រឿងជំនោរ​សមុទ្រ ជំពូកទី១ ជួប​គ្នា​នៅ FACEBOOK

ជំនោរ​សមុទ្រ

និពន្ធ​ដោយ​ ហេង ឧត្ដម

ជំពូក ១ ជួប​គ្នា​នៅ FACEBOOK

*Posted by ជំនោរ *[…] ជាម​នុស្ស​ដែល​មាន​អ្វីៗ​គ្រប់យ៉ាង តែ​អ្នក​ជាមនុស្ស​ម្នាក់​ដែល​មាន​អារម្មណ៍ ថា​ខ្វះ​ខាត​អ្វី​ទាំង​អស់! […]

–       Comment by សមុទ្រ៖ មិន​យល់?

–       ជំនោរ៖ អ្នក​យល់​បាន​យល់! អ្នក​ដែល​មិន​យល់​ក៏​ពិបាក​ពន្យល់​ដែរ!

–       សមុទ្រ៖ ចង់​មាន​ន័យ​ថា​ម៉េច?

–       ជំនោរ៖ ចង់​ប្រាប់ថា…

–       សមុទ្រ៖ ប្រាប់​មក​ចាំ​ស្តាប់…

–       ជំនោរ៖ អត់​ចង់!… ចាំ​ពេល​ក្រោយ​ចុះ​…! ហិហិ!

–       សមុទ្រ៖ យ៉ាប់ហ្មង!…

ជំនោរ​ is offline… […]

ថ្ងៃនេះ​ ក៏​ដូចជា​រាល់​ថ្ងៃ​ដែរ ខ្ញុំ​ទៅ​ហាង​អ៊ិនធឺណែត​ ដើម្បី​ស្រាវជ្រា​វ​ឯកសារ​មេរៀន​ និង​លេង​ Facebook ផង។ សម័យ​ឥឡូវ​បច្ចេកវិទ្យា​ជឿន​លឿន​ទំនើប​ណាស់ គេ​និយាយ​ទាក់​ទង​គ្នា​តាម​ប្រព័ន្ធ ​Internet បាន​យ៉ាងងាយ​ស្រួល ហើយ​រហ័ស​ទាន់​ចិត្ត​…

ការពិត​ទៅ​ ខ្ញុំ​មាន​ Computer ​ភ្ជាប់ ​Internet ​នៅផ្ទះ​ដែរ តែចំពោះ​ថ្ងៃ​សៅរ៍-​អាទិត្យ​ ខ្ញុំ​ទៅ​រៀន​កួរ​បន្ថែម​នៅ​សាលា​​ជ័យថាវី ហើយពេល​ថ្ងៃត្រង់ ចេញ​ពី​​រៀន ​ញ៉ាំ​បាយ​ផ្សារ​ហើយ ក៏​​ឆ្លៀត​ចូល​ហាង​អ៊ិនធឺណែត​ជិត​សាលា​បន្តិច ជា​ការ​​ប្តរ​បរិយា​កាស បន្ធូរ​អារម្មណ៍​ខ្លះ ​កុំ​ឲ្យ​អផ្សុក​ផង។ ​ប្រើតែ​ម្នាក់​ឯង​នៅ​ផ្ទះ​ កណ្តោច​កណ្តែង​ណាស់ ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ​ទៅ​ហើយ។ ចូល​ហាង​បែបនេះ អស់លុយ​បន្តិច​មែន​ តែក៏​សប្បាយ​ចិត្ត​ម្យ៉ាង​ដែរ!

គ្មាន​គោល​បំណង​អ្វីធំ​ដុំ​នោះ​ទេ ដែល​ខ្ញុំ​ប្រើ​ Facebook នោះ គឺថាខ្ញុំ​ចង់​មាន​មិត្តភក្តិ​ច្រើន ដើម្បីជជែក​គ្នា​ កុំ​ឲ្យ​អផ្សុក​ពេក។ ពេល​ដែល​ខ្ញុំ​អត់​សប្បាយ​ចិត្ត គឺ​មានតែ​មិត្ត​ភក្តិ​នេះ​ហើយ ដែល​អាច​ជួយ​ខ្ញុំ​បាន​ច្រើន​ ជាង​នរណាៗ​ទាំង​អស់។ តែ​ពេល​ខ្លះ​ ក៏​ខ្ញុំ​គិត​ថា ជា​ការ​ខាត​បង់ពេ​លវេលា​ច្រើន ក្នុង​ការ​លេង​វា​ផង​ដែរ។ ជា​ធម្មតា​ទេ វា​មាន​គុណ​សម្បត្តិ​ ឬ​គុណ​វិបត្តិ​ អាស្រ័យ​ទៅ​លើ​បុគ្គល​ដែល​ប្រើ​ប្រាស់​វា​ តែ​ប៉ុណ្ណោះ។

