«សង្ឃឹម​ថ្ងៃ​ថ្មី»

រឿង សង្ឃឹម​ថ្ងៃ​ថ្មី

ខ្ញុំ​កំពុង​អង្គុយ​​សម្លឹង​ទៅ​ទី​ធ្លា​សាលា​រៀន ដែលមាន​​​សិស្សា​នុសិស្ស​កំពុង​ចេញ​លេង ខ្លះ​ប្រលែង​គ្នា​លេង​​យ៉ាង​សប្បាយ​រីក​រាយ​ ហាក់​បង្ហាញ​ពី​ការ​យល់​ឃើញ​ចំពោះ​​ជីវិតរបស់​ពួក​គេ​​ពោរ​ពេញ​ដោយ​ភាព​ស្រស់​បំព្រង។ ខុស​ឆ្ងាយ​ពី​ខ្ញុំ​ដែល​កំពុងតែ​គិតវិល​វល់​ រក​ទី​លំនឹង​នៃ​ចិត្ត​មិន​ទាន់​បាន តែ​ប្រហែល​ធ្លាក់​ក្នុង​ភាព​អស់​សង្ឃឹមក្នុង​ជីវិត​​ច្រើន​ជាងមើល​ទៅ…។

«នីរ័ត្ន! អង្គុយ​ស្ង​ប់​ស្ងាត់​ម្នាក់ឯង​អ៊ី​ចឹងធ្វើ​ឱ្យ​ខ្វល់ខ្វាយ​រវើរ​វាយ​​ច្រើន​ណា​! កុំ​គិត​ច្រើន​ពេក!​ ឯង​ក៏​ត្រូវ​ដល់​ពេល​ទៅបើក​ថ្នាំ​​ដែរ! យើង​ជា​អ្នក​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​គេ​ មិន​ត្រូវ​អស់​សង្ឃឹម​នោះ​ទេ! ដឹង​ទេ?»  សំឡេង​មួយ​ដែល​ខ្ញុំ​ស្គាល់​ច្បាស់​និយាយ​មក​កាន់​​ខ្ញុំ ដោយ​​ម្ចាស់​សម្តី​ដើរ​តម្រង់​ចូល​ការិយាល័យ។

«ចា៎! អ្នក​គ្រូ! ខ្ញុំ​យល់​ហើយ!​ មិន​អី​ទេ ដូច​អ្នក​គ្រូឃើញ​ស្រាប់ ខ្ញុំ​រឹង​មាំ​ហើយតើ​! ខ្ញុំ​គ្រាន់​តែ​ចង់​មើល​​ទី​ធ្លា​សាលា​រៀន​នេះ​បន្តិ​ច!» ខ្ញុំ​ឆ្លើយ​នឹង​អ្នក​គ្រូពេទ្យ​។ ​ គាត់​​តែង​តែ​អប់រំណែ​នាំ​ខ្ញុំ​ និងឲ្យ​ចុះ​ទៅ​ណា​មក​ណា​ជា​មួយ​គាត់។ គាត់​ស្រឡាញ់​ខ្ញុំ​ណាស់។

ដូចម្សិល​មិញ​ ខ្ញុំ​ទើប​នឹង​​ចុះទៅ​ពន្យល់ពី​បញ្ហា​មេ​រោគអេដស៍​ និង​ជំងឺ​​អេដស៍​នៅ​តាម​សហ​គម​​ន៍ ព្រម​ទាំង​បាន​ចុះ​មើល​ថែ​ទាំ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ បើ​ក​ថ្នាំ​ពន្យារ​អាយុ​ជូនអ្នក​ផ្ទុកជំងឺ​ឱកាស​និយម​​នេះ​  និង​ លើក​​ទឹក​ចិត្ត​អ្នក​ជំងឺ​ និង​ក្រុម​គ្រួសារ​កុំ​ឱ្យ​អស់​សង្ឃឹម​…

មួយរយៈ​នេះ ខ្ញុំ​មាន​ភាព​រឹង​មាំ​ជាង​មុន​ឆ្ងាយ​ណាស់​ ​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ច្រើន​សម្រាប់​នឹង​បន្ត​ជីវិត​រស់​នៅ​ត​ទៅ​ទៀត ព្រោះ​ខ្ញុំ​សប្បាយ​ចិត្ត​ នៅពេល​ដែល​បាន​ចុះ​ជួយ​អ្នក​ដទៃ។ ខ្ញុំ​រីក​រាយ​នឹង​បំពេញ​កិច្ច​ការ​ជា​ប្រយោជន៍​សម្រាប់​ជីវិត ​ទោះ​ក្នុង​រយៈ​ដ៏​ខ្លី​ក៏​ដោយ។

ពេល​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​​ហាក់​ទើបតែ​មាន​អាយុ​បួន​ប្រាំ​ឆ្នាំ ព្រោះ​ទើប​តែ​បួន​ប្រាំ​ឆ្នាំ​នេះ​​តែ​ប៉ុណ្ណោះ ដែល​ខ្ញុំ​បាន​យល់​ពី​តម្លៃ​នៃ​ជីវិត​របស់​ខ្ញុំ​ពិត​ប្រាកដ… ខ្ញុំ​រស់​នៅចំណាយ​ពេល​វេលា​ជិត​២០​ឆ្នាំ ​ដោយ​ពុំ​បាន​យល់​ពី​តម្លៃ​​នៃ​ជីវិតទាល់​តែ​សោះ​​។ ​ទោះ​បី​ជា ​ពេល​វេលា​បួន​ប្រាំ​ឆ្នាំ​នេះ ​មិន​ច្រើន​ប៉ុន្មាន​ក៏ដោយ​ ក៏​ខ្ញុំ​ពេញ​​ចិត្ត​នឹង​ក្នុង​ការ​រស់​នៅក្នុង​វេលា​ដ៏​ខ្លី​​នេះ​ខ្លាំង​ណាស់​ ដោយ​សារ​ខ្ញុំ​បាន​ធ្វើនូវ​​អំពើ​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ជាតិ​ សម្រាប់​សង្គម​​ ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​មាន​ជីវិត​រស់​នៅ​នៅ​ឡើយ…។

