រឿង ជំទាវ​យូ និពន្ធ ដោយ រីម គីន

ថ្ងៃ​មួយ វេលា​ដែល​ខ្ញុំ​កំពុង​អង្គុយ​នៅ​កំពង់​កន្ទួត រង់​ចាំ​ជិះឡាន​មក​ភ្នំពេញ​វិញ គឺ​ជា​ពេល​រសៀល​ម៉ោង​មួយ, មេឃ​មីរ​ស្រទុំ​ពពក​ខ្មៅ​ងងឹត​ឈ្លប់​បាំង​ជិត​ព្រះ​សុរិយា, អាកាស​ត្រជាក់, ខ្យល់​ផាត់​រំភើយ​ល្ហើយ សព្វ​សាព៌ាង្គកាយ។ នៅ​ផ្លូវ ឥត​សូវ​មាន​មនុស្ស​ដើរ ឮ​តែ​សូរ​ទឹក​ហូរ​ក្នុង​ដង​ស្ទឹង គួរ​ឲ្យ​ស្រងេះ​ស្រងោច​លន្លង់​លន្លោច​ខ្លោច​ផ្សា​នឹក​រឭក​ដល់​ខ្មោច​មាតា​ ខ្ញុំ ដែល​ទើប​នឹង​ចាក​ស្ថាន​ទៅ​ប៉ុន្មាន​ខែ​មុន​នេះ។ ខ្ញុំ​ក្រឡេក​មើល​ឃើញ​គេ​ហែខ្មោច​យក​ទៅ​បូជា​នៅ​វត្ត​ជិត​នោះ។ ក្បួរ​ដែល​គេ​ហែ​បុគ្គល​ស្ងាត់​ណាស់, ឥត​ឃើញ​មាន​ភ្លេង​សោះ, អ្នក​ប្រាយ​លាជ​ អ្នក​បួស​មុខ​ភ្លើង​ក៏​គ្មាន, មាន​តែ​លោក​សង្ឃ​មួយ​អង្គ​និមន្ត​ព្រះ​បាទ​ទទេ ពី​ខាង​មុខ​សូត្រ​ធម៌​ខ្សិបៗ។ មនុស្ស​ដើរ​តាម​បុគ្គល​ប្រាំ​នាក់៖ ម្នាក់​ប្រុស​យំ​សោក​អាឡោះ​អាល័យ មាន​ទំនួញ​ទួញ​សព្វ​គ្រប់, បួន​នាក់​ទៀត ដើរ​ស្ងៀម​ស្ងាត់​ក្បែរ​គ្នា។ ខ្ញុំ​គិត​ថា “ ខ្មោច​នេះ​គួរ​ឲ្យ​អនិច្ចា​ណាស់ ឥឡូវ​នៅ​ជិត​មួយ​ម៉ោង​ទៀត ទើប​បាន​រថយន្ត​មក​ដល់ គួរ​ណាស់​តែ​សន្សំ​កុសល ជួយ​ហែ​ខ្មោច​នេះ​បន្តិច​ចុះ” ។