ខ្ញុំ​ Search ​រក​ឈ្មោះ​ប្លែក​ៗ​ដូច​ជា​ឈ្មោះ​ដែល​ទាក់​ទង​នឹង​ធម្មជាតិ ខ្យល់ មេឃ គង្គា សមុទ្រ ផ្កាយ ផ្កា ត្រចៀក​​កាំ នាគ ឥន្ទ្រី… ជា​ដើ​ម បន្ទាប់​មក​ខ្ញុំ Add as friend និង​ Send request ស្រាប់​តែ​មួយ​សន្ទុះ​សោះ ឈ្មោះ​ «សមុទ្រ»​ confirm (Add friend) មក​វិញភ្លាម​តែ​ម្តង។ ចៃ​ដន្យពេក​​ទេ​ហ្អី! ម៉េច​ក៏​លឿន​ម៉្លេះ? តែ​វាមិនមែន​ចៃដន្យ​ពេក​ទេ ដែល​គេ​ Online ដែរនៅ​ពេលនេះនោះ​។ ខ្ញុំ​ប្រញាប់​ chat ទៅ​លេង​ជាមួយ​គេ​ភ្លាមតែ​ម្តង៖

–       ជំនោ៖ សួស្តី សុំស្គាល់​ផង!

–       សមុទ្រ៖ អ្នក​រៀន​គណិតវិទ្យាស្វាគមន៍

–       ជំនោ៖ សុទ្ធតែអ្នកគណិតវិទ្យាទៀត… កំពុង​តែ​ខ្សោយគណិតវិទ្យាស្រាប់​ផង! សូមជួយណែនាំ​ផង​បាន​ទេ អ៊ីចឹង​?

–       សមុទ្រ៖ មើលលំហាត់​នៅក្នុង Profile របស់ខ្ញុំទៅ! សាកល្បង​ធ្វើ​លេង​សិន​ទៅ! លាសិនហើយ! ប្រញាប់!

–       ជំនោ៖ អីក៏ប្រញាប់ម៉េះ…

យ៉ាប់​មែន និយាយ​មិន​ទាន់​បាន​ប៉ុន្មាន​ផង! មិន​ទាន់​ដឹង​អី​ផងសុំ​ទៅមុនបាត់!

មួយ​សន្ទុះ​ក្រោយ​មក​នារី​ម្នាក់ ​ដែល​អង្គុយ​នៅ​ទល់​មុខ​ខ្ញុំ​ដើរ​ចេញ​ពី​ទូ​ Computerទៅ​តុ​គិត​លុយ មួយ​រំពេច​សោះ ក៏​ចេញ​ទៅ​ក្រៅ​បាត់​។ គ្រាន់​តែ​ឃើញ​មួយ​ភ្លែត ភ្នែក​ខ្ញុំ​បាន​ចាប់​រូប​ភាព​​បាន​យ៉ាង​រហ័ស​។ នាង​ស្លៀក​ពាក់បែប​សាមញ្ញ តែ​មាន​ការ​ទាក់​ទាញ​​មែន​ទែន​ចំពោះ​ក្រសែ​ភ្នែក​បុរស​កំលោះ​ដូច​ខ្ញុំ​។ ស្រីយុវវ័យ​នេះ ពាក់​អាវ​ឆ្នូត​ពណ៌​ឈាម​ជ្រូក​ ខោខ្មៅ​វែង​ ស្បែក​ជើង​សង្រែក​ធម្មតា​។ សក់ដ៏​ខ្មៅ​រលោង​របស់​​នាង​ចង​យ៉ាង​មានរបៀប។ ហេតុអ្វី​បាន​ជា​ភ្នែក​ខ្ញុំ​ចាប់​រូប​នាង​បាន​លឿន​ម្ល៉េះ? ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ គឺ​មក​ពី​សក់​ដ៏​វែង​ត្រឹម​ចង្កេះ​របស់​នាង​តែម្តង។ ខ្ញុំ​ចូល​ចិត្ត​ស្រី​ណា​សក់​វែង​ខ្មៅ​ក្រិប​របៀប​នេះ​ណាស់​។ នាង​ចេញ​ទៅបាត់​ហើយ តែ​សក់​ដ៏​រលោង​ស្អាត​នៅតែ​​ស្ថិត​នៅ​ក្បែរ​ខ្ញុំ​ជានិច្ច គឺ​ក្នុង​រង្វង់​ភ្នែក​ដែល​បញ្ចូន​រូបភាព​ទៅ​កាន់​ខួរក្បាល។

