រឿងអាល័យ

រឿងអាល័យ

by Tararith

ខ្ញុំជាជនជាតិខ្មែរ សព្វថ្ងៃខ្ញុំរស់នៅអាមេរិក ខ្ញុំមិនដែលបាន ទៅលេងស្រុកម្ដងណាឡើយ ជិត៣០ឆ្នាំ​ហើយ​ថ្ងៃណាក៏ នឹកដល់ស្រុកកំណើត ថ្ងៃណាក៏នឹកដល់ ញាតិមិត្តដែល មិនបានជួបមុខគ្នាដ៏យូរ ថ្ងៃ​ណា​ក៏ ស្រមៃ​ឃើញសោកនាដកម្ម ដែលខ្ញុំធ្លាប់ហែលឆ្លងជាញឹកញាប់ដែរ។

របប​ខ្មែរក្រហម ខ្ញុំត្រូវពួកអាវខ្មៅចាប់​ផ្សឹក រួចខ្មែរក្រហមបណ្ដេញចេញពីក្រុងភ្នំពេញ។ ខ្ញុំមិនបាន​ទៅ​ស្រុក​​កំណើត​ច្រើនឆ្នាំ ហើយតាំងពីសាងផ្នួសនៅ​ឆ្នាំ​១៩៧០ បន្ទាប់មកចូលរៀនសាលា​បាលីនៅភ្នំ​ពេញ​រហូត​។

មុនពេលបួសរៀន ម្តាយខ្ញុំបានដណ្ដឹងកូនអ្នកភូមិក្បែរគ្នា នាងឈ្មោះវីល័យ ខ្ញុំជួបនាងតែម្ដងគត់។ ម៉ែ​បាន​គ្រោង​ឲ្យ ពួកយើងរៀបការ បន្ទាប់ពីខ្ញុំរៀនចប់សាលាបាលីជាន់ខ្ពស់ បើគិតទៅខ្ញុំត្រូវរៀនចប់រហូត​ដល់​ឆ្នាំ​១៩៧៨។ ខ្ញុំមិនខ្វល់ខ្វាយទេ គិតតែពីខំសិក្សាបំពេញតាមការរៀបចំ របស់ឪពុកម្ដាយ​។

ឆ្នាំ១៩៧៥ ខ្ញុំត្រូវខ្មែរក្រហមបង្ខំឲ្យចេញពីទីក្រុង ខ្ញុំរងនូវទារុណកម្មដូច ខ្មែរឯទៀតដែរ ដោយធ្វើការ​ជា​ទម្ងន់ អត់អាហារ និងមានជំងឺសួតដ៏រ៉ាំរៃ នេះជាដំណាក់កាលឆ្លងកាត់ដ៏លំបាកបំផុតក្នុងជីវិត។

ទំនប់បឹងត្រពាំងថ្ម គឺខ្ញុំបានធ្វើការនៅទីនោះចំនួនពីរឆ្នាំ ធ្វើការងារស្ទើរស្លាប់ ក្រោមការកាប់សម្លាប់ ដ៏​រង្គាល​របស់ មិត្តអាវខ្មៅ។ ដោយទ្រាំមិនបាន ខ្ញុំ បានរត់គេចពីការងារ ជាមួយអ្នកឯទៀតទៅព្រំដែនសៀម ហើយមិនមែនចៃដន្យទេ នៅឆ្នាំនោះគឺ យួនកុម្មុយនិស្ដ បានចូលលុកលុយស្រុកខ្មែរទៀត ខ្ញុំ​និង​មិត្ត​ឯ​ទៀត​ បានរត់ចូលទៅទឹកដីសៀម ចូលទៅរកជំរំជនភៀសខ្លួនខ្មែរ។

