ការវិវត្តន៍នៃប្រភេទនិទានរឿងម្យ៉ាងដែលគេហៅថា «រ៉ូម៉ង» (Roman) L’évolution du roman en tant que «genre nararatif»

នៅ​ក្នុង​ប្រវត្តិ​អក្សរសិល្ប៍​បារាំង​ ប្រភេទ​បទពិពន្ធ​ម្យ៉ាង​ដែល​គេ​ហៅថា​«រ៉ូម៉ង» (Roman) មាន​មក​ តាំង​ពី​យូរ​យារ​មក​ហើយ ប៉ុន្តែ​ប្រភេទ​អក្សរសិល្ប៍​នេះ​ ចាប់​ផ្តើម​រីកចម្រើន​ និង​មាន​លក្ខណៈ​សម្បូរណ៌បែបនៅសតវ​ត្សរ៍ទី​១៩។ នៅសម័យ​យុគ​កណ្តាល ពាក្យ បារាំង​ថា «រ៉ូម៉ង» (Roman)​ គ្រាន់​តែ​មាន​ន័យ​ថា ការ​និទាន​រឿង​ដែល​សរសេរ​ ជា​ភាសា​ប្រជាប្រិយ​ម្យ៉ាង ដែល​ចេញ​មក​ពី​ភាសា​ឡាតាំងដែរ ប៉ុន្តែ​ ជា​ឡាតាំង​ដែល​បាន​ក្លាយ​ទៅ​ជា​ភាសា​ ដែល​ប្រជាជន​បារាំង​និយាយ នៅ​ស្រុក​បារាំង ហើយ​ដែល​គេ​ហៅ​ថា «រ៉ូម៉ង» ដូច្នេះ​ឯង។ ជា​ទូ​ទៅ​ គេ​នាំ​គ្នាកំណត់​ថា គឺ​ជាភាសា​ម្យ៉ាង ដែល​មិន​មែន​ជា​ភាសា​ឡាតាំង​ទេ តែ​ជាមូលដ្ឋាន​ នៃ​ភាសា​បារាំង​ ជំនាន់​ដើម (l’ancien français) គឺ​ភាសា​បារាំង​បុរាណ ដែល​គេ​ប្រើ​នៅ​ចន្លោះ​ សតវត្សរ៍​ទី​៩ និង​សតវត្សរ៍​ទី​១២។ តាម​ការពិត បើ​យោង​ទៅ​តាម​ន័យ​ប្រវត្តិ​សាស្រ្ត​ ពាក្យ​ថា Roman សំដៅ​ទៅ​ ប្រភេទ​អក្សរសិល្ប៍​ដែល​សម្រាប់​និទាន​រឿង​ តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រោយ​មក​ ទើប​គេ​កំណត់​ថា​ ជា​ប្រភេទ​បទ​និពន្ធ​ដែល​មិន​សរសេរ​ជា​ពាក្យ​កាព្យ​តែម្តង គឺ​សរសេរ​ជា​ពាក្យ​រាយ​ ឬ​ពាក្យ​សម្រាយ​ជា​កំហិត។ នេះ​ជា និយមន័យ​ដែល​គេ​បាន​រក្សាទុក​ រហូត​មក​ទល់​សព្វថ្ងៃនេះ ដែល​គេ​បែង​ចែក​យ៉ាង​ច្បាស់ រវាង ​Roman និង​​ ប្រភេទ​​រឿង​និទានដែល​គេ​ហៅ​ថា Récit ជា​ពិសេស​ រវាង​រឿង​សរសេរ ជា​ពាក្យ​កាព្យ និង​ រឿង​សរសេរ​ ជា​ពាក្យ​សម្រាយ​ (prose)។ តាម​ធម្មតា​ រឿង​និទាន​តែង​តែ​ខ្លី​ជាង​ Roman ប៉ុន្តែ ​Roman ខ្លះក៏​ខ្លី​ដែរ ដូច​ជា​ករណី​នៃ​រឿង​ L’Étranger ជា​ Roman។ កំណត់​សម្គាល់​មួយ​ទៀត គឺ​ថា តាម​និយម​ន័យ​ សម័យ​ថ្មី​ ប្រភេទ​រឿង​និទាន ដែល​គេ​មិន​ត្រូវ​ច្រឡំនឹង Romans ខ្លីៗ​ ដែល​គេ​ហៅថា Nouvelles នោះទេ ច្រើន​តែ​ជា​រឿង​ដែល​គេ​ដឹង​មុន​ទីបញ្ចប់ជាស្រេច។ រីឯ​ Roman គឺ​ជា​រឿង​ដំណើរ​ដែល​គេ​មិន​អាច​ដឹង​ទីបញ្ចប់​ជា​មុន​បាន។ ទោះ​ជា​រឿងពិត​ ឬ​រឿង​ប្រឌិត​ដំណើរ​រឿង​អាស្រ័យ​ទាំង​​ស្រុង​ទៅតាម​ជំនោរអារម្មណ៍ ទៅតាម​ទស្សនៈជីវិត​ ឬ​លោកទស្សនៈ​របស់អ្នក​និពន្ធ។ នៅ​ក្នុង​ន័យ​ដែល​ថា Le Roman​ ជា​ប្រភេទ​អក្សរ​សិល្ប៍​សម្រាប់​និទាន​រឿង​ (genre naratif) គេ​អាច​និយាយ​បា​នថា ស្នាដៃ​មួយ​ចំនួន​នៅ​សម័យ​យុគ​កណ្តាល ដែល​និទាន​រឿង​ជា​ពាក្យ​កាព្យ​ក៏​ជា​ Roman ផង​ដែរ។ ប៉ុន្តែ​សព្វថ្ងៃ​នេះ និយម​ន័យ​បែប​នេះ​ហួស​សម័យ​បាត់​ទៅហើយ។