តាម​ទម្លាប់​ខ្ញុំ រៀង​រាល់​សប្តាហ៍ ខ្ញុំ​តែង​តេ​ផ្លាស់ប្តូរ​ហាង​លេង​ Internet ជា​ច្រើនកន្លែង​ផ្សេងៗគ្នា។ តែអាទិត្យ​នេះ ​ខ្ញុំ​មក​ដល់​ហាង​ដដែល​ ដែល​ខ្ញុំ​បាន​ប្រទះ​នារី​សក់​វែង​នោះ ស្រាប់​តែ​​ឃើញ​នាង​​ម្តង​ទៀត​។ ចំ​ជា​ចៃដន្យ​មែន ពីរសប្តាហ៍​ហើយ​ ដែល​នាង​​មក​ប្រើ​អ៊ិន​ធឺណែតនៅ​កន្លែង​នេះ… ឬ​ជា​ចៃដន្យ? មិន​គួរ​សោះ ព្រោះ​ខ្ញុំ​តែង​តែ​ប្តូរ​ហាង​ Internet រាល់​ដង​ … ឬ​ក៏​នាង​មក​ប្រើ​តែ​កន្លែង​មួយ​នេះ ខ្ញុំ​សង្កេត​ឃើញ​នារី​ម្នាក់​នោះ​ ស្លៀក​ពាក់​សម្លៀក​បំពាក់​ដដែល​ដូច​ថ្ងៃ​មុន​ដែរ គ្រាន់​តែ​ដូរ​ស្បែង​ជើង​ គឺ​ពាក់​ស្បែង​ជើង​ប៉ាតា​វិញ។​ ម្យ៉ាង​ដែរ មើល​ទៅ​ស្អាត​គ្រាន់​បើ! មនុស្ស​ស្អាត​ស្លៀក​ពាក់​ម៉េច​ក៏​នៅ​តែ​ឃើញ​ស្អាត​​ដែរ។

ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ចំពោះ​បបូរ​មាត់​ដ៏​ស្អាត​ដូច​ក្លែប​ក្រូច​របស់​នាង​ណាស់… ដង​ប្រាណ​របស់​នាង​តូច​ល្វត់​ល្វន់​ រាង​តូ​ច​ស្អាត បើ​តាម​ស្មាន​កម្ពស់​ជិត​ប្រហែល​ខ្ញុំ​ទៅ​ហើយ… ភ្នែក​ខ្ញុំ​ឧស្សាហ៍​ដៀង​មើលទៅ​នាង ទឹក​មុខ​របស់​នាង​ស្ងប់​ស្ងៀម​ណាស់ ​មើល​ទៅ​ទៅ​នាង​ជា​មនុស្ស​គិត​ច្រើន​ដូច​ខ្ញុំ​ដែរ…

នាង​អង្គុយ​តែ​ទូ​ដដែល​ដូច​ថ្ងៃ​មុន​ដែរ។ អូយ​ពូកែ​សង្កេត​ម្ល៉េះ​ខ្ញុំ​… បាន​ហើយ​ កុំ​ពិនិត្យ​គេ​ខ្លាំង​ពេក​។ ប្រកាស​ចំណាប់​អារម្មណ៍​សិន។

*Posted by ជំនោរ *៖ ពេល​ភ្លៀង​ធ្លាក់ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណាដែរ? ប៉ុន្មាន​ថ្ងៃនេះ ភ្លៀង​ធ្លាក់​​​ជាប់​រហូត​តែម្តង… រុក្ខជាតិ​ចាប់​ផ្តើម​បៃតង​ស្រស់​… ទឹក​ភ្លៀង​ធ្វើ​ឲ្យ​រាង​កាយ​ខ្ញុំ​រងា តែ​បេះ​ដូង​ខ្ញុំ​កក់​ក្តៅ​… សង្ឃឹម​រាត្រីនេះ ភ្លៀង​នឹង​​ធ្លាក់​បង្អុរ​តំណក់​ទឹក​ស្រោច​ស្រព​ផែន​ពសុធា…

–       សមុទ្រ៖ ខ្ញុំ​ចូលចិត្ត​ភ្លៀង​! មើល​ភ្លៀង​ធ្លាក់​ និងដើរ​កាត់​ភ្លៀង!

