រឿង​ខ្លី តំណក់ភ្លៀង ដោយ ហេង ឧត្ដម

រឿង​នេះ ខ្ញុំ​សរសេរដើម្បី​​ដាក់​ប្រឡង​ក្នុង​ការ​ប្រកួត​ប្រជែង​អត្ថបទ​រឿង​ខ្លី​របស់​អង្គការ​តម្លាភាព​កម្ពុជា​ (ទីនេះ៖ Short story writing competition, Transparency International Cambodia) ដែល​ការ​ប្រកួត​ត្រូវ​មាន​លក្ខខណ្ឌ​ជាក់​លាក់​ និងដែល​ទាក់​ទង​នឹង​សកម្មភាព និង​ស្ថាប័ន​របស់​អង្គការ​នេះ។

ដំណើរ​រឿង​ ខ្ញុំ​រំលេច​ខ្លីពី​រឿង​សង្គមថ្មីៗ​តិច​តួចដែល​ព្រឹត្តិការ​ណ៍បច្ចុប្បន្ន​ភាព​ តែបាន​បង្កប់​គំនិត​ច្រើន​គួរដែរ។ របៀប​សរសេរ ខ្ញុំ​ជៀស​វាង​ការ​ពិព័រណ៌នា​វែង ព្រោះ​គេ​កម្រិត​តែ​៣ទំព័រ ហេតុនេះ ខ្ញុំ​សម្រេច​ឱ្យ​តួ​និយាយ​ក្នុង​ចិត្ត និងគិត​ម្នាក់​ឯង​ពី​ដើម​រហូត​ដល់​ចប់។

សូម​រីករាយ​អាន និង​ផ្តល់​យោលប់​តាមយល់​ឃើញ។

រឿងប្រឌិត

តំណក់ភ្លៀង

©រក្សាសិទ្ធិ

និពន្ធ​ដោយ ហេង ឧត្ដម

មួយ​រយៈនេះ មេឃ​ស្រទំ និង​ភ្លៀងធ្លាក់​​ជា​ញឹក​ញាយ។ ខ្ញុំ​មិន​ស្តីបន្ទោសមេឃ ឬ​ពពកនិងខ្យល់​ដែល​នាំ​មក​ភ្លៀង​​ទេ តែ​ខ្ញុំគិត​​ថា «ភ្លៀង​ល្អ ដឹង​ពេល​ដែល​ត្រូវ​ធ្លាក់»។ បើ​គិត​ទៅ ពេល​ខ្លះ​ ​មេឃ​​នៅ​ស្ងៀម តែ​ពពក​និង​ខ្យល់​ទេ​ដែល​ធ្វើ​ចលនា​។

ជា​អ្នក​ចូលចិត្ត​ភ្លៀង ខ្ញុំ​ដឹង​ថា​«អ្នក​ដើរ​កាត់​ភ្លៀង​តែង​តែ​ទទឹក»។ ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​​ ​ខោអាវសិស្ស​​ខ្ញុំ​ទទឹកមិន​លស់​ពេល។ តាម​ផ្លូវ ​ខ្ញុំ​គិត​ច្រើន​ពី​រឿង​​ស្រុក​ទេស និង​អនាគតខ្លួន។ ក្នុង​ជីវិត​ពិត​ជា​ស្មុគ​ស្មាញនិង​លំបាក​យល់ណាស់​។ ស្តាប់​សំឡេងទឹក​​ភ្លៀងកាន់តែ​យូរ​ ធ្វើ​ឱ្យ​ខ្ញុំកាន់តែ​មិន​​យល់​ពី​សម្រែក​ធម្មជាតិ តែ​ខ្ញុំទទួល​​អារម្មណ៍​​សង្វេគ។

