«ជំនោរ​សមុទ្រ»

រឿង ជំនោរ​សមុទ្រ

ជំពូក ១

*Posted by ជំនោរ *[…] ជាម​នុស្ស​ដែល​មាន​អ្វីៗ​គ្រប់យ៉ាង តែ​អ្នក​ជាមនុស្ស​ម្នាក់​ដែល​មាន​អារម្មណ៍ ថា​ខ្វះ​ខាត​អ្វី​ទាំង​អស់! […]

–       Comment by សមុទ្រ៖ មិន​យល់?

–       ជំនោរ៖ អ្នក​យល់​បាន​យល់! អ្នក​ដែល​មិន​យល់​ក៏​ពិបាក​ពន្យល់​ដែរ!

–       សមុទ្រ៖ ចង់​មាន​ន័យ​ថា​ម៉េច?

–       ជំនោរ៖ ចង់​ប្រាប់ថា…

–       សមុទ្រ៖ ប្រាប់​មក​ចាំ​ស្តាប់…

–       ជំនោរ៖ អត់​ចង់!… ចាំ​ពេល​ក្រោយ​ចុះ​…! ហិហិ!

–       សមុទ្រ៖ យ៉ាប់ហ្មង!…​

ជំនោរ​ is offline… […]

Facebook ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងទំនាក់​ទំនងរបស់​​មនុស្ស​ពី​គ្រប់​មជ្ឈដ្ឋាននៅ​លើ​ពិភព​លោក​។ ថ្ងៃ​នេះ​​ ខ្ញុំ​ទៅ​ហាង​អ៊ិនធឺណែត​ ដើម្បី​ស្រាវជ្រា​វ​ឯកសារ​មេរៀន​ និង​លេង​ Facebook ផង។ សម័យ​ឥឡូវ​បច្ចេក​វិទ្យា​​ជឿន​លឿន​ទំនើប​ណាស់ គេ​និយាយ​ទាក់​ទង​គ្នា​តាម​ប្រព័ន្ធ ​Internet បាន​យ៉ាងងាយ​ស្រួល ហើយ​រហ័ស​ទាន់​ចិត្ត​…

ការពិត​ទៅ​ ខ្ញុំ​មាន​ Computer ​ភ្ជាប់ ​Internet ​នៅផ្ទះ​ដែរ តែចំពោះ​ថ្ងៃ​សៅរ៍-​អាទិត្យ​ ខ្ញុំ​ទៅ​រៀន​កួរ​បន្ថែម​នៅ​សាលា​​ជ័យថាវី ហើយពេល​ថ្ងៃត្រង់ ចេញ​ពី​​រៀន ​ញ៉ាំ​បាយ​ផ្សារ​ហើយ ក៏​​ឆ្លៀត​ចូល​ហាង​អ៊ិនធឺណែត​ជិត​សាលា​បន្តិច ជា​ការ​​ប្តរ​បរិយា​កាស បន្ធូរ​អារម្មណ៍​តាន​តឹង​ខ្លះ ​កុំ​ឲ្យ​អផ្សុក​ផង។ ​ប្រើ Internet តែ​ម្នាក់​ឯង​នៅ​ផ្ទះ​ កណ្តោច​កណ្តែង​ណាស់ ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ​ទៅ​ហើយ។ ចូល Internet coffee ​បែបនេះ អស់លុយ​បន្តិច​មែន​ តែក៏​សប្បាយ​ចិត្ត​ម្យ៉ាង​ដែរ!

គ្មាន​គោល​បំណង​អ្វីធំ​ដុំ​នោះ​ទេ ដែល​ខ្ញុំ​ប្រើ​ Facebook នោះ គឺថាខ្ញុំ​ចង់​មាន​មិត្តភក្តិ​ច្រើន ដើម្បីជជែក​គ្នា​ កុំ​ឲ្យ​អផ្សុក​ពេក។ ពេល​ដែល​ខ្ញុំ​អត់​សប្បាយ​ចិត្ត គឺ​មានតែ​មិត្ត​ភក្តិ​នេះ​ហើយ ដែល​អាច​ជួយ​ខ្ញុំ​បាន​ច្រើន​ជាង​នរណាៗ​ទាំង​អស់។ តែ​ពេល​ខ្លះ​ ក៏​ខ្ញុំ​គិត​ថា ជា​ការ​ខាត​បង់ពេ​លវេលា​ច្រើន ក្នុង​ការ​លេង​វា​ផង​ដែរ។ ជា​ធម្មតា​ទេ វា​មាន​គុណ​សម្បត្តិ​ ឬ​គុណ​វិបត្តិ​ អាស្រ័យ​ទៅ​លើ​បុគ្គល​ដែល​ប្រើ​ប្រាស់​វា​ តែ​ប៉ុណ្ណោះ។

ខ្ញុំចាប់​ផ្តើម​​ Search ​រក​ឈ្មោះ​ប្លែក​ៗ​ដូច​ជា​ឈ្មោះ​ដែល​ទាក់​ទង​នឹង​ធម្មជាតិ ខ្យល់ មេឃ គង្គា សមុទ្រ ផ្កាយ ផ្កា ត្រចៀក​​កាំ នាគ ឥន្ទ្រី… ជា​ដើ​ម បន្ទាប់​មក​ខ្ញុំ Add as friend និង​ Send request ស្រាប់​តែ​មួយ​សន្ទុះ​សោះ ឈ្មោះ​ «សមុទ្រ»​ confirm (Add friend) មក​វិញភ្លាម​តែ​ម្តង។ ចៃ​ដន្យទេ​​ហ្អី! ម៉េច​ក៏​លឿន​ម៉្លេះ? តែ​វាមិនមែន​ជា​ការ​ចៃ​ដន្យ​ពេក​ទេ ដែល​គេកំពុង​តែ​​ Online ដែរនៅ​ពេលនេះនោះ​។ ខ្ញុំ​ប្រញាប់​ chat ទៅ​លេង​ជាមួយ​គេ​ភ្លាមតែ​ម្តង៖

–       ជំនោ៖ សួស្តី សុំស្គាល់​ផង!

–       សមុទ្រ៖ អ្នក​រៀន​គណិតវិទ្យាស្វាគមន៍!

អ្នក​រៀន​គណិត​ភាគ​ច្រើនមាន​​ចរិត​ឆ្មើង​ឆ្មៃ​បន្តិច មិន​សូវ​ចេះ​មាត់.​ក​អី​ទេ! ខ្ញុំ​កំពុង​ស្វែង​រក​មិត្ត​យល់​ចិត្ត និង​ចេះ​មាន​វោហារ​ជជែក​គ្នា បើ​ប៉ះ​អ្នក​មិន​សូវ​ចេះ​មាត់​.កវិញ​ មិន​កាន់​តែ​យ៉ាប់ហើយ​អ៊ីចឹង! (ខ្ញុំ​គិត​ក្នុង​ចិត្ត ហើយ​ក៏​រក​ពាក្យ​ត​ប​ទៅ​គេ​វិញ)

–       ជំនោ៖ សុទ្ធតែអ្នកគណិតវិទ្យាទៀត… កំពុង​តែ​ខ្សោយគណិតវិទ្យាស្រាប់​ផង! អ៊ីចឹង​សូម​ជួយ​ណែ​នាំ​ផង​បាន​ទេ?

–       សមុទ្រ៖ មើលលំហាត់​នៅក្នុង Profile របស់ខ្ញុំទៅ! សាកល្បង​ធ្វើ​លេង​សិន​ចុះ​! លាសិនហើយ! ប្រញាប់!

–       ជំនោ៖ អីក៏ប្រញាប់ម៉េះ…

យ៉ាប់​មែន និយាយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង! មិន​ទាន់​ដឹង​អី​ផងសុំ​ទៅមុនបាត់!