ទុក្ខលើទុក្ខ ពួកសៀមរិតតែសាហាវណាស់ទៅទៀត វាមិនសួរនាំទេ វាបាញ់ខ្មែរណាដែលឆ្លង​ដែនចូល​ដី​វា​ ជន​ជាតិខ្មែរស្លាប់ច្រើនណាស់ ដោយសារគ្រាប់កាំភ្លើងរបស់សៀម។ សាកសពនៅរាយប៉ាយពាសវាល ខ្ញុំ​នឹកទៅដល់សុភាសិតខ្មែរមួយ ដែលពោលថា “ចុះទឹកក្រពើឡើងលើខ្លា ចូលព្រៃបន្លាចូលផ្សារ​ប៉ូលីស”​។​​ ខ្មែរសម្លាប់ខ្មែរនៅលើទឹកដីខ្មែរ យួនសម្លាប់ខ្មែរលើទឹកដីខ្មែរ ហើយសៀមក៏សម្លាប់ខ្មែរ​ មិនចាញ់ពួក​ប្រល័យ​ពូជសា​សន៍ខ្មែរដែរ។

ខ្មែរមួយចំនួនធំ ដែលភៀសខ្លួនចូលដីសៀម ត្រូវសៀម កៀងគរដឹកយកទៅសម្លាប់ក៏មាន សៀម បាញ់​សម្លាប់​ត្រង់ ក៏មានពេលខ្លះពួកទាហានសៀមចាប់ឆែកឆេរ ដោយឲ្យខ្មែរទាំងប្រុសទាំងស្រី ដោះ សម្លៀក​បំពាក់ចេញគ្មានសល់ ជាងនេះទៀត ទាហានសៀមឃោរឃៅខ្លាំងណាស់ វាចាប់ស្រ្ដីក្រមុំ ខ្មែររំលោភនៅ​នឹង​មុខឪពុកម្ដាយ ដែលមើលទៅ ដូចមេប្រើសឈរសម្លឹងទៅខ្លាកំណាច ដែលកំពុងខាំ​ទំពារ​ស៊ីកូន​របស់​វា​ ព្រោះមេប្រើស និងប្រើសឯទៀតពុំ មានសមត្ថភាពជួយសង្រ្គោះកូនបាន។ គួរ​​ឲ្យ​អនិច្ចា កើត​មក​ជា​ខ្មែរ​ត្រូវ​តែទទួលទោសបែបនេះឬ?

នៅក្នុងជំរំ ពួកទាហានសៀមវាស់ដីឲ្យខ្មែរដើរ គេព័ទ្ធបន្លាលួស បើខ្មែរណាហ៊ានចេញក្រៅ ​គេចាប់ជា​ឈ្លើយ​ គេបាញ់ គឺសៀមជាអ្នក ដាក់ទោសខ្មែរដូចជាទាសករ តាមដែលគេចង់ធ្វើ ដំណាក់កាលនោះ សៀមជាអ្នកវាស់ដីឲ្យ ខ្មែរយើងដើរ។ ជារៀងរាល់ថ្ងៃ មានជនភៀសខ្លួនខ្មែរមិនតិចទេ ដែល​ត្រូវ​ទាហាន​សៀម​ ប្រមាថមើលងាយ មានខ្មែរមិនតិចទេ ដែលត្រូវ សៀមដាក់ទណ្ឌកម្ម។ នេះមកពីអ្នក​ដឹក​នាំសង្គម​ខ្មែរ​ មិនដែលយកចិត្តទុកដាក់ដល់ប្រជា រាស្រ្តខ្លួន ទើប​ប្រជាជ​នជួប​តែនឹងទុក្ខ​ទោស​ ហើយត្រូវ​រង​ការ​ប្រមាថ​មើលងាយដល់ជាតិសាសន៍ ពីជនជាតិសៀមទៀត។

