រឿង ចរចា

រឿង​ចរចា

អាយុ​មិន​ទាន់​ម្ភៃ​ស្រួល​បួល​ផង​ ឈាម​ខ្ញុំ​នៅ​រាវ​ណាស់។ ខ្ញុំត្រូវ​​ធ្វើ​ដំណើរ​ទៅព្រះវិហារ តាម​បញ្ជា​របស់​ថ្នាក់​លើ​ឲ្យ​​បញ្ជូន​កង​ទ័ព​ទៅ​តំបន់​ក្តៅ​ជា​ប្រញាប់​​។ នៅ​លើ​ឡាន​ទាហាន​​តាម​ផ្លូវ​ ខ្ញុំ​គិត​ច្រើន​ពី​អនាគតខ្លួន​ឯង​ ពី​គ្រួសារ​​ និង​ពី​ប្រទេស​ជាតិ​ដ៏​កម្សត់​។

នៅ​តាម​ផ្លូវ​ប្រជាពល​រដ្ឋ​ជា​ច្រើន​បាន​ឈរ​ដង្ហែ​យើង។ តាម​ទឹក​មុខ​របស់​ពួក​គេ​ គឺ​មិន​ចង់​ឲ្យ​មាន​សង្គ្រាមកើត​ឡើង​​ទេ តែ​រង្វង់​ភ្នែក​មុត​ប្រកប​ដោយ​​ក្តី​សង្ឃឹម​ទុក​ចិត្ត​លើ​យើង​ដែល​ជា​អ្នក​ការ​ពារ​ទឹក​ដី​បូរណភាព​ជា​តិ​ខ្មែរ។ ពួក​គេ​បាន​យក​ចេក ​ដំឡូង​ ដូង ​​ស្ករ​​​ និងអំពៅ​ជា​ច្រើន​មក​ជួយ​លើក​ទឹក​ចិត្ត​យើង។

«ខ្ញុំលួច​​​មើល​បង​យូរ​ហើយ។ ​មើល​ទៅ​បងរឹង​មាំ​ណាស់។»

យុវ​ជននេះ​​ ទើប​តែ​សុំ​ដោយសារ​ឡាន​ទាហាន​យើងដើម្បី​ទៅ​អូរស្មាច់ ព្រោះ​មិន​មាន​ឡាន​​ឈ្មួល​ហ៊ាន​ចូល​ទៅ​ដល់ទេ​ ព្រោះ​ខ្លាច​គ្រាប់​ផ្លោង​។

«ប្អូន​ឯង​ក៏​មិន​អន់​ដែរ។» ខ្ញុំ​ចេះ​ឆ្លើយ​ឲ្យ​តែ​បាន​ទៅ។

«បង! បើ​សៀម​វា​បាញ់​សម្រុក​ចូលស្រុក​យើង​កាន់​តែជ្រៅ តើ​បង​ធ្វើ​ម៉េច​ទៀត?»

«ខ្ញុំ​គ្មាន​បំណង​ចង់​ឲ្យ​គ្រាប់​កាំ​ភ្លើងក្នុង​ទុសៀ ខ្ទាតត្រូវ​ចំ​សាច់​មនុស្ស​ជាតិ​ដូច​គ្នាឡើយ​។» ខ្ញុំនិយាយ​ដូច​មិន​បាន​គិតព្រាងទុក។ «ខ្ញុំ​គ្មាន​ចេតនា​បង្ក​ជម្លោះ​ទេ។ ច្បាប់​​សង្គ្រាម ​បើ​យើង​មិន​បាញ់​សត្រូវ​ សត្រូវ​នឹង​បាញ់​យើង។ គ្មាន​ជម្រើស​ទេ! តែ​ខ្ញុំ​នៅ​តែ​រក្សា​គុណ​ធម៌​ក្នុង​ការ​ការ​ពារ​ខ្លួន​ដែរ។ «

«លំបាក​ដែរបង! មនុស្ស​ជាតិ​ដូច​តែ​គ្នា។ យើង​មាន​សាច់​និង​ឈាមស្រស់​ដូចគ្នា! បើ​ត្រូវ​គ្រាប់​ច្បាស់​ជា​ឈឺមិន​ខាន…»