មួយ​សន្ទុះ​ក្រោយ​មក​នារី​ម្នាក់ ​ដែល​អង្គុយ​នៅ​ទល់​មុខ​ខ្ញុំ​ដើរ​ចេញ​ពី​ទូ​ Computer លេខ​៥ ទៅ​តុ​គិត​លុយ មួយ​រំពេច​សោះ ក៏​ចេញ​ទៅ​ក្រៅ​បាត់​។ គ្រាន់​តែ​ឃើញ​មួយ​ភ្លែត ភ្នែក​ខ្ញុំ​បាន​ចាប់​រូប​ភាព​​បាន​យ៉ាង​រហ័ស​។ នាង​ស្លៀក​ពាក់បែប​សាមញ្ញ តែ​មាន​ការ​ទាក់​ទាញ​​មែន​ទែន​ចំពោះ​ក្រសែ​ភ្នែក​បុរស​កំលោះ​ដូច​ខ្ញុំ​។ ស្រីយុវវ័យ​នេះ ពាក់​អាវ​ឆ្នូត​ពណ៌​ឈាម​ជ្រូក​ ខោខ្មៅ​វែង​ ស្បែក​ជើង​សង្រែក​ធម្មតា​។ សក់ដ៏​ខ្មៅ​រលោង​របស់​​នាង​ចង​យ៉ាង​មានរបៀបរៀប​រយ​។ ហេតុអ្វី​បាន​ជា​ភ្នែក​ខ្ញុំ​ចាប់​រូប​នាង​បាន​លឿន​ម្ល៉េះ? ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ គឺ​មក​ពី​សក់​ដ៏​វែង​ត្រឹម​ចង្កេះ​របស់​នាង​តែម្តង។ ខ្ញុំ​ចូល​ចិត្ត​ស្រី​ណា​ ដែល​មាន​សក់​វែង​ខ្មៅ​ក្រិប​របៀប​នេះ​ណាស់​។ នាង​ចេញ​ទៅបាត់​ហើយ តែ​សក់​ដ៏​រលោង​ស្អាត​នៅតែ​​ស្ថិត​នៅ​ក្បែរ​ខ្ញុំ​ជានិច្ច គឺ​ក្នុង​រង្វង់​ភ្នែក​ដែល​បញ្ចូន​រូបភាព​ទៅ​កាន់​ខួរក្បាល។

*****

តាម​ទម្លាប់​ខ្ញុំ រៀង​រាល់​សប្តាហ៍ ខ្ញុំ​តែង​តែ​​ផ្លាស់ប្តូរ​ហាង​លេង​ Internet ជា​ច្រើនកន្លែង​ផ្សេងៗគ្នា។ តែអាទិត្យ​នេះ ​ខ្ញុំ​មក​ដល់​ហាង​ដដែល​ ដែល​ខ្ញុំ​បាន​ប្រទះ​នារី​សក់​វែង​នោះ ស្រាប់​តែ​​ឃើញ​នាង​​ម្តង​ទៀត​។ ចំ​ជា​ចៃដន្យ​មែន ពីរសប្តាហ៍​ហើយ​ ដែល​នាង​​មក​ប្រើ​អ៊ិន​ធឺណែតនៅ​កន្លែង​នេះ… ឬ​ជា​ចៃដន្យ? មិន​គួរ​សោះ ព្រោះ​ខ្ញុំ​តែង​តែ​ប្តូរ​ហាង​ Internet រាល់​ដង​ … ឬ​ក៏​នាង​មក​ប្រើ​តែ​កន្លែង​មួយ​នេះ ខ្ញុំ​សង្កេត​ឃើញ​នារី​ម្នាក់​នោះ​ ស្លៀក​ពាក់​សម្លៀក​បំពាក់​ដដែល​ដូច​ថ្ងៃ​មុន​ដែរ គ្រាន់​តែ​ដូរ​ស្បែក​​ជើង​ គឺ​ពាក់​ស្បែក​​ជើង​ប៉ាត់​តា​វិញ។​ ម្យ៉ាង​ដែរ មើល​ទៅ​ស្អាត​គ្រាន់​បើ!

គិត​ដូច​ខ្ញុំ​ទេ មនុស្ស​ស្អាត​ស្លៀក​ពាក់​ម៉េច​ក៏​នៅ​តែ​ឃើញ​ស្អាត​​ដែរ មែន​ទេ!!។

ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ចំពោះ​បបូរ​មាត់​ដ៏​ស្អាត​ដូច​ក្លែប​ក្រូច​របស់​នាង​ណាស់… ដង​ប្រាណ​របស់​នាង​តូច​ល្វត់​ល្វន់​ រាង​តូ​ច​ស្អាត បើ​តាម​ស្មាន​កម្ពស់​ជិត​ប្រហែល​ខ្ញុំ​ទៅ​ហើយ… ភ្នែក​ខ្ញុំ​ឧស្សាហ៍​ដៀង​មើលទៅ​នាង ទឹក​មុខ​របស់​នាង​ស្ងប់​ស្ងៀម​ណាស់ ​មើល​ទៅ​ទៅ​នាង​ជា​មនុស្ស​គិត​ច្រើន​ដូច​ខ្ញុំ​ដែរ…

នាង​អង្គុយ​​ទូ​លេខ​៥ដដែល​ទៀត​ ដូច​ថ្ងៃ​មុន​ដែរ។ អូយ​ពូកែ​សង្កេត​ម្ល៉េះ​ខ្ញុំ​… បាន​ហើយ​ កុំ​ពិនិត្យ​គេ​ខ្លាំង​ពេក​។​ប្រកាស​ចំណាប់​អារម្មណ៍​សិន។

*Posted by ជំនោរ *៖ ពេល​ភ្លៀង​ធ្លាក់ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណាដែរ? ប៉ុន្មាន​ថ្ងៃនេះ ភ្លៀង​ធ្លាក់​​​ជាប់​រហូត​តែម្តង… រុក្ខជាតិ​ចាប់​ផ្តើម​បៃតង​ស្រស់​… ទឹក​ភ្លៀង​ធ្វើ​ឲ្យ​​រាង​កាយ​ខ្ញុំ​រងា តែ​បេះ​ដូង​ខ្ញុំ​កក់​ក្តៅ​… សង្ឃឹមថា ​រាត្រីនេះ ភ្លៀង​នឹង​​ធ្លាក់​បង្អុរ​តំណក់​ទឹកដ៏​ត្រជាក់​​ស្រោច​ស្រព​ផែន​ពសុធា…

–       សមុទ្រ៖ ខ្ញុំ​ចូលចិត្ត​ភ្លៀង​! មើល​ភ្លៀង​ធ្លាក់​ និងដើរ​កាត់​ភ្លៀង!

គឺ ​សមុទ្រ ​ថ្ងៃមុន​ទេ​តើ! ខ្ញុំ​បាន​ចូល​មើល​ Profile រប​ស់​គេ។ សមុទ្រ​ មិន​ដាក់​រូបថត​ឲ្យ​ស្គាល់មុខ​យ៉ាង​ណា​ទេ តែ ដាក់​ភេទ​ស្រី។ ខ្ញុំ​បាន​ copy ​លំហាត់​គណិត​ខ្លះ​ក្នុង​ Profile របស់​នាង ហើយ​យក​ទៅ​រៀនធ្វើ​នៅ​ផ្ទះ និង​ជាមួយ​មិត្ត​ភក្តិ​ក្នុង​សាលា។ កុំ​ឲ្យ​គេ​ចាំ​យូរ ខ្ញុំ​ឆ្លើយ​តប​ភ្លាម៖

–       ជំនោរ ៖ មិន​នឹក​ស្មាន​ថា មាន​អ្នក​ចូល​ចិត្ត​មើល​ទឹក​ភ្លៀង​ដូច​ខ្ញុំ​សោះ! មាន​អារម្មណ៍​ថា កក់​ក្តៅ.. យប់​នេះ​ចង់​ឲ្យ​ភ្លៀង​ទល់​ភ្លឺ…

–       សមុទ្រ៖ ដូចគ្នា… ក៏​សង្ឃឹម​អ៊ីចឹងដែរ!!

–       ជំនោរ ៖ យើង​អាច​រាប់​អាន​គ្នា​ជាមិត្ត​បាន​ទេ ព្រោះ​ជា​អ្នក​ចូល​ចិត្ត​ទឹក​ភ្លៀង​ដូច​គ្នា…

–       សមុទ្រ៖ មាន​អីបាន​តើ!! ស្វាគមន៍​ជានិច្ច!!

–       ជំនោរ ៖ ហ៊ឹម…

–       សមុទ្រ៖ hmm…

–       ជំនោរ ៖ មិន​ធុញ​ទេ​ហ្អី! លេង​ជា​មួយ​នឹង​អ្នក​មិន​ចេះ​ប្រើ… ខ្ញុំ​វាយ​ Khmer  Unicode​យឺត​ណាស់!

–       សមុទ្រ៖ មាន​នរណា​ចេះ! មុន​ដំបូងអ៊ី​ចឹង​ហើយ! យូរ​ៗ​ទៅ​ ចេះ​វាយ​បាន​ដូច​តែ​គេ​តែ​ឯង​ដែរ​ហ្នឹង​។ ក្រសួង​គេ​ឲ្យ​ប្រើ​ខ្មែរ​យូនីកូដគ្រប់​ស្ថាប័ន​ និង​ជា​ផ្លូវ​ការ​ទូ​ទៅ​ហើយ! បើ​មិន​ចេះ​ក៏មិន​កើត​ដែរ។

–       ជំនោរ ៖ អរគុណ​ដែល​មិន​ប្រកាន់! ខ្ញុំ​នឹង​ព្យាយាម​!!

–       សមុទ្រ៖ ហិហិ!😀 ! ព្យាយាម​បន្ថែម​ទៀត​ទៅណា!

–       ជំនោរ ៖ បាទ! ខ្ញុំ​នឹង​ព្យាយាម! សង្ឃឹម​ថា មិត្ត​នឹង​ជួយ​គាំទ្រ និង​ផ្តល់​កម្លាំង​ចិត្ត​ជានិច្ច!

–       សមុទ្រ៖😀 ស៊ូៗ!!

