«ខ្ញុំត្រូវតែរស់»

រឿង ខ្ញុំត្រូវតែរស់     

ក្នុងវ័យ១៨ឆ្នាំ​ ខ្ញុំត្រូវបានគ្រង​សម្លៀកបំពាក់​ជាសន្តិសុខ​យាម​ភោជនីយដ្ឋាន​ទំនើបមួយ​កន្លែង ដែល​បាន​​ទទួល​​ប្រាក់​​ខែ​មិន​​បាន​​ស្មើលោកធំ​ផឹកស៊ីមួយពេលផង។

ក្នុងឆ្នាំនេះ​ ខ្ញុំមានការ​ព្រួយបារម្ភចំពោះការសិក្សា​របស់​ខ្ញុំខ្លាំងណាស់ ព្រោះ​ខ្ញុំត្រូវ​ប្រឡង​បញ្ចប់​​មធ្យម​សិក្សា​​ទុតិយ​ភូមិ​ផង​។ នៅ​ពេលថ្ងៃ ខ្ញុំទៅរៀននៅសាលារដ្ឋ​ធម្មតា។​ ល្ងាចម៉ោង៦​រហូត​​ដល់​​ម៉ោង​៤​ទាប​ភ្លឺ ខ្ញុំ​ត្រូវ​​ទៅ​យាមហាង ​​ហើយ​ខ្ញុំសម្រាក​ធ្មេច​ភ្នែក​​​បាន​តែ​​ប្រមាណ​ជាង៣​ម៉ោង​តែ​ប៉ុណ្ណោះ ដ្បិត​អី​ខ្ញុំ​ត្រូវ​ទៅជួយ​លក់​ដូរ​​ម្ដាយ​របស់ខ្ញុំ ហើយថ្ងៃ​បន្តិច ខ្ញុំឆ្លៀតទៅរៀន​ភាសា​បរទេស​​មួយម៉ោងៗ​បន្ថែម​​ទៀត​។ ការលក់ដូរបន្លែ​របស់​​ម្ដាយ​​ខ្ញុំ​ត្រូវ​បានបញ្ចប់ ព្រោះ​តែម្ចាស់​តូប​ឈប់​ឱ្យជួលតូបទៀតហើយ​ ដោយ​​​​សារ​យើងគ្មាន​ប្រាក់​គ្រប់​គ្រាន់​បង់​ថ្លៃ​តូបឱ្យគេ។ លក់​ចេះ​តែ​ខាត​ចូល​ដើម យើង​ជំពាក់​ម្ចាស់​តូប​ដើម​ជា​ការៗជាដើម​ទៅ​ហើយ​។ ម្ដាយខ្ញុំត្រូវផ្លាស់​មកទូល​កញ្ជើ​លក់​វិញ​ម្ដង។

ថ្មីៗនេះ​ ចៅហ្វាយហាងរបស់ខ្ញុំបានបញ្ឈប់ការងារ​ខ្ញុំ​​ បញ្ឈរ​ជើងខ្ញុំចោល​ថែមទៀត។ គេឱ្យបងប្អូនរបស់គេពីខេត្តមក​ជំនួស​​​កន្លែង​​ខ្ញុំ​ភ្លាម​ៗ​។ គេ​​ដេញ​ក្បាល​​ខ្ញុំចេញឈប់លែងឱ្យ​ខ្ញុំធ្វើការ​ទៀតហើយ ដោយ​រកលេស​មូល​ហេតុ​បូក​​សរុប​គ្នា​តែ​ម្តង​សម្រាប់​​ចោទ​ប្រកាន់មកលើរូប​ខ្ញុំថា​ ខ្ញុំ​លួច​​​ដេក​​យប់ពេលយាម ​និង​អាយ៉ែ​ឡាន​ភ្ញៀវប៉ះ​ដូត​ថ្នាំ​រថយន្ត​ឡង់​គ្រីស័រ​លោក​​ឯក​ឧត្តម ​ព្រម​​ទាំង​ថា ​ខ្ញុំ​អង្គុយ​​អានទន្ទេញ​មេ​រៀន​ប្រហែស​ បណ្តាល​ឱ្យ​​ក្មេង​ហិត​កាវ​លួច​​​កាច​កញ្ចក់​ឡាន​របស់​​​ភ្ញៀវ និង​បាត់​អីវ៉ាន់​របស់​ភ្ញៀវ​… មូល​ហេតុ​ជាង​ច្រើន​​គ្រប់​យ៉ាង​បញ្ចូល​គ្នានេះ​ហើយ ធ្វើ​ឲ្យ​ខ្ញុំ​អស់​ការ​ងារធ្វើ។​ ខ្ញុំ​ព្យាយាម​រក​​កន្លែង​ធ្វើការថ្មី​​ដែរ​ តែមិន​ទាន់​បាន​នៅ​​ឡើយ​។

