«ឧត្ដម​ដួង​ចិត្ត»

រឿង ឧត្ដម​ដួង​ចិត្ត

ម៉ោង​រៀន​កួរ​ចុង​ក្រោយ​ ដើម្បី​ត្រៀមចូល​​ប្រឡង​សកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល​ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទាល់តែ​សោះ​។ រៀន​ក៏​រៀន​មិន​ចូល​ដែរ នាំតែ​ខាតលុយ​ឥតអំពើ​ទេ បើ​វា​ប្រុង​ល្ងង់​មិន​មែន ​ខាន​រៀន​មួយថ្ងៃ​ល្ងង់​នោះទេ…។ ខ្ញុំ​ក៏​សម្រេចចិត្ត​អត់​ចូល​រៀន ហើយ​ដើរ​ចូល​ទៅក្នុង​​សាលា​បឋម​សិក្សា​ ដើម្បី​បាន​មើល​ក្មេង​ៗ​លេង​ឱ្យ​ស្រស់​ថ្លា​ក្នុង​អារម្មណ៍​បន្តិច និង​រលឹក​នឹក​ដល់​ម្ចាស់​សម្តី​​«ស្រី​តូច» ​ដែល​គេ​នឹង​ឃ្លាត​ពី​រូប​ខ្ញុំ ​ខានពោល​ពាក្យ ​«ស្រី​តូច» ​ទៀត​ហើយ…

ខ្ញុំ​ដើរ​ចូល​បានបន្តិច​ទាំង​អារម្មណ៍​ញញើត​ញញើម​ ព្រោះ​ខ្លួន​រៀន​ផុត​វិទ្យាល័យ​ទៅហើយ​។ ស្នូរ​ជួង​ចេញ​លេង​បាន​បន្លឺ​​ឡើង​ម៉ឺងៗៗ… កូន​សិស្ស​តូចៗ​គួរ​ឱ្យ​ស្រឡាញ់​បាន​នាំគ្នា​រត់​ចេញ ​យ៉ាង​ប្រសាច​ប្រកប​ដោយ​សំឡេង​អ៊ូអរ​ជា​ខ្លាំង​តាម​វិស័យ​នៃ​កូន​ក្មេង​… សិស្ស​ប្រុស​ខ្លះ​ ចាប់ដៃ​គូ​គ្នា​លេង​បាល់​ទាត់​លេង​សី ឯ​សិស្ស​ស្រី​មួយ​​ចំនួន​លេង​លោត​អន្ទាក់​កៅស៊ូ ខ្លះទៀត​លេង​ដេញចាប់។ មាន​កុមារី​បី​នាក់​ប្រមាណ​​ជា​អាយុ​៨ ទៅ១០ឆ្នាំ មាន​​រាងស្គម​ស្តើង ​បាន​បណ្តើរ​គ្នា​មក​ជិត​បង់​អង្គុយ​របស់​ខ្ញុំ​ ហើយ​ប៉ាវសីងស៊ុង បន្ទាប់​មក​លេង​ល្បែង​ម្យ៉ាង​។​ ​មុន​ដំបូង ខ្ញុំ​ឆ្ងល់​ដែរ ​ ដល់​តាម​ដាន​យូរ​បន្តិច​​ទៅ​ ទើប​ដឹង​ ដោយ​ឃើញ​​កុមារី​រាង​ស្តើង​ជាង​គេ​ធ្វើមាត់​ ហើយ​បញ្ចេញ​សំឡេង​អ៊ូរៗ… ឡើង​ទើប​ខ្ញុំដឹង​ច្បាស់​​ថា​នាង​តូច​ទាំង​បី​នេះ​លេង​អ៊ូរ​​ទេតើ!… មើលណ៎ នាង​ត្រូវ​ពីរនាក់​ទៀត​ចាប់​ជាប់​ហើយ… ប្រឹងៗៗ… ដាច់​សំឡេង​​បាត់! ខ្ញុំ​ខំតែ​ប្រឹង​ជំនួសនាង​… ទីបំផុត​នាង​តូច​នោះ​ត្រូវ​ចាំទី​ម្តង​ទៀត។

ខ្ញុំ​ចោល​ភ្នែក​ទៅ​ឆ្ងាយ​បន្តិច ​ឃើ​ញ​កុមារី​ម្នាក់​ទៀត ​កំពុង​យំ​ដោយ​ជំពប់​ជើង​ដួល​លើ​ផ្ទៃ​ស៊ីម៉ង់ត៍ ហើយ​ត្រូវ​បាន​កុមារា​ជំទង់ម្នាក់ ​ជួយ​លើក​ហើយ​លួង​លោម​ឱ្យ​បាត់​យំ… ហ៊ឺ! កូន​ក្មេង​តូចៗ​​ទាំង​នេះ​ ខ្លះ​​ក៏សប្បាយសើច​ក្អាក​ក្អាយទៅ​ ខ្លះទៀត​ក៏យំ… ពិតជា​លំបាក​មែន!​ តើមាន​អ្នក​ណា​ខ្លះ​គិត​ដូច​ខ្ញុំទៅណ៎? គិត​ទៅ​ ទោះបី​ជា​ខ្ញុំ​ចង់​ត្រឡប់​​ទៅជា​កូន​ក្មេង​វិញ​ក៏​ត្រូវយំដែរ… ពី​មុន​ ខ្ញុំ​គិត​ថា​ចង់​ក្លាយ​ជា​កូន​ក្មេង​វិញ​ ក្មេងតូច​មិន​ទាន់​មាន​ស្នេហា ពិត​​ជា​ជីវិត​មួ​យ​ស្រស់​បំព្រង​ជាង មិន​ចាំ​បាច់​យំ​កើត​ទុក្ខ​ស្មុគស្មាញ​ច្រើន។ ​ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា​ ស្នេហា​ធ្វើ​ឱ្យ​ខ្ញុំឈឺ​ចាប់​បែប​នេះ​សោះ! ខ្ញុំ​ប្រលូក​នឹងស្នេហា ​ដោយ​ឥត​ដឹង​ខ្លួន​រហូត​មក​ដល់​តំណាក់​កាល ​ដែល​ខ្ញុំ​ត្រូវ​ឈឺចាប់គ្រាំ​គ្រា​ខូច​ចិត្ត​ម្នាក់ឯង។