******

            មន្ទីរ​ពេទ្យ​នៅ​ជាប់​នឹង​សាលា​… ខ្ញុំ​កំពុង​តែ​អង្គុយ​សម្លឹង​មើល​ទៅសិស្ស​កំពុង​រៀន​ក្នុង​ថ្នាក់ ជួង​ចេញ​លេង​ក៏​រោ​ទិ៍​ឡើងដាច់​អារម្មណ៍​ជញ្ជឹង​គិត តែ​ទាញចិត្ត​ខ្ញុំ​ឱ្យ​នឹក​ដល់​កាល​ពី​ខ្ញុំ​នៅរៀន​វិទ្យាល័យ​។ ​ព្រឹត្តិ​ការ​ណ៍​​ថ្ងៃ​១៤ កុម្ភៈ ដែលខ្ញុំ​មាន​ការ​​យល់ខុស​ ​ ដោយ​ភ័ន្ត​ច្រឡំយ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ថែម​ទាំង​បាន​ប្រព្រឹត្ត​នូវ​​ទង្វើ​អសកម្មមិន​គប្បី​​ជា​ច្រើន​ ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ជាតិ​ខ្មែរ។ ​ខ្ញុំ​ត្រូវបាន​បាត់​បង់​នូវ​ព្រហ្មចារិនី ព្រោះ​តែ​ដើម្បី​បញ្ជាក់​នូវ​សេចក្តី​ស្រឡាញ់​របស់​ខ្លួន ​ចំពោះ​គូ​សង្សារ ​ដោយ​ពុំ​បាន​​គិត​គូរ​ពិចារណា​ឱ្យ​បាន​វែង​ឆ្ងាយ ។

ខ្ញុំ​ចាំ​ថា​ កាល​នោះ….

«នីរ័ត្នពិត​ជា​មក​តាម​ការ​ណាត់​ពិត​មែន! ពិត​ជា​មនុស្ស​គោរ​ព​សម្តី​មែន​ណ៎!» បុរស​សក្តិ​និយាយ​។

«ចា៎! អរគុណ!…(ស្ងាត់បន្តិច ខ្ញុំ​បន្ត​)ថា​ចង់​មាន​អី​ត្រូវ​និយាយ​នឹង​ខ្ញុំ​មែន​ទេ!… នោះ​​មាន​អី​ដាក់​ក្រោយ​ខ្នង​ហ្នឹង​! ដូច​ជា​លាក់​លៀម​ម៉េះ!»

«រ័ត្ន! ខ្ញុំ​ស្រឡាញ់​រ័ត្ន! ទទួល​ផ្កាកូលាប​នេះ​ទៅ…» គេ​លុត​ជង្គង់​ ជូន​ផ្កាមក​ខ្ញុំ។

«ងើប​ឡើង​មើល៍… លុត​ជង្គង់​អ៊ីចឹង​ អត់​ខ្មាសគេ​ទេ​អី្ហ… ខ្ញុំ​ខ្មាសគេ​ណាស់! ងើប​ឡើង! »

«ទេ! ​បង​មិន​ងើប​ជាដាច់​ខាត… ដរាប​ណា ​រ័ត្ន​មិន​ព្រម​ទទួល​សេចក្តី​ស្នេហា​ដ៏​ស្មោះ​ស្ម័គ្ររបស់​បង… បើ​អូន​ មិន​ព្រម​ទទួល… បង​សុខ​ចិត្ត​លុត​ជង្គង់​នៅ​ទីនេះ​ជារៀង​រហូត…»

«តែ…»

ខ្ញុំ​ហាក់​មាន​អ្វី​ម្យ៉ាង​មក​ទប់​បំពង់​-ក ​មិនអា​ច​​ឲ្យ​បញ្ចេញ​ពាក្យ​បញ្ចប់​ឃ្លា។

នៅ​ម្ខាង​ផ្លូវ​ សំឡេង​បន្លឺ​របស់​សិស្ស​ដទៃ និយាយ​ចំអន់​គ្នា ហើយ​ចង្អុរ​មក​យើង​ទាំង​ពីរ…

«មើល៍​ណ៎​ម៉ាគូ​នោះ​ឡូយណាស់ណ៎… រ៉ូមែន​ទិក​ដល់​ហើយ…» ស្រីម្នាក់លាន់​មាត់។

«អូន​ចាំ​មើល​ស្រី​ម្នាក់​នោះ​មិន​ធ្វើ​ឲ្យ​បុរស​នោះ​ខក​ចិត្ត​ឡើយ… ដូច​អូន​និង​បង​អ៊ីចឹង…​ហិះ​ហិះ​។​»​ប្រុសជាសង្សារ​និយាយ​ដោយ​សើចយ៉ាងរីករាយ។

«បង​ឯង​កាន់​ជើង​គ្នា… »

«មាន​កាន់​ជើង​ណា! បើ​កាន់ ​គេ​ដើរ​ម៉េច​បាន! »

«ខូច​ដូច​តែ​គ្នាហ្នឹង!»