–       ជំនោរ ៖ មិន​នឹក​ស្មាន​ថា មាន​អ្នក​ចូល​ចិត្ត​មើល​ទឹក​ភ្លៀង​ដូច​ខ្ញុំ​សោះ! មាន​អារម្មណ៍​ថា កក់​ក្តៅ.. យប់​នេះ​ចង់​ឲ្យ​ភ្លៀង​ទល់​ភ្លឺ…

–       សមុទ្រ៖ ដូចគ្នា… សង្ឃឹម​!!

–       ជំនោរ ៖ យើង​អាច​រាប់​អាន​គ្នា​ជាមិត្ត​បាន​ទេ ព្រោះ​ជា​អ្នក​ចូល​ចិត្ត​ទឹក​ភ្លៀង​ដូច​គ្នា…

–       សមុទ្រ៖ មាន​អីបាន​តើ!! ស្វាគមន៍​ជានិច្ច!!

–       ជំនោរ ៖ ហ៊ឹម…

–       សមុទ្រ៖ hmm…

–       ជំនោរ ៖ មិន​ធុញ​ទេ​ហ្អី! លេង​ជា​មួយ​នឹង​អ្នក​មិន​ចេះ​ប្រើ… ខ្ញុំ​វាយ​ Khmer  Unicode​យឺត​ណាស់!

–       សមុទ្រ៖ មាន​នរណា​ចេះ! មុន​ដំបូងអ៊ី​ចឹង​ហើយ! យូរ​ៗ​ទៅ​ចេះ​វាយ​បាន​ដូច​តែ​គេ​ដែរ។ ក្រសួង​គេ​ឲ្យ​ប្រើ​ខ្មែរ​យូនីកូដគ្រប់​ស្ថាប័ន​ និង​ជា​ផ្លូវ​ការ​ទូ​ទៅ​ហើយ! បើ​មិន​ចេះ​ក៏មិន​កើត​ដែរ។

–       ជំនោរ ៖អរគុណ​ដែល​មិន​ប្រកាន់! ខ្ញុំ​នឹង​ព្យាយាម​!!

–       សមុទ្រ៖ ហិហិ! 😀 ! ព្យាយាម​បន្ថែម​ទៀត​ទៅណា!

–       ជំនោរ ៖ បាទ! ខ្ញុំ​នឹង​ព្យាយាម! សង្ឃឹម​ថា មិត្ត​នឹង​ជួយ​គាំទ្រ និង​ផ្តល់​កម្លាំង​ចិត្ត​ជានិច្ច!

–       សមុទ្រ៖ 😀 ស៊ូៗ!!

********

ខ្ញុំ​ជាមនុស្ស​មិន​សូវ​ចេះមាត់​ក​អី​ច្រើន​ទេ កុំតែ​បាន ​Facebook​ ប្រហែល​មិន​បាន​សម្តីវោហារ​​ប៉ុណ្ណេះ​ផង​ទេ។ រាល់​ពេល​អផ្សុក​អត់​សប្បាយ​ចិត្ត​ Facebook​ ជួយ​ជជែក​លេង​ឲ្យ​បាន​ធូរ​ចិត្ត​ខ្លះ​ដែរ តែ​ពេល​ខ្លះ​ទៀត​ក៏​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ធុញ​ថប់​លើ​ស​ដើម​ក៏​មាន…

កន្លង​មក ខ្ញុំ​តែង​តែ​Posted ពីអារម្មណ៍ ហើយ សមុទ្រ ក៏​តែង​តែ​ជួយជា​​យោប​ល់​មក​ខ្ញុំ​ជានិច្ច…

*Posted by ជំនោរ *៖ តើអ្នក​ធ្លាប់​មា​ន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដែរ​ទេ? ​អ្នកមាន​អារម្មណ៍ថា ​ស្ថិត​ក្នុង​ស្ថាន​ភាព​​ស្មុគ​​ស្មាញ មិន​ចូល​ចិត្ត​អ្វីៗ​ទាំង​អស់… ឃើញ​អ្វីៗ​ក៏​ធុញ​ទ្រាន់​ និង​នឿយ​ណាយ… នោះ​ អ្នក​​ច្បាស់​ជា​យល់​ពី​អារម្មណ៍​​ខ្ញុំ​នៅ​ពេលនេះ!!