លុះ ​គិត​ដូច្នោះ​ហើយ ខ្ញុំ​ខំ​ស្រូត​រូត​យ៉ាង​ប្រញាប់ ដើរ​ឲ្យ​បាន​ទាន់​ក្បួន​ដង្ហែ។ សេចក្ដី​ប៉ុន​ប៉ង​របស់​ខ្ញុំ​ក៏​បាន​សម្រេច។ ខ្ញុំ​ចូល​ទៅ​ជិត​អ្នក​ទាំង​បួន​នាក់​ដែល​ដើរ​ក្រោយ​ក្បួន។ អ្នក​ទាំង​បួន​ក្រឡេក​មើល​មក​ខ្ញុំ ដោយ​មាន​ទឹក​មុខ​ងឿង​ឆ្ងល់​ណាស់។ ខ្ញុំ​ក៏​កេះ​អ្នក​មួយ​សួរ​ភ្លាម​ថា “ អ្នក, ខ្មោច​នេះ​ខ្មោច​អ្នក​ណា?” ។ អ្នក​នោះ​ងាក​មក​ប្រាប់​ខ្ញុំ​ថា «ខ្មោច​នេះ​ជា​ខ្មោច​មនុស្ស​ស្រី​ឈ្មោះ​នាង “ កណិការ“  អាយុ​ម្ភៃ​មួយ​ឆ្នាំ អ្នក​ដែល​ដើរ​ក្រោយ​បុគ្គល​ផ្ទាប់​ជាប់​ជិត​ក្ដារមឈូស យំ​សោក​អមោក្ខ​អធម្ម​នោះ​គឺ ប្ដី​នាង។ អ្នក​អើយ, រឿង​ស្រី​នោះ​គួរ​ឲ្យ​អាណិត​ណាស់, កាល​ពី​ក្មេង​អាយុ​ដប់​ពី​រ​ឆ្នាំ ម្ដាយ​មេម៉ាយ​ប្រើ​ឲ្យ​ទៅ​ទិញ​ក្ដាម​ប្រៃ ស្រាប់​តែ​អាយូ​មេចោរ​ដែល​គេ​កាត់​ក​វា​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ស្ទុះ​មក​ចាប់​កំហែង​នាង ហើយ​អំពើ​ពាល, នាង​យំ​សំពះ​អង្វរ​វា​ដូច​ម្ដេច ក៏​វា​មិន​ព្រម​ស្ដាប់…។

លុះ​ល្ងាច​ឡើង នាង​ត្រឡប់​មក​ទី​លំនៅ​ម្ដាយ​វិញ។ ម្ដាយ​ស្រែក​ទ្រហោ​យំ​ដោយ​បាន​ដឹង​រឿង​នោះ​សព្វ​គ្រប់។ ដំណឹង​នេះ​ដឹង​ដល់​ ក្មេង​ចាស់​ប្រុស​ស្រី ក្នុង​ភូមិ​ទាំង​អស់​គ្នា។ គេ​តែង​ជំនុំ​និយាយ​សើច​លេង​ជា​ល្បែង​ពី​នាង​កុមារី។

ចាប់​តាំង​ពី​ថ្ងៃ​ដែល​ អាយូ​វា​ចាប់​កំហែង​នាង​មក អស់​ចាស់​ទុំ​ប្រុស​ស្រី​ទាំង​ប៉ុន្មាន គេ​ហាម​ប្រាម​ប្រាប់​កូន​ស្រី​គេ​ដែល​ធ្លាប់​រួម​ល្បែង​ជា​មួយ​នឹង​នាង មិន​ឲ្យ​ចូល​ទៅ​លេង​ជិត​នាង​ទៀត ពីព្រោះ​គេ​ខ្លាច​ច្រឡូក​ច្រឡំ កេរ្តិ៍​អាក្រក់​មក​លើ​កូន​ស្រី​គេ។ ឱ​ពុទ្ធោ​អើយ! តែ​វេលា​ណា​នាង​ដើរ​ទៅ​ជិត​គេ, គេ​នាំ​គ្នា​រត់​ពួន​បាត់​អស់, វៀរ​លែង​តែ​ពួក​អា​ក្មេង​ប្រុស​ខិលៗ​បួន​ដប់​នាក់ តែ​វេលា​ណា​នាង​ក្រឡេក​ឃើញ​នាង វា​ស្រែក​បង្អើល​គ្នា​វា​ថា “ ជំទាវ​យូ! ជំទាវ​យូរ​មក​ហើយ​វើយ!” ទើប​នាំ​គ្នា​ទះ​ដៃ​សើច​គឹលៗ​ឡើង។ នាង​ទ្រាំ​មិ​ន​បាន ត្រឡប់​ទៅ​ផ្ទះ​វិញ ទឹក​ភ្នែក​ហូរ​សស្រាក់​ពួន​យំ​ស្ងប់​ស្ងាត់​ក្នុង​បន្ទប់​ផ្ទះ​អាត្មា។

កូន​ចាប​ចេះ​ហើរ​ដែល​ មេចាប​ឲ្យ​ចាំ​សម្បុក​នោះ មាន​សេច​ក្ដី​អផ្សុក​យ៉ាង​ណា នាង​កណិការ​ក៏​អផ្សុក​យ៉ាង​នោះ​ដែរ។ នាង​ភិត​ភ័យ​ស្លុង​នឹង​ពាក្យ​គេ​ចំអក​ឡក​លេង ដូច​កូន​ចាប​ញ័រ​ចំប្រប់​នឹង​ក្រចក​ឆ្មា។