«អី​ថាបងខូច​! បើ​មិន​មុខ​ក្រាស់​ ម៉េះ​អូន​ឯង​ព្រម​ស្រឡាញ់…»

«នេះ​នែ…» សំឡេង​គក់​តប់។

បុរស​នោះ​ក៏​ចេះ​តែ​ស្រែក​ អូយ ឈឺៗ… តែ​ពួក​គេសប្បាយ​​រីក​រាយ​នឹងគ្នាខ្លាំង​​ណាស់។

ខ្ញុំ​ចាប់​ផ្ដើម​ភ្ញាក់​ជា​ថ្មី​នឹង​សម្តី​ផ្អែម​របស់​សកិ្ដ។

«បង​ស្រឡាញ់​អូន​មែន​ណា! នៅ​មិន​យល់​ចិត្ត​បង​ទៀត​មែន​ទេ?»

ខ្ញុំ​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ មិន​ដឹង​គិត​ត្រូវ​ធ្វើ​យ៉ាងណា​ទើប​ស​ម។ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​គេ​បន្តិច​ និង​មាន​​មោទន​ភាព​​ខ្លួន​បន្តិច​ដែរ ដែល​ជាស្រី​ស្អាត​ត្រូវ​បុរសសង្ហា​​លុត​ជង្គង់​សារ​ភាព​ស្នេហ៍​ចំពោះ​មុខ​មហា​ជន​។ ខ្ញុំ​ដាច់​ចិត្ត​ឆ្លើយ​ទាំង​រំភើប៖

«បាន​ហើយ​ងើប​មក… ខ្មាស​គេ​ណាស់… គេ​មើល​មក​យើង​គ្រប់​គ្នាណ៎… ឃើញ​ទេ!»

«មិន​ងើប​ទេ… បើ​អូន​មិន​ឆ្លើយ​ថា​ស្រឡាញ់បង​នោះ!»

«បាន​ទៅ! រ័ត្ន​ក៏​ស្រឡាញ់​បង​សក្តិដែរ​!»

«កំពូល​ដួង​ចិត្ត​បង… តែ​ប៉ុណ្ណេះ​បង​អស់​ចិត្ត​ហើយ នេះ​ទទួល​ផ្កា​នេះ​ទៅ! ទោះ​បី​វា​តូច​ និង​តិច​តួច​ក៏​ពិត​មែន តែ​សូម​អូន​ទុកវា គ្រាន់​ជា​តំណាង​ដួង​ចិត្ត​ដែល​ស្រឡាញ់… ដែល​បង​មាន​ចំពោះ​អូន​សិន​ចុះ​… (ស្ងាត់បន្តិចគេអើត​​មើល​ឆ្វេង​ស្តាំ​) តោះ​យើង​ជិះ​ម៉ូតូ​ដើរ​លេង​នឹង​គេ!​ ល្អ​ទេ!… ថ្ងៃ​នេះ​គ្មាន​នរណា​រៀន​នោះទេ​…»

ពេល​នោះ ខ្ញុំ​ព្រម​តាម​សំណើ​របស់​សក្ដិទាំង​អស់…

******

ស្អែក​ឡើង…

សំឡេង​ជួងសម្រាក អ្នក​គ្រូ​ឈប់​បង្រៀន ហើយ​អនុញ្ញាតិ​ឱ្យ​ចេញលេង សិស្សា​នុ​សិស្ស​​ដើរ​ចេញ​ពី​ថ្នាក់យ៉ាង​រួស​រាន់តម្រង់​តូប​លក់​អាហារ…

«អារ័ត្ន!​ អត់​ចេញ​លេង​ទេហ្អី! ​តោះ​ទៅ​ញ៉ាំ​អី​ជា​មួយ​គ្នាហ្អេះ?​​»

«អ្ហែង​ចេញ​មុន​ចុះ! គ្នា​មិន​ចង់​ចេញ​ទេ អត់​ឃ្លាន​ផង!»

«ធ្វើ​មុខ​ជូរ​ម៉េះ! ទើប​បុណ្យ​សង្សារ​ហើយ​ ម្សិលមិញ​បាន​កាដូ​អី​ខ្លះ​ហ្អេះ?»

«អត់​ទេ!»

«កុំ​ភរ​គ្នា​ណា!… ហេៗ! គ្នា​ឃើញ​ឯង​ជិះ​ម៉ូតូ​ជា​មួយ​សក្តិ​​ទៀត​ណ៎!»

«… បាន​ហើយ​! ឈប់​និយាយ​បាន​ទេ!​ គ្នា​ចង់​នៅ​ម្នាក់​ឯង​ ស្ងាត់​ស្ងៀម​បន្តិច!»

«អឺ!​អ៊ីចឹង! ស្រេច​តែ​ចិត្ត! គ្នា​ទៅ​ញ៉ាំ​ប្រហិតម្នាក់​ឯង​វិញ​ល្អ​ជាង!»

ដាលីនមិត្ត​រួម​ថា្នក់​ខ្ញុំ​ដែល​ជិត​ដិត​ជាង​គេ​ដើរ​ចេញទៅ​… ទោះ​បី​គេ​ជា​មិត្ត​ស្និទ្ធ​ស្នាល​ក៏​​ដោយ​ តែ​ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ដឹង​ថា​ ខ្ញុំមាន​សង្សារ​ដែរ។ ខ្ញុំ​ចេះ​​ស្រមៃ​ម្នាក់​ឯ​ង​ក្នុង​ចិត្តមិន​ដឹង​ថា​ ដាលីនបាន​​ដឹង​ថា សក្តិ​បាន​ធ្វើ​អ្វី​​ជា​មួយ​ខ្ញុំ ​ឬ​អត់​ទេ? តែ​គេ​ប្រាប់​អម្បាញ់​មិញ​ថា​ ឃើញ​សក្តិ​ជិះ​ឌុប​ខ្ញុំ​!​ សង្ឃឹម​ថា​ គេ​ដឹង​តែ​ប៉ុណ្ណឹង​ទៅ​ចុះ!