ជនភៀសខ្លួនខ្មែរ បានរស់រៀននៅក្នុងជំរំ គាំពារដោយ អង្គការសហប្រជាជាតិ យើងលំបាកយ៉ាងនេះហើយ នៅសម្ងំមិនសុខ ព្រោះតែមានគេបង្កើត ជាចលនាតស៊ូច្បាំងជាមួយយួន ដែលនៅពេញស្រុកខ្មែរ។ ខ្មែរមានចលនាតស៊ូ ដូចជាក្រុមរបស់សម្ដេច នរោត្តមសីហនុ ពួកអាវខ្មៅខ្មែរក្រហម និង ក្រុមលោកតាសឺនសាន។ ចលនាទាំងបីនេះ គេហៅ ថាចលនាត្រីភាគី។ យើងនៅក្នុងជំរំ លើទឹកដីសៀម យើងនៅក្នុងព្រៃ ដែលមានសត្រូវរួមមួយគឺយួន តែខ្មែរយើងដែលរស់ក្នុងព្រៃដូចគ្នា ក៏ជាសត្រូវនឹងគ្នាដែរ ដូចពាក្យគេថា “ខ្មែរបើមានគ្នាពីរនាក់ គឺពិតជាឈ្លោះគ្នា” គេថាមិនខុសទេ។

ខ្ញុំបានចូលបម្រើក្នុងចលនាតស៊ូរបស់លោកតាសឺនសាន ជិតដប់ឆ្នាំដែរ ថ្ងៃណាក៏ប្រយុទ្ធ គឺប្រយុទ្ធជាមួយយួន និងខ្មែរគ្នាឯង ខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះ ពេលណាដែលមេរបស់ខ្ញុំបញ្ជាឲ្យ​បាញ់ តដៃជាមួយទាហានហេង សំរិន ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តមករស់នៅសហរដ្ឋអា មេរិក។

គិតដល់ខ្មែរ នឹកប្រទេសកម្ពុជា នឹកក្រុមគ្រួសារគ្រប់ ពេលវេលា ហើយខ្ញុំតែងតែសួរដំណឹងពីអ្នក​ផ្ទះ​ តែ​គ្មាន​នរណា បានដឹងដំណឹងពីឪពុកម្ដាយ បងប្អូនញាតិមិត្តខ្ញុំឡើយ ចុងក្រោយគឺក្នុងឆ្នាំ២០១០នេះ ខ្ញុំ​បាន​ដឹង​ថា គូដណ្ដឹងរបស់ខ្ញុំនៅរស់រានមានជីវិតនៅឡើយ។ វីល័យ កំពុងធ្វើជាគ្រូ បង្រៀន​សាលា​បឋម​សិក្សា​ ខ្ញុំ​បានទូរស័ព្ទ ទាក់ទងនាងរហូតដល់ប្រពន្ធខ្ញុំប្រចណ្ឌ តែខ្ញុំបានបកស្រាយរឿងនេះឲ្យនាងយល់ហើយ។

