ជី​វប្រវត្តិ អ្នកនិពន្ធ ប៉ិច-សង្វាវ៉ាន

លោកជំទាវ ប៉ិច សង្វាវ៉ាន

ជីវប្រវត្តិពិស្តារ ​របស់​លោក​ជំទាវ​ ប៉ិច​ សង្វាវ៉ាន

នាម​ដើម ​ព្រហ្ម សង្វាវ៉ាន

លោក​ជំទាវ​ ប៉ិច សង្វាវ៉ាន​​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​តាំង​ពី​នៅ​វ័យ​ក្មេង​ម៉្លេះ។

ក្នុងពេល​ដែល​យុវនារី​មួយ​ចំនួន​ក្នុង​ជំនាន់​នោះ​គិត​ពី​ការ​សប្បាយ​ ​ លោក​ជំទាវ​ ប៉ិច សង្វាវ៉ាន​បែ​រជា​គិត​ និង ​​ស្រមៃ​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​​មួយ​រូប​របស់​កម្ពុជា​​ ហើយ​តែង​តែ​ចិញ្ចឹម​ចិត្ត​ប៉ង​ប្រាថ្នា​ជា​​និច្ច​ចង់​ចូល​ជា​សមាជិកា​ម្នាក់​នៃ​សមាគម​អ្នក​និពន្ឋ​ខ្មែរ។

ចាប់កំណើត​នៅ​ថ្ងៃ​ទី២៤ ​​​ខែ​វិច្ឆិកា ​​ឆ្នាំ​១៩៤៧ ​​នៅ​សង្កាត់​លេខ​៤​ រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​​ដែល​ប្រកាន់​ខ្ជាប់​នូវ​ទំនៀមទម្លាប់​ប្រពៃ​ណី​ខ្មែរ។ លោក​ជំទាវ​ ប៉ិច​សង្វាវ៉ាន នាម​ដើម​ ព្រហ្ម សង្វា​វ៉ាន ជា​បុត្រី​ច្បង​របស់​លោក​ ចៅ យ៊ី ស៊ុម ​ចាង​ហ្វាង​​ (សព្វ​ថ្ងៃគេ​ហៅ​ថា​ប្រធាន) សាលា ​ឧទ្ធរណ៍​​ក្រុង​ភ្នំពេញ និង​លោក​ស្រី ឌីវណ្ណ​ ដឺឡូ​ប៉េស៍ (Diwann de LOPEZ) ជាមេផ្ទះ។  ​​លោក​ជំទាវ​ ប៉ិច​​សង្វាវ៉ាន​មាន​បង​ប្អូនទាំង​អស់​១២​នាក់ គឺ​មាន​ប្អូន​ស្រី​៧​នាក់ ​និង​ប្អូន​ប្រុស​៤​នាក់។ ​សព្វ​ថ្ងៃ​នេះ​ នៅ​រស់​តែ​១១​នាក់​ប៉ុណ្ណោះ​​គឺ​ ​ម្នាក់​បានបាត់បង់ជីវិត​​នៅ​​ពេល​ភៀស​ខ្លួន​ក្នុង​ប្រទេស​ឡាវ។​​​​ សព្វ​ថ្ងៃ​នេះ ​ ប្អូនៗ៨​នាក់​រស់​នៅ​ប្រទេស​បារាំង និង​ ពីរ​នាក់ទៀត​រស់​នៅ​ឯ​សហរដ្ឋ​អាមេរិក។

តាំង​ពី​អាយុ​៨​ឆ្នាំ កុមារី ព្រហ្ម សង្វាវ៉ាន ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​ និង​ សៀវភៅ​បារាំងណាស់​។​ លុះ​ដល់ចម្រើន​​​វ័យ​បាន​១៣​ឆ្នាំ កុមារីនេះ​កាន់​តែ​មាន​ចំណង់​ចំណូល​ចិត្ត​​អាន​សៀវភៅខ្លាំង​ឡើងៗ គឺ​ចូល​ចិត្ត​អាន​សៀវភៅ​សិក្សា​ទាំង​ភាសា​ខ្មែរ ​ភាសា​​បារាំង សៀវភៅ​ប្រលោម​លោក​ខ្មែរ​ផ្នែក​មនោសញ្ចេតនា ​និង​ជីវិត​សោក​សៅ។

លោកជំទាវ ប៉ិច សង្វាវ៉ាន ហៅ ព្រហ្ម សុទ្ធធីតា រូបថត ឆ្នាំ១៩៦៨ អាយុ ២១ ឆ្នាំ

អាយុ ​១៦​​ឆ្នាំ​ កញ្ញា ព្រហ្ម សង្វាវ៉ាន ចាប់​ផ្តើម​សរសេរ​រឿង​ខ្លីៗ​ ដោយ​ហេតុ​ថា នៅ​មុន​ថ្ងៃ​ប្រឡងមធ្យម​សិក្សា​ប័ត្រ​ ភាគ​ទី​១ (​ បាក់អង​ Bacc I ) មួយ​ថ្ងៃ ​មិត្តនារី​រួម​ថ្នាក់​ពីរ​បី​នាក់ ​ដែល​មិន​ប្រឡង​ផ្លោះ​បាន​នាំ​គ្នា​មកដល់ផ្ទះ រំខាន​ដល់​ការ​រំលឹក​មេ​រៀន​ឡើង​វិញ ​ដើម្បី​ត្រៀម​ខ្លួន​ប្រឡង​ផ្លោះ​យក​មធ្យម​សិក្សា​ប័ត្រ​ទី១​​នៅ​ថ្ងៃ​ស្អែក។ ទោះ​​បី​ជាមិត្ត​ភក្តិ​ទាំង​អស់​នោះ​បាន​ដឹង​ច្បាស់ហើយ​​ថា ត្រូវ​ប្រឡង​នៅ​ថ្ងៃ​ស្អែក​ក៏​ដោយ ​ក៏​ពួក​គេ​មិន​ត្រឡប់​ទៅ​វិញ​​ឡើយ។​ យុវនារីនេះ មាន​ការ​ អាក់​អន់​ចិត្ត​នឹង​មិត្ត​នារី​ទាំង​អស់​នោះ​ណាស់។ ការ​អាក់​អន់​ស្រពន់​ចិត្តនេះ​​បាន​ជំរុញ​ឲ្យព្រហ្ម សង្វាវ៉ាន ​ចាប់​ដងប៉ាកកា​បង្ហូរ​ទឹក​ខ្មៅ​ជម្រុះ​ភាព​សៅហ្មង​តាម​រយៈ​ការ​សរសេរ​រឿង​ខ្លីៗ​ រួច​ផ្ញើ​ទៅ​ជូន​លោក​ ម៉ៅ ប៊ុន​ថន ​ដែល​ជា​អ្នក​និពន្ឋ និងជា​អ្នករៀប​ចំ​ផ្សាយ​នាទី​ភាគ​និទានរឿង​ប្រលោម​លោក​ប្រចាំ​វិទ្យុជាតិ​ ភ្នំពេញ។ ​លោក​ម៉ៅ ប៊ុន​ថន ​ដែល​ជា​អ្នក​និពន្ឋ​រឿង​ផ្នែកអប់រំ ​ក៏​បាន​យក​សាច់​រឿង​ខ្លីៗ​របស់ ​កញ្ញា​ព្រហ្ម សង្វាវ៉ានទៅ​បញ្ចូល​ក្នុង​រឿង​ប្រលោម​លោក ដែល​​លោកបាន​និពន្ឋ​ ​ហើយ​ក៏​​ផ្សាយ​​តាម​រលក​អាកាស​វិទ្យុជាតិ ក៏​ប៉ុន្តែ​លោក​ពុំ​បាន​ បញ្ចេញឈ្មោះប៉ាកកា ឬរហស្សនាម ព្រហ្ម សុទ្ធ​​ធីតា​​ម្តង​ណា​ឡើយ។​ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្មេរដ៏ក្មេង​ខ្ចី​នេះ ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់​ទៅ​ហើយ ​ថែម​ទាំង​មាន​មោទនភាពយ៉ាង​​ក្រៃ​លែង​ក្នុង​គ្រា​នោះ។​ ម៉្លោះ​ហើយ ទឹក​ចិត្ត​ស្នេហា​អក្សរ​សាស្រ្ត និង​ការ​ចង់​សាង​ឈ្មោះ​ជា​អ្នក​និពន្ឋ​ ដែល​បាន​ដុះ​ចាក់​ឫស​កប់​យ៉ាង​ជ្រៅ ហើយ​ក៏​បានចាប់ប៉ិច​ពន្លកក្នុង​ដួង​ចិត្ត​​​តាំង​ពី​ពេល​នោះ​មក។