ខ្ញុំ​​​ពិបា​ក​ចិត្ត​! មិន​គួរ​ឱ្យ​ជ្រុល​ជ្រួស​ដល់​ថ្នាក់​នេះ​សោះ! ថ្ងៃ​បុណ្យ​សង្សារ! ហេតុអ្វី​ខ្ញុំ​ត្រូវ​កុហក​ប៉ាម៉ាក់​ថា ​មក​រៀន​ទៅ​វិញ​! តែ​មើល​ទៅ​មិន​ដូច​ជា​កុហក​ទេ ព្រោះ​ពួក​គាត់​មិន​ដែល​សួរ​នាំ​ពី​ការ​រៀន​សូត្រ​របស់​ខ្ញុំ​ផង​ហ្នឹង! ប៉ា​ទៅ​​ធ្វើ​ការ​បាត់ៗ ឯ​ម៉ាក់​ទៅ​លក់​តាំង​ពី​ព្រលឹ​ម គាត់​ដឹង​ថា​ ខ្ញុំ​មក​សាលា​តែ​ប៉ុណ្ណោះ! ​មិន​ដឹង​ថា ​ខ្ញុំ​ដើរ​លេង​ជាមួយ​សក្តិ​នោះទេ!  សក្តិ​ជា​បុរសសង្ហា​ ជា​កូន​អ្នក​មាន គេមាន​ម៉ូតូ​ទំនើប​ទាន់​សម័យ! សក្តិ​ប្រាប់​ថា ស្រឡាញ់​ខ្ញុំ​យូរ​ហើយ តែ​ទើប​តែ​ថ្ងៃ​បុណ្យ​សង្សារ​ម្សិល​មិ​ញ​នេះ  គេ​ដាច់​ចិត្ត​សារភាព​ថា ស្រឡាញ់​ខ្ញុំ​! ចិត្ត​ខ្ញុំ​ពេល​នោះ​ មិន​អាច​បិទ​ទ្វារ​បេះ​ដូង​ មិន​ទទួល​គេ​នេះ​ទេ ចំពោះ​ពាក្យ​សារភាព​ស្នេហ៍​ដ៏​ផ្អែម​ល្ហែមបែប​នេះ…

យើង​បាន​ទៅ​ញ៉ាំ​អី​ៗ​នៅត្រើយ​ម្ខាង បាខែង ​កៀន​ស្វាយ… ហើយ… ហើយ​អ្វី​ៗ​បាន​កន្លង​ហួស​ទៅនៅ​គ្រា​នោះ ក្រោម​ជំនោរ​ខែ​កុម្ភៈ​ដ៏​សែន​អួរ​អាប់សម្រាប់​ជីវិត​ខ្ញុំ​។

******

            ពេល​វេលា​ចេះ​តែ​ប្រដេញ​គ្នា យប់​ថ្ងៃ​ ថ្ងៃ​យប់។ បក្សា​បក្សី​ខ្លះធំ​​ដុះ​ស្លាប​ហើរ​ចោល​បង្គង​…

ខ្ញុំ​អត់​ទៅ​រៀនពី​រ​បី​ថ្ងៃ​ហើយ ដោយ​សារ​តែគេង​ក្នុងបន្ទប់ ​បង្ហូរ​ទឹក​ភ្នែក​… បន្ទប់​ខ្ញុំនៅ​ជិត​របង​មាត់​ទ្វារ​​ខ្ញុំ​ឮ​ម៉ាក់​ខ្ញុំ​​រអ៊ូរ។

«ពីណា​គេ​មក៍​ទាំង​ព្រលឹម​!»

«ជម្រាបសួរ​អ្នកមីង!»

«អូ! ក្មួយ​លីន​ទេ​អេះ! ចូល​មក៍!»

«ខ្ញុំ​មក​លេង​នីរ័ត្ន ព្រោះ​អត់​ឃើញ​ទៅសាលា​ពីរ​បី​ថ្ងៃ​ហើយ ឮ​​ថា​គេ​ឈឺ​មែន​ទេ​មីង!»

«រ័ត្ន​នៅ​ក្នុងបន្ទប់​គេ​ឯ​ណោះ!​ ជួយ​មើល​គ្នា​ផង​ក្មួយ! យ៉ាប់​មែន​កូន​នេះ​ ឈឺ​អី​ក៏​មិន​ព្រម​ប្រាប់​! ឱ្យ​តែ​សួរ​ វា​ថា តែ​មិន​អី​ទេៗតែ​រហូត! ថ្នាំ​សង្កូវ​អី​ ក៏​មិន​ព្រម​លេប! បាយ​មិន​នឹក​ ទឹកក៏មិន​ស្រេក! មីង​ឯ​នេះ ពិបាក​ចិត្ត​សឹង​នឹង​ស្លាប់​ហើយ! អត់​ហ៊ាន​ទៅលក់ដូរ​អី​​ទេ​ថ្ងៃនេះ! នៅ​ផ្ទះ​ មើល​ថែ​គេ​ ហ្នឹង​ណា!»

