ដំណើរចេញទៅប្រទេសបារាំង

ដំណើរចេញទៅប្រទេសបារាំង  

នូ ហាច

កាព្យបែបបារាំង

ព្រះចន្ទរោយកម្ទេចប្រាក់           ទៅលើស្លឹកនៃសួនក្រូច

ពោធិសាត់​ដ៏មានបុប្ផា               ក្រអូបឈួលហើយហាក់ដូច

ជាមកក្រសោបចំការ                 ក្នុងសេចក្តីពិសម័យ។                                                     

អ្នកស្រុកភូមិច្បារអំពៅដោយអស់កម្លាំងពីថ្ងៃ

ដេកលក់សប្បាយក្នុងផ្ទះ​ ដែលបិទទ្វារស្ងាត់ជ្រងំ,

ព្រោះមានខ្យលបក់ប្រាវៗទៅលើស្លឹកអំពៅទុំ

និងសូររលកវាយច្រាំងមកប្រឡោមចោមបំពេ។

គូសង្សារដើរកៀកគ្នាយ៉ាងស្និទ្ធតាមមាត់ទន្លេ

លុះបានដល់ជើងម៉ាវែង​ ទំនេរមួយនៅប្របធ្លា

ក៏ស្រុះស្រួលឈប់អង្គុយ ហើយក៏តាំងនិយាយគ្នា។

ឳបងអើយមិនប៉ុន្មានថ្ងៃទៀតទេ បងនឹងចេញ

ទៅប្រទេសបារាំងហើយ! ទ្រូងអូនមានទុក្ខពាសពេញ

តែមិនដឹងធ្វើម្តេចឡើយ ព្រោះករណីកិច្ច

ដែលច្រានបងទៅឆ្ងាយនេះ មានឋានៈខ្ពស់លើសលេច

ជាងសេចក្តីស្នេហ៍ផងយើង៖ បងនឹងឃ្លាតឃ្លាទៅឆ្ងាយ

ដើម្បីចម្រើន​វិជ្ជា បានភ្លឺថ្លាខ្ចរខ្ចាយ។

ការណ៍ត្រង់នេះអូនយល់ហើយ តែអូននៅតែមានព្រួយ

ព្រោះប្រទេសបារាំងនេះ ជារមណីយដ្ឋានមួយ

ដែលបរិបូណ៌ទៅដោយ ការសប្បាយគ្រប់ចំពូក

តែងនាំឲ្យ​និស្សិតខ្មែរ ​ លង់ស្មារតីភ្លេចនឹកផ្អូក

មកប្រទេសកំណើតដើម។​ សេចក្តីទុកចិត្តដែលខ្ញុំ

មានចំពោះពាក្យសន្យាផងបងនោះសឹងនៅដុំ

ឥតខ្ចោះឡើយ តែចូរបងគិតមើលចុះ ​៖ ប្រាំមួយឆ្នាំ

ជាបន្ទុកធ្ងន់ក្រៃលែង លើទ្រូងអូនដែលចងចាំ។

តែទុកជាម្តេចក៏ដោយ អូនខំទប់ទល់គំនិត,

កាន់សតិយ៉ាងថ្លៃថ្នូរឲ្យសមនឹងគូជីវិត។

ថាហើយនាងកណ្ណិកា ក៏ងើយមើលខែពេញវង់

នាំឲ្យឃើញថាភ្នែកនាងមានទឹកនេត្រមូលរលង់។

នាយសុនិត្យក៏ដកយកកូនកន្សែងក្រអូបភាយ

មកថ្នមជូតភក្ត្រនាងស្រីរួចហើយទើបចាប់និយាយ​ ៖

អូនកណ្ណិកាទ្រួយចិត្ត មាសបងអើយចូរស្ងួននាង

រំលត់សេចក្តីបារម្ភ ឲ្យអស់សាប់សូន្យចេញភ្លាង។

