អាជ្ញា​ធរ​ក្រុង​ភ្នំពេញប្រកាស​ទទួល​មតិ​រិះគន់របស់​ប្រជា​ពលរដ្ឋ -rfi

នៅ​ចុង​សប្តាហ៍​នេះ សាលារាជធានី​ភ្នំពេញ​ បាន​ប្រកាស​ក្នុង​ទំព័រ​ហ្វែស​បុក​របស់​ខ្លួន​ ទទួល​យក​មតិរបស់​​ប្រជា​ពលរដ្ឋ​ ដើម្បី​ចូលរួម​ចំណែក​កសាង​​សង្គម និង​ការ​រីកចម្រើន​ទាំង​អស់​គ្នា។ សាលា​ក្រុងភ្នំពេញ​ ​បញ្ជាក់ថា ប្រជា​ពលរដ្ឋ​ជា​ទី​ប្រឹក្សា​ដ៏​ល្អ​បំផុត និងថា​ ការ​រិះគន់​ស្ថាបនាប្រកប​ដោយ​សីលធម៌ គឺដើម្បី​ការ​អភិវឌ្ឍ​រាជធានីភ្នំពេញ​របស់​យើង​ទាំង​អស់​គ្នា។

10842089_391391931041565_8269091706530792786_oហេង​ ឧត្តម រាយ​ការណ៍​ ដែល​វិទ្យុ​បារាំង​បាន​ចាក់​ផ្សាយ​កាល​ពីថ្ងៃ​ទី១កុម្ភៈ២០១៥

គឺ​ជា​ចលនា​ថ្មី​មួយ​ទៀត​ដែល​សាលារាជធានី​ភ្នំពេញ​ បាន​ប្រកាស​ជា​សាធារណៈ​ដើម្បី​ទទួល​យក​មតិ​រិះគន់ ក្នុង​ន័យ​ស្ថាបនា​ ពី​សំណាក់​​ប្រជា​ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ តាម​រយៈ​ទំព័របណ្តាញ​សង្គម​​ហ្វែស​បុក​។ លោក​ ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃអាទិត្យ​ទី​១កុម្ភៈ ​ថា ពេល​កន្លង​ទៅ​ អ្នក​ប្រើប្រាស់​ហ្វែស​បុក​បាន​ជួយ​រិះ​គន់ចំពោះ​​ការ​ខ្វះ​ចន្លោះជា​ច្រើន​​របស់​សាលាក្រុង ហើយអាជ្ញា​ធរក៏​​បាន​ខិត​ខំ​ឆ្លើយ​តប​ចំពោះ​ត​ម្រូវ​ការ​ បញ្ហា​កង្វល់ និង​សំណូម​ពរ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ​បាន​មួយ​ចំនួន​ហើយដែរ​។

 អ្នក​នាំពាក្យ​រូបនេះ​បាន​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ជួយ​ផ្តល់​មតិ​រិះ​គន់ ​ស្ថាប័នា ​បន្ថែម​ទៀត ចំពោះ​បញ្ហា​ខ្វះ​ចន្លោះដែល​សាលារាជធានី​ភ្នំពេញ​បាន​អនុវត្ត​ពុំ​គ្រប់​ជ្រុង​ជ្រោយ នា​ពេល​បច្ចុប្បន្ន​នេះ​។ លោក​ក៏បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្តល់​ដំណឹង​ដល់​សាលារាជធានីចំពោះ​បញ្ហា​ផ្សេង​ៗ​ដែល​កើត​ឡើង​ក្នុង​ក្រុងភ្នំពេញ​។ លោក​ ឡុង ឌីម៉ង់ បានលើក​ឧទាហរណ៍ដូច​ជា ​បញ្ហា​ផ្លូវ​ថ្នល់ មាន​គ្រលុក​ត្រង់​ណា និង​​ដែល​នៅ​មាន​ការ​ខូច​ខាត​មិន​ទាន់​ជួស​ជុល​កែ​លម្អ​ហើយ អ្នក​ប្រើ​ហ្វែស​បុក​ត្រូវ​ថត​ និង​ប្រកាស​ជូន​ដំណឹង​ដល់​សាលាក្រុង ដើម្បី​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ​ជូន។

