វិធីតែងឃ្លោងបារាំង

Publié décembre 22, 2010 par HENG Oudom

វិធីតែងឃ្លោងបារាំង

លោកនូ ហាច

ស្រាវជ្រាវដោយ Tararith

បាទនៃឃ្លោងមានច្រើនបែប  ប៉ុន្តែមានតែ៣បែបទេ ដែលគេចូលចិត្តប្រើជាងគេ គឺបាទមាន៨ព្យាង្គ មាន១០ព្យាង្គ នឹងមាន១២ព្យាង្គ។ ក្នុងគាថានីមួយៗ មាន ២បាទឡើងរហូតដល់១២បាទ។ គេនិយមប្រើជាងគេគាថា ដែលមាន៤បាទ។​ មានកាព្យខ្លះឥតបានចែកជាគាថាទេ។

ចុងចួននៃឃ្លោងបារាំងមាននៅតែត្រង់កន្ទុយបាទប៉ុណ្ណោះ។ នៅក្នុងបាទ១០ ព្យាង្គ និងបាទ១២ព្យាង្គ មានកម្រិតម្យ៉ាងជា ភាសាបារាំងហៅថាសេហ្សួរ  (cesure)។ កំរិតនេះឃាំងបំបែកបាទជាពីរផ្នែក។ ក្នុងផ្នែកនីមួយៗត្រូវមាន ព្យាង្គគ្រប់​ចំនួន ហើយកុំឲ្យមានសព្ទឯណា​ ដែលមានព្យាង្គពីពីរឡើងទៅនោះ នៅជាស្ពានចំឡងពីផ្នែកទីមួយ ទៅផ្នែកទីពីរឡើយ។

បាទ១០ព្យាង្គត្រូវមានកម្រិតនោះត្រឹមព្យាង្គទី៤​ (មានអ្នកនិពន្ធខ្លះប្រើកម្រិតនោះ ត្រឹមព្យាង្គទី៥)ឯបាទ១២ព្យាង្គវិញ ត្រូវមានកម្រិតនោះ​ចំពាក់កណ្តាលស្មោះ គឺ ត្រឹមព្យាង្គទី៦ជានិច្ច​ (អធិប្បាយនេះតាមក្បួន ពួកក្លាស់ស៊ិក, រ៉ូមង់ទិក និងប៉ារ ណាស់​ស៊្យាង។ មានចិន្តកវីជំនាន់ឯក្រោយខ្លះ ហ៊ាន​រំលោភលើតម្រានេះម្តងៗដែរ)។​ដើម្បីបំភ្លឺកម្រិតសេហ្សួរនេះ ខ្ញុំសូមលើកឧទាហរណ៏ខាងក្រោមនេះមកបំភ្លឺ​៖

១  ២ ៣ ៤ ៥ ៦ ៧ ៨​​​​ ៩​​ ១០ ១១ ១២

វាយោដែលបក់ជូនរំភើយពិដោរផ្កា​ស្រ​​​ឡិត។

បាទនេះខុសនឹងកម្រិតសេហ្សួរព្រោះសព្ទរំភើយមានពីរព្យាង្គគឺ​​​​​​រំ១ភើយ១។ ដូច្នេះ តោងសព្ទនេះនៅក្នុងផ្នែកទី១ ទី២ ទាំងមូល​ទើបបានត្រឹមត្រូវ។ បើប្រសិន​ជាខ្ញុំសសេរ​​៖

១ ២ ៣ ៤ ៥ ៦ ៧ ៨​​​​ ៩​ ១០ ១១​ ១២​    វាយោដែលផាត់រំភើយពិ​​ដោរនៃផ្កាស្រ​​ឡិត ដូច្នេះវិញ បាទរបស់ខ្ញុំ ក៏បានពេញលក្ខខ័ណ្ឌបរិបូណ៌ តាមកម្រិតសេហ្សួរ។ ឯបាទ៨ព្យាង្គ គ្មានកម្រិតសេហ្សួរទេ។ មុននឹងបញ្ចប់ ខ្ញុំសូមជូនសព្ទ័ដែល បាន​សន្មត់ប្រើក្នុងការពន្យល់នេះ ចំពោះ អ្នកដែលចេះភាសា បារាំង៖