«ទ័ព​ខ្មែរ​​យើង​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​និង​ទាម​ទារសិទ្ធិ​ជា​ម្ចាស់​ទឹក​ដី​របស់​ខ្លួន។ ក្នុង​កាលៈ​ទេសៈ​​បែប​នេះ​ យើង​ត្រូវ​ធ្វើ​សង្គ្រាម​ដើម្បី​​​សន្តិភាព…។ សង្គ្រាម​នេះ​មិន​មែន​ខ្មែរ​ជា​អ្នក​បង្ក​ឡើង​នោះ​ទេ ខ្មែរ​គ្រាន់​តែ​ជា​អ្នក​ការពារ​បូរណ​ភាពដែន​ដី​​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។»

«ស្តាប់​បង​និយាយ​! បង​ចេះ​ច្បាប់​សង្គ្រាម​​ច្រើនណាស់…»

ខ្ញុំ​សើច​មិន​សម។ ឃើញ​ខ្ញុំ​មិន​​តប គេ​ក៏​ស្ងាត់​ទៅវិញដែរ។

ក្បាល​ខ្ញុំ​ចេះតែ​គិត។ ថ្មីៗ​នេះ ទូរទស្សន៍ វិទ្យុ​ កាសែត​ ទស្សនា​វដ្តី… គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​បាន​ងាក​មក​ចាប់​អារម្មណ៍​ជា​ខ្លាំង​រឿង​ជម្លោះ​ព្រំដែន​កម្ពុជា.ថៃ។​ បន្ទាប់​ពី​បញ្ហា​ក្តៅ​គគុក​​នេះ គឺ​​សំណុំ​រឿង​រដ្ឋ​ប្រហារ​ទម្លាក់​ប្រធានាធិបតី​នៅ​ទុយណេស្ស៊ីហាក់​ដូច​ជា​មាន​ចំហាយ​​នៅថ្មីៗ​នៅ​ឡើយ…។ បដិវត្តន៍មហា​ជន​​នៅ​ប្រទេស​​ទុយណេស្ស៊ី ដើម្បី​​បណ្តេញ​ប្រធានា​ធិបតី​កាន់​អំណាច​ផ្តាច់​ការ​អស់​ជាង​៣០​ឆ្នាំ… និងបដិវត្តន៍ប្រជា​ជននៅ​អេហ្ស៉ីប​បាន​​រីក​រាល​ដាលដល់​អារ៉ាប់…។ ខ្ញុំ​មិន​ដឹង​​​ថា ​មហា​ជន​នៅ​ខ្មែរ​គិត​ពី​បញ្ហា​នេះ​បាន​កម្រិត​ណា​ទេ។ ចំពោះខ្ញុំ​ ខ្ញុំ​នៅ​ខាង​ខ្មែរ​ជា​និច្ច។ ព្រោះ​តែ​ខ្ញុំ​គិត​និង​គាំ​ទ្រ​ខ្មែរ​នេះ​ហើយ​ បាន​ជា​ខ្ញុំ​ជិះ​ឡាន​ទាហា​ន​ទៅ​ព្រះ​វិហារ​។

«បង​! ជិត​​ដល់​ផ្ទះខ្ញុំ​ហើយ។ ផ្ទះ​ខ្ញុំ​នៅ​ចុង​ភូមិនេះណ៎ា​។ អរគុណបងច្រើន​​ហើយ​ ​ដែល​ជួយ​ឲ្យ​ខ្ញុំ​ដោយសារ តាំង​​ពី​មាន​កា​រប៉ះ​ទង្គិច​គ្នាមក​ ផ្លូវ​ទៅ​អូរស្មាច់​មិន​មាន​ឡាន​ឈ្មួល​ដូច​មុន​ ទេ ព្រោះ​គេ​ខ្លាច​គ្រាប់​ផ្លោង។ មាន​តែ​ឡាន​ទាហា​នទេ ដែល​អាច​ទៅ​រួច។»

«មិន​អី​ទេ យើង​ខ្មែរ​ដូច​គ្នា​ទេ! អីនែ! បង​ដូច​ភ្លេច​សួរ ម៉េច​ប្អូន​ឯង​មកទីនេះ? មាន​តែ​​គេ​ជម្លៀស​ពី​ភូមិ​ ចុះ​ម៉េច​ប្អូន​មក​ភូមិ​វិញ? នៅ​បន្ទាយ​អំពិល​គេ​ភៀស​ទៅ​សំរោង​អស់​ហើយ ហើយ​នៅ​អូរស្មាច់​នេះ ទោះ​មិន​ទាន់​បាញ់​ក៏​ប្រជាជនរត់​​ភៀស​ចេញ​បណ្តើរៗ​ហើយ​ដែរ?»