ឧត្តម​ ជាមនុស្ស​សុភាព​រាបសាណាស់​ ជា​បុរស​ទីមួយ ​ដែល​បេះ​ដូង​​ខ្ញុំ​ទទួល​ស្គាល់​ជាដំបូង​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ!​ ទង្វើ​ល្អ​របស់​ឧត្តម​ចំពោះ​រូប​ខ្ញុំ​ ធ្វើ​ឱ្យខ្ញុំ​មិន​អាច​កាត់​ចិត្ត​បំភ្លេច​រូប​គេ​ពី​កែវ​ភ្នែក​ដ៏ទន់​​ជ្រាយ​របស់​ខ្ញុំ​មិន​បាន! កាល​ណា​និយាយ​ពី​ពាក្យ​ថា​ «ឃ្លាត…» ខ្ញុំ​ត្រូវ​ហូរ​ទឹក​ភ្នែក​រាល់​ដង… ពេល​នេះ​កែវ​ភ្នែក​ទាំងគូ​របស់ខ្ញុំ​ រលីង​រលោង​ទៀត​​ហើយ​ពេល​ដែល​រំលឹក​ពី​រូប​គេ​ម្តងៗ…

ស្នូរ​ជួង​បាន​រោទិ៍​ឡើង​កាត់​ផ្តាច់​អារម្មណ៍​រវើរវាយ​របស់​ខ្ញុំ​ សិស្ស​តូចៗ​រត់​ស្រ ​ចូល​ថ្នាក់​រៀន​វិញ​ បន្សល់​ទុក​តែ​រូប​ខ្ញុំ​ឱ្យ​នៅ​ឯកា​ម្នាក់​ឯង ​ក្រោម​ដើម​ចន្ទគិរី​ដ៏​ធំ​បែក​មែក​សាខា…

នោះណ៎!  មិន​កម្សត់​ម្នាក់​ឯង​ទេ ក្មេង​ស្រី​ស្លៀក​សំពត់​ខ្លី​លើ​ជង្គង់​ម្នាក់​កំពុង​ដើរ​តម្រង់​មក​រក​ខ្ញុំ​ហើយតើ!… នាងតូចថែម​ទាំង​ញញឹម​តិច​មក​កាន់​ខ្ញុំ​ទៀត​ផង។ មិនទុក​ពេល​វេលា​រំលង​​ ខ្ញុំ​ក៏​បញ្ចេញ​ផ្កា​ញញឹម​តប​ទៅនាង​វិញ។ នាងតូច​ហាក់​ដូច​ជា​អៀន​បន្តិច ​តែ​ខ្ញុំ​យល់​ថា​ នាង​ប្រុង​ដើរ​ចេញ​ក៏​បក់​ដៃ​ឱ្យ​ចូល​មក​ជិត​។ ក្មេង​តូច​ញញឹម​ជាថ្មី តែ​មិន​ចេញ​ធ្មេញ។ ខ្ញុំ​ក៏​ចាប់​ផ្តើម​សន្ទនា។

«អូន! រៀន​ថា្នក់ទីម៉ាន?»

«ទី១! បន្ទប់លេខ​៣នោះណ៎!» នាង​ឆ្លើយ ​ហើយ​ចង្អុរ​ទៅ​បន្ទប់​លេខបី ​ដែល​មាន​ក្មេង​ដទៃកំពុង​តែ​រើស​សំរាម​ បោស​សម្អាត​​មុខ​ថា្នក់ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ គឺ​ក្មេងតូ​ច​ញញឹម​យ៉ាង​ស្រស់​នេះ បាត់​ធ្មេញ​មុខ​ពីរ​ តែ​នាង​និយាយ​យ៉ាង​ពីរោះ​តាម​វិស័យ​ក្មេងស្រី​ដ៏​គួរ​ឱ្យ​ស្រឡាញ់។ ខ្ញុំ​ចង់​និយាយ​សួរ​នាំ​នាង​ឱ្យ​បាន​ច្រើន​បន្តិច​ ព្រោះ​មិន​ចង់​នៅ​ស្ងាត់​ម្នាក់ឯង។

«អូន​រៀន​ដល់​ណាហើយ?»

«ដល់ស្រៈ អេះ»

«អូន​សរសេរម៉េចទៅ?»

«ដាក់​ស្រៈ អេ ហើយ ដាក់ពងមាន់ពីរទៅ!» នាងនិយាយ​ហើយ​ ខ្ញុំ​ក៏​សើច​ដោយ​អត់​ទ្រាំមិនបាន នាង​តូច​ក៏​សើចដែរ។ ខ្ញុំ​ទប់​សំណើច​បន្តិច​ហើយសួរបន្ត។

«ផ្ទះអូននៅ​ណា?»

«នៅនោះ!» នាង​យក​ម្រាម​ដៃ​ចង្អុរ​យ៉ាង​តូច​ ចង្អុរ​ទៅ​ខាង​កើត​សាលា។

«អូន​នៅ​ជិត​សាលាដែរតើណ៎!»

នាងនៅ​ស្ងៀម​រាងអឹម​អៀន  ខ្ញុំ​សួរ​តទៀត​៖

«អូន​មាន​បងប្អូន​ម៉ាននាក់?»

«ពីរនាក់​ ខ្ញុំ​តូច​ជាង​គេ!» នាង​ដាក់​សំនៀង​គួរ​ឱ្យ​ចូលចិត្ត​​យ៉ាង​ពីរោះមែន​ទែន ខ្ញុំ​ក៏​សើច​ទៀត ព្រោះ​មិន​ដែល​បាន​ស្តាប់​ការ​​និយាយ​សន្ទនា​ជាមួយ​ក្មេង​តូច​ដ៏​គួរ​ឱ្យ​ស្រឡាញ់​ដោយ​ផ្ទាល់​ដូច្នេះ​ទេ។ ខ្ញុំ​សើច​​តិចហើយ​យក​ដៃ​អង្អែល​នាង​តូចតិចៗ។

«បងស្រី​! ខ្ញុំ​ទៅ​ហាត់​ប្រាណ​វិញ​ហើយណាស់! អ្នកគ្រូ​អូន​មក​ហើយ!»

«ថ្ងៃនេះ ​ម៉ោង​កីឡា​មែនទេ?»

នាង​តូច​បែប​ឆ្ងល់​ ប្រហែល​នាង​មិន​យល់​ពាក្យ​កីឡា​អីនោះ​ហើយ​មើល​ទៅ​ តែ​នាង​ឆ្លើយ​យ៉ាង​ស្រួយថា៖

«ម៉ោង​នេះ​អត់​រៀនទេស៍ អូន​ដើរ​រើស​សំរាមមុខ​ថ្នាក់ បោសសម្អាត និងអូន​ហាត់​ប្រាណជាមួយ​អ្នកគ្រូ!»

«អូ! អ៊ីចឹងអូន​ទៅចុះណា កុំ​ឱ្យ​អ្នក​គ្រូ​អូន​ចាំណា»

«ចាស៎! ជម្រាបលាបងស្រី!»

«ចាស៎! អូនទៅចុះណា!»