ខ្ញុំសង្កេតឃើញ មុខមាត់ រូបរាងម្ដាយរបស់ខ្ញុំកាន់តែស្គមទៅៗ តែគាត់នៅតែ​ត្រដរទាំង​ត្រដាប​ត្រដួស​​​ទៅ​លក់​បន្លែ​បន្តិច​បន្តួច និង ឆ្លៀតធ្វើនំលក់ថែមទៀត ដើម្បីបាន​ប្រាក់ខ្លះគួបផ្សំគ្នា​​សម្រាប់​​​ព្យាបាល​​ជំងឺ​ឪពុក​​របស់​ខ្ញុំ ​ដែលស្ថានភាព​ជំងឺ​របស់​គាត់​កាន់​​តែ​ដុន​ដាប​ទៅ​​ៗ​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។ បន្ទុកគ្រួសារ​ទាំង​មូល​ត្រូវ​ធ្លាក់មក​លើ​ម្ដាយរបស់ខ្ញុំទាំងស្រុង បន្ទាប់ពី​ឪពុករបស់​ខ្ញុំ​ពិការ​​ជើង​​ស្ដាំ​ដោយ​គ្រាប់​មីន​របស់​បច្ចា​មិត្ត និង​ពិការ​ភ្នែក​ទាំងគូ​ដោយ​​អំបែងគ្រាប់ខ្ទាតត្រូវ ក្រោយពី​ការ​ធ្វើ​សង្គ្រាម​នៅ​ខេត្ដ​ព្រះ​វិហារ។ ពិការ​​ភាព​ដ៏ធ្ងន់​ធ្ងរ​នៃ​ឪពុក​ខ្ញុំនេះ បាន​បណ្ដាល​ឱ្យម្ដាយខ្ញុំទទួលរង​ទ្រទម្ងន់​បន្ទុក​គ្រួសារ​ប្រៀប​បាន​នឹង​ទទួល​​រងនូវ​ថ្មបាក់ ។

ថ្ងៃនេះ មុននឹងចេញទៅសាលារៀន​ ខ្ញុំឆ្លៀតជួយរៀបចំ​បន្លែ នំគ្រាម និង នំកញ្ចប់ខ្លះដាក់​ក្នុង​កញ្ច្រែង​ឱ្យ​ម្ដាយ​​របស់​ខ្ញុំ​យក​ទូល​​ទៅ​លក់។ គាត់តែងតែប្រាប់ខ្ញុំជារឿយ​ៗថា៖ «កុំឱ្យខ្វល់​រវល់​នឹង​ជួយ​គាត់​ច្រើន​ពេក ឱ្យ​គិត​គូរ​តែ​ពីរៀន​សូធ្យ​ទៅ!» តែ​ខ្ញុំមិន​អាច​​មើល​​គាត់​ធ្វើនឹងភ្នែកបានទេ។ រាល់លើក​មុនទៅ​សាលា ​ខ្ញុំ​តែង​ជួយ​ទុក​ដាក់​របស់​របរ​លក់​ដូរ​ទាំង​នោះ​ជា​ប្រចាំ ទោះបីជាគាត់​ប្រាប់​ហាម​​​ប្រាម​យ៉ាង​​ណា​ក៏​ដោយ។

បន្ទាប់ពីបញ្ចុកបបរឪពុករបស់ខ្ញុំ និង​ជួយ​រៀបចំអីវ៉ាន់ឱ្យម្ដាយរបស់ខ្ញុំរួចរាល់ហើយ​ ខ្ញុំក៏​ចេញ​​កង់​​ទៅ​​សាលា​​​រៀន​ទាំង​ចិត្ត​រសាប់​​រសល់ ដ្បិតជំងឺ​ឪពុកខ្ញុំកាន់​តែដុនដាប​ឡើងៗ​។ កាល​ពី២ខែ​មុន គាត់បាន​ប្រាប់​​​ដែរ​ថា ​​មិនបាច់យក​គាត់​ទៅ​​ពេទ្យទេ​ នាំ​ឱ្យ​អស់​លុយ​​កាក់​ច្រើន​។ គាត់​នឹងជាវិញ! កុំ​ឱ្យ​អស់​លុយ​ថែ​ទាំ​ច្រើន​ ព្រោះ​​យើង​សល់​តែ​សម្បកកូនខ្ទម​មួយ​នេះ​ទេ​សម្រាប់លក់!