********

ខ្ញុំ​ជាមនុស្ស​មិន​សូវ​ចេះមាត់​ក​អី​ច្រើន​ទេ កុំតែ​បាន ​Facebook​ ប្រហែល​មិន​បាន​សម្តីវោហារ​​ប៉ុណ្ណេះ​ផង​ទេ។ រាល់​ពេល​អផ្សុក​អត់​សប្បាយ​ចិត្ត​ Facebook​ ជួយ​ជជែក​លេង​ឲ្យ​បាន​ធូរ​ចិត្ត​ខ្លះ​ដែរ តែ​ពេល​ខ្លះ​ទៀត​ក៏​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ថប់​លើ​ស​ដើម​ក៏​មាន…

កន្លង​មក ខ្ញុំ​តែង​តែ ​Posted ពីអារម្មណ៍ ហើយ សមុទ្រ ក៏​តែង​តែ​ជួយជា​​យោប​ល់​មក​ខ្ញុំ​ជានិច្ចដែរ…

*Posted by ជំនោរ *៖ តើអ្នក​ធ្លាប់​មា​ន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដែរ​ទេ? ​អ្នកមាន​អារម្មណ៍ថា អ្នក​​កំពុង​​ស្ថិត​ក្នុង​ស្ថាន​ភាព​​ស្មុគ​​ស្មាញ មិន​ចូល​ចិត្ត​អ្វីៗ​ទាំង​អស់… ឃើញ​អ្វីៗ​ក៏​ធុញ​ទ្រាន់​ និង​នឿយ​ណាយ… នោះ​ អ្នក​​ច្បាស់​ជា​យល់​ពី​អារម្មណ៍​​ខ្ញុំ​នៅ​ពេលនេះ!!

–       Comment by សមុទ្រ៖ កុំ​ស្មុគ​ស្មាញ​ខ្លាំង​ពេក! ជីវិត​បើ​ជួប​តែ​រឿង​ល្អ​ តែ​រហូត​ក៏​ពិបាក​ដែរ! មាន​រឿង​កម្សត់​ និង​សប្បាយ​រីករាយ​​ ទើប​មាន​ន័យ… មាន​រសជាតិ ។ ដូច​សម្ល​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​ចាន​អ៊ីចឹង!  ទាល់​តែ​មាន​​គ្រឿង​គ្រប់​រសជាតិ​! ដូច​គេថា​សម្ល​ត្រូវ​គ្រឿង ទើប​ឆ្ងាញ់! មែន​ទេ? យ៉ាង​ណា​​មិញ​ ក្នុង​ជីវិត​ មិន​មែន​នរណា​ជួប​តែ​រឿងល្អរហូត ឬ​​អាក្រក់​កម្សត់​តែ​រហូត​នោះ​ទេ មាន​កម្សត់​​ខ្លះ សប្បាយ​ខ្លះ​ជា​ធម្មតាទេ!… ត្រូវ​ព្យាយាម​សម្លឹង​មើល​ពិភព​លោក​ ក្នុង​ផ្លូវ​ល្អ ដោយ​អារម្មណ៍​​វិជ្ជ​មាន​…

********

*Posted by ជំនោរ *៖ ថ្ងៃ​​នេះ នៅ​ពេល​ដែល​ខ្ញុំ​ឆ្លុះ​កញ្ចក់​ ខ្ញុំ​មាន​អារម្មណ៍​ថា ស្អប់​កញ្ចក់ និង​មិន​ពេញ​​ចិត្ត​ខ្លួន​ឯង! គ្រប់​គ្នា​ស្អប់​ខ្ញុំ​ហើយ​មែ​នទេ? សូម្បីតែ​លោក​ប៉ានិង​អ្នកម៉ាក់?…

–       សមុទ្រ៖ មាន​រឿង​អី​ទៀត​ហើយ? មាន​ឪពុកម្តាយ​ណា​ស្អប់​កូន​នោះទេ! ឬខ្ញុំ​និយាយ​ខុស?

–       ជំនោរ៖ មិន​ដឹង​ថា​ខុស​ ឬ​ត្រូវ​នោះ​ទេ! តែចំពោះ​ខ្ញុំ​គឺ​ពួក​គាត់​មិន​ដែល​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ខ្ញុំ​ទេ! ប៉ា​ចុះ​ទៅ​ខេត្ត​បាត់ៗ ម៉ាក់​ចេញ​រក​ស៊ី​លក់​ដូរ​ពេញ​ៗមួយ​ថ្ងៃ… ផ្ទះ​ដូច​ជា​ធំ​ទូលាយ​ដែរ​ តែ​ក្នុង​ចិត្ត​ខ្ញុំ​វិញ តូច​ចង្អៀតពេក​​ណាស់!

–       សមុទ្រ៖ សាក​គិត​ឡើង​វិញ​ទៅ​មើល!  ពួក​គាត់​ធ្វើ​អ្វីៗគ្រប់​យ៉ាង​គឺដើម្បី​នរណា​? ​មិន​ដើម្បី​កូន? គួរ​តែ​យើង​ជា​កូន​យក​ប្រាក់​ ដែ​លជា​កម្លាំង​ញើស​ឈាម​របស់​គាត់​ទៅ​ចាយ​វាយ​ឲ្យ​បាន​ជា​ប្រយោជន៍ និង​ចំណាយ​លើកា​រសិក្សា​ឲ្យ​បាន​ល្អ! កុំ​ខ្ជះ​ខ្ជាយ… មិត្ត​សំណាង​ហើយ ដែល​មាន​ប៉ា​ម៉ាក់​សម្រាប់​ហៅ អ្នក​ខ្លះ ​មិន​មាន​សំណាង​បាន​ឪពុក​ម្តាយ​ហៅ​ផង។ សាក​គិត​ជា​ថ្មីមើល៍… ធ្វើ​អារម្មណ៍​​ឲ្យ​ល្អ! យក៍​ល្អ​ គួរ​ព្យាយាមនៅ​ជិត​ពួក​គាត់​ ហើយ​យក​ចិត្ត​ទុក​ដាក់ចំពោះ​ពួក​គាត់​​ កុំធ្វើ​ឲ្យ​ពួក​គាត់​ពិ​បាក​ចិត្ត។….

–       ជំនោរ៖ ហេតុអ្វី​រឿង​ល្អ​ជា​ច្រើន​ខ្ញុំ​មិន​គិត​ គិត​តែ​រឿង​អវិជ្ជមាន​ទៅវិញ? អរគុណ​សមុទ្រ​ហើយ​ដែល​តែង​តែ​ជួយ​ដាស់​តឿន!!

********

*Posted by ជំនោរ *៖ «ថ្ងៃនេះជា​វេលា​ដែល​ខ្ញុំ​ត្រូវបញ្ចប់​ទំព័រ​អារម្មណ៍​សោកសៅ… គំនិត​អវិជ្ជ​មាន​​​ក្នុង​ជីវិត ស្រមោល​អតីតកាល​ដែល​តែង​តែ​មក​អន្ទោល​តាម​លងបន្លាច​ប្រាណ​ខ្ញុំ… ខ្ញុំ​ត្រូវតែ​ជម្រះ​ស្រមោល​អតីត​កាល​ក្នុង​ដួង​ចិត្ត.. អរគុណ​មិត្ត​សមុទ្រ​ ដែល​ជួយ​ដាស់​តឿន​ខ្ញុំ​រាល់​លើក​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត… ខ្ញុំ​ត្រូវ​សម្លឹង​ពិភព​លោក​ក្នុង​កែវ​ភ្នែក​វិជ្ជមាន និង​បេះ​ដូង​សុទិដ្ឋនិយម…»

[សមុទ្រ and you Like]

–       ជំនោរ៖ លា​ហើយ​ស្រមោល​អតីត​កាល… ខមា​ទោស​ពេលវេលា​ដែល​កន្លងទៅ​ដោយ​ឥត​ប្រយោជន៍… ចំពោះ​កា​រ​គិត​ខ្វល់​ខ្វាយ​ពីរឿង​ដែល​ធ្វើមិន​ឲ្យ​សប្បាយ​ចិត្ត។

–       សមុទ្រ៖ ត្រឹម​ត្រូវ!! សូម​ក្រោក​ឈរ​ឡើង​ ហើយ​សម្លឹង​ទៅ​មើល​ពិភព​លោក​ក្នុង​ន័យ​វិជ្ជមាន​ នោះ​អ្នក​នឹង​ឃើញ​ថា ជីវិត​របស់​អ្នក​នឹង​ពោរ​ពេញ​ទៅ​ដោយ​កម្រង​បុប្ផាដ៏​ស្រស់​បំព្រង!! ខ្ញុំ​ជា​កម្លាំងចិត្ត​ជានិច្ច! គាំទ្រ! ស៊ូ! ស៊ូ!