នៅ​ឆ្នាំ​១៩៦៨​ កញ្ញា ព្រហ្ម ​សង្វា​វ៉ានពុំ​អាច​ទប់​សន្ទុះ​ចិត្ត ​ដែល​ចង់​ក្លាយ​ជា​អ្នកនិពន្ធ​​ត​ទៅ​ទៀត​​ ក៏​បាន​សាក​ល្បង​និពន្ធ​រឿង​ទី​មួយ​មាន​ចំណង​ជើង​ថា​ «នេះ​ឬ​ចិត្ត​ប្រុស?»​ តាម​ការ​ស្នើ​សុំ​របស់​មិត្ត​​នារី​បី​នាក់​ ដែល​បាន​និយាយ​រឿង​វិបត្តិ​ផ្ទាល់​ខ្លួនប្រាប់​។​​ កញ្ញា​បាន​ប្រើ​នាម​ប៉ាកកា​ថា​​«ព្រហ្ម សុទ្ធ​​ធីតា»។ រឿង​នេះអ្នក​និពន្ធ​ ​​ ជូ​ ថានី ​និង​​ដែល​ជា​នាយក​សារព័ត៌មានកោះសន្តិភាព​យក​ទៅចុះ​ផ្សាយ​ក្នុង​កាសែត​នេះ។​ បន្ទាប់​មក​រឿង​ «នេះ​ឬ​ចិត្ត​ប្រុស?» ក៏ត្រូវ​បាន​លោក​ ម៉ៅ ប៊ុន​ថន​ សុំ​ក្តី​អនុញ្ញាត​យក​ទៅ​រៀប​ចំ​ជា​ភាគៗ​ផ្សាយ​ក្នុង​នាទីភាគ ​និទាន​​រឿង​ប្រលោម​លោក​តាម​រលក​ធាតុ​អាកាស​វិទ្យុ​ជាតិ​ចាប់​ពីថ្ងៃ​៥​ កក្កដា​រហូតដល់ ​ខែ​កញ្ញា​ឆ្នាំ​១៩៦៨​ទើប​ចប់​។​ សូម​បញ្ជាក់​​ដែរ​ថា រឿង«នេះ​ឬ​ចិត្ត​ប្រុស?» ​មានដាក់​អម​ចម្រៀង​មួយ​បទ​ដែល​និពន្ឋ​ដោយ​លោក​ ម៉ា ឡៅពី​ ផង​ដែរ​​។ បទ«នេះ​ឬ​ចិត្ត​ប្រុស?» នេះ ​ច្រៀង​ដោយ​អ្នក​ស្រី សូ សាវឿន​។ យុវវតីពុំដែលគិត​ស្មាន​ទាល់​តែ​សោះ​​ថា ​រឿង​«នេះ​ឬ​ចិត្ត​ប្រុស?» បាន​ទទួល​លិខិត​គាំទ្រ និង​​​សរសើរ​យ៉ាង​ច្រើន​ដល់​ម្លឹង​ពី​មជ្ឃដ្ឋាន​អ្នក​ស្តាប់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ ប៉ុន្តែ​ក្នុង​ចំណោម​សំបុត្រ​ទាំង​អស់​នោះ​ ក៏មាន​លិខិត​រិះ​គន់​មួយ​ច្បាប់​ដែរ​ពី​យុវជន​ម្នាក់​​ឈ្មោះ ឃ្នុះ​ ទាំ សិស្ស​វិទ្យាល័យ​ព្រះ​សុរាម្រិត នៅ​ខេត្ត​កំពង់​ឆ្នាំង។

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ១៩៦៩​ កញ្ញា ព្រហ្ម ​សង្វាវ៉ាន​បាន​និពន្ធ​​រឿង​ «ថ្ងៃ៤​ កក្កដា»​ដោយ​​ប្រើ​រហស្សនាម​ថា ​«ព្រហ្ម សុ​ទ្ធ​ធីតា​»ជា​ថ្មី។ ​រឿង​នេះ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន «ដំណឹង​ចុង​ក្រោយ» របស់លោក ជុំ កែម។  ព្រហ្ម សង្វាវ៉ាន ពុំ​ហ៊ាន​ប្រើ​នាម​ពិត​ទេ ព្រោះ​នៅ​​ជំនាន់​នោះ​ គេ​ពុំ​ទាន់​ផ្តល់​តម្លៃ​ឲ្យ​អ្នក​និព​ន្ធ​​នារី​នៅ​ឡើយ ហើយ​ម៉្យាង​ទៀត​ពុំ​ចង់​ឲ្យ​លោក​ប៉ា​ជ្រាប​ ​និង​ប្រកាន់​ខឹង​ដែរ ពីព្រោះលោក​មិន​ចូល​ចិត្ត​ឲ្យ​បុត្រីធ្វើ​អ្វី​ក្រៅពី​ខិតខំ​សិក្សា​រៀន​សូត្រឲ្យ​បាន​ជោគជ័យ​ និង​បាន​សញ្ញាប័ត្រ​ខ្ពង់ខ្ពស់​នោះ​ទេ។

ក្រោយពី​បាន​ជាប់មធ្យម​សិក្សា​ប័ត្រ​ភាគទី២ (​ស្នាក​ប័ត្រ​ភាគ​ទី​២ បាក់​ឌុប Baccalauréat 2ème partie ) ​នៅ​ឆ្នាំ​១៩៧០ កញ្ញា​​បាន​ដាក់​​ដងប៉ាកកា​ចុះ​ផ្អាក​ការ​និពន្ធ​​​សិន ព្រោះ​ជាប់​បន្ត​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​​សេដ្ឋកិច្ច ​ ក្នុង​មហាវិទ្យាល័យ​​​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។​ ទន្ទឹម​ជា​មួយ​នោះ កញ្ញា​ក៏បាន​សិក្សា​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​ក្នុង​មហាវិទ្យាល័យ​ អក្សរសាស្ត្រ និង​មនុស្សសាស្ត្រដែរ ​ក្នុង​អំឡុង​​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៣។ ក្រោយ​ពី​បាន​ប្រឡង​ជាប់​ចូល​មហាវិទ្យាល័យ ​គរុកោសល្យ ព្រហ្ម សង្វាវ៉ានបាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​ក្នុង​មហាវិទ្យាល័យ ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច​ ​ដែល​កញ្ញា​​មិន​ស្រឡាញ់​ផ្នែក​នេះ​​សោះ ​ ​តែខំ​ទ្រាំ​រៀន​ ដើម្បី​បំពេញ​ចិត្តលោក​ប៉ា​ ប៉ុន្តែ​មិន​បាន​ជោគ​​ជ័យដូច​បំណង​លោក​ប៉ា​ឡើយ​​ហើយ។ ​​កញ្ញា​សង្វាវ៉ានបាន​សម្រេច​ចិត្ត​ទៅ​​សិក្សា​ក្នុង​មហាវិទ្យាល័យ​​ គរុកោសល្យ​ ដើម្បី​ឈោង​ចាប់​យក​មុខងារជា​សាស្ត្រាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​វិញ​ឲ្យ​សម​ស្រប​ទៅ​តាមនិស្ស័យ​ពី​កំណើត និង​នៅ​តែ​បន្ត​ការ​សិក្សាក្នុង​មហា​វិទ្យាល័យ​អក្សរសាស្ត្រ និង​ មនុស្សសាស្ត្រ​ដដែលមិន​ចោល​ឡើយ។

