តោថ្ម

បទពាក្យ៨

១.អនិច្ចាតោថ្មលោកកសាង                            មើលថាថាង[1] យ៉ាងរស់ស្ទុះប្រែប្រាយ

ឥឡូវមកធ្លាយធ្លាក់បាក់ខ្ចាត់ខ្ចាយ                 ស្តាយអើយស្ដាយមិនគួរមកពិការ។

២.មានអ្នកព្រៃចង្រៃឥតគំនិត                          ទៅសំលៀងកាំបិតគ្រឿងប្រហារ

ឱ្យខូងខូចខាតសាច់បង់អាសារ                       មិនស្ដាយការស្នាដៃបុរាណសោះ។

៣.ឱ! តោអើយតោឈរមិនមើលមៀង          មកឱ្យ​គេសំលៀងខ្នងតោចុះ

ម្ដេចមិនខឹងខាំវាសំលៀងនោះ                       ឱ្យវាលុះក្ដីមរណ៍យក៍វាទៅ។

៤.​អាណា​អើយ​បំផ្លាញ​រូប​តោ​លោក              គ្មាន​ប្រយោគ​ឱ្យ​យល់​ការ​រាក់​ជ្រៅ

គួរឬ​លោក​ខំ​សាង​តាំង​ទុក​នៅ​                       មក​សត្រូវ​បំផ្លាញ​របស់​លោក[2]

៥.គន់​ៗ​ស្ថាន​ស្ពាន​ថ្ម​ត​ប្រជិត                         ជា​ក្តារ​ថ្ម​ដា​ស​ដិត​ប្រ​កិត​គោក

ទោះ​ដំរី​ថ្ម​បរ​ជាន់​​ក៏​គ្មាន​យោក                        ឥឡូវ​ជ្រោក​ស្រុត​ខ្លះ​តែ​ដើរ​បាន។

៦.​បង្កាន់​ដៃ​ច្នៃ​រូបវាសុក្រី[3]                           ដប់​សិរ​សី​ដូច​ស្និត​ជិត​ជុំ​ប្រាណ

លើក​ពពារ​ឡើង​ពភ្លាក់​ហាក់​ហៅ​ហាន        សម្តែង​ប្រាណ​ប្រូញ​រូប​ជា​មួយ​គ្នា។

៧.​មើល​នាគ​រាជ​អង់​អាច​អំណាច​ស្ញែង        ខ្លួន​ក៏​វែង​ក្បាល​ក៏​វក់​តាម​ទ្វារា

លូន​លើក​ស្ពាន​មាន​ជើង​កល់​គង្គា                 កន្ទុយ​បែក​ញែក​គ្នា​តាម​ធ្លាផ្លូវ[4]

៨.​ឱ! រូប​វា​សុក្រី​ឥត​ក្រែង​គ្រុឌ                         តាំង​សម្តែង​ឬទ្ធិ​រុទ្ធ​ត​សត្រូវ

ប្រសិន​គ្រុឌ​មក​យល់​យ៉ាង​ពុំ​នៅ                    គង់​ស្ទុះ​ទៅ​ជ្រក​ក្នុង​កសិណ​នេះ។

៩.នាគ​អើយ​នាគ​បាសាណ​បូរាណ​សាង      ពី​ដើម​យ៉ាង​ល្អ​ឯង​ម្តេច​អេះ

ឥឡូវ​នាគ​ងាក​ធ្លាក់​របេះ                                    ឃើញ​តែ​រាង​យ៉ាងនេះ​អស់​លម្អ។

១០.ខ្លួន​ក៏​ឃ្លាត​ក្បាល​ក៏​ឃ្លៀង​ទៅ​ដោយ​ខ្លួន​ ឃើញ​តែ​ក្បួន​ជើង​ទៀន​ប្រចាំ​ទ្រ

ស្តាយ​អើយ​ស្តាយ​ស្នាដៃ​លោក​តែង​មក៍         មិន​តាំង​ថា​វរៈ[5] ​ឱ្យ​វែង​ទៅ​។

១១.ឱ! អនិច្ចា​សង្ខារ​នាគ​ថ្ម                                 ហ្មាយ​[6] ត​ស្ថិត​ស្ថេរ​ចីរកាល​នៅ

នេះ​ពុំ​ទាន់​ប៉ុន្មាន​មក​ម៉ង​សៅ                              មក​រុះ​រាយ​ធ្លាយ​ទៅ​ទី​ទៃ​ផ្តាស។

សម្រង់​ចាក​និរាស​នគរ​វត្ត របស់ឧកញ្ញ៉ាសុត្តន្តប្រីជាឥន្ទ

វា​យអត្ថបទ​កាព្យ និង​ផ្ទៀងផ្ទាត់តាម៖

– សៀវ​ភៅ​ក្រសួង​អប់រំ យុវជន​ និង​ កីឡា ថ្នាក់​ទី៨ បោះពុម្ភឆ្នាំ​២០០៦។

-​ កម្រង​អត្ថបទ​អក្សរ​សិល្ប៍​ថ្នាក់​ទី​៦ សៀវ​ភៅ​ក្រសួង​អប់រំឆ្នាំ១៩៩៤-៩៥។

– សំនៀង​ស្មូត្រ​របស់​លោកសាស្រ្តាចារ្យ យ៉ាន​-បូរិន ក្នុង​កម្រង​បទ​ស្មូត​កំណាព្យ ក្រោម​ចំណង​ជើង​ថា អនិច្ចា​តោថ្ម​។


[1] ថាថាង កាយ​វិការ ឬ ឫកពា។

[2] ចប់សំនៀង​ស្មូត្រ​របស់​លោកសាស្រ្តាចារ្យ យ៉ាន​-បូរិន ក្នុងឌីស ​កម្រង​បទ​ស្មូត​កំណាព្យ ក្រោម​ចំណង​ជើង​ថា អនិច្ចា​តោថ្ម ។

[3] ស្តេច​នាគ ។

[4] សៀវ​ភៅ​ក្រសួង​អប់រំ យុវជន​ និង​ កីឡា ថ្នាក់​ទី៨ បោះពុម្ភឆ្នាំ​២០០៦ ដាក់ថា ទ្វារផ្លូវ ។

[5] មាំមួន មាំទាំ ស្ថិតស្ថេរ ។

[6] សម្គាល់​ ចំណាំ កំណត់ជឹង ប៉ង។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s