ជំពូក ២

ខ្ញុំ​មក​លេង​ឆ្នេរ«​កោះ​ឬ​ស្សី»ដ៏​ស្រស់​ស្អាត​​ជាមួយ​គ្រួសារ។ ដូច​ជា​ប្លែក​ណាស់ ដែល​លោក​ប៉ា​នាំ​គ្រួសារ​ដើរ​លេង​ តែក៏​ល្អដែរ ដែល​គាត់​ធ្វើ​ឲ្យ​អ្នក​ម៉ាក់​សប្បាយ​ចិត្ត។ ខ្ញុំ​ក៏រីករាយ​ណាស់​ដែរ ដែល​ពួក​គាត់​មាន​ពេលវេលា​សម្រាប់​គ្នា​។

កាល​ពីមុន ខ្ញុំ​តែង​មាន​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​គ្រួសារ។ ខ្ញុំ​ទទួល​អារម្មណ៍​ថា ប៉ានិង​ម៉ាក់​ គិត​តែ​ខំ​ប្រឹង​ធ្វើ​ការ មិន​សូវ​គិត​គូរ​ខ្វល់​ខ្វាយ​ និង​បារម្ភ​ចំពោះ​ខ្ញុំទេ តែ​ដល់​គិត​ពិចារ​ណា​យូរ​ទៅ និង​បាន​ សមុទ្រ ជួយ​និយាយ​ណែនាំ​ ខ្ញុំ​ក៏​ចាប់​ផ្តើម​កែ​ប្រែ​ការ​គិត​អវិជ្ជមាន​បន្តិច​ម្តងៗ។ ជា​កា​រពិត​ ខ្ញុំ​ទទួល​ស្គាល់​ ពេល​ខ្លះ​ ក៏​មាន​កូន​ៗ​មួយ​ចំនួន កំពុង​តែ​គិត​ដូច​ខ្ញុំ​ពីមុន​ដែរ គឺ​ចង់​ឲ្យ​ ឪពុក​ម្តាយ​នៅ​ក្បែរ​ខ្លួន យក​ចិត្ត​ទុក​ដាក់​ មើល​ថែរក្សា ផ្តល់​ភាព​កក់​​ក្តៅ ការ​ថ្នាក់​ថ្នម និង​យល់​ចិត្ត​គ្រប់​បែប​យ៉ាង… តែ​វា​មិន​អាច​​ដូច​ដែល​យើងបាន​គិត​នោះ​ទេ ព្រោះ​ឪពុកម្តាយ​ មិន​អាច​នៅ​ជិត​យើង​តែ​រហូត​ដែរ។

មេឃ​ស្រទុំ អាកាស​ធាតុ​មាត់​សមុទ្រ​ត្រជាក់​ណាស់ ប្រហែល​មិន​យូរ​ ឬ​ឆាប់ៗនេះ​ ច្បាស់​ជា​មាន​ភ្លៀង​ធ្លាក់​ជាមិន​ខាន ហើយ​ខ្ញុំ​ក៏​បាន​មើល​តំណក់​ទឹក​ភ្លៀង​ធ្លាក់​ចូល​សមុទ្រ​ដោយ​រីករាយ​។ ខ្ញុំ​ដើរ​លើ​ឆ្នេរ​ខ្សាច់ដ៏​ស្ងប់​ស្ងាត់។​ ធម្មជាតិ​នៅទីនេះ​បរិសុទ្ធ​​ល្អណាស់… ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​ស្រស់​ថ្លា… តែ​ខ្ញុំ​ក៏​នឹក​​ដល់​មិត្ត​ភក្តិ​ទាំង​ឡាយ​ក្នុង​​ Facebook ដែរ​ ពិសេស​ សមុទ្រ ជាមនុស្ស​តែម្នាក់​គត់​ដែល​តែ​ង​​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ…  ពេល​នេះ​ បើ សមុទ្រ​ មិត្ត​នារី​ដ៏​ល្អ​របស់​ខ្ញុំ ​មក​លេង​សមុទ្រ​ដែរ មិន​ដឹង​ជា​សប្បាយ​យ៉ាង​ណា​នោះ​ទេ តែបើ​នាង​មក​ក៏​ខ្ញុំ​មិន​ស្គាល់​មុខ​ដែរ ព្រោះ​ព្យាយាម​សុំ​មើល​រូប​ថត​របស់នាង​យ៉ាង​ក៏​ណា​ ក៏​មិន​ឲ្យ ប៉ុន្តែ​ក៏​សប្បាយ​ចិត្ត បើ​បា​នដឹង​ថា នាង​មក​លេង​លំហែ​កាយ​នៅ​មាត់​សមុទ្រ​ ដែល​មាន​អាកាស​ធាតុ​ល្អបែបនេះ។

និយាយ​ពី សមុទ្រ​​ នោះ​កាល​ណាខ្ញុំ​តែង​មាន​អារម្មណ៍ល្អ​ចំពោះ​នាង​ និង​អាណិត​នាង ។ ខ្ញុំ​នៅ​ចាំ​ Message របស់​នាង ហើយ​​ខ្ញុំ​តែង​តែ​អាន​ ពេល​ដែល​ខ្ញុំ​កើត​ទុក្ខមិន​សប្បាយ​ចិត្ត។ Message នោះតែង​តែ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​ជានិច្ច។ ខ្ញុំ​អាន​ស្ទើរ​តែ​ចាំ​រត់​មាត់​ទៅ​ហើយ។

Message​ sent to ជំនោរ៖ […] ខ្ញុំ​មាន​រឿង​មួយ​ប្រាប់​មិត្ត ក្នុង​នាម​ជា​អ្នក​ចូល​ចិត្ត​មើល​ទឹក​ភ្លៀង និង​​តំណក់​ទឹក​ភ្លៀង​ដូចគ្នា។ ខ្ញុំ​ឃើញ​ប្រកាស (Post) ​របស់​ជំនោរ​ ភាគ​ច្រើន​គឺ​និយាយ​ពី​អារម្មណ៍​សោក​​សៅ មិន​សប្បាយ​​ចិត្ត បើ​រីករាយ​ក៏​តិច​តួច​ណាស់។ បើ​និយាយ​ឲ្យចំ​គឺ​មិន​សូវ​​ពេញ​ចិត្ត​​នឹង​ជីវភាព​គ្រួសារ។

ខ្ញុំ​យល់​! ហើយ​ក៏​បាន​ទទួល​ស្ថានភាព​បែប​នោះ​ដែរ​។ កាល​ពីមុន​ ខ្ញុំ​ជា​ក្មេង​ទំយើណាស់ ជា​ក្មេង​ដែល​មាន​អ្វី​ៗ​គ្រប់​យ៉ាង ចង់​បាន​អី​ បាន​នោះ ព្រោះ​ប៉ា​ម៉ាក់​ជា​អ្ន​ក​មាន តែ​ក្រោយ​មក បន្ទាប់​ពីបាត់​បង់​លោក​ប៉ា​ទៅ… (តាម​ពិត​ទៅ​ខ្ញុំ​មិន​គួរ​និយាយ​ប្រាប់​ជំនោរ​ទេ ពេល​ដែល​រម្លឹ​ក​រឿង​គ្រួសារ វា​ចេះ តែ​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ខ្ញុំ​ហូរ រឿង​រ៉ាវ​ដ៏​សោក​សៅ​ក្នុង​អតី​តកាល​ទាំង​ឡាយ បាន​ផុស​ឡើង​ក្នុង​អារម្មណ៍ខ្ញុំ… ប៉ុន្តែខ្ញុំ​យល់​ថា វា​អាច​នឹងមាន​​ប្រយោជន៍​​ចំពោះ​មិត្ត)​។ បន្ទាប់​ពីបាត់​បង់​លោក​ប៉ា​ទៅ… គ្រួសារ​ខ្ញុំ​ធ្លាក់​ចុះ។ ខ្ញុំ​ត្រូវ​រស់ក្នុង​ស្ថាន​ភាព​ជីវភាព​ដ៏​វេទនា​ជាមួយ​ម្តាយ តែ​បន្ទាប់​​មក​ទៀត បាន​ប៉ុន្មាន​ឆ្នាំ… ម្តាយ​ខ្ញុំ​ក៏​បាន​​ចាកចេញឆ្ងាយ​ពីរូប​ខ្ញុំ​ទៀត… គាត់​បាន​ឃ្លាត​ឆ្ងាយ​ពីខ្ញុំ​ដោយ​គ្មាន​ថ្ងៃ​នឹង​ត្រឡប់​វិល​វិញ​ឡើយ។ ជំនោរ​សាក​គិត​មើលទៅ ពី​កូន​ស្រី​អ្នក​មាន​ម្នាក់ មក​ជា​ក្មេង​ស្រី​កំព្រា​ ដែល​ត្រូវ​រង​នូវ​ពាក្យ​សម្តីប្រមាថ​មើល​ងាយពី​មនុស្ស​មួយ​ចំនួន​ក្នុង​សង្គម ព្រោះ​តែ​ឪពុក​ម្តាយ​ខ្លួន​កើត​ជំងឺ​អេដស៍​…​ តើខ្ញុំ​​អាច​នឹង​សម្រប​ខ្លួន​នឹង​ស្ថានភាព​ថ្មី​របស់​ខ្លួន​បាន​ដោយ​របៀ​ប​ណា? ពេល​ខ្លះ​ បើ​អាច​ធ្វើ​ទៅបាន​ ខ្ញុំ​ស្ទើរ​តែ​ចង់​​គេ​ច​មុខ​ ពី​មនុស្ស​​ទាំង​ឡាយ​ផង…