ការ​ស្រមៃ​ និងបំណង​​ប្រាថ្នា​របស់​ ព្រហ្ម ​សង្វាវ៉ាន​ក្នុង​ការ​ចង់​ក្លាយ​ជាសមាជិកា​នៃ​សមាគម​​អ្នក​និព​ន្ធ​​ខ្មែរ​ ក៏​បាន​សម្រេច​ដូច​ក្តី​បំណង ​នៅ​ថ្ងៃ​ទី១៩​ ខែ​តុលា ឆ្នាំ​១៩៧៣​ ដោយ​បាន​ចូល​ជា​សមាជិកាសកម្ម ​លេខ​១៩៣។ ​នៅ​ក្នុង​ប័ណ្ណ​សមាជិក​របស់​សមាគម កញ្ញា​បាន​ពាក់​ឈ្មោះ​ស្វាមី​ថា លោក​ស្រី ប៉ិច​ ឈុន​ ទៅ​តាម​ទម្លាប់របស់​ស្ត្រីមាន​ស្វាមី​ ក្នុង​ជំនាន់​នោះ​នៅ​ប្រទេស​យើង។ ​នៅប្រទេស​បារាំង  ស្ត្រី​រៀប​កា​ររួច គេប្រើ ឬ​ពាក់​តែ​នាម​ត្រ​កូល​របស់​ប្តី​ ភ្ជាប់​ជាមួយ​គោត្តនាម​របស់​ខ្លួន​​ជាភរិយា​ដូច​​ ឈ្មោះ​ដែល​លោក​ជំទាវ​  ប៉ិច សង្វាវ៉ាន ប្រើ​សព្វ​ថ្ងៃ​នេះ។

បិតា មាតារបស់លោកជំទាវប៉ិច សង្វាវ៉ាន ឯ.ឧ. ប៉ិច ឈុន និងលោកជំទាវ ប៉ិចសង្វាវ៉ាន រូប​ថតរៀបអាពាហ៍ពិពាហ៍

ស្ថានភាព​គ្រួសារ

ឯ.ឧ. ប៉ិច ឈុន និងលោកជំទាវ ប៉ិច សង្វាវ៉ាន រូប​ថត​ពេលរៀបអាពាហ៍ពិពាហ៍ នៅ​រាជធានីភ្នំពេញ

កញ្ញា​ ព្រហ្ម សង្វាវ៉ាន​បាន​រៀប​អាពាហ៍ពិពាហ៍​ នៅ​ថ្ងៃ​ទី​១ ​ខែ​មករា ​ឆ្នាំ​១៩៧២​ ក្នុង​ទី​ក្រុង​ភ្នំពេញ ជា​មួយ​ឯកឧត្តម ​ប៉ិច ​ឈុន ​បញ្ញវ័ន្ត​ខ្មែរ​មួយ​រូប​  ដែល​ជាអតីត​នាយកការ​នំា​ចូល (Chef de Service Import)​ នៃ​ក្រុម​ហ៊ុន​សែល​កម្ពុជា (Société SCHELL du Cambodge) ​ បច្ចុប្បន្ន​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច សង្គម​កិច្ច​ និង​វប្បធម៌​ ​មាន​ឋានៈ​រដ្ឋ​មន្រ្តី នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្រ្តី​។ លោក​ជំទាវ​ និង​ ឯក​ឧត្តម ប៉ិច​ឈុន​ (ឈ្មោះ ​បារាំង​ប៉ិច រីសាដ៍ PECH RICHARD) មាន​កូន​ចំនួន​បួន​នាក់​ គឺ​ កូនស្រី ​ម្នាក់​និង ​កូន​ប្រុស​បី​នាក់​។

-កូន​ស្រី​ឈ្មោះ ប៉ិច សង្វានីដា​

កូន​ប្រុស​ទាំង​៣​នាក់ឈ្មោះ

– ប៉ិច ​ បញ្ញា ​ហ្សេរ៉ាល់ ​

– ប៉ិច​ ហ្វ្រេដេរិក វ៉ាំង​សង់​

– ប៉ិច វិរៈសិទ្ឋ វិចទ័រ​

ឯកឧត្ដម. ប៉ិច ឈុន និង ​លោកជំទាវ ប៉ិច សង្វាវ៉ាន

សព្វ​ថ្ងៃ​នេះ លោក​ជំទាវ និង​ ឯក​ឧត្តម ​ប៉ិច ​ឈុន​មាន​ចៅ​៣​នាក់។

លោក​ជំទាវ​ ប៉ិច ​សង្វាវ៉ាន នាម​ដើម​ព្រហ្ម សង្វាវ៉ាន ហៅ​ ព្រហ្ម​ សុទ្ធ​ធីតា ​ស្រឡាញ់​សមាគម​អ្នក​និពន្ឋ​ខ្មែរ​ និង​ស្រឡាញ់​មុខ​ងារ​សាស្ត្រាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​ណាស់។ ​​លោក​ជំទាវ ពុំ​ដែល​គិត​សូម្បី​ម្តង​ណា​ឡើយ​ថា​ ខ្លួន​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ទឹក​ដី​កម្ពុជា​​​មាតុប្រទេស ទោះបីជា​ស្ថានការណ៍​ប្រទេស​ជាតិ ធ្លាក់ក្នុងភ្លើងសង្គា្រម​វឹកវរ​យ៉ាង​ណា​ក៏​ដោយ។ ​នៅ​ទី​បំផុត ព្រឹត្តការណ៍​បដិវត្តន៍​របស់​ខ្មែរ​ក្រហម​ដ៏​ខ្មៅ​ងងឹត​១៧​មេសា​  ១៩៧៥​បាន​ បញ្ចប់​ក្តី​ស្រមៃ​​របស់​លោក​ជំទាវ​គ្មាន​សល់​អ្វី​សោះ​ឡើយ។ សំណៅ
រឿង​ទាំង​អស់​របស់​លោកជំទាវក៏ត្រូវ​បាន​វិនាស​បាត់​ដែរ។

ក្នុង​ឆ្នាំ​១៩៧៥ លោក​ជំទាវ ​និង​ស្វាមី​ទើប​ តែ​មាន​កូន​តូចៗ​ពីរ​នាក់។ ​ក្រុម​គ្រួសារ​ទាំង​អស់​ទ្រាំ​រស់​នៅ​យ៉ាង​លំបាក ​និង​អត់​ឃ្លាន​ ក្នុង​របបខ្មែរ​ក្រហម​បាន​តែ​៣​ខែ​ប៉ុណ្ណោះ​ ក៏​បាន​សម្រេច​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​របបកម្មុយនីស្ត​ខ្មែរ ​ដែល​គ្មាន​សេរីភាព ​និង​គ្មាន​អ្វី​បរិភោគ​យ៉ាង​នេះ​ ដោយ​បាន​ឆ្លង​កាត់តាម​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​ ហើយ​បាន​មក​ដល់​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី​២​មករា ​១៩៧៧ ដោយ​បាន​បន្សល់​ទុក​សព​ប្អូន​ស្រី​ម្នាក់​ឈ្មោះ ព្រហ្ម វេតថូរីយ៉ា​ ដែល​បាន​បត់​បង់​ជីវិត ​ដោយ​ជំងឺ​គ្រុន​ចាញ់​ក្នុង​មន្ទីរ​ពេទ្យ​បដិវត្តន៍ក្នុង​ប្រទស​លាវ។​ សព​របស់នាងបាន​យក​ទៅ​កប់​នៅ​ក្នុង​ព្រៃ​ឫស្សី​យ៉ាង​អណោច​អ​ធ័ម​នៅ​មឿង​ភីន​ប្រទេស​លាវ។ ​ ការ​ស្តាយ​ស្រណោះ​ចំពោះប្អូន​ស្រីកម្សត់​បាន​ជំរុញ​ឲ្យ​លោក​ជំទាវ​សរសេរ​រឿង​ខ្លី​មួយ​ ដែលមានចំណងជើង​ថា «ខ្លោច​ផ្សា​នៅ​មឿង​ភីន»​ ឬ «អស្តង្គត»។