«ដល់​ថ្នាក់​ហ្នឹង​ផង! (លីនភ្ញាក់​ដោយ​ថ្នម​សំឡេង) រ័ត្ន​នេះ​ យ៉ាប់​ដល់​ហើយ! អត់​មាន​ប្រាប់​អី​ម៉ា​ម៉ាត់! ខ្ញុំ​ចូល​មើល​គេ​បន្តិច​ណា​មីង!»

«អ៊ឹអឺ!.. ទៅ​មើល៍គ្នី​មើល៍​គ្នាផង​ក្មួយ​អ្ហើយ!… ហ៊ឺយ (ម៉ាក់ដក​ដង្ហើម​ធំ)»

សំឡេង​គោះ​ទ្វារ ហើយ​បើក។

«រ័ត្ន! ម៉េ​ច​ហើយ​ហ្អាស? អូស​មើល៍​ណែក្តៅ​​តើឯង​នេះ! ហ្អែង​​កើត​អី​ហ្អក់​រ័ត្ន!»

«គ្នា​ពិបាក​ចិត្ត…ហិះ ហិៗ» ខ្ញុំ​​យំ​តិចៗ យូរ​ទៅខ្លាំង​ឡើងៗ ធ្វើ​ឱ្យ​ដាលីន​កាន់​តែ​សួរ​រន្ថើន។

«ប្រាប់​គ្នា​បាន​ទេ ក្រែង​គ្នា​អាច​ជួយ​បាន​ណា​! ហ្អែង​ភ្លេច​ហើយ​? យើង​សន្យា​ធ្វើ​ជា​មិត្ត​ល្អ​នឹង​គ្នា​នោះ​​អី! »

«លីន… (ខ្ញុំ​ហា​មាត់​និយាយ​មិន​បាន​ច្រើន​ទេ​ក៏​យំទៀត ហើយ​ក៏​និយាយ​ទាំង​ទឹក​ភ្នែក​ប្រាប់​គេ​) សក្តិ​គេ​បោះ​បង់​​គ្នា​ចោល​ហើយ! គេ​មាន​ថ្មី!»

«អ្ហាសកិ្ត​មាន​ថ្មី!»

«អឺ! សក្តិ​គេ​បោះ​បង់​គ្នា​ចោល! គេ​ឈប់​ស្រឡាញ់​គ្នា​ទៀត​ហើយ! គេ​ឌុប​ស្រី​ថ្មី​នៅ​មុខបញ្ឈឺ​ចិត្ត​គ្នា​ទៀត!  ​ទើប​តែ​ពេលនេះ គ្នាដឹង​ថា គ្នា​មិន​មែន​ជា​នារី​ទី​មួយ​ក្នុង​បេះ​ដូង​គេ​នោះ​ទេ! គេ​មាន​សង្សារជា​​ច្រើន​​មក​ហើយ​… គ្នា​ខ្លាច​ហើយ​ចិត្ត​ប្រុស! ប្រុស​ក្បត់​! ប្រុស​សាវា!…»

នាង​លួង​លោម​ខ្ញុំ៖ «បាន​ហើយ​ឈប់​យំ​ទៅ! តាំង​ចិត្ត​ឱ្យ​រឹង​មាំ​ឡើង​វិញ! ឯង​នៅ​មាន​ប៉ា​ មាន​ម៉ាក់​ នៅ​មាន​គ្នា​ដែល​គិត​ និង​បារម្ភ​ពី​ឯង! នៅ​ជិត​ឯ​ង​ដែរ​តើ! តាំង​ចិត្ត​ឱ្យ​ក្លាហាន​ឡើង​រ័ត្ន! អ្វី​ដែល​កន្លង​ហួស​​​ហើយ​ឱ្យ​វា​ហួស​ទៅចុះ ចាប់​ផ្តើ​ម​គិត​សា​ជា​ថ្មី! ណ្ហើយ កុំ​ខ្វល់​ខ្វាយ​! ការ​​ឈឺ​ចាប់គ្រាន់​តែ​ជា​​ស្រ​មោល​​អតី​ត​កាលតែប៉ុណ្ណោះ​ ​ដែលវា​​ធ្វើ​ឱ្យ​យើងកាន់​តែ​​ឈឺ​ចាប់ នៅ​ពេល​ដែ​លរលឹក​នឹក​គិត​ពី​វា​! អត់​សប្បាយ​ចិត្ត​ធ្វើ​អី! នាំ​តែ​កើត​ទុក្ខ​អត់​​ប្រយោជន៍! កុំ​ខ្វល់​ពី​​មនុស្ស​ដែល​មិន​បាន​គិត​ពី​យើង​នោះ​អី គួរបារម្ភ និង​គិត​ពី​អ្នក​ដែល​ខ្វល់​ពី​យើង​វិញ​ល្អ​ជាង!»

ខ្ញុំ​ស្តាប់​ការ​ពន្យល់​របស់​ស្រីលីន ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ស្ងប់​បន្តិច ហើយ​ក៏​ព្យាយាម​កាត់​ចិត្ត​ពី​ប្រុស​ដែល​ក្បត់​ចិត្ត​បណ្តើរៗ តែ​តើ​មាន​នរណា​ដឹង​ថា ជីវិត​ខ្ញុំ​នឹង​ជួបបញ្ហា​​អ្វី?

******

            ថ្ងៃ​មួយ​ខ្ញុំ​ស្តាប់​ឮសំឡេងសា​រ៉ែន​ឡាន​ពេទ្យល្ហៀង ស្នូរ​ជើងមនុស្ស​រត់ និង​ដើរយ៉ាង​ញាប់​…

«នី​រ័ត្ន​កូន! ហេតុ​អី​កូន​គិត​ខ្លី​ម្លេះ? កុំ​ធ្វើ​ឱ្យ​ម៉ាក់​ភ័យ​ណា​!»