ការ​សន្ទនា​ជាមួយ​នឹង​នាង​តូច​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​នេះ​ ធ្វើ​អារម្មណ៍​ខ្ញុំ​បាន​ធូរស្រាល​ពី​ទុក្ខ​បាន​ខ្លះដែរ។ ស្តាយ​ដែរ ដែល​ពុំ​បាន​សួ​រឈ្មោះនាងតូច តែ​មិន​អី​ទេ ​ចាំ​នាង​ហាត់​ប្រាណ​ហើយក៏​បាន​។

ពេលកំពុង​មើល​កុមារកុមារី​លើក​ដៃគ្រវី​ចុះ​ឡើង យូរបន្តិច​ឮអ្នកគ្រូ​ថា : «គ្រវីទៅមុខម្តង!» ពួកគេក៏​គ្រវី​ដៃ​ទៅ​មុខ​​ស្រុះ​ៗ​គ្នា។ ខ្ញុំ​ដក​ភ្នែក​ មក​ផ្ចង់​អាន​សៀវភៅ​វិញ​ តែហាក់​ដូច​ជា​មិន​មាន​អារម្មណ៍​នឹង​អាន​​ទាល់តែ​សោះ។ ពេល​​ដែល​ដាក់​ភ្នែក​ចាប់​ផ្តើម​អាន​​ពេលណា​ ចេះ​តែ​ស្រមៃដល់​អនុស្សាវរីយ៍ ដែលបាន​សាង​ឡើង​ជាមួយ​ឧត្តម​ជា​និច្ច! តាំងពី​ចូល​រៀន​អនុវិទ្យាល័យ​មក​ ខ្ញុំ​ចាប់​ផ្តើម​​ស្គាល់​ឧត្តម​ តែ​ស្គាល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​ ព្រោះ​ឈ្មោះគេ​ពីរោះ ហើយ​មានន័យ។ មិនដឹង​ថា​ ប៉ាម៉ាក់ ​ឬជីតា​របស់​គេដាក់​ឱ្យ​នោះ​ទេ​​។ ពីរោះណាស់! ឧត្តម ​ប្រែ​ថា ខ្ពង់​ខ្ពស់ ល្អ ប្រសើរ… គេជាបុរស​មិនសូវ​ចេះ​ស្តី​ច្រើន​នោះទេ ជាបុរស​កំណាញ់​សម្តី​ជា​ទី​បំផុត​។ រៀន​ជាមួយ​គេ​បី​ឆ្នាំ ​រហូត​ដល់​ថ្នាក់​ទី៩ មិន​មាន​មាត់​រក​ខ្ញុំ​មួយ​ម៉ាត់សោះ សូម្បីតែ​នារី​ឯទៀត​ក្នុង​ថ្នាក់​ក៏​ដោយ។ បើ​មិត្ត​ប្រុស​ឯទៀត​នោះ​ក៏មិន​សូវ​ជា​និយាយ​រក​ប៉ុន្មាន​ដែរ។

ខ្ញុំ​តែ​ង​តែ​សង្កេត​ឃើញ​គេ​អាន​សៀវភៅ​ជា​ប្រចាំ​ មិនដឹង​សៀវភៅ​ស្អី​គេ​ខ្លះ​ទេ ។ពេល​ខ្លះ​សៀវភៅ​ឯកសារ​ ខ្ញុំ​មិន​ដឹងច្បាស់​ថា សៀវភៅ​ទាក់​ទង​នឹង​កម្មវិធីសិក្សា​ឬ​យ៉ាង​ណា​នោះ​ទេ។ តែ​មាន​ថ្ងៃ​មួយ​ ម៉ោង​​អ្នក​គ្រូ​ភាសា​បារាំង​ គាត់​ដើរ​ទៅ​ជិត​តុ​របស់គេ​ ហើយ​ទាញ​សៀវភៅ​ ដែល​គេ​កំពុង​ទ្រាប់បាំងក្រដាស​អាន រួច​ស្តី​ឱ្យ​​គេ​ទៀត​ថា «ម៉ោង​រៀន​ភាសា​ មិនមែន​ប្រលោមលោក! រៀន​អ៊ីចឹងម៉េចចេះ!» ព្រមទាំង​ដក​យក​សៀវភៅ​មក​ទុក​ តែ​គេនៅ​តែ​រក្សាទឹក​មុខ​ស្ងប់​ស្ងៀម​របស់គេ​ដដែល។ គ្រូស្តី​ឱ្យ​ហើយ នៅ​ធ្វើ​ធម្មតាទៀត គួរ​ឱ្យក្នាញ់មែន!

គេ​​ជា​កូន​អ្នក​មាន​ គេទិញ​ប្រលោម​លោក​អាន​រាល់ថ្ងៃ​តែម្តង។​ ល្អ​ហើយ​ដែល​គេជា​កូន​អ្នក​មាន​មួយ​រូប ​ដែល​យក​ប្រាក់​ទៅ​ទិញ​សៀរភៅ​អានយ៉ាងច្រើន​ មិន​ចាយខ្ជះខ្ជាយដូច​កូន​អ្នកមាន​ដទៃទៀត។​

ចំពោះ​ម៉ោង​ភាសា​បារាំង​ គេ​ប្រហែល​ជា​គិត​ថា មិន​ចំជំនាញ​របស់​គេ​ហើយ​​មើល​ទៅ បាន​ជា​គេ​យក​ពេល​ទៅ អាន​ប្រលោម​លោក​ តែ​ខ្ញុំ​ឃើញ​ម៉ោងអក្សរសាស្ត្រខ្មែរ និង​​អង់គ្លេស​វិញ គេ​ខ្នះ​ខ្នែង​សម្បើម​ណាស់! ក្រោយ​មក​បាន​ខ្ញុំ​យល់​ ​ព្រោះ​គេ​មាន​​គោល​ដៅ​ទៅ​បន្ត​ការ​សិក្សា​នៅ​សិង្ហ​បុរី​ ដូច្នេះ​ហើយ​គេ​ត្រូវ​ខំ​ប្រឹង​រៀន​អង់គ្លេស។

ពេល​នោះ​ អ្នក​គ្រូ​យក​ប្រលោម​លោ​ក​នោះ​មក​ដាក់​ផ្កាប់​​ខាង​​ចុង​តុ​របស់ខ្ញុំ​​ ព្រោះ​ខ្ញុំ​អង្គុយ​មុខ​គេជាប់នឹង​តុ​គ្រូ​ស្រាប់។ ខ្ញុំ​រពឹស​​​ដៃ ក៏យក​យក​មើល​ឃើញចំណង​ជើងថា​ ​ «Kizuna សង្សារខ្ញុំ» អ្នកនិពន្ធស៊ូខេមរិន្ទ ។ មាន​ស្នាម​ប៊ិក​សរសេរ​ដោយ​អក្សរ​របស់​​គេផ្ទាល់ថា រកទិញ«ឱ! វាសនា​ខ្ញុំអើយ!»របស់អ្នក​និពន្ធ​ដដែល «អូន​ជា​ទេវី»​របស់​កា​ណែល​ «ព្យុះចិត្តក្រមុំ» របស់អ្នកនិពន្ធ​ប៉ែន-វណ្ណ​ថុន។ កាលនោះ​ ខ្ញុំ​ចាំថា​ ចៃដន្យអី ខ្ញុំ​បាន​អាន​រឿង​ទាំង​បី​ ដែល​ឧត្តម​ត្រូវ​ទិញ​នោះចប់ហើយ។ រឿង​ទាំងនោះ​ តួ​ប្រុស​សុទ្ធ​តែ​មាន​ប្រវត្តិ​​កម្សត់​កំព្រី​កំព្រា…