កាល​ជំនាន់កំលុង​​ទសវត្សរ៍​១៩៦០ ភ្នំពេញ​ ធ្លាប់​ជា​រាជធានី​​ដែល​​បរទេស​ពិព័ណ៌នា​ថា ជា​ក្រុង​គជ់​នៃ​អាស៊ី​។ ជា​ជន​ជាតិ​ខ្មែរ​ជាន់​ថ្មី ខ្ញុំ​មាន​មោទនភាព​ចំពោះ​មាតុភូមិ នៅពេល​ដែល​រម្លឹក​ដល់​ប្រាសាទ​អង្គរ របាំ​ព្រះរាជទ្រព្យ ល្ខោនស្បែក​ធំ ប្រាសាទ​ព្រះ​វិហារ ដែល​បាន​ចូលជា​បេតិកភណ្ឌ​ពិភព​លោក និង​មរត​ក​មហា​សាល​ច្រើន​ទៀត​ដែល​ជា​កេរស្នាដៃ​ជន​ជំនាន់​មុន​។ ភាព​រីករាយ​ជំនួស​ដោយ​ក្តី​ឈឺចាប់ខ្លោច​ផ្សា ​កាល​ណា​បើរម្លឹកនឹក​​ដល់​សម័យ​ខ្មែរ​ក្រហម ដែល​​បរទេស​មូល​មាត់​ថ្លែង​ថា កម្ពុជា​ឆ្នាំ​​សូន្យ​។ ទម្រាំ​មាតុភូមិ​ទទួល​នាម​ជា «រាជាណាចក្រ​នៃ​ស្នាម​ញញឹម» ទឹក​ដី​កម្ពុជា​បាន​ប្រឡាក់​និងស្រោច​​ដោយ​ឈាមនិង​ទឹក​ភ្នែក​មិន​តិច​ទេ។ កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ល្បី​សុស​សាយតាម​​​រយៈ​​​ស្ថាបត្យ​​​​កម្ម​សំណង់​ប្រាសាទ ស្នាម​ញញឹម​នៃ​មនុស្ស​ខ្មែរ និង​ក្បាច់​រាំ​នៃ​អប្សរ​ តែ​ប្រទេស​នេះ ក៏​បាន​ជាប់​ឈ្មោះ​ជាប្រទេស​ដែល​ដិត​ដាម​ដោយ​ក្លិន​ឈាមនិងការ​សម្លាប់ ជា​ប្រទេស​សម្រាប់​លក់ និង​ពុក​រលួយ។

កាលអង្គការ​តម្លាភាព​កម្ពុជា រៀបចំ​កម្មវិធី​​ប្រលង​ប្រកួត​ប្រជែង​តែងកំណាព្យ​ដើម្បី​ជួយ​ទប់​ស្កាត់​និង​លុប​បំបាត់​អំពើ​ពុក​លួយ​ ខ្ញុំ​បាន​ស្រាវជ្រាវ និង​ដឹងថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ​១៥៧ខាង​ពុក​រលួយ ([1])។ ចំពោះសំណុំ​រឿងដីធ្លី ​រ៉ែ ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ កម្ពុជា​បាន​បាក់​មុខ​យ៉ាងខ្លាំង​ តាម​រយៈចុង​ប៊ិក​នៃ​អ្នកកាសែត​មួយ​ចំនួន និង​​សៀវភៅរបាយការណ៍​ «កម្ពុជា​ប្រទេស​សម្រាប់​​លក់» របស់​ Global Witness ដែលជាអង្គការអន្ដរជាតិឃ្លាំពិនិត្យមើលបរិស្ថាន​។

ខ្ញុំ​បាន​ដឹងថា អង្គការ​តម្លាភាព​កម្ពុជា បាន​ធ្វើ​សកម្មភាពសង្គម​​ច្រើន​ដើម្បី​ចូលរួម​ចំណែក​ស្វែង​រក​តម្លាភាព វឌ្ឍនភាព​ និង​យុត្តិធម៌​​ក្នុងសង្គម​ខ្មែរ។ អង្គការ​នេះ មាន​គោល​ដៅ​លើក​កម្ពស់​សេចក្តី​ថ្លៃ​ថ្នូររបស់​ខ្មែរ​ និង​ប្រឆាំង​អំពើ​ពុករលួយសង្គម​។ រាប់​តាំង​ពី​ការ​សម្អាត​បរិស្ថាន ដូច​ជា​ការ​ដើរ​រើស​សំរាម​​តាម​ផ្លូវនិងទីធ្លា​សាធារណៈ​ជាដើម។​

ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រនីតិកាល​​ទី​៥ កន្លង​ទៅនេះ ខ្ញុំ​ក៏​បាន​ចូលរួម​ធ្វើ​ជា​អ្នក​​អង្កេត​ការ​ជាតិ។ ស្ថិត​ក្នុង​«កែវ​ភ្នែក​យុត្តិធម៌» ខ្ញុំ​មើល​ឃើញ​ថា ពិត​ជា​មាន​ការ​ខ្វះ​ចន្លោះខ្លះ​ ការ​បាត់​ឈ្មោះ ប្តូរ​ឈ្មោះ និង​កង្វះ​ឯកសារ​របស់​អ្នក​បោះ​ឆ្នោត។ ក្នុងបណ្តាញ​សង្គម​ហ្វែស​បុក​ និង​វិទ្យុឯករាជ្យ​នានា​ បាន​ប្រកាសផ្សាយ​យ៉ាងច្រើន​ពី​ការ​លួច​បន្លំ​ ទឹក​ថ្នាំ​លាង​ជ្រះ និង​ជន​បរទេស​ទៅ​បោះ​ឆ្នោត​​ជា​ដើម​។

អ្វី​ដែល​ខ្ញុំ​អាណិត​ គឺពេលនោះ ​លោកយាយ​ម្នាក់អាយុ​ប្រមាណ​៦០​ឆ្នាំ​ប្លាយ​​ដែល​ខំ​ប្រឹង​ជិះ​កង់​ពី​ភូមិ​ឆ្ងាយ​មក​បោះ​ឆ្នោត​ក្នុង​មណ្ឌល​ដែល​គាត់​ធ្លាប់​បោះឆ្នោត​​តាំងតែ​នីតិកាល​ទី​១​មក​ម្ល៉េះ ស្រាប់តែពេល​​នេះ​​បាត់​ឈ្មោះ​គាត់ ហើយ​គាត់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ទឹក​មុខ​ស្រពោន។​ គាត់​ស្តាយ​ដែល​ពុំ​បាន​បំពេញសិទ្ធិ​និង​​កាតព្វ​​កិច្ច​នៃ​ពលរដ្ឋ​។

ក្រោយ​មក ខ្ញុំ​ស្តាប់​វិទ្យុ​ ខ្ញុំ​បាន​ដឹងថា ប្រធាន​អង្គការ​តម្លាភាព​កម្ពុជាក៏​បាន​ជួប​រឿង​មិន​ប្រក្រតី​ជា​ច្រើនក្នុង​ដំណើរ​ការបោះ​ឆ្នោត​​ដែរ​។ រឿង​មួយ​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​គឺ គាត់​រៀប​រាប់​ក្នុងសំឡេង​អួល​ដើម​ក​ថា លោក​យាយ​ម្នាក់​ដែល​អាយុ​៨៥ឆ្នាំ​ទៅ​ហើយ ខំទៅបោះ​ឆ្នោត តែ​រក​ឈ្មោះ​មិន​ឃើញ ហើយ​លោកយាយ​មាន​ប្រាសាសន៍ «ខ្ញុំ​អាយុ​៨៥ឆ្នាំ​ហើយ ខ្ញុំ​នឹង​មិន​សង្ឃឹមថា មាន​ជីវិត​សម្រាប់​បោះឆ្នោត​អាណត្តិ​ក្រោយ​ទេ! ខ្ញុំ​ចង់​បោះ​ឆ្នោត​ជា​ចុង​ក្រោយ​សម្រាប់​ជីវិតខ្ញុំ​​ដែលនៅ​​សេស​សល់…»។ ខ្ញុំស្តាប់​ហើយ​​ស្ទើរ​ទប់​ទឹក​ភ្នែក​ពុំ​បាន។