តែពេល​នោះ ​ខ្ញុំ​ត្រូវ​ប្រ​ឈម​មុខ​នឹង​ការ​ពិត ហ៊ាន​ទទួល​យក​​ការ​ពិត និង​រិះ​រក​ដំណោះ​ស្រាយ សម្រាប់​ជីវិត​ខ្លួន​ឯង​។ ដាច់​ខាត ខ្ញុំមិន​ឲ្យ​ភាព​​សោក​សៅ និង​ទុក្ខ​ព្រួ​យ​ទាំង​ឡាយ​ញាំញី​ជីវិត​ខ្ញុំ​ឡើយ ខ្ញុំ​​ត្រូវ​ជម្នះ​ភាព​លំបាក​ទាំង​នោះ ដើម្បី​ឆ្ពោះ​​ទៅ​កាន់​អនាគត​ដ៏​ល្អ​​ដែល​កំពុង​រង់​ចាំ​យើង។

ពេ​លដែ​លខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​បំផុត ខ្ញុំ​នឹក​ដល់​ពាក្យ​មួយ​ឃ្លាថា «យើង​លំបាក​ប៉ុណ្ណឹង នៅមាន​អ្នក​ខ្លះ​លំបាក​ជាង​ហ្នឹង​ទៅទៀត!»។ ពាក្យ​នេះ បាន​ជួយ​ខ្ញុំ​កុំ​ឲ្យ​គិត​ច្រើន​ និង​ចេះ​តែ​តូច​ចិត្តបាន​ខ្លះ​ដែរ។ ប៉ុន្តែពេល​ដែល​ខ្ញុំ​ដើរ​កាត់​ផ្ទះ​នរណា ឬ​ឃើញ​ក្រុម​គ្រួសារ​គេ ជួប​ជុំ​គ្នា ញ៉ាំ​បាយ​ជុំ​គ្នា ឬ​លេង​ជុំ​គ្នា … ខ្ញុំ​មិន​យល់ថា ហេតុអ្វី​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន…

និយាយ​ដោយ​ស្មោះ ជំនោរ ​ពិត​ជា​សំណាង​មែន​!! ដែល​មាន​ឪពុក​ម្តាយ ហើយ​គាត់​អាច​ទំនុក​បម្រុង ​ជំនោរ ​បានយ៉ាង​ល្អ។ សូម​រក្សា​ពេល​វេលា​ឱកាស​ដ៏​ល្អ​នោះ​! ពីមិត្ត សមុទ្រ  […]

ពេល​ដែល​អានMessageនេះ ខ្ញុំ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​បាន​នៅ​ជិត​​នាង ហើយ​បាន​និយាយ​ចែក​រំលែកថ្លែង​ពីអារម្មណ៍​ទុក្ខ​សោក​ចំពោះ​កាន់​គ្នា​ទៅវិញ​ទៅមក។

*****

«​សត្វ​ស្លាប!… ខ្ញុំ​ចង់​ហោះ​ហើរ​ដូច​ឯង…»

សម្រែក​មួយ​យ៉ាង​ស្រាល​ឮ​រំពង​មក​ប៉ះ​ត្រចៀក​របស់​ខ្ញុំ ដែល​កំពុងតែ​លង់ស្លង់​​អារម្មណ៍​។​ នោះ​គឺជា​សំឡេង​​ក្មេង​ស្រី​ជំទង់ម្នាក់ កំពុង​ខ្ទប់​ដៃ​​ស្រែក​ទៅ​កាន់​សមុទ្រ នៅ​ពេល​ដែល​នាង​ឃើញ​ហ្វូង​សត្វ​សមុទ្រ​ហិច​ហើរ​ប្រណាំ​ង​នឹង​ជំនោរ​សមុទ្រ​​យ៉ាង​សប្បាយ​រីក​រាយ។ ប្រហែ​ល​ជា​នាង​ចង់​មាន​សេរី​ភាព​ក្នុង​ការ​ហោះ​ហើរ​ដូច​សត្វស្លាប​ទាំង​នោះ​ហើយ​មើល​ទៅ។

យុវតី​ស្លៀក​ពាក់​ខោអាវ​យ៉ាង​ឆើត​ឆាយ គន់​មើល​គួរ​ឲ្យ​ចាប់​ចិត្ត។ ក្នុង​សម្លៀក​បំពាក់​សម័យ​ទំនើប ខោ​ខូវ​បយ​ខ្លី​ត្រឹម​ជង្គង់​ពណ៌ខៀវ នាង​​ពាក់​ខ្សែ​ក្រវាត់​ក្បាល​ធំ​ពណ៌​ត្នោត ​ស្បែក​ជើង​ប៉ាត់​តា​ពណ៌​ស ជាមួយ​​ស្រោម​ជើង​ប្រផេះ… ក្នុង​ភាព​ជា​យុវ​វ័យ​ដូច្នេះ​ស្រាប់​ផង​ នារីនេះ គួរ​ឲ្យទាក់​ទាញ​ចិត្ត​ជា​ខ្លាំង ព្រោះ​​សាច់​នាង​សម៉ដ្ឋ​ខៃ​ ត្រូវ​នឹង​ពាក់អាវ​យឺត​ពណ៌​ស​ដៃ​ខ្លី​ថែម​ទៀត​នោះ ធ្វើ​ឲ្យ​អ្នកណា​​ដែល​បាន​ឃើញ​សម្ជស្ស​ធម្មជាតិ​របស់​នាង នឹង​សម្លឹង​គយ​គន់​មើល​មិន​ដាក់​ភ្នែកឡើយ… យុវ​នារី​អ៊ុត​សក់​ត្រង់​ភ្លឹង​ទម្លាក់​មក​លើ​ស្មា ខ្យល់​សមុទ្រ​បក់​មក​ប៉ះ​រាង​កាយ​ដ៏ល្វត់​ល្វន់​របស់​នាង ជំរុញ​ឲ្យ​សក់​ដ៏​ស្រលូន​ចេះ​តែ​ប្រឡែង​លេង​នឹង​ស្មា​ទាំង​គូ​… បបូរ​មាត់​ក្រហម​រាងក្លែប​​ក្រូច​បញ្ចេញ​ស្នាម​ញញឹម​ដ៏​មាន​មន្ត​ស្នេហ៍​ជានិច្ច បង្ហាញ​ឲ្យ​ឃើញ​ធ្មេញ​ទន្សាយ​ស​ដូច​ភ្លុក… នាង​ផាត់​ម្សៅ​មុខតិចៗ ព្រោះ​មុខរបស់​​នាង​ស​ស្រាប់​ទៅហើយ។

–       បងសារ៉ា​! ម៉ាក់​ហៅ​ញ៉ាំបាយ… គ្រាន់​តែ​ចុះ​ពី​ឡាន​មិន​បាន​ប៉ុន្មាន​ផង​ ប្រុង​មក​លេង​ទឹក​ហើយ! តោះ​​ចាំ​ញ៉ាំ​បាយ​សិន​ អូន​មក​លេង​ដែរ! (ក្មេង​ស្រី​តូច​ម្នាក់​មក​ហៅ​នារី ដែល​ស្រែក​​ទាម​ទារ​សេរីភាព​អំបាញ់​​មិញ​​នេះ​)

យុវ​នារី​បែរ​ខ្នង មិន​ស្តី​តប ហើ​យ​ទៅកាន់​ដៃ​ប្អូន​ស្រី។ នាង​តូច​នោះ​ចេះ​តែ​និយាយរហូត​ តាម​និស្ស័យ​របស់​ក្មេងនិយាយ​ច្រើន ​ចម្លែក​តែ​ស្រស់​​ស្រីមិន​តប​អ្វី​សោះ។ មុន​នេះ​នាង​គ្រាន់តែ​ស្រែក​ទៅ​កាន់​សមុទ្រ​ហើយ ក៏​ឈប់​បាត់​មាត់​​រហូត​តែ​ម្តង សូម្បីតែ​តប​ទៅ​ប្អូន​បន្តិច​ក៏​មិន​តប​ដែរ។

នាង​ដើរ​កាត់​មុន​ខ្ញុំ។ ទោះបី​នាង​ស្លៀក​ពាក់​ឡូយ​ឆាយ​មែន តែ​ក៏​មើល​ទៅ​ យើង​អាច​ឃើញ​សម្រស់​ពី​ធម្មជាតិ​របស់​នាង​បាន​យ៉ាង​ច្បាស់​ថា ធម្មជាតិ​ពិត​ជា​បាន​ផ្តល់​រូប​សម្ជស្ស​ដ៏​ល្អ​ស្រស់​សោភា​ដល់​នាង​មែន។ ពេល​នាង​ដើរ​កាត់​ខ្ញុំ ​ក្លិន​ខ្លួននាង​ក្រមុំ​ក្រអូប​ភាយ​មក​ប៉ះ​ច្រមុះ​របស់​ខ្ញុំ…