ពិបាក​យល់​ចិត្ត​មនុស្ស​គេដែរ។ គេ​ជា​កូន​អ្នក​មាន​ធូរ​ធារ មិន​សម​បើ​គេ​នឹង​មក​អាន​​ប្រលោម​លោក​មនោ​សញ្ចេត​នា​​បែប​កម្សត់​កម្រ​ ស្តី​ពី​ជី​វិត​អ្នក​ក្រ​ទៅ​វិញ​​សោះ។ សម​តែ​គេ​ដើរ​ហ៊ឺហា​ឡូយ​ឆាយ​ដូច​យុវវ័យ​ទូទៅ​មួយ​ចំនួន​ តែ​នេះ ​គេ​ប្រហែល​ជា​មិន​បាន​ភ្លក្ស​រសជាតិ​នៃ​សេចក្តី​ក្រី​ក្រ​លំបាកវេទនា​របស់​អ្នក​​ក្រ​ហើយ​មើល​ទៅ​ បាន​ជា​គេ​ខំ​ស្វែង​យល់​តាម​រយៈ​វណ្ណកម្ម​អក្សរ​សិល្ប៍ទៅ​វិញ​។ ចំពោះរូប​ខ្ញុំ គេពិត​ជា​បុរស​ចម្លែក​ពិបាក​​យល់ណាស់​ ​ តែ​ចិត្ត​ខ្ញុំ​កាន់​តែ​ចាប់​អារម្មណ៍ទៅ​លើ​គេ​ខ្លាំងឡើងៗ។​

ដល់ពេល​យើង​ចូល​វិទ្យាល័យ​ យើង​នៅតែ​រៀន​ថ្នាក់​ជុំ​គ្នា​ដដែល។ មិត្ត​រួម​ថ្នាក់​ភាគ​ច្រើ​ន​ដូរ​ចេញ​ជិត​អស់​​ទៅ​ហើយ តែ​ឧត្តម​​មិន​ព្រម​ដូរ​ចេញ​ទៅ​ណា​នឹង​គេ​សោះ។  ខ្ញុំ​ចាំ​ថាថ្ងៃ​មួយ​នោះ​ ឧ​ត្តម​ដើរ​មក​បុក​ស្មា​ខ្ញុំ ​ពេលដែល​ខ្ញុំ​ចេញ​​ពី​ថ្នាក់​ដោយ​ពុំបាន​ប្រយ័ត្ន​។ គេ​ក៏​សូមទោសខ្ញុំ។

«សូមទោស​នែ! អ្នកនាង!»

«អូ! មិនអីទេ! ខ្ញុំ​ក៏​សូម​ទោសដែរ!» ខ្ញុំ​តប។

គេ​និយាយ​តទៀត​ទាំង​អេះអុញបន្តិច។

«អេ! កញ្ញា! អាច…អនុញ្ញាតឱ្យ…​ ខ្ញុំ​បាន​សូម​ស្គាល់​ផងបានទេ?»

«ចាស! មានអី!» អុញមើល​គេ​និយាយ​មក​ខ្ញុំ​ចុះ សម្តី​គេ​សុភាព​ណាស់។ បេះដូង​ខ្ញុំ​ដើរ​ខុស​ធម្មតា​… មិនយល់​សោះ​ហេតុ​អ្វី​ក៏​បែបនេះ? ហេតុអ្វី​ខ្ញុំ​ឆ្លើយ​យល់​ព្រម​ឱ្យ​គេ​ស្គាល់ ឬឃើញរូប​គេ​សង្ហាមែនទេ? ឬក៏​ចង់​និយាយ​រក៍​គេ​ដែរ​? ខ្ញុំ​នេះ ​យ៉ាប់មែន?… *=* អៀនដល់ហើយ!😀  តែ​មិន​គួរ​ឱ្យ​ជឿ​ រៀន​ជាមួយ​បី​បួនឆ្នាំ​មក​ហើយ ​មិន​ទាន់​ស្គាល់​ឈ្មោះ​ខ្ញុំ​ទៀត? គេនិយាយ​កាត់​គំនិត​​ខ្ញុំយ៉ាង​សុភាព តែបែបឡប់ៗ  :D

«អ៊ីចឹងល្អហើយ! អរគុណច្រើន! សូមកញ្ញាកត់​អាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទផង ព្រោះ​ដូច​​ជា​ចៃដន្យ​ពេកហើយ! មើលទៅ​ខ្ញុំ​មាន​និស្ស័យ​​ជាមួយ​កញ្ញា​ខ្លាំងពេ​ក​ហើយ​ ព្រោះ​រៀន​ជាមួយ​គ្នា​តាំង​ពី​​ទី៧ ឆ្នាំ​នេះ​ជួបគ្នាទៀត!»

មើល​តាប៉ិ​ដំនិយាយ​ចុះ ម្តង​កញ្ញា ម្តង​អ្នក​នាង​ច្របូក​ច្របល់​គ្នា​អស់​ហើយ គិតទៅ មនុស្ស​ប្រុសដែល​កំណាញ់​សម្តី​ដល់​បាន​និយាយ​ជា​មួយ​ស្រី​ៗ​​ម្តង​ដូចអាចម៌​​បំណះ​អ៊ីចឹង។ តែ​ខ្ញុំ​ដូច​ជា​គ្មាន​អារម្មណ៍​ប្រកាន់​ខឹង​នឹង​គេ​សោះ ទោះ​បី​​ពីដើម​មក​ ខ្ញុំ​មិន​ចូល​ចិត្ត​ឱ្យ​អ្នក​ណា​គេ​ហៅ​កញ្ញា ឬអ្នកនាង​អី​ក៏​ដោយ។