ឃ្លាតប្រាំមួយឆ្នាំមិនមែនយូរអីដល់មួយជីវិត

ម្យ៉ាងទៀតបងនឹងសរសេរ សំបុត្រផ្ញើរាល់អាទិត្យ

ដើម្បីបង្រួញចម្ងាយឲ្យដូចនែបនិត្យគ្រប់កាល។

ក្រុងប៉ារីស៍ទោះល្អឆើតសប្បាយវិសេសវិសាល

យ៉ាងណាក៏ដោយ​ ខ្លួនបងនឹងរក្សាកេរ្តិ៍មារយាទ

មិនឲ្យមានមន្ទិលឡើយ។ បងនឹងខំរៀនខ្មីឃ្មាត

ដើម្បីនឹងត្រឡប់មកវិញ ឲ្យ​ទាន់ពេលដូចសន្យា,

នែអូនឈប់សុបសៅទៅ! បងចង់បានក្តីក្លាហាន

ដូច្នេះចូរនាងញញឹម ចរចាដោយរីករាយឡើង!

បងស្វែងចំណេះទាំងនេះ​ ព្រោះតែក្តីស្នេហាយើង…

នាងស្រីស្ងប់ស្ងួតសម្លឹងមើលទូកអ្នកនេសាទមួយ

ដែលហែលឃ្លេងឃ្លោងដូចជា ឱរានាងដែលរំជួយ

ដោយបិយវិប្បយោគ ៖

បងអើយមើលភ្លើងចង្កៀង

នៃនាវាអ្នកនេសាទ ដែលឆេះខ្យល់បក់ផ្អងផ្អៀង

យ៉ាងណាក៏មិនរលត់ គ្រាន់តែភ្លឺតូច, ភ្លឺធំប៉ុណ្ណោះ,

នេះហើយជាភាពនៃសេចក្តី។ សង្ឃឹមផងខ្ញុំ ៖

កាលមុន អូនសប្បាយនឹងបងបានមធ្យមសិក្សា

ឥឡូវស្អែកនេះបែរជាឃ្លាតគ្នាយ៉ាងឆ្ងាយវិញហ្នា៎។

បង! ចូរបងកុំភ្លេច លុះដល់ប្រទេសបារាំងហើយ

ថាអូនពួនក្នុងបន្ទប់ ចំបែងចិត្តឥតមានស្បើយ។

ជីតាខ្ញុំដែលកាន់ខ្ជាប់ ក្បួនអំណាចប្រពៃណី

បើឆ្គងបន្តិចបន្តួច តែងស្តីបន្ទោសញក់ញី។

ចំពោះអារ្យនារី ផ្ទះក៏ប្រែទៅជាគុក។

ចូរបងជ្រាបច្បាស់ថាអូន គេងរង់ចាំត្រាំតែទុក្ខ។

ខ្យល់ជំនោរបក់រំភើយមកអង្អែលសក់ខ្មៅអ៊ុត

ហើយលើកថ្នមចិន្តានាង ដែលមានព្រួយក្រៃចំហុត។

យប់យន់មាត់មាន់រងាវ ល្វើយៗក្នុងផ្ទៃសម្ងាត់,

គូសង្សារក្រោកលេលា តាមឧទ្យានក្រូចពោធិ៍សាត់​​​​​​​​​​,

ហើយមានមានឃើញទេពច្យុតធ្លាក់ ភ្លែតពីលើមេឃា

ដើម្បីជាទីគោរព ចំពោះគូដែលព្រាត់គ្នា។

រលកទន្លេគ្រហឹមវាយច្រាំង ដែលប្រែះបែកបាក់

ម្លោះហើយអ្នកដេកចេះតែ បានពីរោះឥតមានអាក់

ដោយសារខ្យល់រាយទំនុកជាមួយស្លឹកអំពៅ,

ឯផ្កាយព្រឹកក៏រះឡើង មានរស្មីភ្លឺច្រាលឆ្អៅ។

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s