តែ​មកដល់​ពេល​នេះ សុខភាព​របស់​គាត់​ដុនដាប​ខ្លាំង​មែន​ទែន​ហើយ សូម្បី​តែហា​មាត់​និយាយ​ក៏​មិន​បាន​ផង ភ្នែក​ទាំងគូ​របស់​គាត់ ​ដែល​​សម្លឹង​​មក​កាន់​ខ្ញុំ ​ពេល​ខ្ញុំ​បញ្ចុក​បបរឱ្យ បានដិត​ដាម​ទៅ​ដោយ​តំណក់ទឹកថ្លា ហើយ​យូរៗ​ម្ដង​​ទឹក​ភ្នែក​ពីរ​តំណក់​​ថ្លា​ក្ដៅ​ឧណ្ហ​ៗ​ហូរ​ស្រក់​មក​លើ​​ខ្នើយ​​ពណ៌​ប្រផេះ​… រាល់ពេល​ដែល​ខ្ញុំ​បញ្ចុក​បបរ​ជូន​គាត់​ ទឹក​ភ្នែកជា​ច្រើន​តំណក់​ហូរ​ចេញ​ពីរវង្វង់​​កែវ​ភ្នែក​​របស់គាត់​… តែថ្ងៃនេះ គាត់យំ​ច្រើន​លើស​សព្វដង។

ម្ដាយ​របស់ខ្ញុំថ្ងៃនេះ ខ្ញុំសង្កេត​ឃើញ​គាត់​មាន​​ដំណើរ​ធីងធោង​យ៉ាង​ចម្លែក​ប្លែក​ពី​រាល់​ថ្ងៃ។ ខ្ញុំដឹងថា​គាត់​ច្បាស់​ជាមិន​ស្រួល​ខ្លួន​ហើយ ទើប​ខ្ញុំ​ទារ​កោស​ខ្យល់​ឱ្យ​គាត់ ​តែ​គាត់ឆ្លើយថា៖

«មិនអីទេ ឯងប្រញាប់​ទៅរៀនចុះ! ជិតដល់ម៉ោងហើយ… ខំរៀនណាកូន! ម៉ែ​សល់តែឯងនិង​មីក្អូន​ទេ! ចេះ​ស្រឡាញ់​ប្អូន​ផង​ណា​កូន! គ្នានៅតូចណាស់!… បានហើយទៅរៀនចុះ!» គាត់​និយាយ​ទាំង​អួល​ដើម​.ក ហើយ​យក​ចុង​កន្សែង​ជូន​ទឹក​នេត្រា។

នៅ​សាលា ខ្ញុំកំពុងរៀនម៉ោងទី៣។ ពូជុំរត់ស៊ីក្លូខ្ទមជាប់គ្នា​រត់រលះរលាំង​សំដៅ​មក​ថ្នាក់រៀន​របស់ខ្ញុំ ហើយ​​ស្រែក​​ពី​មាត់​ទ្វារ​ទាំង​​ហត់​ត្រហេប​ត្រហបថា៖

«… អាត្រាមក៍ ទៅមើល៍ម៉ែអ្ហែង ត្រូវឡានបុក! ណ៎!…»

ឮសម្ដីនេះ​ ខ្ញុំថ្លោះទឹកមុខ។​ ខ្ញុំស្លុត​អារម្មណ៍​ខ្លាំងណាស់​។ ខ្ញុំដើរចេញពីតុ​យ៉ាង​លឿន​ដោយ​មិន​ទាំង​​បាន​​សូម​​ទោស​​គ្រូ​និង​យកសៀវភៅផង! ខ្ញុំប្រញាប់ទៅមើលម្ដាយរបស់ខ្ញុំ… ទៅដល់​កន្លែង​គ្រោះ​ថ្នាក់​​ម្ដាយ​ខ្ញុំ​សម្រាន្ត​​ដេក​ស្ដូក​ស្ដឹង ឈាមហូរ​ស្រោច​ប្រឡាក់​​ពេញ​ផ្ទៃមុខដ៏ផតជ្រីវជ្រួញ​ និង​ខ្មៅ​ជាំ​… ខ្ញុំ​ស្ទុះ​ននៀល​ត្រ​កង​រាង​កាយ​​ម្ដាយ​ខ្ញុំ នៅចំពោះ​មនុស្ស​​ដែលចោមរោម​ព័ទ្ធជុំវិញ។ ខ្ញុំយំ​បោក​ខ្លួន។ ទឹក​ភ្នែក​​របស់​ខ្ញុំ​ស្ទើរ​តែ​ស្រក់​ហូរ​ក្លាយ​ជាស្ទឹង ​ដោយ​​សារតែ​មរណ​ភាព​របស់​ម្ដាយ​កម្សត់​។ ខ្ញុំគិត​តែ​ពីយំៗ​រហូត​​ស្រវាំង​ភ្នែក… ខ្ញុំ​ស្ដាប់​​ឮ​រហៀង​​ៗ​​ សម្ដី​មីង​សយប្រពន្ធពូជុំថា៖

