«ស្នេហ៍​ស្មោះ»

ស្នេហ៍​ស្មោះ

[-សរសេរ​ចេញ​ពី​អារម្មណ៍​រវើរវាយ​ នា​ពេល​ទៀបភ្លឺ-]

            ជាលើក​​ដំ​បូងបំផុត​ក្នុង​ជីវិត​ ដែល​ខ្ញុំ​សារភាព​ស្នេហ៍​ ចំពោះ​មុខនេត្រា នារី​កំពូល​ដួង​ចិត្ត​តែ​មួយ​របស់​ខ្ញុំ​ តែ​ខ្ញុំ​ត្រូវរង​នូវ​ពាក្យ​បដិសេធ​យ៉ាង​ចុក​ផ្សា ចេញ​ពី​បបូរ​មាត់​ដ៏​ស្រទន់​មាន​មុន​ស្នេហ៍​របស់​នាង៖

« ពេជ្រ!​ ស្នេហា​មិន​មែន​​ជា​អ្វី​ៗ​គ្រប់​យ៉ាង​នោះទេ! ស្នេហា ជា​ការ​ជ្រើស​រើស​ណា! ពេល​វេលា​នៃ​ការ​ស្គាល់គ្នា​​របស់​យើង​ប៉ុណ្ណេះ​ មិន​អាច​បណ្តុះ​ពន្លក​ស្នេហា​បាន​ឡើយ! ពេជ្រត្រូវ​យល់​ថា​ ពួក​យើង​នៅ​ក្មេងណាស់​! មិន​ខ្វះ​ទេ​ មនុស្ស​ដែល​ស្រឡាញ់​យើង​ស្មោះ​នោះ!… »

វា​ពុំ​ទាន់​គ្រប់​គ្រាន់ទៀតមែន​ទេ? តើនាង​ទាម​ទារ​មានពេល​វេលា​យូរ​ប៉ុណ្ណា​ទៀត​ទៅ​??? ជិត​បួន​​​ឆ្នាំ​មក​​ហើយ ​ដែល​យើង​​ធ្វើ​ការ​ជា​មួយ​គ្នា! អំពើ​ល្អ​ទាំង​ឡាយ​ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​នាង ការ​លះ​បង់​ទាំង​ប៉ុន្មាន ​ដែល​ខ្ញុំ​មាន ​ចំពោះ​រូប​នាង នៅតែ​ពុំ​សម​​ល្មម​ និង​អាច​ស្រោច​ស្រព​​សំណាប​ស្នេហ៍​ ឱ្យ​​មាន​ជីវិត​លូត​លាស់​បាន​ទៀត​មែន​ទេ? ខ្ញុំ​យល់…​ យើង​​ធ្វើ​អំពើ​ល្អ​ ចំពោះ​នរណា​ម្នាក់​ មិន​សម្លឹង​ទាម​ទារ​នូវ​ប្រយោ​ជន៍​​តប​ស្នង​មក​វិញ​នោះទេ! សម្រាប់​ខ្លួន​ខ្ញុំ​ ​ក៏ដឹង​យ៉ាង​ប្រាកដ​ដែរ​ថា ទង្វើ​ល្អ​របស់​ខ្ញុំ​ចំពោះ​នេត្រា ​ក៏​​មិន​មាន​បង្កប់​នូវ​ផ្លែ​សន្ទូង​ដែរ!

ពេល​នេះ​ ខ្ញុំ​យល់​កាន់​តែ​ច្បាស់ថា ស្នេហ៍ស្មោះ​របស់​ខ្ញុំ​ ពិ​ត​ជា​មិនអាច​ស្វែង​រក​សុភម​ង្គល​ជូន​នាង​បាន​ទេ! ស្នេហ៍​ស្មោះបែ​ប​ខ្ញុំ​នេះ បើ​ដល់​ពេល​បាន​នាង​ទៅ ពេល​មាន​កូន កូន​យើង​ឈឺ នោះ​នាងនឹង​ថា សូម​បង​​យក​ស្នេហ៍​ស្មោះ​របស់​បង មក​ព្យា​បាល​ជំងឺ​កូន​យើងផង​! ពេល​នោះ​ខ្ញុំ​នឹង​មិន​មាន​អ្វី ត្រូវ​ឆ្លើយ​តប​នោះ​ឡើយ! ដូ​ច្នេះ​មិន​ប្រាកដ​ថា​ស្នេហា​ស្មោះ​ស្ម័គ្រ ​មិន​ត្រូវ​ការ​ប្រាក់​នោះ​ទេ…

