«ខ្ញុំរៀនត្រួតថ្នាក់»ជ័យលាភីលេខ២ ពានរង្វាន់សមូហកម្មអក្សរសិល្ប៍នូហាច ឆ្នាំ២០១១

ជ័យលាភីលេខ២ ពានរង្វាន់សមូហកម្មអក្សរសិល្ប៍នូហាច ឆ្នាំ២០១១

និពន្ធ​ដោយ ហេង ឧត្ដម

ខ្ញុំជាមនុស្សម្នាក់ដែលគេមិនទទួលស្គាល់។ បើនិយាយឱ្យ​មែនទែនទៅ ខ្ញុំគ្រាន់​តែ​ជា​កម្ទេច​មនុស្ស​។ ពេលខ្លះមិនមែនជាមនុស្សម្នាក់ផង។ អ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួន​ខ្ញុំស្អប់មិន​ចូល​ចិត្ដ​រូប​ខ្ញុំ មិនថាសង្គម សាលារៀនក៏ស្អប់ខ្ញុំ អ្នកទាំងឡាយ និងសាច់ញាតិក៏រឹតតែស្អប់រូបខ្ញុំ រួមទាំង​មិត្ត​ភកិ្ដ​រួម​ថ្នាក់របស់ខ្ញុំផងដែរ។ គេស្អប់ខ្ញុំព្រោះតែខ្ញុំមិនដូចគេ ខ្ញុំមិនចេះតាមគេ​មិន​សម្រប​ខ្លួន​ឱ្យ​ចូល​ក្នុង​ចំណោមនឹងគេ ពោលគឺមិនចេះចូលស្ទឹងតាមបទតែម្ដង។

បើមើលពីក្រៅទៅ ខ្ញុំជាសិស្សកម្ជិល! ខ្ញុំជាសិស្សអគតិចំពោះវិស័យអប់រំ។ ក្នុងកែវភ្នែក សាលា​​រៀនចំពោះ​ខ្ញុំ លែងជាថ្នាល់បណ្តុះគ្រាប់ពូជចំណេះវិជ្ជា​ទៀតហើយ! សាលា​រៀន​គ្រាន់​តែ​ជាទីផ្សារសម្រាប់គេធ្វើអាជីវកម្ម។ លើសពីនេះទៅទៀត ខ្ញុំយល់ឃើញទៀតថា បន្ទប់​រៀន​ជា​គុក​ឃុំឃាំងឧក្រិដ្ឋជន ជាពន្ធនាគារសម្រាប់រូបខ្ញុំ។ គ្រប់ពេលដែលខ្ញុំឈានជើង ចូល​ថ្នាក់​រៀន​ម្តងៗ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនល្អ ងងឹតមុខ ឈឺក្បាលតែម្តង ភ័យ​ខ្លាចព្រឺ​ព្រួច​សព្វ​បែប​យ៉ាង​។​ អាសូរដល់អ្នកដើរប្រមូលលុយក្នុងថ្នាក់ ភ័យក្រែងខ្លាចគ្រូទារប្រាក់ ខ្លាច​សំឡេង​សូរ​សម្រែក​របស់​គ្រូ ខ្លាចគ្រូវាយ មួលក្បាលពោះ ខ្លាចសៀវភៅហោះ ខ្លាចហ្វឺត៍្រហើរ ខ្លាច​ទាំង​ក្រដាស​មេ​រៀន ខ្លាច… ខ្លាចដ្បិតខ្ញុំជាសិស្សរៀនបាតថ្នាក់ សិស្សកម្ជិល ហើយក៏ជាសិស្សក្រីក្រ!

រាល់​ពេល​រៀន​ម៉ោងរដ្ឋ សំឡេងគ្រូប្រៀបបាននឹងសំឡេងផ្ទុះមីនតោន ធ្វើឱ្យ​ខ្ញុំភិត​ភ័យ​ញាប់​​ញ័រ​​អស់​សព្វ​សាច់​។

គួរដែរ!  ក្រយៅគូទរបស់ខ្ញុំមិនដែលបានស្គាល់តុកៅអីសាលារៀនកួរម្តងណាឡើយ! មាន​ពេល​មួយ ខ្ញុំដើរកាត់បន្ទប់រៀនកួរ ខ្ញុំបានស្តាប់ដោយចៃដន្យ​នូវ​សូរ​សៀង​ផ្អែម​ល្ហែម​រាប់​រយ​ទំនុក​ហូរចេញពីក្រអូមមាត់គ្រូរបស់ខ្ញុំ សុទ្ធតែ «ពួកអូន…កូនៗ…កូនស្រីៗ…»  ឡើងផ្អែមរលួយ តែ​ក្នុង​ថ្នាក់វិញ… មិនបាច់និយាយទេ!