«ខ្ញុំ​មិន​ចង់​បាត់​បង់​ម៉ែនិង​ប្អូន​ៗ​​ទៀត​ទេ! ខ្ញុំ​បាត់​បង់​ពុក​ម្នាក់​ហើយ! ពុក​ស្លាប់​កាល​ពីជាង​​ពីរឆ្នាំ​មុន​។ ពុក​ស្លាប់​យ៉ាង​វេទនា​ដោយ​ការ​ឈ្លាន​ពាន​របស់​សៀម។ ខ្ញុំ​មក​ភូមិ ដើម្បី​មក​ជួយ​នាំ​ម៉ែ​និង​ប្អូនរត់​ភៀសខ្លួន​សិន ទម្រាំ​ស្ងប់​ស្ងាត់… ព្រោះ​ប្អូន​ខ្ញុំ​នៅ​តូចៗ អត់​ពី​ពុក​ទៅ​ ម៉ែ​ពិបាក​ណាស់ ខ្ញុំ​មិន​ចង់​នៅ​ឆ្ងាយពីគាត់​ទៀត​ទេ។»

«ពុក​ប្អូន​ស្លាប់​ដោយ​សារ​អី? សុំទោសណ៎ា!»

«គាត់​ជា​ អ្នក​ចម្ការ​ទេ គាត់​ឡើង​ភ្នំ​ម្តងម្កាលជាមួយ​ទាហាន តែត្រូវ​​សៀម​លប​បាញ់។ ពួក​នេះ​​សាហាវណាស់ បាញ់​ទាំង​ប្រជាជន​ស៊ីវិល​…»

ឃើញ​គេ​កំពុង​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល ខ្ញុំ​មិន​មាន​ប្រតិកម្មអ្វីទេ។ គេបន្ត៖

«ខ្ញុំ​មិន​យល់​ទេ​បង! ជាង​ពីរ​ឆ្នាំ​ហើយ​ នៅ​តែ​មិន​មាន​ការ​ចរចាគ្នា​​ដាច់​ស្រេច​ទៀត… តើ​ជីវិត​ខ្មែរ​ប៉ុន្មាន​អ្នក​ទៀត​ដែល​ត្រូវ​ស្លាប់​ជា​បន្ត​បន្ទាប់?…»

ដល់​ចុង​ភូមិ គេ​ក៏​ចុះ​ទៅ។ ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​នឹង​សម្តី​គេ​ច្រើន​ទេ ប្រហែល​ជា​ខ្ញុំ​យល់​មិ​ន​ដល់​ក៏​មិន​ដឹង ឬ​មក​ពី​​ខ្ញុំ​ឡើយ​តែ​គិត​ខ្វល់​ពី​ជីវិតខ្លួន​ឯង​​ច្រើន​ពេក​ដោយ​ត្រូវ​ដាក់​ពង្រាយ​កង​ទ័ព​នៅ​ទីនេះ​? សូម្បី​តែ​ឈ្មោះ​គេ​ក៏​ខ្ញុំ​មិន​បាន​សួរ​នាំ​ដែរ​។