«រ័ត្ន​កូន! ដឹ​ង​ខ្លួន​វិញ​មក​កូន!»

«ទប់​អារម្មណ៍​សិន​ទៅ​លោក​-លោក​ស្រី! ខាង​ក្រុម​គ្រូ​ពេទ្យ​យើង​នឹង​ធ្វើ​ការ​ជួយ​សង្គ្រោះ​​ឱ្យ​អស់​ពី​លទ្ធ​ភាព។ លោក​ និង​លោក​ស្រី​រង់​ចាំ​នៅ​ខាង​ក្រៅ​សិន​ទៅ។»

សំឡេង​បិទ​ទ្វារ ហើយ​ខ្ញុំ​ក៏​លែងដឹង​ខ្លួន លែង​​ឮ​សូរ​ជជែក​គ្នា​យ៉ាង​យូរ​ ទម្រាំ​បាន​ឮ​ជា​ថ្មី តែ​ខ្លួន​ខ្ញុំ​រវើយ​អស់​កម្លាំង​​ជា​ខ្លាំង កម្រើក​​អ្វី​ក៏​មិន​បាន​… សំឡេង​រងំ​ៗ​តិច​ៗ​នៅ​តែ​មក​រំខាន​ខ្ញុំ…

«អ្នក​មីង​! លោក​ពូ! អារ័ត្ន​យ៉ាង​ម៉េច​​ទៅ​ហើយ?»

«ខុស​មក​ពី​មីង​! មីង​ឱ្យ​គេ​រៀប​ការ!… តែ​គេ​បែរលេប​ថ្នាំ​សម្លាប់​ខ្លួន!»

«កូន​នេះ​ធ្វើ​អី​មិន​ចេះ​គិត​សោះ! បើ​ថា​មិន​ព្រម​ក៏​មិន​ប្រាប់ បែរ! បែរ​ជា… ហ៊ើយ!»

«គេ​ទើប​តែ​ទៅ​យក​លទ្ធ​ផល​ពិនិត្យ​ឈាម​មុន​រៀប​ការ ពី​ព្រឹក​មិញនេះ​​ទេ! មីង​សួរ​អី​ក៏​មិន​មាត់! ហើយ​ថ្ងៃ​បន្តិច​សម្រាប់​តែ​… គេ​លេប​ថ្នាំ​តែ​ម្តង!»

«លោក​គ្រូ​ពេទ្យ​! កូន​ខ្ញុំ​យ៉ាង​ម៉េច​ទៅ​ហើយ?»

«អ្នក​ជំងឺ​បាន​ដឹង​ខ្លួន និង​​​គេច​ផុត​ពី​គ្រោះ​ថា្នក់​ហើយ!! តែ​… សូម​តាំង​អារម្មណ៍​សិន​ទៅ ព្រោះ​លទ្ធ​ផល​ដែល​ក្រុម​គ្រូ​ពេទ្យ​យើង​ បាន​ធ្វើ​កោ​សល្យ​​​វិច័យ​វិភាគ​​ឃើញ​ថា នាង​មាន​ផ្ទៃពោះបី​ខែ​ និងមាន​​ផ្ទុក​មេ​រោគ​អេដស៍ទៀត​ផង​!»

«ថាម៉េច?»

«បាទ! គឺ​ពិត​មែន! តែ​កូន​ក្នុង​ផ្ទៃ​ត្រូវ​បាត់​បង់​ជីវិត​ហើយ…»

ស្នូរ​បញ្រ្ចៀ​ត​គ្នា​តាម​ទ្វារ​សម្រុក​ចូល​​ក្នុង​បន្ទប់។

«រ័ត្ន! ហិះហិ!!!»

ខ្ញុំ​ប្រឹង​ប្រមូល​កម្លាំង​ ដែល​សេះ​សល់​ទាំង​ប៉ុន្មាន​ ដើម្បីខំ​ប្រឹង​បើក​ភ្នែក​។ ទឹក​ភ្នែក​ក៏ហូរ​មក​ដោយ​មិន​អាច​ទប់​បាន ខ្ញុំ​ឃើញ​ប៉ា​ម៉ាក់ និង​ដាលីន​ឈរ​ក្បែរ​គ្រែ​ខ្ញុំ។ ម៉ាក់​កាន់​ដៃ​ខ្ញុំ​ម្ខាង​យក​ទៅ​ដាក់​នៅ​មុខ​គាត់​ គាត់​ជូត​ទឹក​ភ្នែក ម្ខាង​ទៀត​ដាលីន​កាន់​ហើយ​និយាយ​មក​ខ្ញុំ​ល្ម​ម​ស្តាប់​បាន៖

«សម្រួល​អារម្មណ៍​សិន​ទៅ​រ័ត្ន​! ឯង​​មិន​អី​ទេ! រ័ត្ន​តាំង​អារម្មណ៍​ឡើង​ណា​! សម្រាក​យក​កម្លាំង​សិន​ចុះ​ណា»

ខ្ញុំ​ចង់​និយាយ​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ចង់​រស់​ទៀត​ទេ  ពេល​នេះ ខ្ញុំ​គ្មាន​សល់​អ្វី​ទៀត​ទេ…​