មិន​ដឹង​ថា ជា​ញញឹម​សល់​ឬ​យ៉ាងណា​នោះ​ទេ តែ​នាង​បាន​ចោលស្នាម​ញញឹមមក​ខ្ញុំ​ដែរ… ជាទម្លាប់​ធម្មតា​របស់​អ្នក​មាន​សុជីវធម៌​ទេ ដែលនាង​​ញញឹម​ដាក់​មនុស្សគ្រប់គ្នា តែ​ស្នាម​ញញឹម​របស់​នាង​ ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ប្លែក​អ្វី​ម្យ៉ាង។ ក្នុង​អារម្មណ៍​ដ៏​តូច​មួយ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា នាង​ជា​នារី​ដែល​ខ្ញុំ​ធ្លាប់​ជួប​ក្នុង​សុបិន​និម្មិត​ណាមួយ… ខ្ញុំ​ទទួល​អារម្មណ៍​ថា ដូច​បាន​ស្គាល់​នាង​នៅ​កន្លែង​ណា តែដូចជា​រក​នឹក​មិន​ឃើញ​សោះ…

ខ្ញុំ​តាម​សម្លឹង​មើ​លនាង​ដើរ​ចេញ​ទៅ​។ នាង​ដើរ​សំដៅហ្វូង​មនុស្ស​ដ៏ច្រើន រហូត​បាត់​ស្រមោល… តើ​ពេល​ណា​នឹងបាន​ជួប​នាង​ម្តង​ទៀតទៅ? បែប​គ្មាន​សង្ឃឹម​ទេ! ពិភព​លោក​នេះ​ធំទូលាយ​ណាស់!

*****

វេលា​រសៀល​បន្តិច ភ្លៀង​ក៏​បង្អុរ​ឡើង… មនុស្ស​ទាំង​ឡាយ​នាំ​គ្នា​រត់​​ចូល​ជ្រក​ភ្លៀង​។ ចំពោះខ្ញុំ​ មិន​មែន​ជា​រឿង​ប្លែក​ទេ ដែល​ជា​អ្នកចូលចិត្ត​​ទឹកភ្លៀង។ ភ្លៀង​ជា​ផ្នែក​សំខាន់​សម្រាប់​ជីវិត… ហេតុអ្វី​បាន​ចាំ​បាច់​រត់​ទៅ​ជ្រក​កុំ​ឲ្យទទឹក… អ្នក​ដើរ​ក្រោម​តំណក់​ទឹក​ភ្លៀង​រែង​អី​នឹង​ទទឹកនោះ​…

កំពុង​តែ​ដើរ​តាម​ឆ្នេរ​ រលក​បាន​បោក​នឹង​ស្មង​ជើង​ខ្ញុំ​តិចៗ។

ភ្នែក​ខ្ញុំ​ឃើញ​ស្រមោល​មនុស្សមាន​សក់​វែង គឺ​ជា​​ស្រី​ម្នាក់​ដើរ​សំដៅ​សមុទ្រ… ដូច​ជា​មិន​ស្រួល​ទេ​ដឹង (ខ្ញុំ​គិត​ក្នុង​ចិត្ត​) ហេតុអ្វី​ពេល​ភ្លៀង​ដូច្នេះ​ហើយ នាង​ដើរ​ម្នាក់​ឯង​ទៅ​កាន់​សមុទ្រ​ទៀត?… តិច​នាង​ប្រុង​ធ្វើ​អ្វី មិន​ល្អទៅ? ឬ​គិត​ខ្លី ចង់​​សម្លាប់​ខ្លួន?

នាង​ដើរ​ចុះសមុទ្រកាន់​តែ​ជ្រៅ… ខ្ញុំ​ឃើញ​ស្ថាន​ការ​កាន់​តែ​មិន​ស្រួល​ហើយ ក៏​ប្រញាប់​រត់​ចុះ​ទៅ ឃាត់​នាង។

–       អេ! អ្នកនាង​ប្រុង​ធ្វើ​អ្វី​ហ្នឹង? កុំ​គិត​ខ្លី​ណា!! (គ្រាន់​តែ​មាត់​និយាយ​ប៉ុណ្ណេះ ដៃ​របស់​ខ្ញុំ​ប្រញាប់​ទៅចាប់​ដៃ​នាង​ជាប់​ ឃាត់​មិន​ឲ្យ​ដើរ​ទៅ​មុន​ទៀត​។)

–       លោក​ឯងប្រុ​ង​ធ្វើ​អី​ខ្ញុំ​ហ្នឹង បាន​ជា​មក​ចាប់​ដៃ​គេ​ចឹង? លែង​ខ្ញុំ​ភ្លាម!!

–       ខ្ញុំ​​មិន​លែង​ទេ ដរាប​ណា​អ្នក​មិន​ព្រម​ឈប់​ចង់​សម្លាប់​ខ្លួន​នោះ!

–       នរណា​ប្រាប់​លោក​ថា ខ្ញុំ​សម្លាប់​ខ្លួន!! ខ្ញុំ​មក​លេង​សមុទ្រ!! ខ្ញុំ​ងូត​ទឹក​ភ្លៀង​ផង​ វាយ៉ាង​ម៉េច!!

–       អ៊ីចឹង! អ្នក​នាង​មិន​ប្រុង​គិត​ខ្លី សម្លាប់​ខ្លួន​ទេ​មែន​ទេ? (ខ្ញុំ​និយាយ​ទាំង​ភ្ញាក់​ផ្អើល ដោយ​គិត​ខុស។)

–       យ៉ាប់​! ជីវិត​ ខំ​ប្រឹង​រស់ ទម្រាំ​​ធំ​បានប៉ុណ្ណេះ ឲ្យ​មក​ស្លាប់​ងាយ​ៗ​ដោយ​សារ​តែ​ការ​គិត​ខ្លី​យ៉ាង​ម៉េច​បាន!!​

–       ខ្ញុំ​ស្មាន​តែ…

–       ហើយ​ស្មើណា​ទើប​អាច​លែង​ដៃ​ខ្ញុំ​បានហ្អាលោក!

–       អ៎! សុំទោស​អ្នក​នាង!!

–       ខ្ញុំ​គ្មាន​ទោស​ឲ្យ​លោក​ទេ!! ប្រុស​ស្អី!! ហ៊ានមក​ចាប់​ដៃ​កូន​ស្រី​គេ​! មិន​ចេះ​ខ្មាស!!

ខ្ញុំ​ដូច​ជា​មិងមាំង​ពេល​ដែល​នាង​ថា ឲ្យ​ខ្ញុំ​ចំ​ៗ​ដូច្នោះ។ ខ្ញុំ​ខំ​ទៅជួយ​នាង​ ខ្លាច​ក្រែង​នាង​ប្រុង​គិត​ខ្លី តែ​មក​ត្រូវ​នាងស្អី​ឲ្យ​ទទេ។

ប្រហែល​ជា​អៀន​ខ្លាំង​ហើយ បាន​ជា​នាង​គ្រវាត់កៀស​ដៃ​ខ្ញុំ​ចេញ ហើយ​ដើរ​យ៉ាង​លឿន​ឡើង​គោ​ក។ នាង​ឆ្នាស់​ឆ្នើម​សម្បើប​ណាស់​ដែរ។ ខ្ញុំ​ខំ​បារម្ភ មក​ជួយ បែរ​ជា​​ថា​ឲ្យ​ខ្ញុំ​មាំង​ៗ​តែ​ម្តង។

អូ! នឹក​ឃើញ​ហើយ ខ្ញុំ​ចាំមុខ​បាន​ហើយ គឺ​នារី​ដែល​ស្រែក​ទៅ​កាន់​សមុទ្រ​កាល​ពី​ព្រឹក​មិញ​នេះហើយ។ ពី​ព្រឹក​ធ្វើ​ឫក​ពា​មឺះៗ ដូច​ជា​មិន​ចង់​និយាយ​ស្តី ដល់​ពេលនេះ លត់​ឯង​មួយ​រយៗ​តែ​ម្តង។ ចំ​ជា​យ៉ាប់​មែន!