ចាប់​ពី​ថ្ងៃ​នោះ ​មក​យើង​ចាប់​ផ្តើម​ស្គាល់​គ្នា​តាមរយៈ​សារអេឡិចត្រូនិច​។ មិត្ត​រួម​ថ្នាក់​ មិន​បាន​ដឹង​ថា​សម្ព័ន្ធ​ភាព​​របស់​​យើង​ដល់​ណានោះទេ។ ​ចំណង​មិត្ត​ភាព​របស់​យើង ​ចេះ​តែ​រលូន​ទៅ​មុខ​រហូត​ដល់​គេ​សារ​ភាព​ថា​ គេ​​លួច​ស្រឡាញ់​​ខ្ញុំ!… , Ỏ-ỏ, តើឱ្យ​ខ្ញុំ​ឆ្លើយ​យ៉ាងណាទៅ? បើ​បុរស​សុភាពដូច​សំពត់​ក្នុង​ផ្នត់​សារភាព​នៅ​ចំពោះ​​មុន​ដូច្នោះ​ទៅ​ហើយ?… មិនហ៊ាន​ប្រាប់​ទេ​ អៀន​ដល់ហើយ!! ≤∞≥​,

ក្រោយមក​ខ្ញុំ​លួច​បង្ហើប​សួរ​គេ​ពីរឿង​ ដែល​គេ​មិន​សូវ​និយាយ​រក​អ្នក​ដទៃ ​​ឬ​ស្រី​ៗ! គេ​ប្រាប់​ថា ពេល​កំពុង​រៀន​​មិន​​ចង់​ពាក់​ព័ន្ធ​រឿង​ស្នេហា​ទេ។ ស្រឡាញ់ស្រី​ខ្លី​វិជ្ជា​ ហើយ​​ស្រី​មួយ​ចំនួន​ស្រឡាញ់​ តែ​ពេល​សម្លឹង​ឃើញ​ទ្រព្យ​សម្បតិ្ត​របស់​យើង​នោះទេ ហើយ​ការ​​រាប់​អានមិត្តភក្តិ​មួយ​ចំនួន ​ច្រើន​តែ​គេ​មើល​ឃើ​ញ​ទ្រព្យ​សម្បតិ្ត​របស់យើងដែរ។ មិត្ត​ភាព​​មួយ​ចំនួន​ជាការបោក​ប្រាស់​តែ​ប៉ុណ្ណោះ!

ចំពោះ​ការ​ដែល​គេ​និយាយ​រក​ខ្ញុំ​នេះ​ ព្រោះ​សង្កេត​យូរ​ឆ្នាំ​​មក​ហើយ ​ដោយ​ឃើញ​​ខ្ញុំ​ខិតខំរៀន​សូត្រ មាន​ឥរិយា​មារ​យាទល្អ ទើប​គេ​ដាច់​ចិត្ត​សេពគប់។

ពុទ្ធោអើយ! ខ្ញុំ​ឥត​បាន​​ប្រុង​ប្រយ័ត្ន​អី​បន្តិច​សោះ!

ខ្ញុំ​ចេះ​តែ​គិត ​ចំពោះការ​រាប់​អាន​នោះ​ ខ្ញុំ​ពិត​ជា​សេពគប់​គេ​ដោយ​ស្មោះ​ពិតមែន​។ ឥតមាន​សម្លឹង​មើល​ឃើញ​​ទ្រព្យ​សម្បត្តិ​បុណ្យសក្តិ​របស់​គ្រួសារ​គេ​នោះទេ។

ការ​ណ៍ដែល​គេ​ពោ​ល​ថា មាន​ស្នេហាក្នុង​វ័យ​សិក្សា​ធ្វើឱ្យ​ការ​សិក្សា​ធ្លាក់ចុះ​ មាន​ភាគ​តិចណាស់​ដែល​ទទួល​​បាន​​ជោគ​ជ័យ!​ ឯ​មិត្ត​ភាព​ដ៏​ជ្រាល​ជ្រៅ​របស់​យើង​កំពុង​តែ​ដើរ​លើ​គន្លង​ភាគ​តិច​នេះឯង! ចាប់​តាំង​ពីរាប់​អាន​គ្នា​មក យើង​​កាន់តែ​ខំប្រឹង​រៀន​ខ្លាំង​​ឡើងថែម​ទៀត។

សម្រាប់​ថ្នាក់ទី​១១ ក្រសួង​អប់រំ​មានកម្មវិធី​ឱ្យ​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ព្រះ​បរមរាជ​វាំង និង​សារ​មន្ទីរ​ជាតិ​។ ថ្ងៃនោះ​ ឧត្តម​ឈាម​ច្រមុះ​ជាខ្លាំង​ ខ្ញុំ​យក​ក្រដាស​អនាម័យ​ជូតឱ្យ​គេ ដៃ​ខ្ញុំ​ប្រឡាក់​ឈាម​ក្រហម​ច្រាល​ទាំង​ថ្ងៃ​ក្តៅ​ហែង តែ​ខ្ញុំ​មាន​ស្មារតី​រឹង​មាំ​ណាស់។​ ខ្ញុំ​ចាក់​ទឹក​ឱ្យ​គេ​លប់​មុខ​ គេ​ក៏​ចាក់​ទឹកឱ្យ​ខ្ញុំ​លាង​ដៃ​វិញ​ដែរ។ បន្ទាប់​​មក​យើង​ដើរ​ចូល​ទស្សនា​បន្ត​ទៀត​ ព្រម​ទាំង​បាន​ថត​ផ្តិត​យក​ទិដ្ឋភាព​ល្អស្រស់​ស្អាតទុក​ជា​អនុស្សាវរីយ៍​ជា​មួយ​​គ្នាទៀតផង។ ចប់​ពិធី​ទស្សនកិច្ច​ម៉ោង​ប្រាំ​ល្ងាច​ ឧ​ត្តម​នាំ​ខ្ញុំ​ទៅ​មុខ​ព្រះ​បរម​​រាជ​វាំង ​ដើម្បី​លំហែ​ចិត្ត​មើល​សត្វ​​ព្រាប ដើរ​ក្នុង​សួន​ស្មៅដ៏​ស្រស់​ខៀវ​ខ្ចី។ យើងទិញ​ចំណី​ដាក់ឱ្យ​ព្រាប​ស៊ីជាមួយគ្នា ហើយ​មើល​ទឹក​ទន្លេ ​ដែល​​ហូរ​ខ្មួល​ខ្មាញ់​ត្របាញ់​ដេញគ្នា ​បីដូច​ជា​រលកជីវិត​បោក​ផ្ទប់​ច្រាំង​វាសនា…

ថ្ងៃ​នោះ​ហើយ​ ដែល​យើង​បាន​កសាង​​អនុស្សាវរីយ៍​យ៉ាង​ជ្រាល​ជ្រៅ​ទុក​ក្នុង​ប្រអប់​បេះ​ដូង​ ដែលនាំ​​យើង​កាន់​តែ​យល់​​ចិត្ត​គ្នា​ច្បាស់​ទ្វេឡើង។ គ្រា​នោះ​​ ឧត្តម​បាន​ប្រាប់​ខ្ញុំ​ថា​ ចង់​បាន​ភរិ​យា​ដ៏​ល្អ​ម្នាក់ មាន​ចរិយាមារយាទ​សាកសមជា​នារីខ្មែរ ស្លូត​បូតទន់​ភ្លន់​ ស្មោះ​ត្រង់ ស្វាមី​ភក្តី ​ចេះ​យល់​ចិត្ត ​ពូកែ​ហើយ​ឆ្លាត​ មិន​​ទន់​ជ្រាយ រឹង​មាំ តែមិន​រឹងរុះ ​ពិសេស​ចេះ​វិជ្ជា​ពេទ្យ​ គ្រាន់​​ជួយ​ព្យាបាល​គេ​ ព្រោះគេឧស្សាហ៍​ឈឺ​ច្រើន​ណាស់។