ចាប់​ពី​ពេល​នោះ​មក​ទំនាក់​ទំនង​រវាងខ្ញុំ​​នឹង​នាង ​ហាក់​​ដើរ​ឈាន​បន្តិច​ម្តងៗ​ទៅរក​ចំណុច​​បញ្ចប់…

តាំង​តែ​ពីនេត្រា នារី​ជា​ទី​ស្នេហា​បដិសេធ​ នូវ​សេចក្តីសារ​ភាព​ស្នេហ៍​យ៉ាង​អាម៉ាស​របស់​ខ្ញុំ​រួចមក​។ ខ្ញុំ​ហាក់​ដូច​ជា​បាត់​បង់​ផ្នែក​មួយ​នៃ​ជីវិត​ ហាក់​ដូ​ច​ជា​គ្មាន​សង្ឃឹម… គ្មាន​បុព្វ​ហេតុ​នឹង​រស់​នៅ​តទៅ​ទៀត…​ រស់​ព្រោះ​សេចក្តី​ស្រ​ឡាញ់​ តែ​បើ​​ប្រាថ្នា​ ​នូវ​សេចក្តី​ស្រឡាញ់​មិន​បានផងនោះ តើ​មាន​សង្ឃឹម​ឯ​ណា​នឹង​រស់​ត​​ទៅ​ទៀត?….

ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​មនុស្ស​ស្លាប់​ពាក់​កណ្តាល​ទៅ​ហើយ ព្រោះ​សេចក្តី​ស្រឡាញ់រ​បស់​ខ្ញុំ​ត្រូវបាត់​បង់… ​នេត្រា​កំពូល​ដួង​ចិត្ត ដែល​ខ្ញុំ​ស្រឡាញ់​ស្នេហាស្មើ​​កែវ​ភ្នែក ស្មើ​នឹងជី​វិត…​ ហើយ​ជា​នារី​តែ​ម្នាក់​គត់ ដែល​ខ្ញុំ​ហ៊ាន​ប្តូរ​ជីវិត​ស្លាប់​បាន​ ដោយ​សារ​មនុស្ស​ដែល​ជា​ទី​ស្រឡាញ់​របស់ខ្ញុំ​ម្នាក់​នេះ! ប៉ុន្តែ​នាង​មិន​យល់​ទាល់​តែ​សោះ​ ពី​ទំហំ​ទឹក​ចិត្ត​នៃ​សេចក្តី​ស្នេហា ​ដែល​ខ្ញុំ​មាន​ចំពោះ​រូ​ប​នាង​ឡើយ…

នៅ​ពេល​ ដែ​លខ្ញុំ​កើត​ទុក្ខ ​មាន​តែ​អ្នក​​នៅក្បែរ​ខ្ញុំ​ទេ ​ដែល​ដឹង ដែល​ជា​អ្នក​ជួយ​ចែក​រំលែក​ ជួយ​មើល​ថែ​រូប​ខ្ញុំ ​បារម្ភពីខ្ញុំ​ លើក​ទឹក​ចិត្ត​ខ្ញុំ​សព្វ​បែប​យ៉ាង​… តែ​ខ្ញុំ​ជា​មនុស្ស​ល្ងង់​បំផុត ​ខ្ញុំ​មើល​មិន​ឃើញ​ទង្វើ​ល្អ​របស់​គេ​វិញ​សោះឡើយ!