ជីវភាព​រស់​នៅ និង​ការងារ​លើ​ទឹក​ដី​បារាំង​ និង សកម្មភាព​វប្បធម៌ក្នុង​រយៈពេល​រស់នៅ​ក្នុង​ប្រទេស​បារាំង​បួន​ឆ្នាំ​ដំបូង លោក​ជំទាវ​តែង​តែ​បង្ហូរ​ទឹកភ្នែក​​ ក្នុង​ពេល​ណា​ស្តាប់​ចម្រៀង​ខ្មែរ​ម្តងៗ ព្រោះស្រណោះ​ខ្លួន​ និង​សោក​ស្តាយ​ប្រទេសជាតិ​ ព្រម​ទាំង​​អ្វីៗ​សព្វ​យ៉ាង​ ដែល​ធ្លាប់​បានរស់​នៅ​ក្សេម​ក្សាន្ត។​ ជ្រក​កោន​លើ​ទឹក​ដីបារាំង ​លោក​ជំទាវ​មិនដែល​ភ្លេច​ខ្លួន​សោះ​ឡើយ​។ ការ​ស្រឡាញ់​វប្បធម៌​ខ្មែរ​នៅ​តែ​ដក់ជាប់​ក្នុងចិត្ត​ឥត​រសាយ ជា​ពិសេស​អក្សរសាស្រ្ត និង​អក្សរសិល្ប៍ ​ដែល​លោក​ជំទាវ​សែន​ស្រឡាញ់​ដ៏​លើស​លប់​ក្នុង​ជាតិ​នេះ។

នៅ​ក្រុង​ស្ត្រាស់បួរ​ នា​ប៉ែក​ខាង​កើត​ប្រទេស​បារាំង​ ជាទី​ដែលលោក​ជំទាវ ប៉ិច សង្វាវ៉ាន​ និង​គ្រួសារ​រស់​នៅ​យ៉ាង​សុខសាន្ត លោក​ជំទាវ​​បាន​ជួប​ស្គាល់​ប​ញ្ញាវន្តខ្មែរ​ពីរ​បី​នាក់ ​ដែល​ជា​មិត្តភក្តិ​របស់​ប្អូន​​ប្រុស​របស់​​លោកជំទាវ​គឺ ឯក​ឧត្តម ព្រហ្ម សិទ្ធ​ត្រា បច្ចុប្បន្ន​នេះ ​ជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​យុត្តិ​ធម៌​។ ដោយ​ការ​នឹក​​រឮក​ស្រុក​ទេស​ខ្លាំង​ពេក ​ លោក​ជំទាវ ប៉ិច សង្វាវ៉ាន ​និង​បញ្ញាវន្ត​ខ្មែរទាំង​ប៉ុន្មាន​នាក់​នោះ​បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ ពួត​ដៃ​គ្នា​បង្កើត​សមាគម​មួយ​ដាក់​ឈ្មោះ​ហៅថា​ «សមាគម​អ្នក​ស្នេហា​អរិយធម៌​ខ្មែរ» ។ ក្រៅ​ពី​ការ​សម្រាក​ពី​ការងារ​ដ៏សែន​នឿយ​ហត់ លោក​ជំទាវ​បាន​ចំណាយ​ពេល​រាល់​ថ្ងៃអាទិត្យ​បង្ហាត់​របាំ​ខ្មែរ​ដល់​យុវនារី​ភៀស​ខ្លួន​ខ្មែរ ​ដើម្បី​រៀប​ចំ​រាត្រីសិល្បៈ និង​បុណ្យ​ ចូល​ឆ្នាំខ្មែរ​ក្នុង​គោល​ដៅ​បង្ហាញ​ឲ្យ​ជន​ជាតិ​បារាំង​ស្គាល់​​ វប្បធម៌​ខ្មែរ​យើង។

ក្រោយ​ពី​បាន​រៀប​ចំ​ជីវភាព​រស់​នៅ​បាន​ស្រួល​បួល​ខ្លះ​ហើយ លោក​ជំទាវ ប៉ិច សង្វា​វ៉ាន​ បាន​ចាប់​​ដង​ប៉ាកកា​ជា​ថ្មី​សរសេរ​រឿង​ខ្លីៗ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តប័ត្រ​ខ្មែរ​មួយ​ចំនួន​ដូចជា​៖

-​​ព្រឹត្តប័ត្រ​របស់​«សមាគម​អ្នក​ស្នេហា​អរិយធម៌​ខ្មែរ​»នៅ​ទី​ក្រុង​ស្ត្រាស់បួរ។

-ព្រឹត្តប័ត្រ«​កូន​ខ្មែរ»នៃមជ្ឈមណ្ឌល​«ឯកសារ​និង​ស្រាវ​ជ្រាវ​វប្បធម៌​​​ខ្មែរ CEDORECK» នៅ​ទី​ក្រុង​ប៉ារីស នៃ​ប្រទេស​បារាំង។

-​ព្រឹត្តប័ត្រ«ខ្មែរ​សាមគ្គី​» នៅ​ទី​ក្រុង​ឡុងដ៍្រ​ ប្រទេស​អង់គ្លេស។

-ទស្សនាវដ្តី«​អរិយធម៌»​​នៅ​ក្រុង​ប៊ែរឡាំង ​ប្រទេស​អាល្លឺម៉ង់។

-សារព័ត៌មាន «នគរធំ» នៅ​សហរដ្ឋ​អា​មេរិក។

រឿង«ជើងមេឃថ្មី»

ក្រោយ​ពី​បាន​ចាក​ចេញពី​ក្រុង​ស្ត្រាស់​បួរ​ នៅ​ឆ្នាំ​១៩៨៥ជា​មួយ​ក្រុម​គ្រួសារទាំង​អស់​មក​រស់​នៅ​​ឯ​ជាយ​ក្រុង​ប៉ារីស​ លោក​ជំទាវ ប៉ិច សង្វាវ៉ាន​​បាន​​សរសេរ​រឿង​ប្រលោម​លោក​ខ្នាត​វែង​មួយ​មាន​ចំណងជើង​ថា «ជើង​មេឃ​ថ្មី» ដើម្បី​ចុះ​ផ្សាយ​ក្នុង​ សារព័ត៌មាន​នគរធំ​នៅ​សហរដ្ឋ​អា​មេរិក។​ លើស​ពី​នេះ នៅ​ឆ្នាំ១៩៨៩ លោក​ជំទាវ ប៉ិច សង្វាវ៉ាន​ ​និង​ឯកឧត្តម ប៉ិច ឈុន​ជា​ស្វាមី​បាន​ស្ម័គ្រ​ចិត្ត​ធ្វើការ​បម្រើ «វិទ្យុអាស៊ី» ដែល​ជា​វិទ្យុ​សហគមន៍ ​មួយ​នៅទី​ក្រុង​ប៉ារីស ​រៀង​រាល់​រាត្រី​ព្រហស្បតិ៍ ​ដោយ​ឥត​​កម្រៃ​អស់​រយៈ​ពេល​ជិតបួន​ឆ្នាំ​។​ នេះ​ជា​ឱកាស​ល្អ​មួយ​អនុញ្ញាត​ឲ្យ​លោក​ជំទាវ ប៉ិច សង្វាវ៉ាន​បាន​និព​ន្ធ​រឿងថ្មី​ និង​លើក​យក​រឿង​ចាស់ៗ​មួយ​ចំនួន​ មក​រៀប​ចំ​ជា​ល្ខោន​និយាយ​ផ្សាយ​ជា​ភាគៗ​ ដាក់វិទ្យុអាស៊ី​ និង​ អាច​ប្រើ​ទេព​កោសល្យ​បញ្ចេញ​សំឡេ​ង​ និង​សម្តែង​រឿង​ប្រលោមលោកជា​មួយ​ស្វាមី​។ ចាប់​ពី​ពេល​នោះ​មក គូ​ស្វាមី​ភរិយា​ទាំង​ពីរ​ក៏​មាន​ឈ្មោះបោះ​សំឡេង​ និង​បានទទួល​ការ​គាំទ្រ​ពី​សំណាក់​សហ​គមន៍​​ខ្មែរនៅ​ប៉ារីស និង​ជាយ​ក្រុង​ប៉ារីស​។