ការ​សិក្សា​ប្រព្រឹត្ត​ទៅ ​យ៉ាង​រលូន​ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចូល​ដល់​ឆ្នាំ​សិក្សា​ថ្មី​ ប្រកប​ដោយ​ជោគ​ជ័យ​ និង​បាន​​សន្សំ​សាង​អនុ​ស្សាវ​រីយ៍​​មនោ​សញ្ចេតនាជា​ច្រើន​លាក់​ទុក​ក្នុង​ដើម​ទ្រូងរបស់​​យើង​ទាំងពីរនាក់។ ការ​ប្រឡង​មធ្យម​​សិក្សា​សញ្ញា​​បត្រ​ទុតិយភូមិ​បាន​បញ្ចប់​ចេញ​លទ្ធផល​រួលរាល់​ហើយ។

សេចក្តី​ខំប្រឹង​ប្រែង​របស់​យើង​ ពិត​ជា​​មិន​អត់​ប្រយោជន៍​​នោះ​ទេ គឺ​យើងជាប់​បាន​និទ្ទេស​ល្អទៀតផង។ តែ​ដោយ​សារ​​លទ្ធផល​នេះ​ បាន​នាំ​យក​ឧត្តម​ឱ្យ​ឃ្លាត​​ចាក​ឆ្ងាយ​ពី​រូប​ខ្ញុំ​។ ឧត្តមប្រាប់​ខ្ញុំទាំង​ក្តី​ស្តាយ​ស្រណោះ​ ដោយ​ត្រូវ​ទៅ​​បន្ត​ការ​សិក្សា​នៅ​សិង្ហបុរី​​ផ្នែក​សេដ្ឋ​កិច្ច​ពាណិជ្ជកម្ម​ព្រោះ​ត្រូវ​ស្នង​តំណែងជាម្ចាស់​ក្រុមហ៊ុន​ពីលោក​​ប៉ារបស់​គេ ប៉ុន្តែ​ដំណឹង​​ដែល​រន្ធត់ទៀត​​នោះ គឺ​ឧត្តម​​ត្រូវ​ប៉ាម៉ាក់​​បង្ខំ​ឱ្យ​ភ្ជាប់​ពាក្យ​រៀប​ការ​ជាមួយ​នឹង​បង​ប្អូន​ជី​ដូន​មួយ​ខាង​ម្តាយ​របស់​គេ…

ពេលនេះ ខ្ញុំគ្មាន​អី​ក្រៅ​ពីគេង​បង្ហូរ​ទឹក​ភ្នែក​​រីង​រៃ​ម្នាក់​ឯង​នោះទេ… ហើយ​ពេល​ដូច្នេះ​ហើយ អ្នក​ម៉ាក់​ខ្ញុំ​ក៏​បង្ហើប​សួរ​ចិត្ត​ខ្ញុំ​ទៀត​​ថា មាន​គេ​ចងចូល​ស្តី​ដណ្តឹង​ខ្ញុំទៅ​ទៀត…​ តែ​ខ្ញុំ​បដិសេធ មិន​ព្រម…​ មិន​ព្រម​​ជាដាច់​ខាត​! ខ្ញុំ​ស្ម័គ្រ​តែ​បង​ឧត្តម​តែ​ម្នាក់​​ប៉ុណ្ណោះ! ម៉ាក់ខ្ញុំ​មិន​ហ៊ាន​បង្ខំ​ចិត្តខ្ញុំ​ដូច​យាយ​ម្តាយ​ទាវ​ និង​យាយ​នួន​​នោះ​ទេ​​ ព្រោះ​មាន​សោក​នាដ​កម្ម​នៃមរណភាព​របស់​នាង​ទាវ​ និង​វិធារី​បាន​ឆ្លុះ​បង្ហាញ​យ៉ាងច្បាស់រួច​មក​ហើយ!

ម្តង​នេះ​ ខ្ញុំ​ចាប់​ផ្តើម​ជឿ​សម្តី​គេហើយថា ស្នេហានៅ​អនុវិទ្យាល័យ និងវិទ្យាល័យ​កម្រនឹង​បាន​គ្នាជា​គូ​អនាគត​​ណាស់… មែន! យើង​ខំប្រឹង​តស៊ូ​ជាមួយ​គ្នា ​​ប្រាំមួយឆ្នាំ​មកហើយ​ តាំងពី​អនុវិទ្យាល័យ! យើង​រាប់​អាន​គ្នា​​ មិន​ដែល​ឱ្យ​មានជ្រុលជ្រួស​ខុស​ឆ្គង​ពី​គន្លង​ប្រពៃ​ណី​ម្តង​ណាឡើយ សូម្បី​តែ​ថើបដៃ​ក៏​ដោយ យ៉ាងហោច​ណាស់​បាន​ត្រឹម​ថើប​តាម​ អែសស្អឹម​អែស (SMS) ឬ​តាម​អ៊ីមែល ​(E-mail) តែប៉ុណ្ណោះ តែនិយាយ​តាម​ត្រង់ ​មាន​ពេល​មួយ​ឧ​ត្តម​ធ្លាប់​កាន់ដៃ​ខ្ញុំ​​ដើរ​លេង​លំហែកាយ​ម្តង​ម្តាលប៉ុណ្ណោះ។ ឧត្តម​​ឱ្យ​តម្លៃ​នារី​ខ្លាំងណាស់…

ឥឡូវ!… ឥឡូវក្លាយ​ជា​កា​រ​តស៊ូ​​ឥត​ខ្លឹម​​សារសោះ​ឡើយ! ឱស្នេហាពិត! ស្នេហាយល់ចិត្ត​!  អ្នក​មាន​តែ​ក្នុង​ផ្ទាំង​ប្រលោម​​លោក​​របស់​អ្នកនិពន្ធ​ទេ​ឬ?… ឱ! បន្តិចទៀត​នេះ​នៅ​អាកាសដ្ឋាន​ បក្សី​ស្លាប​​ដែក​ក៏​កំណាច​នឹង​ហោះហើរ​នាំ​យក​​រូប​បង​ឧត្តម​ដួង​ចិត្ត​​របស់​​ខ្ញុំ​ឱ្យ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំហើយ ហើយ​ប្រហែល​ជា​នឹង​ឃ្លាត​ឆ្ងាយ​រហូត​ចាប់ពី​ពេល​នេះ​ទៅ​… ខ្ញុំ​គ្មាន​សេចក្តី​សង្ឃឹម​នឹង​រស់​តទៅ​ទៀត​នោះទេ…