–       Comment by សមុទ្រ៖ កុំ​ស្មុគ​ស្មាញ​ខ្លាំង​ពេក! ជីវិត​បើ​ជួប​តែ​រឿង​ល្អ​ តែ​រហូត​ក៏​ពិបាក​ដែរ! មាន​រឿង​កម្សត់​ និង​សប្បាយ​រីករាយ​​ ទើប​មាន​ន័យ… មាន​រសជាតិ ។ ដូច​សម្ល​ដ៏​ឈ្ងុយ​ឆ្ងាញ់​មួយ​ចាន​អ៊ីចឹង!  ទាល់​តែ​មាន​​គ្រឿង​គ្រប់​រសជាតិ​! ដូច​គេថា​សម្ល​ត្រូវ​គ្រឿង ទើប​ឆ្ងាញ់! មែន​ទេ? យ៉ាង​ណា​មិញ​ ក្នុង​ជីវិត​ មិន​មែន​នរណា​ជួប​តែ​រឿងល្អរហូត ឬ​​អាក្រក់​កម្សត់​តែ​រហូត​នោះ​ទេ មា​នកម្សត់​ខ្លះ សប្បាយ​ខ្លះ​ជា​ធម្មតាទេ!… សម្លឹង​ពិភព​លោក​ដោយ​អារម្មណ៍​​វិជ្ជមាន…

********

*Posted by ជំនោរ *៖ ថ្ងៃ​​នេះ នៅ​ពេល​ដែល​ខ្ញុំ​ឆ្លុះ​កញ្ចក់​ ខ្ញុំ​មាន​អារម្មណ៍​ថា ស្អប់​កញ្ចក់ និង​មិន​ពេញ​ចិត្ត​ខ្លួន​ឯង! គ្រប់​គ្នា​ស្អប់​ខ្ញុំ​ហើយ​មែ​នទេ? សូម្បីតែ​លោក​ប៉ានិង​អ្នកម៉ាក់?…

–       សមុទ្រ៖ មាន​រឿង​អី​ទៀត​ហើយ? មាន​ឪពុកម្តាយ​ណា​ស្អប់​កូន​នោះទេ! ឬខ្ញុំ​និយាយ​ខុស?

–       ជំនោរ៖ មិន​ដឹង​ថា​ខុស​ ឬ​ត្រូវ​នោះ​ទេ! តែចំពោះ​ខ្ញុំ​គឺ​ពួក​គាត់​មិន​ដែល​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ខ្ញុំ​ទេ! ប៉ា​ចុះ​ទៅ​ខេត្ត​បាត់ៗ ម៉ាក់​ចេញ​រក​ស៊ី​លក់​ដូរ​ពេញ​ៗមួយ​ថ្ងៃ… ផ្ទះ​ដូច​ជា​ធំ​ទូលាយ​ដែរ​ តែ​ក្នុង​ចិត្ត​ខ្ញុំ​វិញ តូច​ចង្អៀតពេក​​ណាស់!

–       សមុទ្រ៖ សាក​គិត​ឡើង​វិញ​ទៅ​មើល!  ពួក​គាត់​ធ្វើ​អ្វីៗគ្រប់​យ៉ាង​គឺដើម្បី​នរណា​? ​មិន​ដើម្បី​កូន? គួរ​តែ​យើង​ជា​កូន​យក​ប្រាក់​ ដែ​លជា​កម្លាំង​ញើស​ឈាម​របស់​គាត់​ទៅ​ចាយ​វាយ​ឲ្យ​បាន​ជា​ប្រយោជន៍ និង​ចំណាយ​លើកា​រសិក្សា​ឲ្យ​បាន​ល្អ! កុំ​ខ្ជះ​ខ្ជាយ… មិត្ត​សំណាង​ហើយ ដែល​មាន​ប៉ា​ម៉ាក់​សម្រាប់​ហៅ អ្នក​ខ្លះ​មិន​មាន​សំណាង​បាន​ឪពុក​ម្តាយ​ហៅ​ផង។ សាក​គិត​ជា​ថ្មីមើល៍… ធ្វើ​អារម្មណ៍​​ឲ្យ​ល្អ! យក៍​ល្អ​ គួរ​ព្យាយាមនៅ​ជិត​ពួក​គាត់​ ហើយ​យក​ចិត្ត​ទុក​ដាក់ចំពោះ​ពួក​គាត់​​ កុំធ្វើ​ឲ្យ​ពួក​គាត់​ពិ​បាក​ចិត្ត។….