កំហុសមួយដែលខ្ញុំបានធ្វើដោយមិនដឹងខ្លួន ហើយខ្ញុំកំពុង តែមានវិប្បដិសារីនោះ គឺវីល័យនាងមិនយក​ប្ដី នាងរង់ចាំខ្ញុំ នាងប្រាប់ខ្ញុំថា ការបែកព្រាត់គ្នាក្នុងរយៈពេលដ៏យូរនេះ នាងបានទទួលដំណឹងថា ខ្ញុំ​ស្លាប់​នៅ​អាងត្រពាំងថ្ម កាលជំនាន់ ប៉ុលពតបាត់ទៅហើយ។ នាងដឹងរឿងនេះពី អ្នក​ភូមិ​ដែល​គេស្គាល់ខ្ញុំ ទាំង​ស្រពិច​ស្រពិល ហើយគេ បានប្រាប់នាងនៅឆ្នាំ១៩៨២។ ការស្លាប់របស់ខ្ញុំ​បានធ្វើឲ្យ​វីល័យ​លំបាក​ចិត្ត​យ៉ាង​ខ្លាំង នាងក៏សម្រេចចិត្តថា មិនយកបុរសណាធ្វើជាប្ដី ក្រៅពីខ្ញុំឡើយ។ នាងបានសច្ចាតាំង ពីយើង​ភ្ជាប់​ពាក្យនាឆ្នាំ១៩៦៩ម្ល៉េះ។ មានពេលខ្លះ វីល័យបានទៅរកគ្រូទស្សន៍ទាយ គ្រូខ្លះប្រាប់នាងថា នាង​អាច​នឹងបានជួបខ្ញុំ គ្រូខ្លះថា ខ្ញុំនៅរស់ តែនៅស្រុកឆ្ងាយ ខ្លះថាខ្ញុំមានប្រពន្ធមានកូន ហើយ ខ្លះក៏ថា ខ្ញុំ​ស្លាប់​បាត់យូរហើយ តែមិនគួរ វិល័យនាងនៅរង់ចាំឡើយ។ វិល័យ ឯបងវិញ ដូចជាមិនបានគិតដល់​អូន​ដល់​​ថា្នក់នេះទេ បងគិតថា អូនស្លាប់បាត់ទៅហើយ បងគិតថា អូន ប្រហែលជាមានប្ដីបាត់ទៅហើយ។ វីល័យ ឪពុកម្ដាយយើងបានធ្វើពិធីភ្ជាប់ពាក្យឲ្យយើង តែបងស្ទើរតែមិនបាននិយាយអ្វីជាមួយអូនទាល់តែសោះ បងបានដោះចិញ្ជៀនភ្ជាប់ពាក្យ ឲ្យម្តាយបងទុកដាក់ហើយចេញទៅបួស ដែល សូម្បីលាអូនមួយម៉ាត់ក៏មិនបានធ្វើដែរ។ គិតទៅបងមិនសមធ្វើបែបនេះដាក់អូនទេ ហើយអូនវិញ ក៏ពុំគួរលះបង់ពេលវេលារបស់ ខ្លួនចំពោះបងដល់ម្លឹង មិនគួរអូនឲ្យតម្លៃបងខ្ពស់ដល់ម្លឹងឡើយ។ បងខ្មាសខ្លួនឯងខ្លាំងណាស់ បងគួរតែដាក់ទណ្ឌកម្មខ្លួនឯង ឲ្យសមនឹងទង្វើដែលអូនបានលះបង់ចំពោះបង។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានបង្ខំឲ្យនាងរៀបការតែនាង បដិសេធ ហើយត្រូវខ្មែរក្រហមធ្វើទារុណកម្មយ៉ាងដំណំ។ នាឆ្នាំ១៩៨៨ មានទាហានយួនសុំនាងរៀបការ តែនាងមិនព្រម ព្រោះយួនជាជាតិសាសន៍ផ្សេង ហើយបន្ទាប់មក មានបុរសឯទៀតសុំចូល ដណ្ដឹងនាងតាមប្រពៃណីនាងក៏បដិសេធនេះជាការបដិសេធ ព្រោះតែនាងរង់ចាំខ្ញុំ ព្រោះ តែនាងមិនចង់ឲ្យគេថា នាងជាស្រ្ដីក្បត់ចិត្ត…

ឥឡូវយើងម្នាក់ៗអាយុជាង៦០ឆ្នាំហើយ នាងប្រាប់ខ្ញុំថា នាងមិនស្ដាយក្រោយទេ នាងពេញចិត្តនឹងរង់ចាំខ្ញុំ។ ឯខ្ញុំវិញ ខ្ញុំមានកូនស្រីម្នាក់ ព្រោះតែខ្ញុំនៅចងចាំគូដណ្ដឹង ព្រោះតែនាងជា អតីតគូដណ្ដឹងរបស់ខ្ញុំ ខ្ញុំបានយកឈ្មោះនាង ដាក់ឲ្យឈ្មោះកូនស្រីខ្ញុំ។ ពេលនេះប្រពន្ធខ្ញុំដឹងរឿងទាំងអស់ ម្សិលមិញប្រពន្ធខ្ញុំបានអធ្យាស្រ័យឲ្យខ្ញុំហើយ ហើយនាងបានទូរ​ស័ព្ទទៅអតីតគូដណ្ដឹងខ្ញុំ លើកទឹកចិត្តវីល័យ ដោយសង្ឃឹមថា ​នឹងបានជួបគ្នានៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០១១ខាងមុខ។