***

ការ​អំពាវ​វនាវធ្វើ​មហាបាតុកម្ម​ ឮ​រំពង​ពេញ​ហ្វែស​បុក​ និង​វិទ្យុខ្លះ ហើយ​កាសែត​ឯករាជ្យ​ខ្លះ​ក៏​មិន​បន្ធូ​រ​ដៃ​ដែរ​ ទន្ទឹម​នឹង​ការ​រៀប​ចំ​កម្លាំង​សមត្ថកិច្ច​ទប់​ស្កាត់ ការ​ចល័ត​ទ័ព រថក្រោះ និង​របាំង​របង​លួស​។

នៅពាក់​កណ្តាល​ខែ​សីហា ​ចំពោះ​មុខ​ស្ថានភាព​តឹង​តែងនិង​កម្តៅ​នយោបាយ អង្គការ​សង្គម​ស៊ីវិល​និង​សហជីពប្រមាណ​ជាង​២០​ បាន​រៀបចំ​បួង​សួង​សុំ​សុខ​សន្តិភាព។ មនុស្ស​ប្រហែល​ជាង៤០០នាក់និង​ព្រះ​សង្ឃ បាន​ធ្វើ​ពិធីសាសនា និងការ​ថ្លែង​សារ​សុំ​សន្តិភាព។ ម៉ោងប្រហែល៤ល្ងាច អង្គការ​តម្លាភាព​កម្ពុជា​ចាប់​ផ្តើម​ដំណើរ​ដើម្បី​សន្តិភាព ពី​មុខព្រះបរមរាជវាំង ទៅ​កាន់​វត្តភ្នំរហូតល់ម៉ោងជិត៦​យប់​។ ដៃ​កាន់​ផ្កាឈូកនិង​ធូប ថ្មើរ​យើងខំ​ស្រែក​​អំពាវវនាវ​ឱ្យ​មាន​ការ​គិត​ប្រយោជន៍ជាតិ​​រួមជា​ធំ ហើយ​សូម​ឱ្យ​អ្នក​នយោបាយ​អង្គុយ​កៅអី​តុ​ចរចា​គ្នា​ដោយសន្តិវិធី។ ដំណើរ​ដើម្បី​សន្តិភាពនេះ​ ជា​ការ​បង្ហាញថា ខ្មែរទូទៅ​ចង់​បាន​សុខសន្តិភាព និង​ជា​ការ​លើក​តម្កើង​ស្មារតី​អហិង្សា។

បន្ទាប់​ពី​ចូលរួម​សកម្មភាព​សង្គម​កន្លង​មក​​ ខ្ញុំក៏​​ត្រូវ​បាន​ទទួល​ពាក្យ​មួយ​ចំនួន​។

«ក្មេងៗ ឈាមរាវ!» «ក្មេង​ជាន់​ថ្មី មិន​ស្គាល់​សង្គ្រាម មិន​ស្គាល់​គ្រាប់​ផ្លោង ផ្សែង​និង​ក្លិន​រំសេវ!»

ចាស់ៗជុំវិញ​ផ្ទះ​ខ្ញុំ​ តែងតែ​ពោល​ដូច្នេះ​ចំពោះ​ខ្ញុំ។ រហូត​ពេលខ្លះ ឪពុក​ម្តាយ​ខ្ញុំ​បារម្ភ​ពី​សកម្ម​ភាព​ខ្ញុំ​។ ពួកគាត់​និយាយពិត​ជា​ត្រូវ ព្រោះ​ពួក​គាត់​ឆ្លង​កាត់ការ​​ផ្លាស់ប្តូរ​របប​ក្នុង​សង្គមជា​ច្រើន ហើយ​ពី​មួយ​ជំនាន់ទៅ​មួយ​ជំនាន់​​ តែង​មាន​ការ​បង្ហូរ​ឈាម។ តែ​សម្តី​ទាំង​នោះ បាន​ធ្វើ​ឱ្យ​ខ្ញុំ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​នឹក​គិតដល់សៀវភៅ «កាល​នោះ បដិវត្តន៍​​មួយ! ([2])» «បដិវត្តន៍​ក្លែង​ក្លាយ ([3])» «បដិវត្តន៍​ទទេ! ([4])» ។