ខ្ញុំបានចាប់ផ្តើមចងរុំបន្ថែមយ៉ាងតឹង​ណែននូវផ្នត់គំនិត​ទុទ្ទិដ្ឋិ​និយម​​ចំពោះ​វិស័យ​អប់រំ​ក្នុង​សាលា​រៀនរបស់ខ្ញុំ។ គ្មានអ្វីអាចបំបែកការយល់ដ៏ខ្មៅងងឹត គំនិត​ដ៏អគតិយ៉ាងក្រាស់ឃ្មឹក​របស់​ខ្ញុំ​បាន​ឡើយ ហើយក៏គ្មានអ្វីអាចមកដុសខាត់ ឬលាង​សម្អាត​ផ្នត់​គំនិតដែល​ចាក់​ស្រែះ​ដុះ​ស្លែ​កាន់​ស្នឹម​នៅ​ក្នុងខួរក្បាលរបស់ខ្ញុំបានឡើយ…។

ឱ! គ្រូជាមាតាទី២! មាតាទី២អី យកលុយកូនសិស្សអ៊ីចឹង! អូ ហ្នឹង ហៅមាតាទី២! មាតា​ទី​២​ច្របាច់​ក​កូនយកលុយអ៊ីចឹង! មាតាមានតែឱ្យ​លុយ​កូន​រៀន​សូធ្យ​វិញទើបត្រឹមត្រូវ។

រឿង​ទាំងអស់នេះ ខ្ញុំមិនអាចបន្ទោសនរណាបានទាំងអស់! ខ្ញុំមិនស្អប់ មិនខឹងនឹង​គ្រូ​របស់​ខ្ញុំ​នោះទេ ហើយខ្ញុំរឹតតែមិនអាចប្រកាន់ខឹងនិងបន្ទោសគាត់ជាដាច់ខាត។

បើខ្ញុំសាកល្បងគិតឱ្យមែនទែនឡើងវិញនូវរាល់ទង្វើរបស់ពួកគាត់ទាំងអម្បាលម៉ាន​គឺ​សុទ្ធ​តែ​មានហេតុផលត្រឹមត្រូវ និងទំនួលខុសត្រូវខ្ពស់ជា​មេគ្រួសារ​។ បើគ្រូរបស់ខ្ញុំមិនធ្វើអ៊ីចឹងទេ សួរថា​កូន​របស់​គាត់បានអ្វីទទួលទាន? មិនដាច់ពោះស្លាប់? បើរំពឹងលើប្រាក់ខែគ្រូ​បង្រៀន​ដែល​បាន​​​មិន​ស្មើ​អ្នក​ធំផឹកស៊ី រាំរែកម្តងផងនោះ! មិន​ស្មើ​នឹង​គេ​មើលភ្លើងវិលម្តងផង!  ខ្ញុំគិតយូរៗទៅ ខ្ញុំ​វង្វេង​​វង្វាន់​​ក្នុងពិភពគំនិតផុយរលួយ។

ខ្ញុំគិតចុះគិតឡើង ប្រធានបទជាច្រើនបានវិលក្បុងគ្រប់ជ្រុងនៃខួរក្បាលរបស់ខ្ញុំ… ខ្ញុំគិត​មិន​​លេចសោះ… ខ្ញុំអស់សង្ឃឹមជាខ្លាំងចំពោះអនាគតនៃការសិក្សារបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមបែកឆ្វេង ហើយ​ចេះគេចសាលា។ ខ្ញុំបានក្លាយជាសិស្សគេចសាលា។