«​​សូម​ទុក​ឲ្យ​​នាង​សម្រាក​យក​កម្លាំង​សិន​» គ្រូពេទ្យស្នើ​។

******

ព្រឹក​ឡើង ល្មម​មើល​ច្បាស់… ​ ដាលីនគេង​កើយ​​ដៃនៅ​សាឡុង ម៉ាក់​គេង​កាន់​ដៃ​ខ្ញុំ​​ម្ខាង​ ខ្ញុំ​កម្រើ​ក​ដៃម្ខាង​ទៀត ​មាន​​កូន​ក្រដាស​នៅ​ក្នុង​​ក៏​យក​មកមើល គឺ​អក្សរ​ដាលីន។

 នីរ័ត្ន! កុំ​គិត​អី​មិន​ល្អ​​ដូច្នេះ​អី! ទោះ​ឯង​កើត​ទុក្ខ​យ៉ាង​ណា ក៏​មិន​ត្រូវ ​មិន​គិត​ពី​ជីវិត​របស់​​ខ្លួន​ឯង​ដូច្នេះ​ដែរ! ឯង​មាន​​​បាត់​បង់​អ្វី​ៗទាំង​អស់​ឯ​ណាហ្អ! នៅ​មាន​ប៉ាម៉ាក់ មាន​គ្នា​ដែរ ព្រម​​ទាំង​មិត្ត​ភក្តិ​ដទៃ​ជា​ច្រើន​ទៀត ដែល​គិត​គូរ​បារម្ភ​ពី​ឯងណា! ប្រមូល​អារម្មណ៍​ តាំង​ចិត្ត​ឡើង​វិញ​មើល៍ សម្លឹង​មើល​ទៅ​ថ្ងៃ​ថ្មីនៃ​ក្តី​សង្ឃឹម! នៅ​មាន​ថ្ងៃ​ស្អែក​ ត្រូវតែ​មាន​ក្តី​សង្ឃឹម! រស់​នៅ​​ត​ទៅ​ទៀត​! ធ្វើ​អំពើ​ល្អ​ដែល​ជា​ប្រយោជន៍​តាម​អ្វី ​ដែល​យើង​អា​ចធ្វើ​បាន​សម្រាប់​ជា​គុណ​ប្រយោជន៍​ក្នុង​ការ​រស់​នៅ​… ដរាប​ណានៅតែ​​មាន​ថ្ងៃ​ថ្មី ឯ​ង​ត្រូវ​តែ​មាន​សង្ឃឹម​នឹង​រស់​នៅ​ត​ទៅ​​ទៀត​!…

******

ពេទ្យ​អនុញ្ញាតឲ្យ​ចេញ​មក​សម្រាក​នៅ​ផ្ទះ​បាន…

ព្រឹក​មួយ​ខ្ញុំ​ចុះ​មក​ក្រោមផ្ទះ…

«បង​អត់​ទៅ​ធ្វើ​ការ​ទេ​ថ្ងៃ​នេះ!» សម្តី​ម៉ាក់​ខ្ញុំ។

«ចុះ​អូន​អត់​ទៅ​លក់ដូរ​ទេ​ហ្អ?» ប៉ា​តបដោយ​សំណួរ​។

«អូន​គិត​ថា នៅផ្ទះ​ម៉ា​រយៈ​ ដើម្បី​បាន​មាន​ពេល​មើល​កូន​រ័ត្ន…»

«បង​ក៏​អ៊ីចឹង​ដែរ…ថ្ងៃនេះ​បង​សម្រេច​ចិត្ត​សុំ​ច្បាប់​គេ​មួយ​ថ្ងៃ! បង​ចង់​ចំណាយ​ពេល​នៅជិត​អូន និង​កូន​ឲ្យ​បាន​ច្រើន​​… ម៉ា​រយៈ​កន្លង​ទៅនេះ បង​ហាក់​ដូច​ជា​ឃ្លាត​ឆ្ងាយ​ពី​​គ្រួសារ​មែន​ទែន មិន​សូវ​គិត​គូរ​ពីកូន​… តាំង​ពីព្រលឹម​ ចេញ​ទៅ​ធ្វើ​ការ​បាត់ៗ… មិន​ដែល​សួរ​នាំ​ខ្វល់​ខ្វាយ​ មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ សិក្សារៀន​សូត្រ​របស់​កូន… បង​ជា​ឪពុក​គេ ជា​មេ​គ្រួសារ​ បង​ខុស​ធ្ងន់​ណាស់ចំពោះ​អូន​ ចំពោះ​កូន…»

«សូម​បង​កុំ​មាន​ប្រសាសន៍​បែបនោះ! រឿង​នេះ​អូន​ជា​ម្តាយគេ អូន​ក៏​ចូល​រួម​ចំណែក​ដែរ! អូន​គិត​គូរ​តែ​ពីរឿង​រក​ស៊ី​លក់​ដូរ​ចេញមួយ​ថ្ងៃ​បាត់ៗ​ យប់​ព្រលប់​បាន​មក​ផ្ទះ​វិញ! យើង​ជា​ឪពុក​ម្តាយ​ខិត​ខំ​រក​ស៊ី​មួយ​ថ្ងៃ​បាត់ៗ​ពី​ផ្ទះ​ក៏​ ដើម្បី​តែកូន។ ចុះ​បើ​យើង​ឡើយ​តែ​ដើរបាត់ៗ​ពី​ផ្ទះ​​យ៉ាង​នេះ មិន​ព្រម​នៅ​ជិត​កូន បណ្តោយ​ឲ្យ​កូនជ្រុល​ដើរ​ផ្លូវ​ខុស!​ ហ៊ឺយ! បើ​អូននៅ​ផុ្ទះ​ មើល​ការ​ខុស​ត្រូវកូនយើង​ឲ្យ​បាន​ដិត​ដល់​ ​មិន​មាន​រឿង​អ៊ីចឹង​កើត​ឡើង​នោះ​ទេ…»