ទាក់​ទង​នឹង​ការ​ប្រើ​ហ្វែស​បុក​ដើម្បី​រិះ​គន់​ ផ្តល់​ដំណឹង និង​ចែក​រំលែក​ព័ត៌មាន​នេះ ត្រូវ​បានអ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​ យល់​ឃើញ​ថា ជា​មធ្យោបាយ​ល្អ​មួយសម្រាប់​ឲ្យ​ពលរដ្ឋ​ផ្តល់​មតិ​កែ​លម្អ​ស្ថាបនា ដែល​មាន​ភាព​ងាយ​ស្រួល និង​សាមញ្ញ ហើយ​ពេល​ខ្លះ​ មាន​ប្រសិទ្ធ​ភាព​ជាង​​ការ​បង្កើត​វេទិកា​​ធំដុំ ដើម្បី​ទទួល​មតិទៅទៀត។

លោក​ ឡុង ឌីម៉ង់ បាន​សម្តែង​សុឆន្ទៈថា ការ​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្តល់​មតិ​រិះគន់​ស្ថាបនា​ដល់​អាជ្ញាធរ​ តាម​មធ្យោបាយ​ងាយស្រួល​ដូច​ជា​ហ្វែសបុក​នេះជា​ដើម​ គឺ​ជា​ដំណើរ​ការ​ល្អ​មួយ ដើម្បី​ឈាន​ដល់​ការ​បម្រើ​សេវាកម្ម​ដល់​ប្រជា​ជន​កាន់តែ​លឿន​និង​ឆាប់​រហ័ស។ មិន​តែប៉ុណ្ណោះ​ លោកថ្លែង​ថា ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ក្រុង​ដទៃផ្សេង​​ទៀត អាច​ប្រើ​មធ្យោបាយ​នេះ ដើម្បី​ស្រង់​មតិ​ពី​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​របស់​ខ្លួន​ ក្នុង​ការ​ចូលរួមចំណែក​​អភិវឌ្ឍ​ខេត្ត​និង​ក្រុង​របស់​ខ្លួន​ទៀត​នោះ នឹង​កាន់តែល្អ​​ប្រសើរ។

ជាមួយ​គ្នា​នេះ​ដែរ ទំព័រ​ហ្វែស​បុក​របស់​សាលារាជធានី បាន​សរសេរថា «គ្មាននរណាម្នាក់ រួមទាំងមេដឹកនាំពិភពលោកណាមួយ ដែល​គ្រប់​គ្រង​ដឹកនាំ​ប្រទេសបានល្អ​ឥតខ្ចោះ ដោយ​គ្មាន​កំហុស​ឆ្គងដែរ។ សំខាន់​បំផុត ​គឺ​ប្រមុខ​ដឹកនាំតែង​តែស្តាប់​មតិ​យោបល់​ប្រជា​ពលរដ្ឋ និង មន្រ្តីរាជ​ការក្រោមឧិវាទ ហើយបន្តកែសម្រួលរៀប​ចំឲ្យ​បាន​ល្អត្រូវ​​ចំទិស​ដៅ​ផល​ប្រយោជន៍​សង្គម​ជាតិ»។

ទន្ទឹម​នឹង​នេះ ទំព័រ​ហ្វែសបុក​ ដែល​មាន​ឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ដែល​គេ​មួយ​ចំនួន​យល់ថា​ជាគណនី​​របស់​លោក​នាយករដ្ឋ​មន្ត្រី​ បាន​សរសេរ​ថា «ការរិះគន់ស្ថាបនា គឺមានហេតុផលដែលចង្អុលបង្ហាញទាំងផលវិជ្ជមាននិងផល​អវិជ្ជ​មាន ប្រកបដោយសីលធម៍ក្នុងន័យល្អជួយចម្រុងចម្រើនដល់ប្រជាពលរដ្ឋ​និង​សង្គមជាតិទាំងមូល»។ ទំព័រ​នេះ​បាន​អំពាវ​ឲ្យ​ប្រជា​ជន​ ចូលរួមទាំង​អស់​គ្នា​ដើម្បីជាតិរឹងមាំ និងរីកចម្រើនពិតៗ។ ទោះ​យ៉ាងណា​ក្តី ទំព័រហ្វែស​បុក​​នេះបាន​បញ្ជាក់ថា ពាក្យជេរអសីលធម៌ និងកាត់តរូបភាពប្រមាថ គឺនឹងលុបចេញ (delete) ហើយ​បើនៅបន្តគឺនឹងបំបិទ ឬ (Block) ចោល​តែ​ម្តង​៕​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s