«ដំណើរចេញទៅប្រទេសបារាំង»

ដំណើរចេញទៅប្រទេសបារាំង

នូ ហាច
កាព្យបែបបារាំង               
ព្រះចន្ទរោយកំទេចប្រាក់           ទៅលើស្លឹកនៃសួនក្រូច
ពោធិសាត់ដ៏មានបុប្ផា               ក្រអូបឈួលហើយហាក់ដូច
ជាមកក្រសោបចំការ                 ក្នុងសេចក្តីពិសម័យ។
អ្នកស្រុកភូមិច្បារអំពៅដោយអស់កំឡាំងពីថ្ងៃ
ដេកលក់សប្បាយក្នុងផ្ទះ​ ដែលបិទទ្វារស្ងាត់ជ្រងំ,
ព្រោះមានខ្យលបក់ប្រាវៗទៅលើស្លឹកអំពៅទុំ
និងសូររលកវាយច្រាំងមកប្រឡោមចោមបំពេ។
គូសង្សារដើរកៀកគ្នាយ៉ាងស្និទ្ធតាមមាត់ទន្លេ
លុះបានដល់ជើងម៉ាវែង​ ទំនេរមួយនៅប្របធ្លា
ក៏ស្រុះស្រួលឈប់អង្គុយ ហើយក៏តាំងនិយាយគ្នា។
ឳបងអើយមិនប៉ុន្មានថ្ងៃទៀតទេ បងនឹងចេញ
ទៅប្រទេសបារាំងហើយ! ទ្រូងអូនមានទុក្ខពាសពេញ
តែមិនដឹងធ្វើម្តេចឡើយ ព្រោះករណីកិច្ច
ដែលច្រានបងទៅឆ្ងាយនេះ មានឋានៈខ្ពស់លើសលេច
ជាងសេចក្តីស្នេហ៍ផងយើង៖ បងនឹងឃ្លាតឃ្លាទៅឆ្ងាយ
ដើម្បីចំរើនវិជ្ជា បានភ្លឺថ្លាខ្ចរខ្ចាយ។
ការណ៍ត្រង់នេះអូនយល់ហើយ តែអូននៅតែមានព្រួយ
ព្រោះប្រទេសបារាំងនេះ ជារមណីយដ្ឋានមួយ
ដែលបរិបូណ៌ទៅដោយ ការសប្បាយគ្រប់ចំពូក
តែងនាំឲ្្យនិស្សិតខ្មែរ ​ លង់ស្មារតីភ្លេចនឹកផ្អូក
មកប្រទេសកំណើតដើម។​ សេចក្តីទុកចិត្តដែលខ្ញុំ
មានចំពោះពាក្យសន្យាផងបងនោះសឹងនៅដុំ
ឥតខ្ចោះឡើយ តែចូរបងគិតមើលចុះ ​៖ ប្រាំមួយឆ្នាំ
ជាបន្ទុកធ្ងន់ក្រៃលែង លើទ្រូងអូនដែលចងចាំ។
តែទុកជាម្តេចក៏ដោយ អូនខំទប់ទល់គំនិត,
កាន់សតិយ៉ាងថ្លៃថ្នូរឲ្យសមនឹងគូជីវិត។
ថាហើយនាងកណ្ណិកា ក៏ងើយមើលខែពេញវង់
នាំឲ្យឃើញថាភ្នែកនាងមានទឹកនេត្រមូលរលង់។
នាយសុនិត្យក៏ដកយកកូនកន្សែងក្រអូបភាយ
មកថ្នមជូតភក្ត្រនាងស្រីរួចហើយទើបចាប់និយាយ​ ៖
អូនកណ្ណិកាទ្រួយចិត្ត មាសបងអើយចូរស្ងួននាង
រំលត់សេចក្តីបារម្ភ ឲ្យអស់សាប់សូន្យចេញភ្លាង។
ឃ្លាតប្រាំមួយឆ្នាំមិនមែនយូរអីដល់មួយជីវិត