ខែមេសា ២០១១ តាំង​ពីថ្ងៃ​សុក្រ​ទី២២​ មក​ដល់​ថ្ងៃនេះ គឺ​បី​ថ្ងៃ​ហើយ​ដែល​សៀម​បង្ក​ឲ្យ​មាន​ការប៉ះ​ទង្គិច​នៅ​បណ្តោយ​​ព្រំ​ដែន​​ប្រាសាទ​ព្រះ​វិហារ ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តា​ក្របី។ នៅ​អូរស្មាច់ ទោះ​បី​មិន​មាន​គ្រាប់​ផ្លោង​ដល់ ក៏​ប្រជា​ជន​វេច​បង្វេច​ភៀស​ខ្លួន​មក​ស្រុក​សំរោងជិត​​អស់ហើយដែរ។ ប្រជា​ជន​​ខ្មែរ​ស្លូត​ត្រង់​ខំ​ប្រឹង​ភៀស​ខ្លួន​គេច​ពី​សង្រ្គាម យក​សុខ​រៀង​ៗ​ខ្លួន។ តែ​តើ​សុខ​យ៉ាង​ម៉េច​បាន​ បើ​​លើក​កញ្ជើ​ដើរ​យ៉ាង​នេះ។

នៅ​ភូមិ​ពោធិ៍វង្ស ស្រុក​បន្ទាយ​អម្ពិល ក្បែរ​ព្រំ​ដែន​វិញ អ្នក​ភូមិ​បាន​រត់​ភៀស​ខ្លួន​មក​សំរោង​អស់​ហើយ។ តាម​ផ្លូវ​ទៅ​ស្រុក​បន្ទាយ​អម្ពិល ឆ្ពោះ​ទៅ​ប្រាសាទ​តាមាន់ ផ្ទះសម្បែង​ក្នុងភូមិ​ជា​ច្រើន​បាន​ចាក់​សោ​និង​ស្ងាត់​ជ្រងំ។ គោ ក្របី ជ្រូក មាន់ ​ទា នៅដើរ​ពាសវាល​ពាស​កាល ដោយ​មិន​ដឹង​ថា តើ​ពេល​ណា​ម្ចាស់​វា​វិល​ត្រឡប់​មក​ឲ្យ​ចំណី​ដូច​ធម្មតា​វិញនោះ​ទេ?

ស្រីមេម៉ាយ​ខំ​ទូល​បង្វេច​អង្ករ ខោអាវ ដៃ​ម្ខាង​ដឹក​ដៃ​កូន​តូច ម្ខាង​ទប់​បង្វេចយ៉ាង​ធ្ងន់​។ ក្មេង​តូចប្រុស​ស្រី​ និង​ស្រ្តី​ទាំងឡាយ​ដើរ​សំដៅ​ស្រុក​សំរោង។ ក្មេង​ជំទង់​ខ្លះ ជួយ​កាន់​ឆ្នាំង​ កន្ទេលម្តាយ​… ការ​ភ័យ​ខ្លាច​ស្លាប់​របស់​ប្រជា​ជននា​ពេលនេះ​​ មិន​ខុស​ពី​ការ​ខ្លាច​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ពី​ភ្នំពេញ​ទេ… ស្នូរ​​គ្រាប់​ផ្លោង​ ដូច​ជា​សំឡេង​ដែល​ប្រាប់យ៉ាង​ដាច់​អហង្ការ​​​ថា «ចេញ​!… ចេញ!… អាណា​មិន​ចេញ​ អញ​បាញ់បែក​សន្ទះក្បាល!…» ដែល​ពួក​អាវ​ខ្មៅ​ស្រែក​ដាក់​ខ្មែរ។

៦ថ្ងៃ​ជាប់​គ្នា​ហើយ ដែល​សៀម​នៅ​តែ​បន្ត​ផ្លោង​គ្រាប់​ចូល​ទឹក​ដីខ្មែរ​យ៉ាង​គឃ្លើន។ ពេល​​ថ្ងៃ​ សៀម​​ប្រើ​យន្តហោះ​ហោះ​មើល​ទីតាំងខ្មែរ​។ ទ័ព​ខ្មែរ​យើង​នៅតែ​រក្សា​ជំហរ​ចរចា​ជានិច្ច។ យប់​នេះ ខ្ញុំ​ត្រឡប់​មក​ដឹក​ស្បៀង​ពី​ស្រុក​​សំរោង។ ពេល​ឡាន​កំពុង​រៀប​ចំ​ជិត​រួច។ ខ្ញុំឆ្លៀត​​ប្រឡូក​ដើរ​ជាមួយ​ប្រជាជន​មួយ​ចំនួន។ ខ្ញុំ​ស្តាប់​ឮ៖