លុះ​យូរ​ខែ​យូរ​ឆ្នាំ​ត​ ទៅ នាង​កណិការ​ចម្រើន​អាយុ​បាន​ប្រាំបី​ដណ្ដប់​ឆ្នាំ នាង​ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​ល្អ​គួរ​សម ទាស់​តែ​អកុសល​មាន​ទឹក​មុខ​ក្រៀម​ក្រំ​ជា​និច្ច។ នាង​មិន​ដែល​មាន​គ្នីគ្នា​នៅ​លេង​ប្រឹក្សា​អ្វី​ជាមួយ​ផង​ទេ។ ទៅណា​មក​ណា នឹង​តែង​ទៅ​តែ​ពីរ​នាក់​នឹង​ម្ដាយ​មេម៉ាយ ដូច​ជា​ពេល​ថ្ងៃ​សីល​ដែល​ត្រូវ​ទៅ​វត្ត​ម្ដងៗ ហើយ​ដើរ​កាត់​តាម​ផ្លូវ​ផ្សារ អស់​ទាំង​បណ្ដា​ជន​តែង​ក្រឡេក​មើល​មុខ​នាង ហើយ​កេះ​គ្នា​និយាយ​ខ្សិបៗ។

នាង​ដើរ​ឱន​មុខ​ក្រងុល មិន​ហ៊ាន​ក្រឡេក​មើល​មុខ​អ្នក​ណា​ឡើយ។ ចំណែក​ប្រុស​កំឡោះ​ខ្លះ ក្រឡេក​ឃើញ​រូប​ឆោម​នាង​ស្រី មាន​ចិត្ត​ចាប់​ស្រលាញ់ តែ​ពុំ​អាច​ហ៊ាន​ចូល​មក​ដណ្ដឹង​គិត​គូរ​តាម​ច្បាប់​ចេញ​មុខ​មាត់ ព្រោះ​តែង​រអើល​ខ្លាច​គេ​រិះគន់​ទៅ​ថ្ងៃ​មុខ។

មាន​ថ្ងៃ​មួយ ស្មៀន​មេឃុំ​ម្នាក់ ដែល​ទើប​មក​នៅ​ស្រុក​នេះ​ថ្មី ក្រឡេក​ឃើញ​នាង​ស្រី ក៏​ចង​ចិត្ត​ចេតនា​លើ​នាង ចូល​ដណ្ដឹង​ដល់​ម្ដាយ​នាង។ ម្ដាយ​ក៏​ព្រម​ឲ្យ​ទៅ​អ្នក​ស្មៀន​នោះ តែ​បង្អង់​មិន​ទាន់​បាន​រៀប​អាពាហ៍​ពិពាហ៍​ភ្លាម ក្នុង​ពេល​នោះ​នៅ​ឡើយ។ ចាប់​តាំង​តែ​អំពី​ថ្ងៃ​នោះ​មក មាន​អ្នក​ស្រុក​ខ្លះ​ទៅ​ផ្លុំ​ត្រចៀក​អ្នក​ស្មៀន និយាយ​សរកេរ្តិ៍​ប្រាប់​សព្វ​គ្រប់​ជា​ពាក្យ​ពេប​ជ្រាយ ក្លែង​ក្លាយ​បញ្ចេញ​បញ្ចូល​បញ្ចេះ​ឲ្យ​ទៅ​ដណ្ដឹង​កូន​គេ​វិញ។ អ្នក​ស្មៀន​ស្ដាប់​ហើយ ដំបូង​នៅ​ស្ងៀម ព្រងើយ​កន្តើយ ឥត​មាន​ចិត្ត​អើ​ពើ តាម​ការណ៍​ដែល​គេ​ចាក់​រុក​នោះ​ឡើយ, លុះ​ណាស់​ផា​ណាស់ ក៏​ទៅ​និយាយ​ប្រាប់​គេ​ថា “ ខ្ញុំ​ចូល​ចិត្ត​តែ​កន្លែង​ណា​ដែល​ខ្ញុំ​បាន​ដឹង​អាក្រក់​ដឹង​ល្អ​ហើយ, កន្លែង​ណា​ដែល​គេ​តែង​ថា​ល្អ​ហើយ តែ​ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ថា​ដូច​ម្ដេច​ទៀត​ទៅ​ថ្ងៃ​ក្រោយ​នោះ ខ្ញុំ​មិន​ព្រម​ល្មម​ក្នុង​ចិត្ត​ខ្ញុំ​ទេ” ។ លុះ​គេឮ​អ្នក​ស្មៀន​និយាយ​ដូច្នោះ គេ​លែង​ហ៊ាន​ចូល​មក​និយាយ​អ្វីៗ​ទៀត។

