ចាប់ពីពេលនេះទៅ ពលរដ្ឋខ្មែរអាចចូលទស្សនកិច្ចរដ្ឋសភាជាតិដោយសេរី

AN3

ភ្នំពេញ-២៧មិថុនា២០១៤-
ដោយ ហេង ឧត្ដម

រដ្ឋសភាជាតិជាស្ថាប័ននីតិបញ្ញត្តិមួយដ៏កំពូលរបស់ជាតិ។ កន្លងមក គេកម្រឃើញ និងដឹងឮថា មានពលរដ្ឋរាស្ត្រសាមញ្ញអាចចូលសភាជាតិបានណាស់។ ប៉ុន្តែម្សិលនេះ មន្ត្រីសមាជិកតំណាងរាស្ត្រជាន់ខ្ពស់មកពីបក្សប្រជាជនកម្ពុជា បានថ្លែងថា រដ្ឋសភាអនុញ្ញាតបើកឱ្យប្រជាជនគ្រប់គ្នា មិនថា ចាស់ក្មេង យុវជន សិស្សនិស្សិត ព្រមទាំងអង្គការ សង្គមស៊ីវិល អាចអញ្ជើញទៅទស្សនារដ្ឋសភាជាតិដោយសេរី ដោយគ្រាន់តែបំពេញពាក្យស្នើសុំ។

កាលពីរសៀលម្សិលមិញ ថ្ងៃទី២៦ ខែមិថុនានេះ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងសេដ្ឋកិច្ចបានរៀបចំឱ្យនិស្សិតនីតិសាស្ត្រទស្សនកិច្ចរដ្ឋសភា។ ថ្លែងទៅកាន់និស្សិតច្បាប់ភាសាបារាំងប្រមាណជិត១៥០នាក់ លោក ញ៉ែម ថាវី ប្រធានគណៈកម្មការទី១នៃរដ្ឋសភាជាតិ បាននិយាយថា ជាងបួនឆ្នាំហើយដែលរដ្ឋសភាអនុញ្ញាតបើកឱ្យពលរដ្ឋខ្មែរចូលទស្សនារដ្ឋសភាជាតិ តែនេះជាលើកទី១មួយ ដែលរដ្ឋសភាទទួលនិស្សិតច្បាប់ដែលប្រើប្រាស់ភាសាបារាំង។
លោកតំណាងរាស្ត្រមណ្ឌលកំពង់ធំរូបនេះបន្តថា៖ «ដោយបានការអនុញ្ញាតពីសម្តេចប្រធានរដ្ឋសភា តទៅនេះ យើងនឹងបើកឱ្យនិស្សិតចូលរួមស្តាប់ការជជែកពិភាក្សាការអនុម័តច្បាប់ នៅពេលមានកិច្ចប្រជុំសភាពេញអង្គថែមទៀត»។ លោកប្រធានគណៈកម្មការទី១នៃរដ្ឋសភាបានពោលទៀតថា៖ «យើងចង់ឱ្យយុវជន និស្សិត មកមើលការការពារច្បាប់ ថាតើវារបៀបយ៉ាងម៉េច? យុវជនត្រូវកម្លាចិត្តខ្លួនឯងឡើង ហើយត្រូវបន្តសុំចូលមកទៀត ព្រោះប្អូនៗហ្នឹងហើយដែលនឹងអាចជាអ្នកបន្តវេន»។ លោកប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា បានពោលបន្តថា៖«រដ្ឋសភា ជាសភារបស់យើងទាំងអស់គ្នា ជាសភារបស់ប្រជាជនគ្រប់គ្នា។ ដូច្នេះយើងអាចមកមើល មកទស្សនកិច្ចបានដោយសេរី។ សូមមកមើលថា អ្វីជាប្រជាធិបតេយ្យ? ហើយឱ្យស្គាល់ប្រជាធិបតេយ្យ!»។
ANស្របគ្នានេះដែរ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ បាននិយាយថា៖ «ប្រជាជនទាំងអស់អាចមកធ្វើទស្សនកិច្ចរដ្ឋភាពបាន មិនថា ក្មេងចាស់ សិស្សនិស្សិត សិស្សបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ មន្ត្រីរាជការ ឬអង្គការសង្គមស៊ីវិលនោះទេ យើងទទួលទាំងអស់»។ លោកបន្ថែមថា៖ «យើងសូមឱ្យមានអ្នកដឹកនាំក្រុម និងដាក់ពាក្យស្នើសុំមកអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ ដើម្បីយើងរៀបចំជូន ព្រោះយើងគិតគូរតែរឿងការពារសន្តិសុខនិងសណ្តាប់ធ្នាប់តែប៉ុណ្ណោះ។ ហើយយើងក៏មានក្រុមមគ្គុទេសចរជួយពន្យល់ណែនាំជូនថែមទៀត»។

ទន្ទឹមពេលដែលមានការបើកឱ្យប្រជាជនចូលទស្សនកិច្ចសភា សមាជិកតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាហាក់ចង់សម្តែងចេតនាហៅដៃគូសហការ ពោលគឺសមាជិកសភាជាប់ឆ្នោតដទៃទៀតរបស់បក្សសង្គ្រោះជាតិដែលធ្វើពហិកាមិនចូលប្រជុំសភា ឱ្យមករួមដៃគ្នាបម្រើរាស្ត្រ។ លោក ញ៉ែម ថាវី ប្រធានគណៈកម្មការទី១នៃរដ្ឋសភាជាតិ បាននិយាយក្នុងសម្តីស្រទន់ និងស្និទ្ធស្នាលផងថា៖ «យើងចង់ឱ្យរដ្ឋសភានេះជាវេទិកាពិភាក្សា ឱ្យមានការចូលប្រជុំសភា ជាទីកន្លែងប្រជាធិបតេយ្យ។ និយាយអ៊ីចឹង ខ្ញុំនឹកលោកជុំទាវ ឯកឧត្តមដទៃទៀតដែលនៅខាងក្រៅ ពុំទាន់បានចូលប្រជុំសភា។ ខ្ញុំនឹកលោកជុំទាវ ឯកឧត្តមទាំងអស់ ដែលធ្លាប់ធ្វើការច្រើនឆ្នាំមកជាមួយគ្នា ធ្លាប់ពីសាកាហ្វេជាមួយគ្នា និងធ្លាប់សួរសុខទុក្ខគ្នា!»៕

AN4AN1AN2

 

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s