ប្រពន្ធខ្ញុំ ថ្ងៃណាក៏លើកសរសើរដល់វីល័យដែរ នាងស្ទើរតែមិនជឿថា សម័យនេះទៅហើយ មានស្រីម្នាក់សុខចិត្តរង់ចាំខ្ញុំ ដោយមិនព្រមរៀប ការជាមួយបុរសណាទាំងអស់។ នាងពោលទៀត ថា“គួរឲ្យគោរពចំពោះវីរៈភាពនេះ ហើយនាងក៏ មិនចង់ឲ្យកើតឡើងដែរ។ ម៉ូលីលាន់មាត់ថា ការ

ពិត បងជាបុរសដ៏ល្អម្នាក់ សមនឹងវិល័យជាងអូន ព្រោះតាំងចាប់ដៃគ្នាមក អូនមិនដែលមានមន្ទិល ឬក្តីសៅហ្មងក្នុងចិត្តម្ដងណាឡើយ ឯបង ក៏ប្រឹងធ្វើការ បងតស៊ូចិញ្ចឹមកូន និងខំរៀនសូត្រខ្លួនឯងរហូតមានការងារល្អធ្វើ អូនពិតជាមានសំណាង ដែលបានរស់នៅជាមួយបង។ តែអូនអាណិតវីល័យ អូនបានឮនាងយំ នេះជាសំឡេងយំយែករបស់នារី ដែលរង់ចាំបុរសជាទីស្រឡាញ់របស់នាង…”។

« ភ្លើងឆេះឱសអស់ទៅហើយ បងមានអូនជាប្រពន្ធបងត្រូវទទួលខុសត្រូវចំពោះអូន និងកូន។ តែបងសុំម្យ៉ាងគឺកុំបោះបង់ចោលវិល័យអី បងអាណិតនាងណាស់ »។ ម៉ូលីយល់ស្របនឹងទស្សនៈរបស់ខ្ញុំ នាងអនុញ្ញាតនិងចំហរឲ្យខ្ញុំទាក់ទងជាមួយវីល័យ។ មិនត្រឹមតែប៉ុណ្ណឹង ម៉ូលីប្រពន្ធខ្ញុំបានត្រៀមជាស្រេចគឺនាងនឹងរំលែកទ្រព្យធនខ្លះ ទៅជួយវីល័យនៅស្រុកខ្មែរ ព្រោះប្រាក់ខែគ្រូបឋមសិក្សាមិនអាចធ្វើ
ឲ្យជីវភាពនាងរុងរឿងបានឡើយ។
វីល័យឲ្យបងសុំទោស បងមិនមានពាក្យណានិយាយ ជាមួយអូនលើសពីពាក្យនេះទេ។ បងក្រៀមក្រំក្នុង ចិត្ត ពេកណាស់ ក្នុងនាមជា បុរសមានការទទួលខុសត្រូវម្នាក់ មិនគួរណា សង្គ្រាមមកពង្រាត់ ឲ្យយើងបែកគ្នា មិនគួរណា យើងបានជួបគ្នាហើយ តែម្នាក់ៗ មានបន្ទុកត្រូវរែក ពុនច្រើនដល់ម្លឹង ពិសេសបង បងនៅតែមានវិប្បដិសារី បងដូចជាត្រូវរងនូវទារុណកម្មផ្លូវចិត្តយ៉ាងខ្លាំង បងនៅ តែអាណិតអូន គិតដល់អូនលើសអ្វីៗទាំងអស់ តែបងទទួលស្គាល់ថា ការសុំអភ័យទោស មិនសមនឹងទំហំនៃ​ការតស៊ូលះបង់របស់ចំពោះបងឡើយ។

សង្គមខ្មែរ អ្នកដឹកនាំខ្មែរ គួររៀនពីប្រវត្តិសាស្រ្តរបស់ខ្លួន ហើយចៀសវាងដណ្ដើម
អំណាចគ្នា ធ្វើឲ្យប្រជាជនរងទុក្ខតទៅទៀត៕

Posted by C write at Tuesday, December 21, 2010

Labels: Short story

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s