ពេល​កំពុង​ធ្លាក់​ក្នុង​ភាព​អស់​សង្ឃឹម​នឹង​បន្ត​ដំណើរ​ជីវិត​ទៅមុខ​​ទៀត… ​​បរា​ជ័យ​ក្នុង​រឿង​ស្នេហ៍ ​មាន​ស្នេហា​មួយ​ថ្មី​បាន​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​ គឺ​ភក្រ្តា ដែល​នាង​​ជា​អ្នកផ្តើម​បង្កើត​វា​ឡើង… ភក្រ្តា​ជា​នារី​ទី​ពីរ​ ដែល​ខ្ញុំ​ស្គាល់​ក្នុង​ជីវិត​ និង​ចុង​ក្រោយ​បង្អស់​បន្ទាប់​ពី​នេត្រា ។ ភក្រ្តា​​ល្ងង់​ណាស់ នាង​ពុំ​បាន​ដឹង​ទេថា ខ្ញុំ​មិន​ស្រឡាញ់​នាង​នោះ​ទេ​… រាល់​ពេល​ដែល​ខ្ញុំ​កើត​ទុក្ខ​ នាងតែង​​នៅ​ក្បែរ​ខ្ញុំ​ លើក​ទឹក​ចិត្ត​ខ្ញុំ​ និយាយ​រក​ខ្ញុំ​ក្នុង​ខណៈ​ពេល ​ដែល​គ្មាន​នរណា​នៅ​ជិត​ខ្ញុំ រវល់​ខ្វល់​ពី​ខ្ញុំ… តែ​រាល់​ពេល​ដែល​នាង​នៅជិត ខ្ញុំតែង​​​មាន​អារម្មណ៍​ថា​ កំពុង​ចរចា​សាសង​យ៉ាង​ពីរោះ​ជា​មួយ​នឹង​នារី​ផ្សេង​ដែល​មិន​មែន​នាង​ទៅ​វិញ… នារី​ម្នាក់​នោះ គឺនេត្រា  ហើយ​ខ្ញុំ​កាន់​តែ​នឹក​ដល់​នាង​​ខ្លាំង​ឡើងថែម​ទៀត ។

​ខ្ញុំ​​យល់​ថា ការ​ខិត​ខំ​យក​ចិត្ត​ទុក​របស់​ភក្រ្តាចំពោះ​ខ្ញុំ​ ជា​ការ​អាសារ​ឥត​ការ​ទៅ​វិញ​​ទេ… នាង​បាន​ដាក់​ទាន​ស្នេហ៍​ស្រប​ពេល​​ដែល​បេះ​ដូង​ខ្ញុំ​បាន​បិទ​ទ្វារ… តែ​ទោះ​យ៉ាងនេះ​ក៏​​ ខ្ញុំអាច​​ចាត់​ទុក​នាង​ត្រឹម​​តែ​ជា​ប្អូន​ស្រីរបស់​ខ្ញុំ​​តែ​ប៉ុណ្ណោះ!

​ក្នុង​បេះ​ដូង​ខ្ញុំ តើហេតុ​អ្វី​បាន​ជារូប​ភក្រ្តា មិន​អាច​ជំនួស​នេត្រា​បាន​? ហេតុអ្វី​បាន​ជាខ្ញុំ​ត្រូវ​កើត​ទុក្ខ​ត្រាំ​ត្រែង​តែ​ម្នាក់​ឯង​​ត​ទៅ​ទៀតយ៉ាង​នេះ​ទៅ​វិញ? ឬ​មួយ​នេត្រា​ជា​មនុស្ស​ដំបូង​ក្នុង​បេះ​ដូង ដែល​ជា​ស្នាម​ឆ្លាក់​ចារ​ មិន​អាច​នឹង​រក​អ្វី​មក​លុប មក​បំពេញ​ជំនួស​ស្នាម​ចារ​នេះ​បាន​មែន​ទេ​?

ស្នេហា!ស្នេហា! ហេតុ​អ្វី​ក៏​លំបាក​ម្ល៉េះ? មនុស្ស​ដែល​ខ្ញុំ​​ស្រឡាញ់​គេ គេមិន​ព្រម​តប​មក​ខ្ញុំ​​វិញ ឯ​​​មនុស្ស​ ដែលខ្ញុំ​​មិន​ស្រឡាញ់ជា​គូ​ជីរិត ​តែ​បែរ​ជា​មក​ស្រឡាញ់​ខ្ញុំ​​ដូច្នេះ​ទៅ​វិញ​?​

ការ​ផ្តល់​កិត្តិ​យសរាប់​អាន​ ការ​ស្និទ្ធ​​ស្នាល​រវាង​ភក្រ្តា​ និង​ខ្ញុំ​ធ្វើ​ឱ្យ​នេត្រា​ចេះ​តែ ក្រៀម​ក្រំ​ទៅ​ៗ​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ… បើ​នាង​​មិន​ស្រឡាញ់​ខ្ញុំ ហេតុអ្វី​បាន​ជា​នាង​ត្រូវ​ពិបាក​ចិត្ត​កើត​ទុក្ខ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជិត​នារី​ផ្សេង​ទៅវិញ​? ខ្ញុំ​ដូច​ជា​លែង​យល់​ពី​នាង​អស់​ហើយ!