ទឹកភ្នែក​ពីរ​តំណក់យ៉ាងក្តៅ​ស្រក់​ហូរ​រមៀល​លើ​ផែន​ថ្ពាល់ទាំងគូ​របស់​ខ្ញុំ ​​ដែល​ធ្លាប់​តែ​ស្រស់​រលោង​… ខ្ញុំ​មិន​រវី​រវល់​​នឹង​ជូត​ផង! ឱ! ជលនេត្រាអើយ! អ្នក​ហូរ​មក​ចុះ​ ហូរ​ឱ្យ​អស់ពី​ទំហំ​នៃ​ទុក្ខ​របស់​ខ្ញុំផង…

ស្នូរ​ជួង​បញ្ចប់ការ​សិក្សា​បាន​មក​ដល់​ ប្រៀប​បាន​នឹង​រគាំង​ដែក​ដែល​វាយ​ឮ​កង​រំពង​ញាប់​ញ័រ​ដល់​ទ្រូង​ខ្ញុំ​ថា បងឧត្តម​ចាក​ឆ្ងាយហើយ! ឃ្លាតឆ្ងាយហើយ! ចាកចេញ​! ចាកចេញ​ជា​រៀង​រហូត… ម៉ោងប្រាំ​ជា​វេលា​កំណត់​ជើ​ង​ហោះហើរ​របស់​ប​ង​ឧត្តម ​ត្រូវ​ចាក​​ចេញ​ពី​មាតុភូមិ ​និង​ឃ្លាត​ចេញ​ឆ្ងាយ​ពីរូប​ខ្ញុំ។

សិស្សានុសិស្សទាំង​ឡាយ​រត់​មក​ឈរ​តម្រង់ជួរ​គោរពទង់ជាតិ។​ ទោះបី​ខ្លួន​ខ្ញុំ​ពេលនេះ មិន​សូ​វ​មាន​កម្លាំង​ក្នុង​ខ្លួន​​ក៏​ដោយ ក៏ខ្ញុំត្រូវ​ក្រោក​ឈរ ​យ៉ាង​ភ្ញាក់​ស្មារតី ​ដើម្បី​ត្រៀម​​ខ្លួន​គោរព​អត្ត​សញ្ញាណ​ជាតិខ្មែរ។ ខ្ញុំ​ជូត​​ទឹក​ភ្នែក​ឱ្យ​ជ្រះ​ស្អាត​ និងរៀប​ចំ​មុខ​ឱ្យមាំ​ ឈរ​ត្រង់​ខ្លួន​ គោរព​ដោយ​​ផ្ចិតផ្ចង់​ស្មារតី​។ ទង់តំណាង​ជាតិ​ខ្មែរ​​រំកិល​ខ្លួន​បង្ហូត​​ចុះ​ក្រោម​អម​ដោយ​សំឡេង​ក្រុម​កុមារ​មួយ​ក្រុម​ពី​ចុង​ឧគ្ឃោសន​សព្ទ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ជា​ធ្លាប់​ស្តាប់​​សំឡេងមួយ​ក្នុង​ចំណោម​នោះ។ ខ្ញុំ​ក្រលែក​ភ្នែក​ទៅ ប្រភព​សំឡេង​ ឃើញ​កូន​​ក្មេងស្រី​តូច​ម្នាក់​នោះ​ កំពុង​ច្រៀង​​ជាមួយ​ក្រុម​របស់​គេ។ ខ្ញុំ​ក៏​ញញឹម​បន្តិច​ ហើយ​ប្រុង​ប្រៀបឈរ​យ៉ាង​ប្រយ័ត្ន​ ដើម្បី​គោរព​ភ្លេង​ចម្រៀង​ និង​ទង់​ជាតិ​ខ្មែ បន្ត​ទៀត​។ បទ​នរគ​រាជ​​ទាំង​បី​វគ្គ បាន​ចប់​យ៉ាងពី​រោះ​ ចូល​បទ​ពង្សាវតារខ្មែរ​យ៉ាង​ពីរោះគ្រលួច​រណ្តំ​បន្ត​គ្នា​រហូត​​ដល់​ចប់​ទៀត។ លោក​​នាយក​សិក្សាធិការ​ក៏​ប្រកាស​សម្រួល​ឥរិយាបថ​រំសាយ​​ជួរ។​

ខ្ញុំ​ប្រុង​រត់​សំដៅ​ទៅ ក្មេង​តូច​នោះ ដើម្បី​សួរ​ឈ្មោះ​នាង និងជូន​នាង​​ទៅ​ផ្ទះ​ម្តង​ តែ​ត្រូវ​អាក់​ខាន​​ដោយ​មាន​ម្រាម​ដៃ​យ៉ាងមាំ​មក​ខ្ទប់​ភ្នែក​ខ្ញុំ​ពី​ក្រោយ ដោយ​ភ័យ​​ផង ខ្ញុំ​ចាប់​ដៃ​នោះ​គ្រលាស់ដក​ចេញ​ពី ភ្នែក​យ៉ាង​ប្រញាប់​ ហើយ​ងាក​ទៅម្ចាស់​ហត្ថា…

ស្ទើរតែ​ដួល​លើ​ដី​មួយ​រំពេច! មិន​គួរ​ឱ្យ​ជឿ​! គឺ! គឺ! ឧត្តម!  ,-, ឧត្តម​ទាំងសាច់ទាំងឈាម!…

«ដំ!»

«បាទ! ស្រី​តូច​របស់ដំ!»

ខ្ញុំ​អរ​ផង អៀន​ផង ជើង​ស្ទើរ​មិន​ជាប់ដី! សម្តី​ខ្ញុំ​ទាំ​ង​ប៉ុន្មាន​ត្រូវ​គាំង​លែងនិយាយ​ស្តី​រួច​ហើយ។

ឧត្តម​វា​ចា៖

«បង​មិន​ទៅ​ណា​ចោល​ស្រី​តូច​របស់​បងទេ! ដឹងទេ?»