«ម៉ែ!  ពេលណា​យើង​ទៅ​ផ្ទះវិញ… »

កូន​តូច​សួរ​ម្តាយ​ដោយ​ឆ្ងល់ ព្រោះ​មើល​ទៅ​វា​ធ្លាប់​រត់​បែបនេះ​ច្រើន​ដង​មក​ហើយ។

ញើស​ហូរ​ចាកផ្ទៃ​មុខ​ដ៏ជ្រីវ​ជ្រួញ ម្តាយ​បាន​ត្រឹម​តែ​ដក​ដង្ហើម​ធំ។ គាត់​ខំ​រក​ពាក្យ​លួង​លោម​កូន​។

«ចាំ​គេ​ចរចា​រួច! ទ្រាំ​សិន​ទៅ​កូន ពេល​គេ​ចរចាចប់​​ហើយ យើង​បាន​ទៅ​ផ្ទះ​វិញ​ហើយ។»

ល្ងាច​​បន្តិច ផ្សែង​បង្កាត់​ភ្លើង​ដាំ​បាយហុយ​ទ្រលោម​ត្រង់​នេះ​បន្តិច​ត្រង់​នោះ​បន្តិច។ ប្រជាជនភៀសសឹក​កាន់តែ​ច្រើន​ឡើងៗពី​មួយ​ម៉ោង​ទៅមួយ​ម៉ោង។ ពេលនេះ​កើន​ជាង​៦​ម៉ឺន​​នាក់​ហើយ។

ព្រលប់កាន់​តែជ្រៅ​ អ្នក​មេម៉ាយៗ​ជជែក​គ្នាតិចៗ ដោយសារ​តែ​ប្លែក​កន្លែង ​ដេក​មិន​លក់ក៏​មិន​ដឹង​​ ឬ​ដោយសារ​សំឡេ​ង​អ៊ូអរ​របស់​មនុស្ស​​ច្រើន មិន​ដឹង​ជាស្តាប់​អ្នកណា​ទុក​អ្នក​ណា​​។

«អ្នកដួនអើយ! ខ្ញុំ​នេះ​ ចំបែង​ចិត្ត​ដល់​ហើយ។ ណា​គោក្របី​នៅ​ផ្ទះ ណា​ប្តី​ទៅច្បាំង។ »

«ខ្ញុំ​នេះក៏​​មិន​ខុស​ពីអ្នក​ដែរ។ ខ្ញុំ​មិន​ដឹង​ថា តើ​ពេល​ណា​យើង​បាន​វិលត្រឡប់​​ទៅ​ផ្ទះ​វិញ​ទេ…»

មីង​ដួនបក់​មូស​ឲ្យ​កូនផង​និយាយ​ផង។ តាម​ការ​សន្ទនា​​របស់​គាត់ ខ្ញុំដឹង​​ថាគាត់​នៅអូរស្មាច់​។ គាត់​មក​សំរោង​តាំងពីមិន​ទាន់​មាន​ការប៉ះ​បង្គិច​គ្នា​នៅឡើយ​ទេ តែ​គាត់​នាំ​កូន​រត់​ភៀស​ខ្លួន ព្រោះ​ដោយ​មាន​ការ​ដាក់​ពង្រាយ​កង​ទ័ព ត្រៀម​សម្រាប់​ការ​ប្រយុទ្ធ។ មីង​បន្ត «ខ្ញុំ​មកពី​អូរស្មាច់ គេ​មិន​ទាន់​បាញ់​គ្នា​នៅ​ឡើយ​ទេ តែខ្ញុំ​ខ្លាច​គ្រាប់​ផ្លោង​ណាស់។ ខ្ញុំ​មិន​ចង់​មក​នៅ​សំរោង​​នេះទេ ព្រោះមិន​ចង់​ចោល​ផ្ទះ​សោះ… (គាត់​ដក​ដង្ហើម​ធំយ៉ាង​វែង​) បើសិន​ជាគេ​ ស្ងាត់​ឈប់​ឈ្លោះ​គ្នា​តែ​ពីរ​បី​ថ្ងៃ ខ្ញុំ​ត្រឡប់​ទៅ​ភូមិ​យើង​វិញហើយ តែ​នេះប្រាំ, ប្រាំ​មួយ​ថ្ងៃហើយ មិន​ដឹង​ជា​យ៉ាង​ម៉េច​ហើយ​ទេ…។ អង្ករយើង​ក៏​នៅ​​មិន​ច្រើន​ប៉ុន្មាន​ ខ្ញុំបាន​​ហូប​បាយ​គេ​ដាំ​ឲ្យសម្រាប់​​អ្នក​ភៀស​ខ្លួន​បាន​ខ្លះ​។ ខ្ញុំ​ចង់​ទៅមើលគោអំពែណាស់​ បន្លែ​បង្កាអី នៅ​ចោល​​ឯ​ផ្ទះ​មិន​ដឹង​យ៉ាង​ណាយ៉ាងណី​​ហើយ​ទេ។»