ឆ្នាំនេះ ខ្ញុំសម្រេចចិត្តរៀនត្រួតថ្នាក់! ទេ! បើនិយាយថាខ្ញុំរៀនធ្លាក់ ឬរៀនឌុបថ្នាក់ ប្រហែល​ជា​ត្រឹម​​ត្រូវ​ជាង! ការបូកសរុបអវត្ដមានប្រចាំឆមាស ខ្ញុំមានច្រើន​ជាងអ្នក​ដែល​មិនចូលសាលា​ទៅ​ទៀត​! ដូចនេះខ្ញុំត្រូវទៅទីចាត់ការ ដ្បិតរៀងរាល់ពេលមុនប្រលងឆមាសទាំងពីរលើក គណៈ​ទី​ចាត់​​ការតែងតែបិទប្រកាសអ្នកមានអវត្ដមានច្រើនឱ្យទៅ«សម្រួល»។ ពាក្យថា«សម្រួល» នេះ​មាន​ន័យ​ល្អ​ប្រពៃណាស់ គឺធ្វើឱ្យស្រួល…។ ប្រសិនបើមានសិស្សលំបាកឡើងថ្នាក់ ឬធ្លាក់ឆមាស «សម្រួល»​លុបអវត្តមានទៅ ច្បាស់ជាជាប់យ៉ាងស្រួលហើយ ធ្លាក់ទៅជាជាប់ ខុសជាត្រូវ ស​ជា​ខ្មៅ​​ដោយសារ «សម្រួល»។

តាំងពីចូលរៀនមក ខ្ញុំមិនដែលមានមុខមាត់ទៅជួបគ្រូនៅទីចាត់ការម្តងណាឡើយ។ លើក​នេះ ត្រូវមានកិតិ្ដយសយ៉ាងធំធេង ដែលបានជួបគ្រូទទួលបន្ទុកថ្នាក់ នៅ​ការិយាល័យ​បុគ្គលិក​សិក្សា​ដើម្បី​«សម្រួល»។ កម្រងសន្ទនាតែពីរនាក់រវាងគ្រូបន្ទុកថ្នាក់និងខ្ញុំមកដល់ចំណុចមួយ​យ៉ាង​​តឹង​​សរសៃក…

«ឱ្យស្មើដូចគេដូចឯងមក៍! កុំខុសគេពេក!» ​លោកគ្រូ​ទទួល​បន្ទុក​ថ្នាក់​ស្រែក​រាង​សម្ដី​ធ្ងន់​បន្ដិច​​។

ខ្ញុំនៅទ្រឹងដូចជារកកលឆ្លើយតបទៅគាត់វិញមិនកើត។ ខ្ញុំរាងដូចជាស្លុតនឹងសម្ដី​របស់​គាត់​មិន​តិច​ទេ តែខ្ញុំតាំងចិត្តសាកល្បងឆ្លើយតិចៗថា៖

«លោកគ្រូ! ខ្ញុំសិស្សក្រីក្រទេ។  សូមលោកគ្រូជួយខ្ញុំម្ដងទៅ លោកគ្រូ!»

ស្រាប់តែពេលនោះគាត់បាញ់ផ្លែព្រួញសម្តីតបមកខ្ញុំវិញទាំងផ្ទាំងៗតែម្ដង។

«បើអ្ហែងជួយខ្លួនអ្ហែងមិនបានផង! ទៅពឹងអាណាគេជួយបានហ្អះ! ទៅ! កុំឱ្យយូរ​ស៊ាំ​ច្រើន​ពេក​! ឱ្យហាសិបភាគរយមក៍អីចឹង! សិស្សក្រីក្រ!»

ខ្ញុំផ្ដើមលន់តួអង្វរគាត់សាជាថ្មីម្តងទៀត។

«លោកគ្រូ! តើខ្ញុំអាចមានជម្រើសផ្សេងបានទេ? លោកគ្រូ! តើខ្ញុំអាច​សូម​ប្រឡង​ឡើង​ថ្នាក់​បាន​ទេ? ក៏ព្រោះតែខ្ញុំអត់មានលុយហ្នឹងហើយ បានជាខ្ញុំគេចម៉ោងគ្រូដែលគាត់ទារលុយ ទៅ​អាន​សៀវ​ភៅ​នៅបណ្ណាល័យ ស្រាវជ្រាវឯកសារផ្សេងៗផង ព្រមទាំងទៅស្តាប់គេធ្វើវេទិកា​ពិភាក្សា​អក្សរ​សាស្រ្តខ្មែរនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ…» ខ្ញុំនិយាយទាំងញញើតញញើម និងភ័យ​បនិ្ដច​ផង តែខ្ញុំតាំងចិត្តនិយាយបន្តទៀត «ហេតុ​នេះ​ហើយ ទើបអវត្ដមានច្រើនយ៉ាងនេះ លោក​គ្រូ! សូម​លោក​គ្រូ​អាណិត​ដល់​សិស្ស​ក្រី​ក្រ​ផង​ទៅ​លោក​គ្រូ!…» ខ្ញុំនិយាយយ៉ាងទន់ភ្លន់ ប្រកប​ដោយ​ការគោរពដ៏ជ្រាលជ្រៅ… តែលេងអី ពេល​នេះ​ខ្ញុំក្លាយជាផ្ទាំងស៊ីបតែម្ដង។ ខ្ញុំរង​គ្រាប់​ព្រួយ​របស់​គាត់ស្ទើរតែសុសទ្រូង ។