ព្យាង្គ(pied), បាទ(vers), ចុងចួន(rime), គាថា(strophe), ឃ្លោង(poesie), កាព្យ(poeme)

ទីបំផុតនេះ ខ្ញុំសូមជូនកាព្យមួយ បែបមាននាមថាសុណ្ណេ sonnet ក្នុង​ភាសាបារាំង។ កាព្យនេះ មាន ៤គាថា, គាថាទី១ និងទី២ មាន៤-បាទ ហើយ​តម្រៀបចុងចួនដូច្នេះ៖ក, ខ, ខ, ក, – ក, ខ, ខ, ក។គាថាទី៣ និងទី៤ មាន៣ឃ្លា៖ គ, គ,ឃ -ង, ឃ, ង។ គេអាចផ្លាស់គាថាទី៤ តម្រើបចុងចួនច្នេះវិញក៏បាន៖  ង, ង, ឃ។

លលក

ថ្ងៃត្រង់។ វាលស្រែក្តៅដូច ជាភ្នក់ភ្លើងមួយយ៉ាងធំ,

ព្រះអាទិត្យចិត្តឃោរឃៅកំឡោចស្មៅ និងកញ្ជ្រាំង

ចំហាយខ្យល់បក់ភិបៗ លើទឹកល្អក់នៃត្រពាំង

ដែលមានកុកសំគមមួយ ចាប់កំពិសដោយសំងំ។

សត្វនានាស្ងាត់មាត់ជ្រៀប។ ចង្រិតដែលជាភិរម្យ

របស់ស្រុកស្រែនោះសោត ក៏ពួនជ្រកធ្វើស្លាំងកាំង,

អ្នកគង្វាលគោដេក, ដៃគងថ្ងាស, ស្រមុគខ្លាំង។

ក្រោមដើមអម្ពិលមួយ ដ៏មានម្លប់ត្រជាក់ត្រជុំ។

នៅវេលាដ៏ក្តៅហប់ ទូទៅទាំងវាលព្រៃព្រឹក្ស,

មានលលកមួយមកទំ លើមែកមួយដែលឥតស្លឹក

ហើយបក្សីនោះតាំងច្រៀង គ្រលួចពីរោះឥតបី។

ក្នុងផ្ទៃស្ង​ប់, សំឡេងនេះ ដែលថ្លាដូចចរណៃ

មកញ៉ាំងអ្នកដែលដេកខ្នងផ្ទាល់ដីឲ្យមានស្រមៃ

ឃើញវិមានឋានសួគ៌ា និងកញ្ញាល្អប្រិមប្រីយ។

ចុងចួនក្នុងឆន្ទបារាំងមានបួនបែប៖

១-ចុងចួនរាបសាៈ        កក, ខខ…

២-ចុងចួនប្រទាក់ៈ        កខកខ…

៣-ចុងចួនប្រកៀកៈ      កខខក…

៤-ចុងចួនផ្ទួនៈ              កខខកក…

បានជាថាផ្ទួនដូច្នេះ ព្រោះកទី២ ដែលបានជួននឹង កទី១ហើយនោះ មាន​​ជួនផ្ទួន នឹងកទី៣ទៀត។ក្នុងភាសាបារាំងវចនៈឯណា ដែលមានអក្សរe  នៅចុងគេ សម្គាល់ថាពាក្យ​​នេះមានចុងញី បានជាហៅដូច្នេះព្រោះអក្សរe នេះ ញ៉ាំងឲ្យ​ពាក្យ​​មានសំឡេងវែង។ ឯពាក្យដែលឥតមានអក្សរនេះ គេចាត់ថាជាចុងចួន​ឈ្មោល។ ក្នុងការ​តែង​ឃ្លោង គេត្រូវប្រតិបត្តិតាមកម្រិតមួយ ដែលចាត់ឲ្យ​លាយចម្រុះ​ចុង​​ចួនឈ្មោល និងញី ដើម្បីឲ្យមានតូរ្យតន្រ្តីរងំឡើង។ ភាសាខ្មែរ​យើង​មិន​អាច រកចុងចួនញី, ឈ្មោល បែបយ៉ាងនេះបានឡើយ ដូច្នេះគប្បីអ្នក​សរសេរទាំងឡាយ ខំរកពាក្យឯណា ដែលមានសំឡេងកំបុតមក​លាយ​​នឹង​ពាក្យ ដែលមានសំឡេងវែង មកឆ្លាស់គ្នា ជាចុងចួន ដើម្បីឲ្យ​មាន​តូរ្យ​តន្រ្តីជានិច្ច​ក្នុងសាច់កាព្យ។ មានអ្នកអានខ្លះ ដែលមិនទាន់ច្បាស់សេចក្តីក្នុងការតែងឃ្លោងបែប​បារាំង​នោះ ក៏និយាយបដិ សេធថា ឆន្ទបែបនេះមិនពីរោះ ព្រោះរកធ្វើបទធ្វើបាទអ្វីមិនកើត។ យល់យ៉ាងនេះនឹងទុកជាត្រឹមត្រូវបានមែន បើប្រសិនជាយើងចូលចិត្តតែ​នឹង​តូរ្យតន្រ្តី​រងំជើយៗ ហើយមិនរវល់នឹង​សេចក្តី​ពិត សេចក្តីមែន ដែលឋិតនៅ​ក្នុងធម្មជាតិ។ ធម្មតាសិល្បវត្ថុទាំងឡាយ ដែលមានលក្ខណៈសមរម្យ នឹងនិយម​អ៊ឺរ៉ុប ហើយដែលអ្នក ផងគេចាត់ថាត្រឹមត្រូវនោះ តែងមានឧត្តមប្រាថ្នាមួយ​យ៉ាង​ខ្ជាប់ គឺខំធ្វើខំរចនាឲ្យបាន​ដូចនឹងធម្មជាតិ។ បដិមាករដែលឆ្លាក់​លើ​ថ្មជារូប, ជាងគំនូរដែលខំ​ភ្ចាប់កិរិយានារី នៅលើសំពត់មួយផ្ទាំង​នោះ សឹងតែមាន​អារម្មណ៍​តែមួយដូចគ្នាទាំងអស់ គឺផ្ចិតផ្ចង់ឲ្យរូបនោះ, ថ្មចម្លាក់នោះមានជីវិតដូចជារស់, ដូចជាពិតនៅក្រោមភ្នែកអ្នកទស្សនាមែន។ ឯឆន្ទដែលលោក បាន បញ្ចូលទៅក្នុងចំណោមសិល្បវត្ថុដែរនោះ ក៏មិន​ត្រូវប្រាសចាក កម្រិតដែល ពោលខាងលើនេះទេ។ អ្នកតែងឃ្លោងតោង​រវាំងកុំឲ្យសាច់កាព្យលើសហួស ឬថយចុះពីសេចក្តីពិតនោះឡើយ។​ មិនតែប៉ុណ្ណោះសោត ឆន្ទតោងមានគុណ សម្បត្តិមួយយ៉ាងលើសក្បួន​ចម្លាក់ ឬក្បួន​គំនូរ​ទៅទៀត៖ គឺ ត្រូវមានតូរ្យដន្ត្រី។ ភ្លេងនេះកើតឡើង​ដោយ​ចុងចួន, ដោយចង្វាក់,​ ដោយការ​រើសពាក្យ ដែលមាន សម្លេងឲ្យ​សម​តាមកាលសម័យ។