ដោយ ​ជាប់​ចិត្ត​ស្រឡាញ់ និង​អាឡោះ​អាល័យ​សមាគម​អ្នក​និព​ន្ធ​​ខ្មែរ​ពេក និង​ដើម្បី​សម្រួល​ ការ​បោះពុម្ព​សៀវភៅ​នានា ទើប​នៅ​ថ្ងៃ​​២​កក្កដា​១៩៨៩ លោក​ជំទាវ​បាន​បង្កើត       «​សមាគម​អ្នក​និព​ន្ធ​​ខ្មែរ​នៅ​បរទេស» Association des Écrivains Khmers à l’Étranger​​ AEKE ​ហើយ​ប្រើ​ឡូហ្គូ​ចាស់​របស់​សមាគម​អ្នក​និព​​ន្ធ​ខ្មែរ​ពី​ដើម​។ លោក​ជំទាវ​ជា​ប្រធាន​ស្ថាបនិក​នៃ​សមាគម​នេះ​រហូត​មក។ ក្រោមការដឹក​នាំ របស់ លោក ជំទាវ «​សមាគម​អ្នក​និព​ន្ធ​​ខ្មែរ​នៅ​បរ​ទេស​» បាន​ប្រារព្ធ​ធ្វើ​ការ​ប្រកួត​ប្រឡង​ប្រជែង​យក​​ជ័យ​លាភីអក្សរសិល្ប៍ «សន្តិភាព» នៅ​ឆ្នាំ​១៩​៩៧ និងឆ្នាំ២០០០ នៅក្រុងបារីស៍ ដោយ​មាន​បេក្ខ​ជន​ទាំងកវី អ្នកនិពន្ធក្នុងប្រទេស និងក្រៅប្រទេស។

លោកជំទាវ ប៉ិច សង្វាវ៉ាន  ក្នុងស្ទុយ​ឌីយ៉ូនៃ​វិទ្យុបារាំងអន្តរជាតិ RFI ពេល​សម្ភាស​លោក​តា​ គង់ ណៃ អ្នក​ចម្រៀង​ចាប៉ីខ្មែរដ៏​ឆ្នើម​ នៅ​ប្រទេស​កម្ពុជា

ក្រោយ​ពី​វិទ្យុ​អាស៊ី​សំឡេង​​ខ្មែរ​បិទ​បាន​ជាង​កន្លះ​ឆ្នាំ​​ វិទ្យុ​បារាំង​អន្តរជាតិ​RFI (Radio France Internationale) ក៏​បាន​បង្កើត​ការ​ផ្សាយ​ភាសា​បរទេស​ពីរ​ថែម​ទៀត​គឺ​ ភាសា​ខ្មែរ​និង​ភាសាឡាវ។ ​លោក​ជំទាវ​ ប៉ិច​ សង្វាវ៉ាន ​បាន​ប្រឡង​ជាប់​ចូល​ធ្វើការ​បម្រើ​​វិទ្យុ​RFIនេះ ​នៅ​ថ្ងៃ​ទី១ខែ​មីនា ​ឆ្នាំ​១៩៩៣​ មាន​​មុខងារ​ជា​អ្នក​សារព័ត៌មាន (Journaliste)​។ ក្រៅពី​ការសរសេរ​ និង​ អានព័ត៌​មាន​ផ្សាយតាម​វិទ្យុ លោក​​ជំទាវ ប៉ិច សង្វាវ៉ាន​ក៏បាន​កាន់​នាទី​អក្សរសិល្ប៍​ខ្មែរ​ នៅរៀងរាល់​ថ្ងៃ​អាទិត្យ​ដែរ។​ ក្នុង​ការ​បម្រើ​ការ​ងារ​ជា​អ្នក​សារព័ត៌មាន​ ក្នុង​វិទ្យុ​បារាំងអន្តរជាតិ ​ចាប់​ពី​ដើម​ខែ​មីនា​១៩៩៣ ដល់​ខែធ្នូ​ឆ្នាំ​២០១០​ លោក​ជំទាវ ប៉ិច សង្វាវ៉ាន​ពេញ​ ចិត្ត​ស្រឡាញ់​មុខងារ​នេះ​ជា​ពន់​ពេក​ ។ លោក​ជំទាវ​បាន​បញ្ចប់ អាជីព​ជា​នាយក​ការ​ផ្សាយ ​(CHEF D’ÉDITION II) ហើយបានស្នើសុំ​ចូល​និវត្តន៍​ មុន​គម្រប់​អាយុ​៦៥​ឆ្នាំ ​នៅ​ដើម​ខែ​មេសា​​ឆ្នាំ២០១០​។ ​​រយៈ​ពេល​១៧​ឆ្នាំ និង​៩​ខែ​ ក្នុងការ​បំពេញ​ការងារ​ដ៏​ថ្លៃថ្នូ​រ និងជាទី​មោទនៈនេះ លោក​ជំទាវ ប៉ិច សង្វាវ៉ាន​ បាន​បម្រើ​​ការងារ យ៉ាង​អស់​ពី​កម្លំាង​កាយ​កម្លំាង​ចិត្ត​ ដើម្បី​តប​ស្នង​មិត្តអ្នក​ស្តាប់​ទាំងអស់​ នៅ​គ្រប់​ទិស​ទី ​ដែល​មាន​ភក្តីភាព​ និង ​គាំទ្រ​ចូលចិត្ត​តាមដាន​ស្តាប់សំឡេង​អ្នក​សារ​ព័ត៌​មានដ៏​មាន​ប្រជា​ប្រិយ​ភាព​នេះ​។

ក្នុង​ការ​ផ្សាយ​ចុង​ក្រោយ​បង្អស់​នៅ​ថ្ងៃ​៣១​ធ្នូ​២០០៩ អ្នកសារព័ត៌មាន ប៉ិច​ សង្វាវ៉ាន​បាន​ថ្លែង​សារ​លា​ប្រិយមិត្ត​អ្នក​ស្តាប់​ទាំង​អាល័យ ដើម្បី​ចូលនិវត្តន៍។​​  អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ​នេះ​បាន​ប្តេជ្ញា​ចិត្ត​​ចាប់​ដង​ប៉ាកកា​ឡើង​វិញ​តែង​និពន្ឋ​សៀវភៅ​ មាន​ជា​អាទិ៍​ សារណាជីវិត​របស់​លោក​ជំទាវ​ជា​ដើម។
*វណ្ណកម្មរបស់ លោក​ជំទាវ ប៉ិច សង្វាវ៉ាន
១- នេះ​ឬចិត្ត​ប្រុស?…………….………………. (១៩៦៨)
២- ថ្ងៃ​៤​កក្កដា…………………………………….(១៩៦៩)
៣ ​- ខ្លោចផ្សា​នៅ​មឿង​ភីន​ ឬ​ ​អស្តង្គត​……….. (១៩៨១)
៤- ស្តាយ​ពាក្ស​មួយ​ម៉ាត់……………………​ ​……(១៩៨១)
៥- ពេលដែល​កន្លង​ទៅ…………………………..(១៩៨១)
៦- វាសនាអភ័ព្វ………………………………….​ ​​(១៩៨៣)
៧- មានសង្ឃឹម ឬ គ្មាន​សង្ឃឹម?…… …… …..(១៩៨៣)
៨- ព្រោះ​រឿង​អ្វី?………………………………… (១៩៨៣)
៩- ថ្ងៃណា? ថ្ងៃណា?……………………………(១៩៨៣)
១០- កម្មករ​សេរី…………………………………  (១៩៨៣)
១១-ខ្យល់សមុទ្រ………………………………… (១៩៨៤)
១២-ម្តាយ​ក្មេក​ទំនើប ………………………… …(១៩៨៤)
១៣-ព្រោះ​តែ​អ្នក……………………………… … (១៩៨៤)
១៤-បាច់ផ្កា………………………………………. .(១៩៨៥)
១៥-ស្រមោល​ស្នេហ៍…………………………. … .(១៩៨៥)
១៦-ជើងមេឃ​ថ្មី………………………………….  (១៩៨៥)
១៧-លិខិត​អាថ៌​កំបាំង (ល្ខោននិយាយ)………. (១៩៨៩)
១៨-ស្រមៃ​បន្ទាប់​ពី​ស្រមៃ(ល្ខោននិយាយ)……  (១៩៩០)
១៩-រូបឥត​ព្រលឹង (ល្ខោននិយាយ)…………….(១៩៩១)