កាល​ពី​សម័យ​បុរាណ​ នៅ​ក្នុង​អក្សរសិល្ប៍​ក្រេក និង​រ៉ូម៉ែន​ ការ​និទាន​រឿង​ជា​ពាក្យ​​សម្រាយ​ក៏មាន​ដែរ​ ដូចជា​ Satiricon របស់​កវី​ ប៉េត្រូន (Pétrone, សតវត្សរ៍​ទី១ ) ដែល​និយា​យ​រៀប​រាប់​ពី​ការ​ចាប់​ផ្តើម​នៃ​ដំណើរ​ឈាន​ទៅ​រក​ការ​ចុះ​ដុន​ដាប​នៃ​ចក្រភព​រ៉ូមាំង​ ឬ​ក៏ Les Métamorphorses របស់​កវី ​អាពុយ​ឡេ​ (Apulée, សតវត្សរ៍​ទី២ នៃ​គ.ស.) ជាដើម។ នៅ​​ប្រទេស​បារាំង សម័យ​យុគ​កណ្តាល​ពាក្យ​ថា​ Roman សំដៅ​ទៅ បទ​និពន្ធសរសេរ​ជា​ភាសា​ប្រជា​ប្រិយ​ម្យ៉ាង​ដែល​ពុំ​មែន​ជា​ភាសា​ឡាតាំង​ (ភាសា​ឡាតាំង​បានត្រូវ​​គេ​ចាត់ទុក​នៅ​សម័យ​នោះ ថា​ជា​ភាសាថ្លៃ​ថ្នូរ​)។ រហូត​ដល់​សតវត្សរ៍​ទី១៣ ប្រភេទ​ Roman គឺ​ការ​និទាន​រឿង បាន​ត្រូវ​និពន្ធ​ជា​ពាក្យ​កាព្យ​។ នៅ​សតវត្សរ៍​ទី​១៦ ហ្វ្រង់​ស្វ័រ រ៉ាបឺឡេ (François​ Rabelais) ដែល​បាន​និពន្ធ​រឿង​ Vie inestimable du Grand Gargantua, père de Pantagruel បាន​​ត្រូវ​គេ​ចាត់​ទុក​ជា ជា​អ្នក​និពន្ធ​ Roman តែ​ម្នាក់​គត់​ប៉ុន្តែ​របៀ​ប​និពន្ធ​របស់​លោក នៅតែ​ខុស​ពីរបៀប​សព្វ​ថ្ងៃនេះ​ឆ្ងាយ​ណាស់។ នៅសតវត្សរ៍ទី១៧ នៅ​ប្រទេស​អេស្បាញ មីហ្គែល សែរវ៉ង់តេស (Miguel de Cevantes) ដែល​បាន​សរសេរ​រឿង​ Don Quichote de la Manche ក៏​បា​នត្រូវ​គេ​កត់​សម្គាល់​ថា ជា​អ្នក​និពន្ធ​Romanដែរ។ នៅ​ប្រទេស​បារាំង​នៅ​សតវត្សរ៍​ទី​១៧​នោះ​ដែរ លោក​ស្រី​ ដឺ​ឡា​ហ្វែយ៉ែត (Madame de La Fayette) ដែល​បាន​និពន្ធ​រឿង​ La Princesse de Clèves បាន​ត្រូវ​គេ​ទទួល​ស្គាល់​ថា ជា​អ្នកនិពន្ធ​ប្រភេទ​រ៉ូម៉ង់ម្នាក់​ដ៏​ធំ។ គឺ​ជា​ប្រភេទ​រ៉ូម៉ង់​ម្យ៉ាង​ដែល​វិភាគ​ពីមនោសញ្ចេតនា​យ៉ាង​ល្អិត​ល្អន់ ហើយ​ដែល​យក​តួអង្គ​ប្រវត្តិសាស្ត្រ​ធ្វើ​ជា​មូលដ្ឋាន គឺ ចាប់​ពី​ពេល​នោះ​មក​ហើយ ដែល​រ៉ូម៉ង់បាន​ក្លាយ​ទៅ​ជា​ប្រភេទ​អក្សរសិល្ប៍​ម្យ៉ាង​ដ៏​សំខាន់​សម្រាប់​ឱ្យ​គេ​និទាន​រឿង​ផ្សេងៗ​ទៅ​តាម​បែប​បទ​សិល្បារម្មណសាស្រ្ត​រាប់​មិន​អស់ ហើយ​ក្រោយ​មក​ទៀត​ត្រូវ​បែង​ចែក​ទៅ​តាម​មូល​បទ​ផ្សេងៗ​ទៀត​ផង។

វ៉ាន់ឌី កាអុន, អក្សរសិល្ប៍​បារាំង សតវត្សទី១៩, p.189-190-191

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s