ជំពូក ៣

ល្ងាច​ថ្ងៃ​សៅរ៍ ខ្ញុំ​មក​ដល់​ភ្នំពេញវិញ។ ខ្ញុំ​គេង​ទាំង​អារម្មណ៍​រីករាយ​ ទោះបី​ជា​ការ​ធ្វើ​ដំណើរ​​ហត់​នឿយបន្តិច​ក្តី តែ​ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ និង​មាន​វេលា​លំហែ​អារម្មណ៍​នៅ​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត ហើយ​ជា​ពិសេស​បាន​ទទួល​បទ​ពិសោធ​ជួយ​គេ​មិន​បាន​គុណ បែ​រ​ជា​បាន​ទោស​ ត្រូ​វ​គេ​ស្តី​ឲ្យ​ទៅវិញ។

ស្អែក​ឡើង​ថ្ងៃអាទិត្យ ខ្ញុំទៅរៀន​កួរ​ ហើយ​ក៏​ឆ្លៀត​ចូល​ហាង ​Internet ក្បែរ​សាលា​បន្តិច។ ខ្ញុំ​ខាន​ចូល​ហាង​នោះ​ជា​យូរ​មក​ហើយ ព្រោះ​ត្រូវប្តូរ​កន្លែង​លេង និង​ពេល​ខ្លះ​រវល់​ធ្វើ​កិច្ច​ការ​​លំហាត់​គណិត ​ដែល​ copy ពី ​ Note និង Profile របស់​សមុទ្រ។​

ឈាន​ជើង​ចូល​ដល់ក្នុង​ហាង ខ្ញុំ​ដើរ​សំដៅ​ទៅ​ទូ​ដែល​ខ្ញុំ​ធ្លាប់​ប្រើ​ពីមុន។ ខ្ញុំ​ធ្វើ​អារម្មណ៍​ធម្មតា​ ហាក់​ដូច​ជា​មិន​បាន​គិតគូរ និង​ចាប់​អារម្មណ៍​នឹង​អ្វី​ៗ​ទាំង​អស់។ ស្ថាន​ភាព​ក្នុង​ហាង​នេះ ​ហាក់​ដូច​ជា​ធម្មតា​ទាំង​អស់​ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ឡើយ។ ខ្ញុំ​ងាក​ទៅមើល​ទូ​លេខ​៥ ដែល​មាន​ស្រី​ម្នាក់​ធ្លាប់​អង្គុយ មិន​មាន​ឃើញ​ទេ។ ស្រី​ម្នាក់​នោះ!!! ខ្ញុំ​នឹក​ឃើញ​ហើយ គឺ​នារី​ដែល​ខ្ញុំ​បាន​ជួប​នៅ​មាត់​សមុទ្រ​នោះ ពិត​មែន​ហើយ គឺ​ជា​មនុស្ស​តែ​មួយ​តើ។ ខ្ញុំ​ទើប​តែ​នឹក​ឃើញ ប្រាកដ​ជា​នាង​មែន​ហើយ… គិត​ដល់​រឿង​នេះ ធ្វើ​ឲ្យ​អារម្មណ៍​ផ្លាស់​ប្តូរ​មួយ​រំពេច… ជា​ចៃ​ដន្យ​ម្លេះ មក​លេង​ក្នុង​ហាង​Internet ជាមួយ​គ្នា ខ្ញុំ​ឃើញ​នាងពីរ​ដង ​តែមិន​ដែល​បាន​និយាយ​គ្នា​ផង ដល់​ទៅ​ជួប​លើក​ទី​បី ត្រូវ​នាង​ស្តី​ឲ្យ​តែមុ្តង… គួរ​ឲ្យ​អស់​សំណើច​មែន…😀  ខ្ញុំ​សរសេរ​ដាក់​ប្រកាស​សិន។

*Posted by ជំនោរ *៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ធ្វើ​គុណ​បាន​ទោស​ដែរទេ​? ទៅ​ជួយ​គេ​ បែរ​ជា​ត្រូវគេ​​ស្តីឲ្យ​​ទៅវិញ… បើ​អ្នក​បាន​ដឹង វា​ពិត​ជា​រឿង ​ដែល​គួរ​ឲ្យ​អស់​សំណើចណាស់​… ។

[សមុទ្រ like]

–       ជំនោរ ៖ hmm… សមុទ្រ​អត់​សរសេរ​ comment អី​ទេហ្អ? ម៉េច​គ្រាន់​តែ​Like ចឹង?

–       សមុទ្រ៖ រវល់​នៅ​ស្ថាន​ទូត! ជិតចូល​​សម្ភាស​ហើយ!! ចាំ​ទៅ​ដល់​ផ្ទះ​វិញ​ណា!!

–       ជំនោរ ៖ សម្ភាស​? នៅទូតណា? សំណាងល្អណា!!

–       សមុទ្រ ៖😀

–       ជំនោរ ៖ ស៊ូ! ស៊ូ!

[សមុទ្រ is offline]

*****

[សមុទ្រ is online and chat with ជំនោរ]

–       សមុទ្រ ៖ និយាយ​អ៊ីចឹង! ហេតុអ្វី​បាន​ដាក់​ឈ្មោះ​«ជំនោរ​»ទៅវិញ!

–       ជំនោរ ៖ «ជំនោរ​» ប្រែថា ខ្យល់ ជា​ឈ្មោះ​កំណើត​របស់​ខ្ញុំ​តើ! មិន​ដឹង​ហេតុអ្វី​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​មើល​ទឹក​សមុទ្រ និង​ខ្យល់​បក់! ពិសេស​ខ្យល់​នៅ​មាត់​សមុទ្រ! រលក​សមុទ្រ​ដែល​បក់​បោក​តាម​កម្លាំង​ខ្យល់​សមុទ្រ​នាពេល​សុរិយា​ហៀប​អស្តង្គត… ជា​ទិដ្ឋភាព​មួយ​គួរ​ជា​ទីគយគន់ ដែល​បណ្តាល​​ឲ្យ​ស្រងេះ​ស្រងោច តែវាបាន​ផ្តល់​នូ​វ​មនោសញ្ចេត​នា​ពិសេស​ម្យ៉ាង​ក្នុង​ចិត្ត​ខ្ញុំ…

–       សមុទ្រ ៖ ​និយាយ​ដូច​អ្នក​ប្រលោម​លោក​! ហិហិ!

–       ជំនោរ ៖ វា​គ្រាន់​តែ​ជា​អារ​ម្មណ៍​ល្អ​តែប៉ុណ្ណោះ!…ភ្លេច​ហើយហ្អ! ​នរណាគេ​​បង្រៀន​ឲ្យ​ខ្ញុំ​គិត​វិជ្ជ​មាន​​ចំពោះ​ពិភព​លោកនោះ​? រហូត​មក​ដល់​ពេលនេះ​ ខ្ញុំ​អរគុណ​ សមុទ្រ ពិត​មែន​ ដែល​បាន​លួង​លោម​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ល្អ ជួយ​ឲ្យ​ខ្ញុំមាន​ក្តី​សង្ឃឹម​ក្នុង​ការ​រស់​នៅ! កុំ​​ឲ្យ​​យល់​ឃើញ​តែ​ទុទិដ្ឋនិយម​ខ្លាំង​ពេក​ក្នុង​ជីវិត! អរគុណ​មែន​ទែន​ណា!

–       សមុទ្រ៖ ចាត់​ទុក​ថា​ជា​ការ​ចែក​រំលែក​ចំពោះ​មិត្ត​ភាព​ដ៏​ល្អទៅចុះ…

*****

*Posted by សមុទ្រ​​ *៖ ​ជីវិត​​របស់​អ្នក​ មិន​កម្សត់​ពេក​នោះ​ទេ!! ថ្ងៃនេះ អ្នក​បាន​ស្វែង​រក​ពន្លឺ​សេចក្តី​សង្ឃឹម​នៃ​ជីវិត​របស់​អ្នក​ឃើញ​ហើយ។ តាម​រយៈ​ការ​តស៊ូ​យ៉ាង​ក្រាញននៀល​នឹង​ជីវិតជា​ក្មេង​​កំព្រា បាន​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​រឹងមាំ… ការ​ស្វែង​រក​ឧត្តម​ភាព​នៃ​ជីវិត​ជា​ដំណើរ​វែង​ឆ្ងាយ… ទាម​ទារ​ឲ្យ​​អ្នក​តម្កល់​ចិត្ត​ឲ្យ​រឹង​មាំ អំណត់​អត់​ធន់​ តស៊ូ​ព្យាយាម ពុះ​ពារ​មិន​ដក​ថយ…។

[ជំនោរ Like and you]

–       ជំនោរ ៖ ខាន​ចូល​ Facebook ម៉ា​​រយៈ​។ ដល់​ចូល​វិញ ប្រកាស​សុទ្ធ​តែ​ទ្រឹស្តី! គំនិត​ល្អ​មែនទែន​មិត្ត! ខ្ញុំ​សុំ​គាំទ្រទាំង​ស្រុង​!

–       សមុទ្រ ៖ មិន​មែន​ត្រឹម​តែ​ទ្រឹស្តីទេ គឺ​អនុវត្ត ​រួចហើយបាន​ជោគ​ជ័យ​ទៀតផង​។

–       ជំនោរ ៖ ល្អ!!

–       សមុទ្រ ៖😀

–       ជំនោរ ៖ ​និយាយ​អ៊ីចឹង សម្ភាស​នៅ​ស្ថាន​ទូ​ត​ថ្ងៃ​មុន​យ៉ាង​ម៉េច​ទៅហើយ?