«អ្នក​សំណាង​ជាង​​ខ្ញុំ នៅ​មាន​ផ្ទះមាន​សត្វ​ធាតុ។ ខ្ញុំឯណេះ ​​ផ្ទះ​នៅ​បន្ទាយ​អម្ពិលត្រូវ​​គ្រាប់​ផ្លោង​ឆេះ​អស់​ហើយ មក​​សំរោង​នេះដើម្បី​តែ​ម៉ា​រស់​ទេ។ គ្មាន​សល់​អីទេ ខ្វះ​សព្វ​ខ្វះ​គ្រប់​… ណា​ទឹក… ណា​ខោអាវ… អង្ករត្រីសាច់… ។ ដល់​ម៉ោង​ពេល​ ទៅ​បាយ​រួម​ទៅ។ គ្មាន​ឆ្នាំង​គ្មាន​​ចាន​ជាប់​មក​អីទេ។»​

«ខ្ញុំ​ឮ​គេ​និយាយថា នៅស្រុក​ថៃជិត​ដល់​ពេល​បោះ​ឆ្នោត​ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋា​ភិ​បាល​គេ​​ ខំប្រឹង​ធ្វើយ៉ាង​ណា​ឲ្យ​ប្រជា​ជន​គាំទ្រ​ ដើម្បី​បាន​កេង​​ចំណេញ​នយោបាយ។»

«បើ​ដូច្នេះ​មែន យើង​ចាំ​តែ​រងគ្រាប់… ជីវិត​យើង​ចាំ​តែ​រងគ្រាប់​គ្រប់ពេល ទម្រាំ​ដល់​ពេល​ថៃ​បោះ​ឆ្នោត​ឬ?»​

ឮនិយាយ​គ្នា​អ៊ូៗ​ លោកយាយ​ម្នាក់លូក​មាត់ដែរ។ គាត់​និយាយ​មួយៗ ដូច​ជា​អស់​សង្ឃឹម​ផង។

«ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​មុន​សម័យ​អាពត និងសម័យ​អាពតទៀត ជីវិត​ខ្ញុំ​ជួប​សង្គ្រាមឆ្អែត​ឆ្អន់​ហើយ។ សង្រ្គាម​បាន​បង្ក​ការ​លំបាក​ច្រើនណាស់។ ខ្ញុំ​អស់​កូន​ អស់ប្តី​​ហើយ នៅតែ​ជាមួយ​ចៅស្រី​ពីរនាក់​ម៉ង់ៗ… ខ្ញុំ​មិន​ចង់​ឲ្យ​សង្រ្គាម​ កើត​ឡើង​ជាថ្មីទេ។»

«យាយអើយ! អ្នក​រស់​នៅ​​ទល់​ដែន​ដូច​យើង ប្រឈម​មុខ​នឹង​សង្រ្គាម​គ្រប់​ពេលហ្នឹង​… ធ្វើម៉េចហ្នក់!»

«តែ​ខ្ញុំចេះ​​តែ​ខ្លាច​សំឡេង​កាំ​ភ្លើង​!»