«អាណិតវាស្វិតក្រពះ! បានហើយចេញទៅសិនទៅ!… អាម៉ោងរៀន វាទៅបណ្ណាល័យ ទៅឯណាឯណីស្អីវា ឯណោះ យីអានេះវ៉ើយ… ចេញទៅ អញមានភ្ញៀវ… »

គាត់និយាយទាំងសម្ដីគំរោះគំរើយ ធ្វើយកដៃមើលនាឡិកា ហើយតម្រង់វ៉ែនតា រួច​បែរ​ភ្នែក​​ទៅ​កញ្ចក់កុំព្យូរទ័ររបស់គាត់ ដែលមានពេញទៅដោយផ្ទាំងហ្គែមបៀ។

ខ្ញុំនៅតែប្រកាន់ជំហរសម្ដីទន់ភ្លន់ដដែល ទោះបីជាបេះដូងជាប់ព្រួញចុក​អួល​ផ្សា​យ៉ាង​ណា​ក៏ដោយ។ ប្រៀបបាននឹងការបាក់ទ័ពនៅសមរភូមិ ខ្ញុំក៏សំពះជម្រាបលាគាត់ជាចុងក្រោយ។

«បាទលោកគ្រូ អរគុណលោកគ្រូច្រើន! ខ្ញុំសូមជម្រាបលាសិនហើយ លោកគ្រូ!»

គាត់មិនឆ្លើយតបសូម្បីតែមួយម៉ាត់។

ខ្ញុំដើរចេញពីបន្ទប់លោកគ្រូទាំងចិត្ដហេងហាងដោយហួសចិត្ដឥតសង្ឃឹម។ ខ្ញុំសើចញឹមៗ ហើយ​គ្រវីក្បាលដោយហួសចិត្ដជាពន់ពេក។ ខ្ញុំក៏ដើរតម្រង់ទៅអូសកង់កញ្ចាស់របស់ខ្ញុំ ត្រឡប់​ទៅ​ផ្ទះវិញ ។

នៅលើដងវិថី ដែលមានសភាពអ៊ូអរ អួរអាប់ទៅដោយផ្សែង និងសំឡេងសន្ធឹកម៉ាស៊ីន​យាន​យន្តជាច្រើនប្រភេទដែលកំពុងតែបំពុលបរិយាកាស… ខ្ញុំគិតច្រើនរវើរវាយ​បញ្ចេញ​ទស្សនៈ​​តែម្នាក់ឯងដូចមនុស្សវិកលចរិត។ ចំពោះប្រាក់«សម្រួល»នោះ បើខ្ញុំ​ទៅរំអុក​ពុក​ម៉ែ​របស់​ខ្ញុំ​ឯស្រែច្បាស់ជាបានមិនខាន! ខ្ញុំច្បាស់ជាឡើងថ្នាក់យ៉ាងប្រាកដ ។ តែខ្ញុំមិនអាចធ្វើទៅរួចទេ! ខ្ញុំ​មិន​អាចស្រោចទឹក គ្រាប់ពូជពុករលួយបានទេ។ ប្រសិនបើជាខ្ញុំនៅតែស្រោចទឹក ហើយខ្ញុំអង្គុយ​រំពឹង​ថា វាមិនដុះ ដេកបន់ស្រន់កុំឱ្យដុះ កុំដុះៗ ទៅមិនរួចទេ! វាច្បាស់ជាដុះ! ដូច្នេះខ្ញុំត្រូវ​បំបាត់​អំពើ​ពុករលួយផ្ដើមចេញពីខ្លួនខ្ញុំ!