«កាត់ចិត្តទៅក្មួយ! ម៉ែឯងស្លាប់ហើយ! កាត់ចិត្តទៅ…»

ខ្ញុំហ៊ឹង​ត្រចៀកជាខ្លាំង តែខ្ញុំបានឮសំឡេងរអ៊ូរតិតៗរបស់អ្នករត់​ម៉ូតូ និង​ប្រជាជនជុំវិញ​កន្លែង​​កើត​​ហេតុ​ថា «…មុន​ដំបូង​ គេ​ឃើញ​​ស្រី​ម្នាក់​ទូលកញ្ច្រែង​បន្លែ និងនំ​សំពេញ​សំពោង​ដើរ​កាត់​​ថ្នល់​ក្នុង​​ដំណើរ​រាងធីង​ធោង​… ហើយ​ត្រូវ​ឡាន​​ពណ៌​​ខ្មៅ​ថ្មី​ស្រឡាង​បើក​មក​បុក​ឱ្យគាត់​ដួល​ត្រឡប់​ត្រឡិន​បី​បួនត្រឡប់ ស្លាប់​​តែម្ដង! ហើយ​ឡាន​ទំនើបនោះក៏​បរ​យ៉ាង​​លឿន​ចេញ​ទៅ​…»

ខ្ញុំស្ដាប់ឮកាន់តែតិចទៅៗរហូត​ដល់គ្មានឮសំឡេង​អ្វីទាំងអស់។

ពេល ខ្ញុំភ្ញាក់​ដឹងខ្លួនវិញ ខ្ញុំបើក​ភ្នែក​តិចៗ​ដោយ​សារតែ​ពន្លឺប្រឡោះជញ្ជាំងចាំងភ្នែក​ខ្លាំង​ពេក។ ខ្ញុំក៏​ស្ទុះ​​ងើប​ឡើង​រាវ​រក​ម្ដាយ​របស់​​ខ្ញុំ​… តែ​ត្រូវ​​ពូ​ជុំ​ចាប់​ជាប់ ​​ហើយ​គាត់​ប្រាប់​ខ្ញុំឱ្យរំងាប់​ចិត្ត ។

«…កុំព្រួយ​ខ្លាំងពេកក្មួយ កាត់ចិត្តខ្លះទៅ! រំងាប់ចិត្ត​ខ្លះទៅក្មួយ! ឯងសន្លប់មួយថ្ងៃ​កន្លះ​ហើយ​ណា! ទៅ​លប់​​មុខ​ឱ្យ​ស្រួល​​បួល​​ទៅ! នេះហុតបបរបន្តិចទៅនែស៎! ឱ្យមានកម្លាំង…»

ខ្ញុំតបទាំងសោះកក្រោះវិញថា៖

«ខ្ញុំអត់ឃ្លានទេពូ! ខ្ញុំចង់ជួបម៉ែខ្ញុំ…»

គាត់មើលមុខរបស់ខ្ញុំទាំងទឹកមុខស្រពោន ហើយនិយាយឡើង៖

«កុំព្រួយអី! សពម៉ែរបស់ឯង! បងប្អូនជិតខាងយើងជួយរៀបចំចាត់ចែងបូជារួចរាល់ហើយ…»​ និយាយ​ហើយ​គាត់​​ក៏ត្រឡប់​ទៅ​រត់​ស៊ីក្លូវិញទៅ។