«ស្អប់​​ណាស់!… អូស! ខ្ញុំ​ទៅ រក​ក្មេងតូច​នោះសិន!» ខ្ញុំ​ធ្វើម្ញ៉ិកម្ញ៉ក់ដូច​កូន​ក្មេងអ៊ីចឹង។ ខ្ញុំ​មិន​អា​ច​ទប់​ចិត្ត​មិន​រំភើប​មិន​បាន​ឡើយ ពេល​ជួប​គេ​ពេលនេះ ខ្ញុំ​វង្វេងអស់​ហើយ មិនដឹង​ត្រូវ​ធ្វើ​អ្វី​មុននោះ​ទេ… ប្រុង​រត់​ទៅ​សំដៅ​កូន​ស្រី​តូច​នោះ​ តែ​គេ​ចាប់​ដៃ​ខ្ញុំ​ជាប់៖

«មិនអីទេ! នាងតូច​ដើរ​មក​ឥឡូវ​​ហើយ! បង​ឈរមើលអូន​និយាយនឹង​នាងតូចតាំង​ពី​យូរ​មក​ហើយ!»

«……» ខ្ញុំ​ដូច​មិន​យល់​សោះ!

គេ​​មើល​ភ្នែក​ខ្ញុំ​ ប្រហែល​យល់​ការណ៍​ហើយមើល​ទៅ ក៏ស្តីប្រាប់ខ្ញុំ៖

«នាងឈ្មោះធីតាដូច​អូនអ៊ីចឹង​ដែរ! ធីតាជា​ក្មេង​កំព្រា​ឪពុក​ម្តាយ​ គ្រួសារ​​បង​យក​នាងមក​ចិញ្ចឹម​ណា! ធី​តា​ឆ្លាត​ណាស់! ឆ្លាតដូច​អូន​អ៊ីចឹង! ប៉ាម៉ាក់បង​ស្រឡាញ់​ស្រីតូចនេះ​ណាស់! អូនដឹងទេ! បងក៏​សប្បាយចិត្ត​មិន​តិច​ដែរ​ ព្រោះមាន​ប្អូន​ស្រី​ម្នាក់ទៀត!»

«ខ្ញុំ​អរមែនទែន! ចុះ​អត់ទៅ…»

«អត់ទេ! បង​ប្តូ​រ​សំបុត្រ​យន្ត​​ហោះ ចាំទៅ​ជាមួយ​លោកប៉ានៅ​សប្តាហ៍ក្រោយបន្ទាប់ពី​ភ្ជាប់ពាក្យហើយ!​»

«…??? ថាម៉េច? ភ្ជាប់ពាក្យជាមួយ​ប្អូន​ស្រី​ជីដូន​មួយ​នោះ​មែន​ទេ?»

«ទេស្រីតូច​បណ្តូល​ចិត្តបង! បង​ឯណា​ព្រម​រៀប​ការជាមួយ​នារី​ក្រៅ​ពី​ស្រី​តូច​របស់​បង​នោះហ្អ៎!»

«ចុះ?»

«បងនិយាយកុហក​សាក​អូន​លេង​ទេ! បង​ប្រាប់​ប៉ាម៉ាក់​បង​ឱ្យ​សួរ​ស្តី​ដណ្តឹង​អូន​ពីម៉ាក់​អូន​ តែ​គាត់​ថា​កូន​ស្រី​គាត់​​មិន​ព្រម​ទេ! ស៊ូ​ស្លាប់​ដូច​វិធាវី បើមិន​បានប្រុសស្អាតអីគេ…ឈ្មោះ!…ឧ…»

ខ្ញុំ​ក៏​មួល​ក្បាល​ពោះ​គេ​ភ្លាម​ ព្រោះ​គួរឱ្យ​ក្នាញ់ពេក។

«អូយ! រាង​ហើយ​ស្រីតូច! ទេពធីតាតូច​របស់បង! ឈប់​ហើយព្រះនាងតូច​របស់​ដំ! លែងទៅណា​! សូម​អង្វ​រ​ម្តង​ចុះ… ឈឺ…អូយ…!»

«ឱ្យដឹង​ដៃ​ម្តង! ពូកែ​កុហកគេ! ឱ្យគេយំ!»

«បើ​មិន​ពូកែ​ ​ស្មាន​តែ​បាន​ចិត្ត​អូន​!»

«ស្អប់ណាស់!»

«ស្អប់​ជំពប់លើណា!»

«ឈប់​និយាយ​ហើយ! ទៅ​ពរស្រី​តូច​វិញល្អជាង! មក៍​ធីតាតូច!»

កុំ​ប្រាប់ថា កំពុង​តែ​ញញឹម​ដូច​ខ្ញុំ​ដែរណា!😀  ៕

សរសរចប់​ម៉ោង០១:២៨ ចូលថ្ងៃអង្គារ៍ ១២.០១.១០

កែសម្រួលនិងវាយកុំព្យូទ័រចប់ម៉ោង៤:៤០ចូល​ថ្ងៃសុក្រ ១៤.០១.១០  

12 réflexions sur “«ឧត្ដម​ដួង​ចិត្ត»

  1. កាលពេល​យើង​រៀង​សរសេរ​រឿង​បោក​គ្នា​នោះ​អី..
    ហើយ​ក៏​នឹក​ឃើញ​សរសេរ​រឿង​នេះ..
    ខ្មាស​គេ​ដល់​ហើយ យក​ឈ្មោះ​ធ្វើ​តួ​ឯក​ ហិ..😀

  2. ធ្វើ​ម៉េច​ទៅ បា​នមាន​អារម្មណ៍ ហ្អក់!!!
    ចង់​អាន​រឿង​ថ្មី របស់​មិត្ត​ដល់ហើយ..

  3. ឧត្តមពិតជាពូកែនិពន្ធរឿងមែន បងសូមសរសើរដោយស្មោះ តែបងសូមឲ្យប្អូនសរសេរពាក្យ​ពេចន៍ក្នុងរឿងប្រលោមលោករបស់ប្អូនឲ្យត្រឹមត្រូវបានទេ ? ដូចជាពាក្យថា ម៉ាន​(ប៉ុន្មាន) បង​ដឹង​​ថាប្អូនសរសេរតាមពាក្យនិយាយ ប៉ុន្តែថ្ងៃណាវានឹងអាចខូចខាតដល់ភាសារបស់យើង ។ បងសង្ឃឹមថា ប្អូននឹងក្លាយទៅជាអ្នកនិពន្ធដ៏ល្បីម្នាក់ជាមិនខាន​នៅថ្ងៃអនាគត ។

    • សូម​អរគុណ​បង​ជា​អនេក ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ ដើ​ម្បី​អាន​ស្នាដៃ​របស់​ប្អូន។
      ចំពោះ​យោបល់​របស់​បង​ ប្អូន​សូម​ឯកភាព ហើយ​ក៏​សូម​អរគុណ​ជា​ច្រើន​ផង​ដែរ។ ប្អូន​នឹង​កែ​សម្រួល​ពាក្យ​ពេចន៍​ឡើង​វិញ ក្នុង​ករណី​មាន​ការ​បោះ​ផ្សាយ​ និង​សម្រាប់​ស្នាដៃ​ថ្មី..
      សង្ឃឹម​ថា​បង​នឹង​គាំទ្រ​ប្អូន​ជានិច្ច…

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s