ពួក​អាល់ហ្សេរ៉ី ដែល​ជា​បណ្តាញ​អង្គការ​រដ្ឋ​អ៊ី​ស្លាម​ប្រកាស​សម្លាប់​ចំណាប់​ខ្មាំង​បារាំង

Publié septembre 23, 2014 par HENG Oudom

ពួក​អាល់ហ្សេរី ដែល​ជាប់​ពាក់​ព័ន្ធ​ជិត​ស្និទ​នឹង​ក្រុម​អង្គការ​រដ្ឋ​អ៊ី​ស្លាមជីហាត​ បាន​​គំរាម​សម្លាប់​ចំណាប់​ខ្មាំងជនជាតិ​បារាំង ប្រសិនបើ​ប្រទេស​​បារាំង​នៅ​តែបន្ត​វាយប្រហារផ្លូវ​អាកាស​បន្ត​ទៀត​ ទៅ​លើ​ពួក​អង្គការ​រដ្ឋ​អ៊ី​ស្លាមជីហាត​ នៅ​ប្រទេស​​អ៊ីរ៉ាក់។ នេះ​បើតាម​​វីដេអូ ដែល​បាន​បង្ហោះ​តាម​អ៊ីនធឺណិត​ ​​នៅ​ថ្ងៃ​ទី​២២​​។

Herve Pière Gourdel Photo Jund al Khilafa AFP

Herve Pière Gourdel អង្គុយ​អម​ដោយ​ទាហាន​អាល់ហ្សេរីពីរនាក់ Photo Jund al Khilafa AFP

ចុះ​ផ្សាយ​នៅ​ក្នុង​ Rfi Khmer ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ២០១៤

សូម​ស្តាប់​សំឡេង​នៅទីនេះ៖

http://mfi.re/listen/8t38303dujj659w/13h00-Desk_Oudom-Algérian-IS_allegiant_claimed_to_kill_French_national-23-09-2014.mp3

ចំណាប់​ខ្មាំង​ ជន​ជាតិបារាំង​ ដែលត្រូវបាន​​ពួក​អាល់ហ្សេរី​ចាប់​ខ្លួន​នោះ មាន​ឈ្មោះថា​ អែវ ព្យែរ កួកដែល (Hervé Pierre Gourdel) អាយុ​៥៥ឆ្នាំ។ នៅ​ក្នុង​វីដេអូ គេ​ឃើញបុរស​សក់ពណ៌​សនេះ អង្គុយ​ក្តោប​ដៃ និង មាន​ទាហាន​​២​នាក់ប្រដាប់ដោយ​​​កាំភ្លើង ព្រមទាំង​​បិទ​មុខដោយ​ក្រណាត់​ពណ៌​ខ្មៅ។

ពួក​អាល់ហ្សេរី បាន​និយាយថា នឹង​សម្លាប់​បុរស​បារាំង​ម្នាក់​នេះ ក្នុង​រយៈ​ពេល​២៤ម៉ោង បើប្រទេសបារាំងនៅតែបន្តបើក​ការ​វាយប្រហារផ្លូវអាកាស ទៅលើអង្គការរដ្ឋអ៊ីស្លាមជីហាត នៅក្នុងទឹក​ដី​អ៊ីរ៉ាក់បន្តទៀត។ ពួក​គេ​​គំរាម​បន្ថែម​ថានឹង​បន្ត​សម្លាប់​ជន​ជាតិ​អាមេរិក អ៊ឺរ៉ុប និង​​ប្រជាជន​នៃ​ប្រទេស​ដទៃ​ផ្សេង​ទៀត ដែល​ចូលរួម​វាយ​ប្រហារ​ផ្លូវ​អាកាស​លើ​ទឹក​ដី​ស៊ីរី និង​អ៊ីរ៉ាក់​​។

“ទង្វើនិង​ការ​គំរាម​កំហែង​របស់​បណ្តាញ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​នេះ គឺធ្ងន់​ធ្ងរ​និង​ហាសាវ​ព្រៃបំផុត”។ នេះ​ជាការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​បរទេស​​​បារាំង ឡូរ៉ង់ ហ្វាបប៊ុយយុស (Laurent Fabius)។

​ឆ្លើយតប​នឹង​ការ​គំរាម​កំហែង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង ប៊ែកណា កាហ្សែននើវ (Bernard Cazeneuve) បាន​ប​ញ្ជាក់ថា​៖ “បារាំងមិន​ភ័យ​ខ្លាច​ទេ ហើយ​​បារាំង​បាន​ត្រៀម​ខ្លួន​រួចស្រេច​​ហើយ​សម្រាប់​ឆ្លើយ​តប​នឹង​ការ​គំរាម​គំហែង​​នេះ”។

គួររម្លឹក​ដែរ​ថា ប្រទេស​បារាំង​បានចូលរួម​ជាមួយ​អាមេរិក​ ហើយ​បាន​បញ្ចូន​យន្ត​ហោះ​ចម្បាំង​​​រ៉ាហ្វាល​ ដំបូង​គេ​ទៅ​កាន់​តំបន់​ជម្លោះ និង​បានប្រតិបត្តិការ​​ទម្លាក់​គ្រាប់​បែក​។

សហរដ្ឋ​អាមេរិក​បាន​គៀងគរ​ចលនា​អន្តរជាតិ​ ដើម្បី​ប្រឆាំង​នឹង​​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត នៅ​ស៊ីរី​និងអ៊ីរ៉ាក់ បន្ទាប់ពី​ពួក​នេះ​ បាន​សម្លាប់​កាត់​​ក​អ្នក​កាសែត​ជន​​ជាតិ​អាមេរិក​២​នាក់។

មក​ទល់​ពេល​នេះ មាន​ប្រទេស​ជាង​៥០ហើយ​ ដែល​បាន​ប្រកាស​គាំ​ទ្រ​អាមេរិក​ ដើម្បី​ប្រឆាំង​តទល់​នឹង​ពួក​​​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត ហើយកាល​ពី​ថ្ងៃ​ចន្ទ​ទី២២​​នេះ​ ប្រទេស​អូស្ត្រាលី​ក៏​បាន​បញ្ចូន​យន្តហោះ​ចម្បាំង​​ទៅកាន់​តំបន់​វាយ​ប្រហារ​​បន្ថែម​ទៀត។

​ចុង​ក្រោយ​នេះ មន្ទីរ​បញ្ចកោណ បាន​ប្រកាស​នៅ​​ថ្ងៃ​ទី២២កញ្ញា​ ថា អាមេរិក​និង​សម្ព័ន្ធ​មិត្ត បាន​វាយ​ប្រហារទម្លាក់​គ្រាប់​បែក និង​បាញ់​កាំជ្រួច​មីសស៊ីល ទៅ​កាន់​សំបុក​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត នៅប្រទេស​ស៊ីរី។ គិត​តាំងពី​ថ្ងៃទី​៨សីហាមក អាមេរិក​និងសម្ព័ន្ធមិត្ត​ បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន​១៩០លើក​ រួច​មកហើយ ទៅ​លើ​​ទឹក​ដី​ស៊ីរីនិងអ៊ីរ៉ាក់៕​

អត្ថបទ​នេះ ត្រូវ​ត្រួតពិនិត្យ​និង​កែ​សម្រួល ចំនួន​៥ដង ទម្រាំ​សម្រេច​បាន​ចុះ​ផ្សាយ។

ជា​បទពិសោធ​ដំបូង​របស់​ខ្ញុំ​សម្រាប់​ការ​បក​ប្រែ​ព័ត៌មាន​អន្តរជាតិ​។

Laisser un commentaire