«អូន​កុំ​បន្ទោស​ខ្លួន​ឯង​អី!» ប៉ា​តបដោយ​ស្ងប់​ស្ងៀម។

ខ្ញុំ​ស្ដាប់​ការ​សន្ទនារបស់​ប៉ាម៉ាក់ ​ទាំង​មនសិការ​ជេរ​ស្តីជា​ខ្លាំង…

«រ័ត្ន… កូន​ប្រញាប់​ងើប​ម្ល៉េះ!» ម៉ាក់​ឃើញ​ខ្ញុំ​ ក៏​ស្តី។

«កូន… ម៉េច​​មិន​សម្រាកឲ្យ​បាន​ច្រើន​ទៅ!» ប៉ាបន្ថែម។

«កូន​ឈរ​ស្ដាប់​ឮ​អស់​ហើយ…​ សូម​អ្នក​ម៉ាក់​ លោក​ប៉ា កុំ​បន្ទោស​ខ្លួន​ឯង​តែ​រៀង​ខ្លួនដូច្នេះអី… កូន​មិន​ខំ​រៀន​​ដោយ​​ខ្លួន​ឯង​តើ… តែ​កូន​បែរ​ជា​គិត​តែ​ពីដើរ​លេង ឈ្លក់​វង្វេង​នឹង​សម្ភារនិយម ចាយ​លុយ​កាក់​ដែល​ម៉ាក់​ប៉ា​រក​បាន​ដោយ​លំបាក ទៅចាយវាយ​ខ្ជះ​ខ្ជាយ…កូន​ទេ​ ជា​អ្នក​ខុស… ពេល​នេះ​កូន​ដឹង​ខុស​ហើយ!​… ហ៊ឺ! ហ៊ឺហ៊ឺ!… ឲ្យ​កូន​សុំ​ទោស…​»

«ឈប់​យំ​ទៅ​កូន!!… ល្អ​ហើយ​ដែល​កូ​នយល់​ដូច្នេះ… តែ​ប៉ា​ម៉ាក់​នៅ​តែ​អត់​ទោស​ឲ្យ​កូន​… ស្រឡាញ់​​កូន​ជានិច្ច​… ឈប់​យំ​ ឈប់​កើត​ទុក្ខទៅ​កូន… ទោះ​កូន​​កើត​ទុក្ខ​យ៉ាង​ណា ក៏​ត្រូវ​​គិត​ពី​ជីវិតរបស់​ខ្លួន​ឯង​ ជា​មុន​​ដែរ! កូនមាន​បាត់​បង់​អ្វី​ៗទាំង​អស់​ឯ​ណាហ្អ! នៅ​មាន​ប៉ាម៉ាក់ មាន​ដាលីន​ មិត្ត​កូន… ព្រម​ទាំងមិត្ត​ភក្តិ​​ដទៃ​ជា​ច្រើន​ទៀត ដែល​គិត​គូរ​បារម្ភ​ពី​កូន​ណា!

«ម៉ាក់កូន​​និយា​យ​ត្រូវ​… កូន​ស្រី​ប៉ា​ត្រូវ​តែ​រឹង​មាំ​ក្លាហាន… ដរាប​ណានៅតែ​​មាន​ថ្ងៃ​ថ្មី កូន​ត្រូវ​តែ​មានសង្ឃឹម​នឹង​រស់នៅតទៅ​ទៀត​!… ប៉ា​និងម៉ាក់​កូននៅ​ក្បែរ គាំ​ទ្រ​កូន​ជា​និច្ច…» ប៉ា​និយាយ​ត្រូវ…

ខ្ញុំ​នឹក​ក្នុង​ចិត្ត​ បើ​ប៉ា​និយាយយ៉ាង​ដូច្នេះពី​ដំបូង ​ប្រហែល​រឿង​រ៉ាវ​អាក្រក់​ក៏​មិន​ធ្លាក់​មក​លើ​ខ្ញុំ​ដែរ។

«ត្រូវហើយ​កូន!! ឈប់​យំ ជូត​ទឹក​ភ្នែក​ចេញ​ទៅ…»

«ប៉ា​គិត​ថា… អូន​ និង​កូន​ទៅ​រៀប​ចំ​ខ្លួន​ឲ្យ​ស្អាត​ទៅ មក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជុំ​គ្នា​ម្តង ហើយ​ប៉ា​នឹង​ជូនកូន​ និង​ម៉ាក់​កូន​ឯង​ដើរលេង​លំហែ​កម្សាន្ត​ម្ដង​ណា…»

ម៉ាក់ ​និង​​ប៉ាចិត្ត​​ល្អ​ណាស់។ បើ​ខ្ញុំ​បាន​ស្តាប់​សម្តី​យក​ចិត្ត​ទុក​ដាក់​ទាំង​នេះពី​មុនមក ប្រហែល​អ្វី​ៗ​មិន​ក៏​​ដល់​ថ្នាក់​នេះ​ដែរ…៕

កែសម្រួល​ពី​ល្ខោន​វិទ្យុសង្ឃឹម​ថ្ងៃ​ថ្មី រាត្រី​​ថ្ងៃ​ចន្ទ ២៩.មីនា.២០១០

កែសម្រួល​ ថ្ងៃ​សុក្រ ០៦ ខែ​មិថុនា ឆ្នាំ២០១០

កែសម្រួល​ចុង​ក្រោយរាត្រី ថ្ងៃ​សុក្រ ០៣ ខែ​វិច្ឆិកា ឆ្នាំ២០១០

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s