–       ជំនោរ៖ ហេតុអ្វី​រឿង​ល្អ​ជា​ច្រើន​ខ្ញុំ​មិន​គិត​ គិត​តែ​រឿង​អវិជ្ជមាន​ទៅវិញ? អរគុណ​សមុទ្រ​ហើយ​ដែល​តែង​តែ​ជួយ​ដាស់​តឿន!!

********

*Posted by ជំនោរ *៖ «ថ្ងៃនេះជា​វេលា​ដែល​ខ្ញុំ​ត្រូវបញ្ចប់​ទំព័រ​អារម្មណ៍​សោកសៅ… គំនិត​អវិជ្ជមាន​ក្នុង​ជីវិត ស្រមោល​អតីតកាល​ដែល​តែង​តែ​មក​អន្ទោល​តាម​លងបន្លាច​ប្រាណ​ខ្ញុំ… ខ្ញុំ​ត្រូវតែ​ជម្រះ​ស្រមោល​អតីត​កាល​ក្នុង​ដួង​ចិត្ត.. អរគុណ​មិត្ត​សមុទ្រ​ ដែល​ជួយ​ដាស់​តឿន​ខ្ញុំ​រាល់​លើក​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត… ខ្ញុំ​ត្រូវ​សម្លឹង​ពិភព​លោក​ក្នុង​កែវ​ភ្នែក​វិជ្ជាមាន និង​បេះ​ដូង​សុទិដ្ឋនិយម…»

–       [សមុទ្រ and you Like]

–       ជំនោរ៖ លា​ហើយ​ស្រមោល​អតីត​កាល… ខមា​ទោស​ពេលវេលា​ដែល​កន្លងទៅ​ដោយ​ឥត​ប្រយោជន៍… ចំពោះ​កា​រ​គិត​ខ្វល់​ខ្វាយ​ពីរឿង​ដែល​ធ្វើមិន​ឲ្យ​សប្បាយ​ចិត្ត។

–       សមុទ្រ៖ ត្រឹម​ត្រូវ!! សូម​ក្រោក​ឈរ​ឡើង​ ហើយ​សម្លឹង​ទៅ​មើល​ពិភព​លោក​ក្នុង​ន័យ​វិជ្ជមាន​ នោះ​អ្នក​នឹង​ឃើញ​ថា ជីវិត​របស់​អ្នក​នឹង​ពោរ​ពេញ​ទៅ​ដោយ​កម្រង​បុជ្ជាដ៏​ស្រស់​បំព្រង!! ជា​កម្លាំងចិត្ត​ជានិច្ច! គាំទ្រ!

(សូម​រង់​ចាំ​អាន​ភាគ​ទីពីរ)

ខ្ញុំ​ពិត​ជា​ចង់​បាន​យោបល់​របស់​ប្រិយមិត្ត ដើម្បី​បន្ត​សាច់​រឿង និង​បញ្ចប់​រឿងនេះ។

សូម​អរគុណ​ទុ​ក​ជាមុន។

Publicités

4 réflexions sur “រឿងជំនោរ​សមុទ្រ ជំពូកទី១ ជួប​គ្នា​នៅ FACEBOOK

  1. នោះ! ហ្វេសប៊ុក កំពុង​តែ​ជ្រាប​ក្នុង​ខ្លួន​យើង​ហើយ! មួយ​ថ្ងៃមិន​បាន​លេង​ម្តង នៅ​មិនស្ងៀម​សោះ!

  2. អេមតាស តែសរសេរលឿនពេកត្រង់កន្លែងឲ្យអ្នកអានដឹងភ្លាមថាពួកគេលេងក្នុង​កន្លែងតែមួយ។

  3. អរគុណ​ចំពោះ​មតិ និង​ការ​គាំទ្រ​របស់​បង​ប្អូន!!
    ខ្ញុំ​នឹង​ដាក់​វគ្គ​បន្ត​ទៀត!!

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s