ដែល​បាន​ឲ្យ​ដឹងនៅថ្ងៃសៅរ៍ទី​២១មីនា។ ក្នុងឱកាសដែលការសំរាកព្យាបាលកក្នុងមន្តីរពេទ្យរបស់ លោក លី គឺបានឈានចូលដល់អាទិត្យទី៧ហើយ​។ លោក លី ក្វាន់យូ អាយុ៩១ឆ្នាំ បានចូលសំរាកព្យាបាលក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយមានជំងឺ រលាកសួត។ រដ្ឋាភិបាលថ្លែង​ថា ស្ថានភាពរបស់លោក កាន់តែយាប់យ៉ឺនទៅៗ ហើយលោកជំងឺរបស់ឋិតក្នុងសភាពធ្ងន់ធ្ងរ៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s