ថ្ងៃ​នេះ​នេត្រាមិន​បាន​មក​ធ្វើ​ការ​នោះ​ឡើយ! ស្អែក​ឡើង​ ទើប​ខ្ញុំ​ដឹង​ថា​ នាង​លា​លែង​ពីការ​ងារ​ហើយ! ខ្ញុំ​ធ្វើ​ការ​មុខ​កុំ​ព្យូ​ទ័រ​ទាំង​រសេះ​រសោះមិន​ស្រណុក​ក្នុង​ចិត្ត​។​ ភ្លាម​នោះអ៊ី​ម៉ែល(E-mail) ថ្មី​មួយ​លោត​​ឡើង នៅលើ​ផ្ទាំង​របស់​យ៉ា​ហូ (Yahoo) ខ្ញុំ​បើ​ក​ជា​ប្រញាប់​ ព្រោះ​ជាម៉ែល​​របស់​នេត្រា ។

« ពេជ្រ!! បុរស​ស្មោះ​ស្នេហ៍???

ពីមុនមក ខ្ញុំ​តែង​ចាត់​ទុក​ថាពេជ្រ ជា​មនុស្ស​ប្រុស​ស្មោះ​ស្មេហ៍​ ពេជ្រ​មិន​ដឹងឡើយ​ថា ខ្ញុំ​ស្រឡាញ់​​​ពេជ្រ​ប៉ុណ្ណា! ទីបំផុត ពេជ្រ​យក​ភក្តី​ភាព​របស់​ខ្ញុំ​ ទៅ​ជាន់​ឈ្លី​​នឹង​បាទ​ជើង​យ៉ាង​ឥត​អាសូរ​អ្វី​បន្តិច​សោះ!

ក្នុង​ពេល​ជា​មួយគ្នា​ ពេជ្រ​បាន​បណ្តុះ​ពន្លក​សំណាប​ស្នេហ៍​ដល់​ទៅពីរ​ នៅ​លើ​ថ្នាល​វិថី​ស្នេហ៍​តែ​មួយ​​​! មនុស្ស​ស្មោះ​ ចង់​ឱ្យ​អ្នក​ ដែល​យើង​ស្រឡាញ់​បាន​សុខ! ទោះបី​ជា​ខ្ញុំ​ខ្លាច​ភាព​ឯកា​ក៏​ដោយ​ ក៏​ខ្ញុំ​ត្រូវ​តែ​ជ្រើស​រើស​នៅ​ម្នាក់​ឯង ដើម្បីមនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ទទួល​បាន​សេចក្តី​សុខ! ខ្ញុំ​​សុខ​ចិត្ត​ចាក​ចេញ​ពី​ជីវិត​របស់​ពេជ្រទៅ​ចុះ!

ពេល​នេះ ខ្ញុំ​យំ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់ តែ​ខ្ញុំយំម្តង​នេះ ខ្ញុំ​យំ… ​យំ​ដើម្បី​ឈប់​យំ!

សូម​ជូន​ពរ​ឱ្យ ​ភក្រ្តា ​និង​ពេជ្រ​សុខ​សាន្ត​ជា​និច្ច​តរៀង​ទៅ!

ពី​នេត្រា​នារី​កម្សត់!! មនុស្ស​ល្ងង់​ស្មោះ​ស្នេហ៍ចំពោះ​ពេជ្រ​! »

អាន​ចប់​ ខ្ញុំ​អន្ទះ​អន្ទែងជា​ខ្លាំង! ហេតុ​អ្វី​ក៏យ៉ាង​នេះ​ទៅវិញ? តើ​រឿង​បែប​នេះ​អាច​កើត​មាន​ចំពោះ​​​រូប​ខ្ញុំដែរ​​មែន​ទេ?… 

 

ផ្តើម​សរសេរ​ម៉ោង​ ៣៖៤០ ចប់ ៤​​​​​​​៖​៤៥នាទីព្រឹក ថ្ងៃអង្គារ៍.២៣.០២.២០១០

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s