នៅ​ក្នុង​ខ្នើត​ខែ​កត្ដិក ​ឆ្នាំ​មុន​នោះ ម្ដាយ​នឹង​កណិការ បាន​រៀប​វិវាហមង្គល​ការ​កូន​ស្រី​ខ្លួន​ជា​គូ​នឹង​ស្មៀន​ឃុំ ត​មក​មិន​យូរ​ប៉ុន្មាន​ក៏​មា​ជម្ងឺ​ធ្ងន់​ធ្ងរ​ទទួល​អនិច្ចកម្ម​ទៅ។ ឯ​នាង​កណិការ​ក៏​នៅ​រួម​រ័ក្ស​នឹង​ប្ដី បាន​សេចក្ដី​សុខ​ក្សេមក្សាន្ត​ពន់​ពេក​ណាស់ ហើយ​អ្នក​ទាំង​អស់​គ្នា​តែង​និយាយ​សរសើរ​រាល់​មាត់​ពី​នាង​កណិការ​និង​ប្ដី​ នាង ដែល​ចេះ​ស្រលាញ់​រក្សា​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដែល​រឱសដ្ឋាន​សោះ នឹង​រក​ប្ដី​ប្រពន្ធ​ឯណា​មក​ប្រៀប​ធៀប​ស្មើ​គ្មាន។

ក្នុង​ឱកាស​បុណ្យ​ សង្គ្រោះ​អ្នក​ទីទាល់​ក្រ​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រាជការ​បាន​ចំណាយ​ចាយ​ចែក​ទាន​ដល់​អ្នក​កំសត់​ទុគ៌ត​ទាំង​ពួង​នៅ​ក្នុង​ ស្រុក នៅ​ទី​សាលា​ទាន​មួយ​ធំ​ដែល​គេ​បាន​សង់​ទុក។ ពួក​នាហ្មឺន​ប្រពន្ធ​នាហ្មឺន​ទាំង​អស់​ក្នុង​ស្រុក បាន​មក​ជួប​ជុំ​ជាអធិបតី​ជួយ​អប់​អរ​ក្នុង​កិច្ច​នោះ។ នាង​កណិការ​ដែល​ជា​ប្រពន្ធ​នាហ្មឺន​នឹង​គេ​ដែរ ក៏​មក​អង្គុយ​សុភាព​រាប​ទាប​នៅ​ជិត​ខាង​គេ​នោះ​ដែរ។ ចំណែក​ប្ដីនាង​ខំ​ចាត់​ចែង​វាល់​អង្ករ ស្រូវ ត្រី​ងៀត ត្រី​ឆ្អើរ ក៏​គ្មាន​សល់​ក្នុង​កញ្ចើ​ល្អី។ អ្នក​ស្មៀន​ស្រែក​ជំរាប​ពួក​ស្មូម ដោយ​សេចក្ដី​គួរសម​ថា “ បង​ប្អុន​ទាំង​អស់​គ្នា, ឥឡូវ​វត្ថុ​ដែល​ត្រូវ​ចំណាយ​ជា​ទាន​អស់​ហើយ” ។