រឿង​ដែល​បាន​ចេញ​ផ្សាយជា​សៀវ​ភៅ​ប្រលោម​លោក​​រួច​ហើយ៖

១-  «ជើង​មេឃ​ថ្មី» ប្រលោម​លោក​ខ្នាត​វែង។ រឿង​នេះ​ត្រូវ​បាន​ផលិតករ ឡេវ ឡុង ហៅ ឡុង ដារា យក​មក​ថត​ជា​ខ្សែ​ភាពយន្ត​ទំហំ១៦​ម.ម. ​សម្រាប់​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស​​។ គេ​អាច​​ចាត់​ទុក​ជា​ខ្សែភាព​យន្ត​ខ្មែរ​ទី១ ដែលថត​​នៅ​អឺរុប។

រឿង«ជើងមេឃថ្មី»

២​- «ស្រមោល​ស្នេហ៍»​ ជា​កម្រង​រឿង​ខ្លី ។

កម្រង​រឿង«ស្រមោលស្នេហ៍»

៣- «ម្តាយ​ក្មេកទំនើប» ​ជា​កម្រង​រឿង​ខ្លី ។

កម្រងរឿង«ម្តាយក្មេកទំនើប»

៤- «ពេលដែលកន្លងទៅ» ជារឿងខ្លី បាន​បោះ​ផ្សាយ​ ក្នុង​សៀវ​ភៅ​វណ្ណ​រួម​គ្នា ​ជា​មួយ​យុវ​​អ្នក​និពន្ធ​ខ្មែរ ក្រោមចំណងជើងថា «ស្នេហាខ្ញុំ» My Love ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​​របស់​សមាគម​អក្សរ​សិល្ប៍​ស៊ុយ​អែត​-កម្ពុជា។

ស្នាដៃ​ដែល​គ្រោង​ចេញ​ផ្សាយ៖

– «ខ្ញុំជា​ស្រី»​ ជា​កម្រង​​​ជីវ​ប្រវត្តិ​ និង​ សារណា​ជីវិត​ផ្ទាល់​ពី​ស្រុក​ខ្មែរ​ឆ្លង​កាត់​តាម​ប្រទេស​វៀត​ណាម​ លាវ រហូត​ដល់​ស្រុក​បារាំង។

– «នារី​មុខ​ពីរ»

– «ស្តាយ​ពាក្ស​មួយ​ម៉ាត់»

– «មាន​សង្ឃឹម ឬ​គ្មាន​សង្ឃឹម»

– «វាសនា​អភ័ព្វ»

– «លិខិត​អាថ៌​កំបាំង»

– «បញ្ច​ពិត​ធីតា»

សកម្មភាព​ផ្សេងៗ​របស់​ លោក​ជំទាវ ប៉ិច​សង្វ៉ាវ៉ាន​ ក្នុង​ពិធីផ្សេងៗ និង តាម​រយៈ​ប្រព័ន្ធ​​​ឃោស​នា​នានា៖

– មេ​ប្រយោគ​ក្នុង​ពិធី​ជ្រើស​រើស​បវរកញ្ញា​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង។

– ពិធីការិនីក្នុង​ពិធី​ជ្រើស​រើស​បវរកញ្ញា​ខ្មែរ ​នៅ​ប្រទេស​បារាំង។

– មេ​ប្រយោគ​ក្នុង​ការ​ប្រកួត​ប្រជែង​រឿង​ខ្លី​ និង​រឿង​ប្រលោម​លោក​ក្នុង​ឱកាស​មហោស្រព ​ខ្មែរ១​៩៨៧​ដែល​រៀបចំ​ដោយ​មូលនិធិ​កម្ពុជា ​នៅ​ឡង​ប៊ិច​រដ្ឋ​កាលី​ហ្វ័នីញ៉ា ​សហរដ្ឋ​អាមេរិក។

– ចូល​រួម​ជា​មេ​ប្រយោគ ​និង​ជា​វាគ្មិន​ ក្នុង​សិក្ខាសាលា​ ដែល​រៀបចំ​ដោយ​សមាគម​អក្សរសិល្ប៍​ នូ​​ហាច ​និង​សមាគម​អ្នក​និព​ន្ធ​ខ្មែរ​នៅ​បរទេស។

លោកជំទាវ ប៉ិច សង្វាវ៉ាន ប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភី នៅសមាគមអក្សរសិល្ប៍នូហាច

– ចូល​រួម​ក្នុង​កម្ម​វិធី​អក្សរ​សិល្ប៍​តុ​មូល​នៃ​វិទ្យុ​ស្ត្រី​ខ្មែរ

– ជា​ភ្ញៀ​វកិត្តិយស ក្នុង​កម្មវិធី​បទ​សម្ភាស​មួយ​ក្នុង​វិទ្យុ​VOAឆ្នាំ ២០០៤

រូបថតអនុស្សាវរីយរបស់លោកជំទាវប៉ិចសង្វាវ៉ាន ជាមួយនិស្សិត អ្នកចូលរួម ក្នុងកម្មវិធី«សៀវភៅល្អៗ»

– ចូល​រួមអន្តរាគម​ន៍­នៅ​ក្នុង​«កម្មវិធី​សៀវភៅ​ល្អៗ​» ក្នុង​នាម​ជា​អ្នក​និព​ន្ធ​រឿង​«ជើង​មេឃ​ថ្មី»។​ កម្មវិធី​នេះ ​រៀប​ចំ​ដោយ​លោក​ស្រី​ ប៉ាល់ វណ្ណារីរក្ស ​ក្នុងទូរទស្សន៍​ជាតិ​កម្ពុជា (ទទក TVK​) ​ក្នុងខែ​កក្កដា​​២០០៧ នៅរាជធានីភ្នំពេញ​។

រូបថតអនុស្សាវរីយរបស់លោកជំទាវ ប៉ិច សង្វាវ៉ាន ជាមួយអ្នកនិពន្ធ ប៉ាល់ វណ្ណារីរក្ស ពេល​លោក​ជំទាវ​អញ្ជើញ​ចូលរួមជាវាគ្មិនក្នុងកម្មវិធី«សៀវភៅល្អៗ» របស់ទូរទស្សន៍ជាតិកម្ពុជា

– ជា​ភ្ញៀវកិត្តិយស​ ក្នុង​កម្មវិធី​ ​«ថ្ងៃ​ថ្មី» នៅ​ឆ្នាំ ២០០៧ ​និង​ ២០០៨​ក្នុង​ទូរទស្សន៍​ខ្មែរស៊ី​ធី​អិន CTN​ ​ នៅរាជធានីភ្នំពេញ។

លោក​ ចួន ធូ សម្ភាស​លោកជំទាវ ប៉ិច សង្វាវ៉ាន នៅ​ក្នងទូរទស្សន៍​ស៊ីធីអិន

– ជា​ភ្ញៀវ​ កិត្តិយស​ ក្នុង​បទ​សម្ភាសន៍​​មួយ​នៃកម្ម​វិធី​អក្សរសិល្ប៍​ ក្នុង​វិទ្យុបាយ័ន​ នៅ​កម្ពុជា។

លោក ​ជំទាវ​ ប៉ិច សង្វាវ៉ាន​តែ​ងតែ​បាន​ទទួល​ការ​អញ្ជើញឲ្យ​ចូល​រួម​ក្នុង​ពិធី​ផ្សេងៗ។​ បើ​មាន​ឱកាស​លោក​ជំទាវ​ ពុំ​ដែល​ប្រកែក​ ហើយ​រមែងស្ម័គ្រ​ជួយជ្រោម​ជ្រែង​ ដោយ​គ្មាន​​គិត​កម្រៃ​ម្តង​ណា​ឡើយ។

ក្រៅ​ពី​នេះ លោក​ជំទាវ ប៉ិច​ សង្វាវ៉ាន​ បាន​ផ្តល់​ការ​សម្ភាស​ក្នុង​​ព្រឹត្តប័ត្រ  និង ទស្សនាវដី្ត​ផ្សេងៗមួយ​ចំនួននៅ​ប្រទេស​បារាំង និង​នៅ​ប្រទេស​កម្ពុជា ​ដែល​មានជា​អាទិ៍៖