[ គ្រាំង… គ្រាំង…] ជា​ច្រើន​គ្រាប់​ជាប់​គ្នា…

លោក​យាយ​ថ្លែងមិន​បាន​ចប់​ផង គ្រាប់​ផ្លោងមកដល់… មនុស្ស​រត់​ចែក​ជើង​គ្នា​ព្រាត​… សំឡេង​យំ​ស្រែកទ្រហឹង… កូន​ក្មេងតូច​ៗ​ស្រែក​ហៅរក​ម៉ែ… ម៉ែ​បាត់​កូន… ម្នាក់ៗ​រត់មិន​ដឹង​ទិស​តំបន់…

សៀមហ៊ាន​ផ្លោង​មក​ដល់​សំរោង​ និង​​ផ្តាច់​ភ្លើងដែល​ត​ចេញ​ពី​ប្រទេស​វា​ចូល​ខេត្ត​ឧត្តរ​មាន​ជ័យទៀត​។ ពេល​នេះ សៀម​​ចេញ​វិធានការក្តៅ​ដាក់​ខ្មែរ​ទៀត​ហើយ។ សៀម​ប្រុង​ធ្វើ​យ៉ាង​ម៉េច​បាន​ជា​ផ្លោង​​មក​ជន​ស៊ី​វិល​ដែល​នៅ​ចម្ងាយ​រាប់​គីឡូ…

ភ្លាម​នោះ ខ្ញុំ​ត្រូវទទួល​បញ្ជាពី​​មេ​បញ្ជា​ការ​ឲ្យ​ត្រឡប់​ទៅ​កាន់​កន្លែងត្រៀម​​ជា​បន្ទាន់​​។ នៅ​​ស្តាំ​​ដៃ​ខ្ញុំ ស្ត្រី​ម្នាក់​កំពុង​តែ​អង្រួន​សព​យុវជន​ម្នាក់…។ ខ្ញុំ​ដូច​ជា​ស្រដៀងៗ​មុខ​គេ។ ​គេ​ប្រឡាក់​ឈាម​ស្រោច​ខ្លួន។

«អាដាង​កូន! កូន​មកធ្វើ​អី? ម៉ែ​ខំ​តែ​អរជួស​កូន​ថា នៅអំពេញ​​ស្រួល​ហើយ ហេតុម៉េច​កូន​មក​ទីនេះ? កូន​នៅក្រុង​ស្រួល​ហើយ មិន​បាច់​ខ្វល់​ពី​រត់​គេច​គ្រាប់​ផ្លោង… លោក​អើយ! ឈាម​…​ អាដាង​កូន​ហូរ​ឈាម​ច្រើនណាស់…»

«ម៉ែ! កូន​មិន​អាច​ភ្លេច​ស្រុក​យើង​បាន​ទេ។ កូន​មិន​ចង់​បាត់​បង់​ម៉ែ​និង​ប្អូន​ៗទៀតទេ។ ពុក​ស្លាប់​យ៉ាង​អណោធ​អធ័មទៅហើយ… »

ខ្ញុំ​មើល​ទៅ​ឃើញ​ឈាម​ស្រោច​ខ្លួនគេ។ យុវជន​ដែល​ដេក​ត្រាំ​ក្នុង​ថ្លុក​ឈាម​នេះ គឺ​ជា​មនុស្ស​តែម្នាក់​ដែល​សុំ​ដោយសារ​ឡាន​ទាហាន​កាលពីបីថ្ងៃមុន។ ខ្ញុំ​មិន​អាច​នៅ​យូរ​បាន​ទេ ព្រោះ​​ប្រញាប់​ចេញ​ទៅ​មូលដ្ឋាន​ទ័ព​ជាបន្ទាន់។ សំឡេង​យំ​សោក​របស់​មីង​ដួន​រសាត់​ឆ្ងាយ​ទៅ​ៗ…

«អាដាង​កូន! កូន​​តាម​រក​ម៉ែ​… និងប្អូន​មក​ដល់​សំរោងហើយ… ​នៅ​ស្លាប់​ទៀត។ ជីវិត​យើង​​ប្រហែល​មាន​តម្លៃ​ត្រឹម​តែ​រង់​ចាំ​រង​គ្រាប់​ផ្លោង​ទេ​មើល​ទៅ»៕

រសៀល ២៨ ព្រហស្បតិ៍ ២០១១

ចប់ម៉ោង៦ល្ងាច

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s