មក​ទល់​ពេល​នេះ ​ការ​ជាប់​កាំង​ដំណោះ​ស្រាយ​បោះឆ្នោត​លើក​នេះ បាន​អូស​បន្លាយ​ជាង​មួយ​ខែ​ហើយ។ គណកម្មការ​ចម្រុះ ដែល​​មាន​ការ​ចូលរួម​សង្កេតការ​​ពី​អង្គការសង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​អង្គការ​សហប្រជា​ជាតិ តាម​ការ​ស្នើ​របស់​បក្ស​ប្រឆាំង​ បង្កើត​មិន​ចេញ។ អ្នក​នៅ​ក្នុង«បន្ទប់​ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣»ខំ​ប្រឹង​ស្រែក ក្រែង​លោ​សំឡេង​នោះ​ អាច​ឮ​ដល់​អ្នក​ក្តាប់​នយោបាយ​កំពូលៗ។

***

តាម​ផ្លូវ ​ភ្លៀង​កាន់ធ្លាក់​តែ​ស្រក់​បន្ត។ ពេល​ដើរ​កាត់​ភ្លៀង ពេល​ខ្លះ ខ្ញុំ​លួច​យំព្រោះ​អាណិត​ខ្លួន។​ ទឹក​ភ្នែក​អាច​លាង​សម្អាត​កែវ​ភ្នែកដែល​ធ្លាប់​បា​ន​មើល​ឃើញ​ខុស​​ ហើយ​ទឹក​ភ្លៀង​នឹង​ហូរ​នាំ​យក​ទឹក​ភ្នែក​ទៅ​ជាមួយ​ផង។ តំណក់​ភ្លៀង​ អាច​នឹង​លាង​ជម្រះ​ក្អែល ញើស​ស្អុយ ​ដែល​ជាប់​នឹង​រាង​កាយ​ខ្ញុំ។ ភ្លៀង​អាច​លាង​សម្អាតរង្វង់​មុខ និង​​ភ្នែក​ជន​ទាំង​ឡាយ​ដែល​ដិត​ដាម​ដោយ​ជល​នេត្រ​ តែ​ប្រហែល​ជា​មិន​អាច​ជម្រះ​ក្លិន​ឈាមនិង​ទឹក​ភ្នែក​ដែល​ស្រោច​មាតុភូមិ​បានទេ​មើល​ទៅ?

«ទីតៗៗ! ឆ្វាច!…»

ខ្ញុំ​និយាយ​មិន​ចេញ​ បាន​ត្រឹម​គ្រវី​ក្បាល​ដោយ​ហួស​ចិត្ត​ ព្រោះ​ឯកសណ្ឋានសិស្ស​សាលា​របស់​​​ខ្ញុំប្រឡាក់​​ជោកដោយ​ទឹក​ពណ៌​​កាហ្វេ​ទឹក​ដោះ​គោដែល​ឡាន​ទំនើប​ជួយ​នាំ​មក។ ខ្ញុំ​ហាក់​ស្វាង​ពី​ការ​គិត ពីការ​ស្លុង​អារម្មណ៍​ទាំង​ឡាយ​ ហើយ​បន្ត​លើក​ជើង​ខោ​ដើរលុយ​ទឹក និង​ដើរ​​កាត់​តំណក់​ទឹក​ភ្លៀង​បន្ត​ទៅ​ទៀត​៕

ដោយ ហេង ឧត្ដម HENG Oudom,

ផ្តើម​ម៉ោង​១និង២១នាទីរំលងអធ្រាត្រ ០៣ កញ្ញា ២០១៣

បន្តម៉ោង២និង១២នាទី រំលង​អធ្រាត្រ ០៥ កញ្ញា ២០១៣

បញ្ចប់ម៉ោង​១៧និង១៥នាទី ០៦ កញ្ញា ២០១៣


[1] CORRUPTION PERCEPTIONS INDEX 2012, transparency.org

[2] «Animal Farm» និពន្ធដោយ George Orwell, 1945 បកប្រែ​ជា​ខេមរភាសាដោយ ប៉ាន់ សុធី

[3] ដោយ សាំង ហ៊ែល

[4] ដោយ ឆាយ ហុកផេង​

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s