– ជីវិតកំសាន្ត-​ជីវិតតារា (មីនា ​១៩៩៥)

– សម្លេង​ស្ត្រី​ខ្មែរ (មេសា ​១៩៩៦)- ព្រឹត្តប័ត្រ​ចតុមុខ​ជា​ ភាសា​បារាំង​(ឧសភា ​១៩៩៩)

– Cambodge Soir ​ជា​ភាសា​បារាំង (១០ ​ឧសភា​២០០៤)

– សម័យ​និយម (កក្កដា២០០៨)

– ​ ​អាថ៌​កំបាំង (លេខ២០ ​)

– ​Ecrit d’Angkor ជា​ភាសា​បារាំង (ភ្លេចកាលបរិច្ឆេទ)

លោកជំទាវ ប៉ិច សង្វាវ៉ាន និងស្វាមី ឯកឧត្ដម ប៉ិចឈុនលោក​ជំទាវ​ ប៉ិច សង្វាវ៉ាន និងស្វាមី ឯកឧត្ដម ប៉ិចឈុន

សូមថ្លែង​អំណរ​គុណលោក​ជំទាវ ប៉ិច សង្វាវ៉ាន ដែល​បាន​ផ្តល់​ឯកសារ​ជីវ​ប្រវត្តិ។

Publicités

11 réflexions sur “ជី​វប្រវត្តិ អ្នកនិពន្ធ ប៉ិច-សង្វាវ៉ាន

  1. អរគុណ​សម្រាប់​អត្ថបទ​នេះ ហើយ​សូម​អភ័យ​ទៅ​ស​ដល់​លោក​ជំទាវផង​ ដែល​​យឺត​​យូរ​មិន​បាន​ផ្សាយ។ ខ្ញុំ​នឹង​ដាក់​ផ្សាយ​អត្ថបទ​នេះ​ជា​ថ្មីម្តង​​ទៀត​ ក្នុង​​ពេល​ណា​ដ៏​ស័ក្តសម​ណា​មួយ។

    1. មិន​អីទេ​ក្មួយ​ផ្កាយ ក្មួយ​ចង់​ផ្សាយ​ពេល​ណា​ក៏​បាន​ដែរ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏អ្នក​មីងអរគុណក្មួយ​​​ដែរ ​​​ព្រោះ​​ក្មួយ​បាន​ស្នើ​សុំ​ជីវប្រវត្តិរបស់​អ្នក​មីង ទើប​បាន​ជា​​អ្នក​មីង​មាន​ឱកាស​បាន​សរសេរ​ជីវប្រ​វត្តិរបស់​ខ្លួន​ឯងទុកប្រើការ​ កុំ​ឲ្យ​ហួស​ពេល ព្រោះវ័យ​ក៏​កាន់​តែ​ច្រើន​ណាស់​ទៅ​ហើយដែរ ​​ (ព្រោះ​​​គ្មាន​នរណាម្នាក់អាច​សរសេរ​​ពិស្តារជំនួសអ្នក​មីង​ជា​​សាមី​ខ្លួន​បាន​ទេ)។
      ​បើក្មួយ​មាន​ពេល​ ​សូម​ក្មួយ​ជួយ​រៀប​ចំ​លម្អប្លក​របស់​អ្នក​មីង​ផង​ណា។
      ​អរគុណក្មួយផ្កាយ​ទុក​ជា​មុន។
      អ្នក​មីង

      1. ក្មួយ​ពិត​ជា​រំភើប​ និង​ អរគុណ​ចំពោះ​អ្នក​មីង​​ខ្លាំង​ណាស់​ដែល​មិន​ប្រកាន់​ក្មួយ​។ តាំង​ពី​នៅ​ស្រុកខ្មែរ​ រហូត​មក​ដល់​លាវ​វិញ​ ក្មួយ​ជាប់​រវល់​រហូត ​​មិន​ទាន់​ឆ្លៀត​ពេល​ទំនេរ​បាន​នៅ​ឡើយ​ទេ សូម្បី​តែ​រឿង​ផ្សេង​ៗ​នៅ​ប្លក់​របស់​ក្មួយ​ក៏​ខក​ខាន​ផ្សាយ​មួយ​រយៈ​ធំ​មក​ដែរ​។

        រង់​ចាំ​​​ថ្ងៃ​ណា​មួយ​ដែល​​ប្រកាស​នេះ​(ជីវប្រវត្តិ​របស់​អ្នក​មីង)​ក្លាយ​ជា​ប្រកាស​ចាស់​ហើយ ក្មួយ​នឹង​រៀប​ចំ​ផ្សាយ​ឡើង​វិញ​នៅ​ក្នុង​ប្លក់​របស់​ក្មួយ​ម្តង​ទៀត។ សង្ឃឹម​ថា​ ក្មួយ​ពិត​ជា​មាន​ពេល​វេលា​ធ្វើ​បាន​សម្រាប់​ថ្ងៃ​នោះ​។ ចំពោះ​រឿង​ប្លក់​របស់​អ្នក​មីង ក្មួយ​ក៏​បាន​រៀ​ប​ចំ​ជា​បណ្តើរ​ៗ​ហើយ​ដែរ តែ​ក៏​នៅ​ខ្វះ​ខាត​ច្រើន​។ ក្មួយ​នឹង​ព្យាយាម​​ជួយ​បន្ត​ទៀត​តាម​លទ្ធភាព​ដែល​មាន។

        ដោយ​ក្តី​គោរព​ដ៏​ខ្ពង់​ខ្ពស់​

        ក្មួយ​ផ្កាយ

        1. ក្មួយ​ផ្កាយ

          អរគុណ​ក្មួយ​ណាស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ចំពោះ​កិច្ច​ការ​ទាំង​អស់​នេះ​។
          ចំពោះជីវ​ប្រវត្តិ្​អ្នក​មីង ​ក្មួយ​អាច​សង្ខេបយក​តែ​កន្លែងណា​ដែល​សំខាន់ក៏​បានដែរ ហើយបើ​ក្មួយ​ចង់​ឲ្យ​ទំព័រ​នេះ​ប្លែក​ខុស​ពីទំព័រ​របស់​ក្មួយ​ឧត្តម ក្មួយអាច​ប្តូរ​រូប​ថតខ្លះៗ​​​​។ ​អ្នក​មីងអាច​ផ្តល់​រូប​ថត​ឲ្យ​ក្មួយ​បានដោយ​រីក​រាយឲ្យ​តែ​ក្មួយ​បញ្ជាក់​ថា​ចង់​បាន​រូប​ត្រង់​វគ្គ​ណា​។
          សូម​ឲ្យ​ការ​សិក្សា​របស់​ក្មួយ​បាន​ជោគ​ជ័យ​ដូច​សេចក្តី​ប្រាថ្នា។
          ពី​អ្នក​មីងដែល​សរសើរ​ក្មួយ​និង​រាប់​អាន​ក្មួយ។

  2. ជម្រាបសួរអ្នកគ្រូ!