ម្យ៉ាងទៀតបងនឹងសរសេរ សំបុត្រផ្ញើរាល់អាទិត្យ
ដើម្បីបង្រួញចម្ងាយឲ្យដូចនែបនិត្យគ្រប់កាល។
ក្រុងប៉ារីស៍ទោះល្អឆើតសប្បាយវិសេសវិសាល
យ៉ាងណាក៏ដោយ​ ខ្លួនបងនឹងរក្សាកេរ្តិ៍មាយាទ
មិនឲ្យមានមន្ទិលឡើយ។ បងនឹងខំរៀនខ្មីឃ្មាត
ដើម្បីនឹងត្រឡប់មកវិញ ឲ្្យទាន់ពេលដូចសន្យា,
នែអូនឈប់សុបសៅទៅ! បងចង់បានក្តីក្លាហាន
ដូច្នេះចូរនាងញញឹម ចរចាដោយរីករាយឡើង!
បងស្វែងចំណេះទាំងនេះ​ ព្រោះតែក្តីស្នេហាយើង…
នាងស្រីស្ងប់ស្ងួតសម្លឹងមើលទូកអ្នកនេសាទមួយ
ដែលហែលឃ្លេងឃ្លោងដូចជា ឳរានាងដែលរំជួយ
ដោយបិយវិប្បយោគ ៖
បងអើយមើលភ្លើងចង្កៀង
នៃនាវាអ្នកនេសាទ ដែលឆេះខ្យល់បក់ផ្អងផ្អៀង
យ៉ាងណាក៏មិនរលត់ គ្រាន់តែភ្លឺតូច, ភ្លឺធំប៉ុណ្ណោះ,
នេះហើយជាភាពនៃសេចក្្តី។ សង្ឃឹមផងខ្ញុំ ៖
កាលមុន អូនសប្បាយនឹងបងបានមធ្យមសិក្សា
ឥឡូវស្អែកនេះបែរជាឃ្លាតគ្នាយ៉ាងឆ្ងាយវិញហ្នា៎។
បង! ចូរបងកុំភ្លេច លុះដល់ប្រទេសបារាំងហើយ
ថាអូនពួនក្នុងបន្ទប់ ចំបែងចិត្តឥតមានស្បើយ។
ជីតាខ្ញុំដែលកាន់ខ្ជាប់ ក្បួនអំណាចប្រពៃណី
បើឆ្គងបន្តិចបន្តួច តែងស្តីបន្ទោសញក់ញី។
ចំពោះអារ្យនារី ផ្ទះក៏ប្រែទៅជាគុក។
ចូរបងជ្រាបច្បាស់ថាអូន គេងរងចាំត្រាំតែទុក្ខ។
ខ្យល់ជំនោរបក់រំភើយមកអង្អែលសក់ខ្មៅអ៊ុត
ហើយលើកថ្នមចិន្តានាង ដែលមានព្រួយក្រៃចំហុត។
យប់យន់មាត់មាន់រងាវ ល្វើយៗក្នុងផ្ទៃសម្ងាត់,
គូសង្សារក្រោកលេលា តាមឧទ្យានក្រូចពោធិ៍សាត់​​​​​​​​​​,
ហើយមានមានឃើញទេពច្យុតធ្លាក់ ភ្លែតពីលើមេឃា
ដើម្បីជាទីគោរព ចំពោះគូដែលព្រាត់គ្នា។
រលកទន្លេគ្រហឹមវាយច្រាំង ដែលប្រែះបែកបាក់
ម្លោះហើយអ្នកដេកចេះតែ បានពីរោះឥតមានអាក់
ដោយសារខ្យល់រាយទំនុកជាមួយស្លឹកអំពៅ,

ឯផ្កាយព្រឹកក៏រះឡើង មានរស្មីភ្លឺច្រាលឆ្អៅ។

ដកស្រង់៖ ដំណើរចេញទៅប្រទេសបារាំង ប្រកាសដោយ ប្លក់ អក្សរសិល្ប៍ខ្មែរ

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s