ក្នុង​បណ្ដា​ពួក​អ្នក​ដែល ​មិន​បាន​ទទួល​អំណោយ មាន​មនុស្ស​ខិល​ខូច​បួន​ដប់​នាក់​នាំ​គ្នា​ស្រុះ​ស្រួល​ស្រែក​ឡើង៖ “ យក​ពី​ជំទាវ​យូរ​មក​ទៀត! យក​ពី​ជំទាវ​យូ​មក​ទៀត!” ។ កាល​ស្រែក​រួច​ហើយ វា​នាំ​គ្នា​គេច​វេះ​បាត់​អស់​ទៅ។ ចំណែក​នាង​កណិការ​វិញ ដែល​នាង​មាន​ខ្លួន “ ឱ​ដំបៅ​អើយ! គិត​ស្មាន​ថា​ជា​សះ​ជិត​សាច់​ហើយ ម្ដេច​ឡើយ​ក៏​មក​ស្អុយ​គគ្រិច មួយ​រំពេច​ដូច្នេះ” នាង​ខ្មាស​ក្រៃ​ណានឹង​ខ្មាស​អស់​ទាំង​ពពួក​មហាជន​ទាំង​ពួង ទន់​ខ្លួន​ប្រាណ​ងងឹត​មុខ​ជ្រប់ ទៅ​ជា​ខ្យល់​គ​ចាប់ ដួល​ដេក​ស្ដូក​ស្ដឹង​ ត្រជាក់​ជើង​ដៃ​មួយ​រំពេច។ គេ​សែង​នាង​យក​ទៅ​ដល់​ទីលំនៅ​នាង, នាង​ក៏​ដាច់​ជីវិត​ភ្លាម ។

អ្នក​អើយ, អ្នក​មើល​ខ្មោច​នុ៎ះ គ្មាន​អ្នក​ស្រុក​ណា​មួយ​មក​ជួយ​ហែ​ទេ ព្រោះ​គេ​ថា​មនុស្ស​ខូច។ ឯ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ពួក​អ្នក​ធ្វើ​ការ ជាមួយ​នឹង​ប្ដី​នាង​ដែល​ដើរ​នុ៎ះ​ន៏ យំ​សោក​បោក​ខ្លួន​សង្រេង​ស្រងៃ អត់​បាយ​ក្រហាយ​ទឹក​ពីរ​បី​ថ្ងៃ​ហើយ» ។

វេលា​នោះ​ក្បួន​ហែ ហែ​មក​ដល់​វត្ត ខ្ញុំ​ក៏​លា​គេ​មក​ដំណាក់​រថយន្ត​វិញ នឹក​អរ​ព្រួច​ក្នុង​ពោះ​ដោយ​សារ​បាន​ជួយ​ហែរ​ខ្មោច​មនុស្ស​ស្រី ដែល​ជា​អ្នក​ត្រឹម​ត្រូវ​ល្អ​សោះ​ហើយ​ត្រឡប់​ទៅ​ជា​វេទនា​វិញ ព្រោះ​តែ​មនុស្ស​អសប្បុរស​ធ្វើ​បាប​មក​ជា​យូរ​អង្វេង​ឆ្នាំ រហូត​មក​ទល់​នឹង​មរណកាល។

ដោយ រីម គីន

ដក​ស្រង់​ចេញ​ពី​ទស្សនាវដ្ដី មិត្ត​សាលា​បាលី លេខ​៥ ឆ្នាំ​១៩៥០, ទំព័រ ១៨៨ – ១៩៣

ប្រកាស​ដោយ ទេព​សុវិចិត្រ (ឈ្មោះក្រៅ៖ វិចូច) ថ្ងៃ០៨.០៨.២០១១  រឿង ជំទាវ​យូ

 

2 réflexions sur “រឿង ជំទាវ​យូ និពន្ធ ដោយ រីម គីន

  1. ស្ត្រីទាំងឡាយគួរអានរឿងនេះ ដោយមិនប្រកាន់លើអាយុ។ រឿងនេះជារឿងខ្លី ប៉ុន្តែវាពិតជាដក់ក្នុងចិត្តរបស់ខ្ញុំខ្លាំងណាស់។ នេះជាការពិតក្នុងសង្គមខ្មែរ។ ប៉ុន្តែ ខ្ញុំនៅតែសប្បាយចិត្ត ព្រោះខ្ញុំជឿជាក់ថា គំនិតឆ្កួតលីលាខាងលើនឹងរលាយបាត់ ពីចិត្ត បេះដូង ខួរក្បាល និងអារម្មណ៍របស់អ្នកជំនាន់ក្រោយ។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s