    ខ្ញុំ​​ដឹង​ថា ពេល​នេះ​អ្នក​គ្រូ​នៅ​ស្រុក​ខ្មែរ ហើយ​កាល​ពី​ម្សិល​មិញ​បងសីហា បាន​ប្រាប់​ខ្ញុំ​ថា​​ គាត់​បាន​ទៅ​ជួប​អ្នកគ្រូ​។ ហេតុនេះ​ខ្ញុំ​សង្ឃឹម​ថា នឹង​បាន​ជួប​អ្នក​គ្រូ​នៅ​ថ្ងៃ​ណា​មួយ​ដែរ។

    ដោយ​ក្ដី​គោរព និង​​នឹក​រឭក
    ចាន់ផល

  3. ជម្រាប​សួរ​ចាន់​ផល

    ​​ មែន​ហើយ​ ចាន់​ផល អ្នក​គ្រូ​នៅ​ស្រុក​ខ្មែរ​ជាង​មួយ​ខែ​ហើយ​ដើម្បី​សម្ងំ​សរសេរ​ដូចក្រុមយុវអ្នក​និពន្ឋ​ដែរ​ណា ​​ប៉ុន្តែ​មក​ទល់​ថ្ងៃ​នេះ​ទៅ​ហើយ អ្នកគ្រូ​មិន​ទាន់​បាន​សរសេរ​អ្វីៗ​ដែល​អ្នក​គ្រូ​បាន​ប៉ង​នៅឡើយ ​ពីព្រោះ​ចេះតែ​រវល់​ជាប់​គ្មាន​ដាច់សោះ​ ដូច​ព័ត៌មាន​ដែល​ចាន់​ផលបាន​ដឹងខ្លះៗហើយ​។ អ្នក​គ្រូ​រីក​រាយ​ហើយនឹងឆ្លៀត​ពេល​វេលា​ដ៏​មមាញឹក​នេះ​ទទួល​ចាន់​ផល​​និង​យុវអ្នក​និពន្ឋណា​ដែល​គេ​ចង់ជួប​សំណេះ សំណាល​ជា​មួយ​អ្នក​គ្រូ​ដោយ​មាន​ការ​ណាត់ទុក​ជា​មុននៅថ្ងៃ​ណា​មួយ​មិន​ខាន។​ សង្ឃឹម​និង​ជឿជាក់ថា ​ចាន់​ផល​​សុខ​សប្បាយ​ នឹង​ចម្រើន​ទៅ​មុខ​ជា​និច្ចខាង​ការ​និពន្ឋ។ អ្នក​គ្រូ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​ព្យាយាមតែង​និពន្ឋ។​

    ដោយ​រាប់​អានយ៉ាង​ស្មោះពីអ្នក​គ្រូ ប៉ិច​សង្វាវ៉ាន

  4. ចំពោះ​ឧត្តម​

    អ៊ំ​បាន​​ឃើញទំព័រ​ជីវ​ប្រវត្ថិរបស់​អ៊ំ​ដែល​ក្មួយ​បានប្រកាសក្នុង​​ទំព័រ​របស់​ក្មួយ​ហើយ។ អ៊ំ​​សរសើរ​ក្មួយ​អស់​ពី​ដួង​ចិត្ត​ដែល​​បានចំណាយ​ពេល​ដ៏​មាន​តម្លៃ
    ដើម្បីរៀប​ចំទំព័រ​នេះ​យ៉ាង​ស្អាត​ ដោយ​បានរចនារំលេច​ដោយ​រូប​ថតសមស្រប
    ទៅ​តាមដំណើរ​ជីវិត​និង​សកម្មភាពមួយ​ចំនួនរបស់​អ៊ំ។
    នេះ​ជា​កិច្ចការ​មួយដែល​កើត​ចេញពី​ការ​ស្វិត​ស្វាញនិង​យក​ចិត្ត​ទុក​ដាក់​បំផុត​របស់ក្មួយគួរ​ជា​ទីមោទនៈក្រៃ​លែង។
    អ៊ំ​ក៏​អរគុណ​ក្មួយ​ដែរ​ដែល​បាន​ចំណាយ​ពេល​មកជួយរៀប​ចំ​បង្កើតប្លក​​និង​ណែនាំឲ្យអ៊ំ​ប្រើប្លក​របស់​អ៊ំ។​ អរគុណ​ក្មួយ​ឧត្តម​យ៉ាង​ជ្រាល​ជ្រៅ​បំផុត។​
    សូម​ក្មួយ​បាន​ប្រកប​ដោយ​ជោគ​ជ័យ​គ្រប់​យ៉ាង​នៅ​ក្នង​ការ​សិក្សា​និងក្នុង​ជីវិត៊​ ​ព្រម​ទាំង​បាន​ល្បី​ឈ្មោះ​ជា​អ្នក​និពន្ឋ​មួយ​រូប​របស់​កម្ពុជា។

    ពី​អ៊ំប៉ិច​សង្វាវ៉ាន​ដែល​រាប់​អាន​ក្មួយ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត។

  5. សួស្តី​ អ្នក​គ្រូ​ ប៉ិច​ សង្វា​វ៉ាន! ថ្វី​ត្បិត​តែ​ខ្ញុំ​ ហាក់​សូវ​ពុំ​ស្គាល់​អ្នក​គ្រូ​​ច្បាស់​ក៏​ដោយ​ តែ​តាម​រយៈ​ជីវ​ប្រវត្តិ​សង្ខេប​មួយ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​កោត​ចិត្ត​សរសើរ​អ្នក​គ្រូ​ណាស់​ ចំពោះ​​ទឹកចិត្ត និង​ឆន្ទៈ​របស់​អ្នក​គ្រូ​ ចំពោះ​អក្សរ​សិល្ប៍ និង​អក្សរ​សាស្រ្ត​ខ្មែរ​។​

    សូម​អរគុណ​អ្នក​គ្រូ​!!!

  6. សួស្តីនាង
    តាម​មើល​ទៅ យើង​ពុំ​ទាន់​ស្គាល់​គ្នា​នៅ​ឡើយ។​​ ខ្ញុំ​សូម​អរគុណ​នាង​ដែល​បាន​សរសេរ​មក​ខ្ញុំ្ញ​និង​កោត​សរសើរខ្ញុំ។ ខ្ញុំ​ក៏​សូម​សរសើរ​នាង​ណាស់​ដែរ​ដែល​មាន​ចិត្ត​ស្រឡាញ់អក្សរសាស្រ្តអក្សរ​សិល្ប៍​ខ្មែរ​យើង​និង​មាន​ប្លក​មួយ​យ៉ាង​ល្អ។ ខ្ញុំ​សូម​រំលែក​ការ​សរសើរ​របស់​នាង​ទៅ​ឲ្យ​ឧត្តមមួយ​ចំណែក​យ៉ាង​ធំ ។​ដោយ​សារ​ឧត្តមនេះ​ហើយ​​ដែល​បាន​ខិត​ខំចំំណាយ​ពេលរៀបចំអត្ថបទជីវ​ប្រវត្តិ​របស់​ខ្ញុំ​បាន​ស្អាត​យ៉ាង​នេះ។​​
    ខ្ញុំប៉ិច​ សង្វា​វ៉ាន

  7. អូ​ ជម្រាប​សួរ​អ្នក​គ្រូ​ ប៉ិច​ សង្វា​វ៉ាន​ 😀
    ខ្ញុំ​ទើប​តែ​​អាន​ជី​វ​ប្រ​វតិ្ត​សង្ខេប​របស់​អ្នក​គ្រូ​មិញ​នេះ​យ៉ាង​ជក់​ចិត្ត​^^
    ខ្ញុំ​​ពុំ​សូវ​ជា​មាន​ជំ​នាញ​ខាង​សរសេរ​ឬ​និពន្ធ​ទេ​ តែ​ខ្ញុំ​ជា​អ្នក​ប៉ិន​ខាង​អាន​ 😀
    ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​អាន​ស្នា​ដៃ​របស់​អ្នក​គ្រូ​ឆាប់​ៗ​នេះ​ 🙂

  8. ជម្រាប​សួរ​ក្មួយ​ឡាវ័ន
    អរគុណ​នាងដែល​បានអាន​ជីវ​ប្រវត្តិរបស់​ខ្ញុំ។​​ការ​ចូល​ចិត្តអានជា​ទម្លាប់​មួយ​ដ៏ល្អ​គួរ​ឲ្យសរសើរ​ណាស់។​​
    ខ្ញុំក៏មាន​សង្ឃឹម​ដូច​នាង​ដែរ​ហើយ​សែន​ត្រេកអរ​ កាល​បើ​បាន​ដឹង​ថា​នាង​ជា​អ្នកប៉ិន​អានម្នាក់។​ខ្ញុំ​សូម​សរសើរ​នាង​និងសូមរាប់​​នាងទុក​ជា​មុន​ថា​ជា​អ្នក​អាន​ម្នាក់​​របស់​អ្នក​និពន្ឋទាំង​ឡាយ​និង​របស់​ខ្ញុំផង​ដែរ។​​
    អ្នក​គ្រូ​ ប៉ិច​ សង្វា​វ៉ាន

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s