មួយវិញទៀត ប្រសិនជាខ្ញុំយកលុយទៅសូកគ្រូ ទោះបីអ្នកដទៃមិនដឹងក៏ដោយ ក៏ខ្លួន​​ជា​អ្នកប្រព្រឹត្ត ដឹងខ្លួនឯងច្បាស់ណាស់! អាស្រ័យហេតុនេះ ខ្ញុំមិនអាចធ្វើទៅរួច​បាន​ជា​ដាច់​ខាត​។ ខ្ញុំខ្មាសមនសិការណាស់! ខ្ញុំមិនអាចឱ្យមនសិការជេរស្ដីម្ដងជាពីរដងនោះទេ។

«ខ្ញុំសុខចិត្តទទួលរងអំពើអយុត្តិធម៌ តែខ្ញុំមិនប្រព្រឹត្ដអំពើអយុត្តិធម៌ឡើយ» (សូក្រាត)។

ខ្ញុំឃើញគ្រូៗជាច្រើនចេះតែត្អូញត្អែរថាលំបាក! ខ្ញុំឮដូចនេះ ខ្ញុំរឹតកាន់តែចង់សាក។ ជា​ពិសេស​ខ្ញុំបានកំណត់គោលដៅរួចជាស្រេចហើយ គឺខ្ញុំត្រូវតែក្លាយជាគ្រូបង្រៀន ហើយក្នុងនាម​ជា​គ្រូ​បង្រៀននោះទៀតសោត ខ្ញុំនឹងបំបាត់អំពើពុករលួយ​ក្នុងវិស័យអប់រំ​ដោយផ្ដើម​ចេញ​ពីខ្លួន​ខ្ញុំ​។ ទោះបីជាអ្នកណាយល់យ៉ាងណាក៏ដោយចុះ! ហើយប្រសិនបើកាលណាខ្ញុំក្លាយជាគ្រូ ក៏ខ្ញុំ​មិន​អាច​ទទួលសំណូកបានដែរ ព្រោះខ្ញុំចង់បានប្រព័ន្ធអប់រំមួយដែលល្អប្រសើរ ដែលធានា​ដល់​ការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស។ ហេតុនេះខ្ញុំមិនអាចសូកលុយគ្រូបានទេ ខ្ញុំចង់ក្លាយជាអ្នក​អប់រំ​ល្អ​ម្នាក់ ដូច្នេះខ្ញុំត្រូវអប់រំខ្លួនឯងជាមុនសិន ។

ខ្ញុំមិនអាចបរិភោគនៅពេលដែលអ្នកដទៃនៅជុំវិញខ្ញុំកំពុងស្រេកឃ្លានអាហារនោះទេ! ចំពោះ​រូបខ្ញុំមួយ ខ្ញុំធ្វើយ៉ាងណាត្រឹមមួយរស់តែប៉ុណ្ណោះ។ ខ្ញុំគ្មានចង់មានបានអ្វីទៀតឡើយ។ បើ​ដើម្បី​តែរស់ មិនចំបាច់ច្របាច់កកូនសិស្ស ក៏អាចរស់បានដែរ បើមានសមត្ថភាព កម្រិតចេះ​ដឹង​មួយ​ពិតប្រាកដ។ ខ្ញុំនឹងខិតខំបំពេញការងារបម្រើប្រទេសជាតិមាតុភូមិរបស់ខ្ញុំ… ខ្ញុំមិនចង់​មាន ចង់បាន​អ្វីទេ ក្រៅពីធ្វើការងារដែលខ្ញុំយល់ថាជាភាពត្រឹមត្រូវដែលខ្ញុំត្រូវធ្វើនោះទេ។ ខ្ញុំ​នឹង​ខិត​ខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ព្រមទាំងពេលវេលាដ៏ខ្លីនៃជីវិតរបស់ខ្ញុំ ក្នុង​ការ​បម្រើ​មនសិការ និងឧត្ដមគតិ តាមឆន្ទៈដ៏មុតមាំរបស់ខ្ញុំ!…