ខ្ញុំយល់ថាចុងចួន ដែលមាននៅតែចុងបាទនោះ ហាក់ដូចជាដើមៗមិន​មានរណ្តំ ដល់ចុងចួន​ខ្មែរ​ទេ តែខ្ញុំយល់ថាជាការល្មមហើយព្រោះបើរក​ចុង​ចួនច្រើនពេក នាំឲ្យអ្នកនិពន្ធឃ្លាតពី​សេចក្តី​ពិតសេចក្តីមែន។ ចង្វាក់ក្នុងឃ្លោងបែបបារាំង កើតដោយការតម្រៀបប្រយោគខ្លី-​វែង ទុក​ជា​ប្រយោគនោះរលត់​នៅ កណ្តាលបាទ ក៏គេមិនអំពល់ដែរ ឲ្យតែសម​នឹងកិរិយា ឬសភាវៈនែ រឿងប៉ុណ្ណោះ។ ការរើសពាក្យនេះ  ជាឧបសគ្គមួយយ៉ាងធំក្នុងការតែងឃ្លោង។ ឧបមាថា យើង​ចង់និយាយ​ពី​សេចក្តីព្រួយ យើងមិនត្រូវជ្រើសយកពាក្យណា ដែលមាន សំឡេង​រឹងពេកទេ តែគម្បីរកពាក្យ​ធ្ងន់ៗ លុះដល់អានទៅ​សំឡេង​ពាក្យនោះ ហាក់ដូចជាមកសង្កត់ទ្រូងអ្នកមើល។ ក្នុងការរើស​ពាក្យ​មានចិន្តកវី បារាំងឆើតៗ ខ្លះ ចេះរៀបឲ្យបានដូចជាសម្លេងខ្យល់ បើគេនិយាយពីព្យុះក្នុង​សមុទ្រ ឬដូចជា សម្រែកពស់  បើគេនិយាយពីពស់​ ដែលប្រុងលោតទៅខាំ។ល។

ជាអវសានកិច្ច អ្នកតែងឃ្លោងត្រូវចៀសវាងកុំរចនារឿងឯណា ដែល​មាន​សភាវៈរាបសា ដ៏គប្បី​សរសេរជាពាក្យរាយបាននោះឲ្យសោះ។ យើង​ត្រូវយក តែបទឯណា ដែលស្ទួយចិត្តឲ្យរំភើប ឲ្យ​បាន​ជ្រះថ្លាលើរម​ណីយដ្ឋានខុសពី ធម្មតា។ ឲ្យដូចធម្មជាតិ,ឲ្យមានតូរ្យតន្រ្តី, ឲ្យ​ប្រកប​តែនឹងតំរិះ ជ្រាលជ្រៅ នេះហើយ​ជាភារៈរបស់ចិន្តកវី។ សូមអ្នកផងល្បងមើលចុះ ថ្ងៃណាមួយ​គង់អក្សរ សាស្រ្តខ្មែរនឹងបញ្ចញរស្មី​ទូទៅ​​ក្នុងលោក ដែលអាចនាំឲ្យបរទេស​ទាំង ឡាយស្គាល់​ប្រទេស​យើង, ស្រឡាញ់ប្រទេសយើងដែល​ជាគុណសម្បត្តិមួយ ដ៏ឧត្តម គប្បីអ្នក​ស្នេហា​ជាតិ​រួម​កម្លាំងគ្នា ខំយឹត​យោង​ឲ្យបានមកទុកបូជាប្រិយ មាតុភូមិ​របស់​យើង។ អ្នកមើលចុះ រេបិន្រ្ទ​ណេតតាគរៈ ដែលជាចិន្តកវីដ៏ល្បី នៃជាតិ​ឥណ្ឌូ។ កាព្យរបស់​បណ្ឌិតនេះ គេបានប្រែចេញ​គ្រប់​មហាភាសានៃលោកទាំងមូល។ នៅពេលដែលគាត់ធ្វើមរណៈកាលទៅ ប្រជាជាតិទាំង​សាកល សឹង តែសោក​ស្តាយ ហើយ ចូលកាន់មរណសញ្ញាដោយស្មោះពីចិត្ត៕

បញ្ជាក់៖ អត្តបទនេះ ស្រាវជ្រាវដោយលោកខូ-តារាឫទ្ធិ ហើយត្រូវ​បាន​ប្រកាស​ក្នុង​គេហទំព័រ​«អក្សរសិល្ប៍ខ្មែរ» នៅថ្ងៃ Tuesday, December 14, 2010

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion /  Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion /  Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion /  Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion /  Changer )

w

Connexion à %s

%d blogueurs aiment cette page :