–       សមុទ្រ ៖ ចាំ​Message ប្រាប់​!!

[សមុទ្រ is offline]

*****

[Message to ជំនោរ from សមុទ្រ] ម៉ោង​៨យប់​នេះ ខ្ញុំ​ចាក​ចេញ​ពីស្រុក​ខ្មែរហើយ។ ជំនោរ បើ​មាន​ពេល​ទំនេរ​ អាចមក​ជួយ​ជូន​ដំណើរ​ខ្ញុំ​ផង​បាន​ទេ នៅ​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ។ សង្ឃឹម​ថា​ មិត្ត​នឹង​មក!!

ចំពោះ​ការ​​ជូន​ដំណើរ​សមុទ្រ ជា​ចំណោទ​ដែល​ធ្វើ​ឲ្យ​ជំនោរ​ពិបាក​សម្រេច​ចិត្ត​ដែរ។ ចំពោះជំនោរោផ្ទាល់​ គេ​ចាត់​ទុក​សមុទ្រ​ជា​មិត្ត​ល្អ ។ ទោះ​បី​ជា​ពួក​គេ​ស្គាល់​គ្នា​តែ​តាម​ Facebook ក៏​ពិត​មែន​ តែ​មនោសញ្ចេតនា​របស់​គេ​ត្រូវ​រ៉ូវ​គ្នា​ណាស់។ ក្នុងចិត្ត​របស់​ជំនោរ​ សមុទ្រ​ជា​មិត្ត​សម្លាញ់ មិត្ត​ដែល​យល់​ចិត្ត​បំផុត គ្រាន់​តែ​មិន​បាន​ស្គាល់​មុខ​តែ​ប៉ុណ្ណោះ​។ ម្តង​នេះ អាច​ជា​ឱកាស​ល្អ ដែល​អាច​ឲ្យ​គេ​បាន​ស្គាល់​នាង​ដោយ​ផ្ទាល់​​ក៏​ថាបាន។ ម្យ៉ាង​ជា​ការ​លើក​ទឹកចិត្ត​ចំពោះ​និស្សិត​​ខ្មែរ​ដែល​ទៅ​បន្ត​​ការ​សិក្សា​នៅ​បរទេសផង​។ នាយ​សម្រេចចិត្ត​រៀប​ចំ​ខ្លួន​ទៅ​ជូន​ដំណើរ​សមុទ្រ​នៅ​ល្ងាច​នេះ​។

*****

​ម៉ោង ​[7:00] សារ៉ាចេញ​ពី​កន្លែង ​Check in មក​ក្រៅ​ ដើម្បី​និយាយ​ជាមួយ​គ្រួសារ​ជា​ចុង​ក្រោយ… ពេល​វេលានៃ​ការ​បែក​គ្នា​លើក​នេះ ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់។ នាង​និយាយជា​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​​ទៅ​កាន់​ស្រ្តី​ចំណាស់​ជន​ជាតិ​អូស្រ្តាលី ដែល​អង្គុយ​ក្បែរនាង​៖

–       កូន​នឹក​ម៉ាក់! ម៉ាក់​ត្រូវ​រក្សា​សុខភាព​ផង​ណា!

–       ម៉ាក់​ក៏​នឹក​កូន​ដែរ។ កូន​ធំ​ហើយ ត្រូវ​ចេះ​គិត​គូរ​ពីខ្លួន​ឯង​។

អ្នក​ស្រី​Julie និយាយដោយ​សម្តី​ថ្មមៗ​​ទៅ​កាន់​កូ​នស្រី​ធម៌​សម្លាញ់​ចិត្ត​របស់​គាត់។ គាត់​ចិញ្ចឹម​នាង​ជាង​១០​ឆ្នាំ​មក​ហើយ គាត់​យល់​ច្បាស់​ពី​ចរិត​របស់​សារ៉ា ពី​ការ​បារម្ភ​របស់​នាង​ចំពោះ​រូប​គាត់​ជាម្តាយ។ ម្តាយ​ធម៌​នេះ​មាន​ចិត្ត​មេត្តា​ចំពោះ​សារ៉ាណាស់។ គាត់ឲ្យ​នាង​រៀន​សាលា​ល្អៗ និង​ទិញ​ផ្ទះ​សមរម្យ​ឲ្យ​នាង​ស្នាក់នៅ​ ព្រម​ទាំង​ផ្តល់​ដើម​ទុក​ឲ្យ​បង្កើត​ហាង​Internet ទៀត​ផង។​ អ្នក​ស្រី​ផ្អាកគិត​បន្តិច​ក៏​សួរ​កូនបន្ត​៖

–        ចុះ​កូន​ប្រាប់​ម៉ាក់ថា ត្រូវ​ចាំ​មិត្ត​ម្នាក់​មែន​ទេ?

–       គេ​ប្រាកដ​ជាមក…

កំពុង​តែ​ជជែក​គ្នា​ ប្អូន​ស្រី​ចិញ្ចឹម​របស់​សារ៉ា​ កេះដៃ​នាង៖

–       បង​ស្រី! ពូ​ដែល​ទៅ​លេង​Internet ហាង​យើង​នោះ​មក​ហើយ! នោះ​គាត់។

សារ៉ា​ងាក​តាម​ដៃ​របស់​ប្អូ​នស្រី។ នាង​ស្រែក​ហៅគេ៖

–       ជំនោរ! ជំនោរ! ​ខ្ញុំ​នៅ​ទីនេះ..

ជំនោរ​ងាក​មក​ប្រភព​សំឡេង​ នាយ​ភ្ងាក់​ព្រើត​ ដូច​គេ​ចោល​នឹង​ដុំ​ដី។ នាយ​ឃើញ​នារី​ដែល​កំពុង​នៅ​ពី​មុខ​នោះ គឺ​ជា​ស្រី​ម្នាក់​ដែល​គេ​ធ្លាប់​ឃើញ​នៅ​ក្នុង​ហាង​Internet  ហើយ​ជា​នារី​តែ​មួយ​ដែល​គេ​ជួប​នៅ​មាត់​សមុទ្រ…

–       នាង គឺ​ជា​​… សមុទ្រ!! (ជំនោរ​ឧទាន​តិចៗ)

–       ត្រូវ​ហើយ!! នេះ​ម៉ាក់​ខ្ញុំ និង​ប្អូន​ស្រី​របស់​ខ្ញុំ​។

ជំនោរ​លើក​ដៃ​គោរព​តាម​របៀប​ខ្មែរ។

–       ចៃ​ដន្យ​មែន​ទេ!!

–       ម៉េច​មិន​នឹក​ស្មានហ្អ!!

–       មិន​ស្មាន​ថា មាន​មិត្ត​ជា​ម្ចាស់​ Internet សោះ​!

–       មិន​អី​ទេ ចាំ​ខ្ញុំ​ប្រាប់​ប្អូ​ន​ស្រីខ្ញុំ! ​ឲ្យ​Free ​Internet ​មួយ​ថ្ងៃ​តែម្តង ឲ្យតែ​មាន​ពេល​មក​លេង​..

ជំនោរ​សើច​ញឹមៗ ដោយ​ហួច​ចិត្ត​ ដោយ​មិន​នឹក​ស្មាន​ មិត្ត​ដែល​គេ​ធ្លាប់​តែ​ជួប​តាម ​Facebook ពេល​នេះ​ឃើញ​មុខ​គ្នា​​ពិត​ប្រកដ​ហើយ ហើយ​ក៏​ជា​មនុស្ស​ដែល​គេ​ធ្លាប់​ឃើញ​មុន​រួច​មក​ហើយ​ដែរ។

*****

*Posted by ជំនោរ​ *៖ ទីបំផុត​ខ្ញុំ​បាន​ស្វែង​រក​មិត្ត​ភក្តិ​មួយ​ដ៏​ល្អ ហើយ​គេ​ម្នាក់​នោះ​ ជាមិត្ត​ល្អ​ជានិច្ច​ចំពោះ​រូប​ខ្ញុំ! ថ្ងៃ​នេះ សមុទ្រ បាន​ចាក​ចេញ​ពីស្រុក​ខ្មែរ​ហើយ នាង​ទៅ​បន្ត​ការ​សិក្សានៅ​ប្រទេស​អូស្រ្តាលី​! នាង​បាន​ផ្តាំ​ខ្ញុំ​ថា ជីវិត​កូន​អ្នកក្រ ជីវិត​ក្មេង​កំព្រា​ត្រូវតែ​រៀន​ឲ្យ​បាន​ខ្ពង់​ខ្ពស់!

[សមុទ្រ Like and you]

មិត្រ​អ្នក​អាន​ទាំងឡាយ រង់ចាំ​ជួប​ជំនោរ និង​ សមុទ្រ​នៅក្នុង​ ​Face book ពេល​ក្រោយទៀត៕

 

* The End *

*

ខែធ្នូ ២០១០

ចប់​ថ្ងៃ ០១ ខែ ០១ ឆ្នាំ ២០១១

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s