ពីរឆ្នាំកន្លងទៅនេះ ខ្ញុំបានស្វែងរកកន្លែងស្ងប់ស្ងាត់ ដើម្បីគេច​ចេញ​ឱ្យ​ឆ្ងាយពីសម្រែក​ដ៏​គួរ​ឱ្យ​ភ័យខ្លាច គេចពីសម្រែកមីនតោនដែលធ្វើឱ្យភិតភ័យតក្កមា។ ខ្ញុំឥតចូលរៀននៅ​សាលា​ទៀត​ទេ​។ ខ្ញុំរៀននៅសាលាតិចតួចបំផុត! ខ្ញុំទៅសាលាពីរបីថ្ងៃប៉ុណ្ណោះក្នុងមួយអាទិត្យ។ សប្តាហ៍​ខ្លះ​ទៀត គ្មានឃើញស្រមោលខ្ញុំនៅក្នុងថ្នាក់តែម្តង! ខ្ញុំក្លាយជាសិស្សគេចសាលា! ខ្ញុំរៀនក្រៅថ្នាក់! ខ្ញុំ​បាន​ទៅបណ្ណាល័យក្នុងម៉ោងរៀន ដែលវាក្លាយជាទម្លាប់របស់ខ្ញុំទៅហើយ ហើយ​វា​ជា​បុព្វ​ហេតុ​នៃ​ការ​ធ្វើឱ្យឃ្នើសចិត្ដគ្រូបន្ទុកថ្នាក់​ ហើយក៏ជាមូលហេតុ​ដែលខ្ញុំត្រូវរៀន​ត្រួតថ្នាក់​កាល​ពីឆ្នាំមុន​ដែរ​។ ខ្ញុំចាប់ផ្តើមស្វែងរកការចេះដឹងដោយខ្លួនឯង ដោយផ្ដើមពីការហាត់សរសេរ និងចេញពី​ការ​អាន​សៀវភៅយ៉ាងច្រើនលើសលប់។ ខ្ញុំបានជួបពិភាក្សាជាមួយនឹងអ្នកប្រាជ្ញទាំងក្នុង និងក្រៅ​ប្រទេស​​ជាច្រើនតាមរយៈសៀវភៅ។​ លើសពីនេះខ្ញុំបានជួបនឹងបញ្ញវ័ន្ត​ជាច្រើនទៀតនៅតាម​បណ្ណា​ល័យ។

ថ្ងៃមួយ ខ្ញុំបានដាក់ប្រឡងកំណាព្យ និងសរសេររឿងខ្លីជាប់ប្រចាំសាលា តែគ្មាន​នរណា​ម្នាក់​បានដឹងថាជារូបខ្ញុំផងទេ ដែលជាបេក្ខជនជាប់ជ័យលាភីឆ្នើម។ សូម្បីតែគ្រូប្រចាំថ្នាក់ និង​មិត្ដ​ភក្ដិ​រួមថ្នាក់ដែលធ្លាប់អង្គុយក្បែរគ្នាក៏ដោយ។ រហូតដល់គ្រូនាយកប្រកាសឱ្យរកឈ្មោះ និង​អាសយ​ដ្ឋាន ទើបបានអ្នកទាំងអស់គ្នាបានដឹងថា ខ្ញុំរស់នៅក្រោមដំបូលផ្ទះពុកផុយ ពុក​រលួយ​មួយ​…៕

ខែសីហា ឆ្នាំ២០០៩

ទាញយកជាភីឌីហ្វែស PDF

រឿង ខ្ញុំរៀនត្រួតថ្នាក់ ជ័យលាភីលេខ២ពានរង្វាន់សមូហកម្មអក្សរសិល្ប៍នូហាច ឆ្នាំ២០១

3 réflexions sur “«ខ្ញុំរៀនត្រួតថ្នាក់»ជ័យលាភីលេខ២ ពានរង្វាន់សមូហកម្មអក្សរសិល្ប៍នូហាច ឆ្នាំ២០១១

  1. សក្តិសមជាអត្ថបទជ័យលាភីមែន! អត្ថន័យប្លែក ឆ្លុះបញ្ចាំងសង្គម និងសរសេរបានល្អណាស់! សូមសរសើរ!

  2. អរគុណ​សម្លាញ់! ​ឆ្លៀត​មក​អាន​ទៀត មិន​ទាន់​បាន​ផ្ញើ​ទៅផង.. អីចឹង​មិន​ផ្ញើ​ទៅទេណា..
    (មិន​ដឹងថា រឿង​ខាង​លើ កែ​រួច​ហើយ​ឬនៅទេ ប្រហែល​ជា​មាន​ខុស​ត្រង់​ចំណុច​ខ្លះ..)

  3. ខ្ញុំសូមសសើរណាស់បង ខ្ញុំចូលចិត្តអាន ហើយខ្ញុំចង់អោយបងនិពន្ឋរឿង ប្រលោមលោកបែប ស្រលាញ់មិនហ៊ានសារភាពណាបង

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s