ខ្ញុំសំពះថ្លែងអំណរគុណពូជុំ។ ខ្ញុំបានត្រឹម​តែយំ​​សោក​​ស្តាយ​ដោយ​គ្មានអ្វីឆ្លើយតបទៅពូជុំ ក្រៅពី​បង្ហូរ​ទឹក​ភ្នែក​នោះ​ទេ។ ខ្ញុំ​សម្លឹង​​ទៅ​លើក្បាល​ដំណេក​របស់ឪពុកខ្ញុំ… ឃើញកោដ្ឋ​មួយ​ថ្មីពណ៌ប្រាក់​រុំ​ដោយ​អំបោះ​ឆៅ… ខ្ញុំ​មើលទៅ​គ្រែ​… ឪពុក​​ខ្ញុំយក​កូន​ក្រមា​គ្របថ្ងាសបាំងភ្នែក… ខ្ញុំឃើញ​តែ​ដើម​ទូ្រង​ផើត​ផត​របស់​គាត់ ​និង​ឮ​សំឡេង​​​យំ​ខ្សឹក​ខ្សួល​… ឯប្អូន​ស្រី​​តច​របស់​ខ្ញុំ​កំពុង​ដេក​​ក្បែរ​ជើង​ឪពុកខ្ញុំកៀន​ឆ្នាំង​បាយ​ និងចាន​ដែល​​សល់តែ​គ្រាប់​បបរ​ពីរ​បី​គ្រាប់តែប៉ុណ្ណោះ…។

ខ្ញុំ​ស្រក់​ទឹក​ភ្នែក​សា​ជាថ្មី រួច​​ដើរ​ទៅ​អូស​កង់​កញ្ចាស់​របស់​​ខ្ញុំ​ជិះ​ចេញ​ពី​ខ្ទម​កម្សត់​​ដោយ​មិន​ដឹង​ទៅ​ណា​​ឱ្យ​ប្រាកដ​​នោះ​ទេ​… ​ដោយ​សេចក្ដី​​អស់​សង្ឃឹម​ខ្លាំងពេក នៅលើដង​ផ្លូវ​​ឡើង​ទួល​ចំណោទ​ខ្ញុំ​បាន​បិទ​ភ្នែក​​ទាំងគូ​ ដៃ​កាន់​ចង្កូត​កង់​យ៉ាង​មាំ ក្នុង​ចិត្ត​របស់ខ្ញុំបន់​ឱ្យតែមានឡាន​ ឬ​ម៉ូ​តូ​​ណាមួយ​មក​​បុក​ពារ​ខ្ញុំឱ្យ​ស្លាប់​តែ​​ម្ដង​ទៅ! ​ខ្ញុំលែង​ចង់​​រស់​ទៀត​ហើយ​។ ជីវិតរបស់​ខ្ញុំ​អស់​ន័យ​ហើយ ខ្ញុំរស់​នៅ​​កំដរ​តែ​ថ្ងៃស្លាប់​តែ​ប៉ុណ្ណោះ។ តើខ្ញុំរស់​នៅ​​មាន​ន័យ​អ្វី​ទៀត​… ឱអ្នកម៉ែ! ជាទី​គោរព​ស្រឡាញ់​របស់​កូន! ម៉ែ​​បាន​លា​ចា​ក​​លោក​នេះ​ទៅ​ហើយ​… ម៉ែ​បន្សល់​ទុក​ឱ្យ​កូនរស់នៅកំព្រា​រងាឯកា​លើ​ទ្វីប​លោក​ដ៏​តូច​ចង្អៀតនេះតែ​ម្នាក់​ឯង​…»

តែ​​ខ្លួនខ្ញុំមិនអាចស្លាប់​បាន​ទេ ព្រោះ​ខ្ញុំ​នៅ​មាន​ឪពុក​ដែល​កំពុងមានជំងឺនៅផ្ទះ នៅមាន​ប្អូនស្រីតូច​ ដែល​ត្រូវការទទួល​នូវកា​រ​ព្យាបាល​​និង​មើល​​ថែ​រក្សា… ខ្ញុំត្រូវ​តែ​រស់ ​ដើម្បី​បណ្តាំម្តាយ… ខ្ញុំត្រូវ​រស់​ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជាកូន​កត្តញ្ញូ ជាបង​ប្រុសដ៏​ល្អ​ម្នាក់​… ៕

ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០០៩

 

Une réflexion sur “«ខ្ញុំត្រូវតែរស់»

  1. អានឡើងហូរទឹកភ្នែក ព្រោះស្រដៀងទៅនឹងខ្ញុំ សដៀងខ្លាំងណាស់នូវជីវិតដ៏ជូរចត់ដែលបានសរសេរខាងលើ សូម្បីតែឈ្មោះក៏ដូចដែរ (ត្រា)

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s