សង្ឃឹមថ្ងៃថ្មី (ល្ខោនវិទ្យុ)

ល្លោនវិទ្យុ

រឿង​សង្ឃឹម​ថ្ងៃ​ថ្មី

និពន្ធ​ដោយ៖​ ហេង-ឧត្តម

ឆ្នាំ​២០១០

តួអង្គ​សម្លែង

ផ្នែកបុរស                                                        ផ្នែកស្រី្ត

-ប៉ានីរ័ត្ន (អាយុប្រមាណ ៤៥ឆ្នាំ)                 -ម៉ាកនីរ័ត្ន(អាយុប្រមាណ ៤០ឆ្នាំ)

-សក្តិ (អាយុប្រមាណ ១៨ឆ្នាំ)                      -នីរ័ត្ន(អាយុប្រមាណ ១៧ឆ្នាំ)

-លោកគ្រូពេទ្យ(អាយុប្រមាណ ៤៥ឆ្នាំ)     -អ្នកគ្រូពេទ្យ (អាយុប្រមាណ ៥០ឆ្នាំ)

-តួប្រុសស្រី (គូស្នេហ៍ តួរំលឹក) -ដាលីន (អាយុប្រមាណ ១៧ឆ្នាំ)

រយពេលសម្តែង៖ ប្រហែល… នាទី។

ឆាកទី១៖ ការ​សារភាព​ស្នេហា​របស់​កំលោះ​សិក្តិ ចំពោះនីរ័ត្ន

ទី​កន្លែង៖ នៅ​វិទ្យាល័យ​ ម៉ោង​ចូល​រៀននៅ​​ជួង​ទី​១

តួអង្គ៖ នីរ័ត្ន សក្តិ ប្រុសស្រី​មួយ​គូ

រយៈ​ពេល​៖…នាទី

-សំឡេង​ជួង​ចូល​រៀន-សិស្ស​ដើរ​ចុះ​ឡើង​អ៊ូរអរ-សំឡេង​ម៉ូតូ​ទំនើប​មួយ​មក​ដល់-

១.សក្តិ៖         (ដើរ​តម្រង់មក) រ័ត្នពិត​ជា​មក​តាម​ការ​ណាត់​ពិត​មែន! ពិត​ជា​មនុស្ស​គោរ​ព​សម្តី​មែន​ណ៎!

២.នីរ័ត្ន៖         ចា៎! អរគុណ!…(ស្ងាត់បន្តិច)ថា​ចង់​មាន​អី​ត្រូវ​និយាយ​នឹង​ខ្ញុំ​មែន​ទេ!… អ៎​មាន​អី​ដាក់​ក្រោយ​ខ្នងហ្នឹង​!​ ដូច​ជា​លាក់​លៀម​ម៉េះ!

-សំឡេង​លុត​ជង្គង់-

៣.​សក្តិ៖        រ័ត្ន! ខ្ញុំ​ស្រឡាញ់​រ័ត្ន! ទទួល​ផ្កាកូលាប​នេះ​ទៅ..

៤.​នីរ័ត្ន៖         ងើប​ឡើង​មើល៍… លុត​ជង្គង់​អ៊ីចឹង​ អត់​ខ្មាស​គេ​ទេ​អី្ហ…

៥.​សក្តិ៖​         ទេ​បង​មិន​ងើប​ជាដាច់​ខាត… ដរាប​ណា​រ័ត្ន​មិន​ព្រម​ទទួល​សេចក្តី​ស្នេហ៍​ដ៏​ស្មោះ​ស្ម័គ្ររបស់​បង… បើ​អូន​ មិន​ព្រម​ទទួល… បង​សុខ​ចិត្ត​លុត​ជង្គង់​នៅ​ទីនេះ​ជារៀង​រហូត…

៦.នីរ័ត្ន៖         តែ…

-សំឡេង​បន្លឺ​របស់​សិស្ស​ដទៃ…

(ស្រី)មើល៍​ណ៎​ម៉ាគូ​នោះ​ឡូយណាស់ណ៎… រ៉ូមែន​ទិក​ដល់​ហើយ…

(ប្រុស) អូន​ចាំ​មើល​ស្រី​ម្នាក់​នោះ​មិន​ធ្វើ​ឲ្យ​បុរស​នោះ​ខក​ចិត្ត​ឡើយ… ដូច​អូន​និង​បង​អ៊ីចឹង… ហិហិ(សើច)

(ស្រី)​បង​ឯង​កាន់​ជើង​គ្នា… ខូច​ដូច​តែ​គ្នាហ្នឹង!

(ប្រុស) មាន​កាន់​ជើង​ណា! បើ​កាន់​គេ​ដើរ​ម៉េច​បាន! អី​ថាបងខូ! បើ​មិន​មុខ​ក្រាស់​ ម៉េះ​អូន​ឯង​ព្រម​ស្រឡាញ់…

(ស្រី)នេះ​នែ… (សំឡេង​គក់​តប់) (ប្រុស) អូយ…

៧.សក្តិ៖        បង​ស្រឡាញ់​អូន​មែន​ណា! នៅ​មិន​យល់​ចិត្ត​បង​ទៀត​មែន​ទេ?

៨.នីរ័ត្ន៖         បាន​ហើយ​ងើប​មក… ខ្មាស​គេ​ណាស់… គេ​មើល​មក​យើង​គ្រប់​គ្នាណ៎… ឃើញ​ទេ!!

៩.សក្តិ៖         ​មិន​ងើប​ទេ… បើ​អូន​មិន​ឆ្លើយ​ថា​ស្រឡាញ់បង​នោះ!

១០.​រ័ត្ន៖         បាន​ទៅ! រ័ត្ន​ក៏​ស្រឡាញ់​បង​សក្តិដែរ​!

១១.​សក្តិ៖      កំពូល​ដួង​ចិត្ត​បង… តែ​ប៉ុណ្ណេះ​បង​អស់​ចិត្ត​ហើយ នេះ​ទទួល​ផ្កា​នេះ​ទៅ! ទោះ​បី​វា​តូច​ តិច​តួច​ក៏​ពិត​ មែន តែ​សូម​អូន​ទុកវា គ្រាន់​ជា​តំណាង​ដួង​ចិត្ត​ដែល​ស្រឡាញ់… ដែល​បង​មាន​ចំពោះ​អូន​សិន​ចុះ​… (ស្ងាត់បន្តិច) តោះ​យើង​ជិះ​ម៉ូតូ​ដើរ​លេង​នឹង​គេ​ ល្អ​ទេ!… ថ្ងៃ​នេះ​គ្មាន​នរណារៀននោះទេ​…

-សំឡេង​ម៉ូតូ​ទំនើប​ជិះ​ចេញ​-

ឆាកទី២៖ ការ​សន្ទនា​របស់​មិត្ត​នារី​ពី​រនាក់

ទី​កន្លែង៖ នៅ​វិទ្យាល័យ​ ម៉ោង​ចេញ​លេងនៅ​​ជួង​ទី​១

តួអង្គ៖ នីរ័ត្ន ដាលីន

រយៈ​ពេល​៖…នាទី

-សំឡេង​ជួង​ចេញ​លេង សិស្ស​ដើរ​ចេញ​ពី​ថ្នាក់ អ្នក​គ្រូ​និយាយ​អនុញ្ញាតិ​ឱ្យ​ចេញ-

១.​ដាលីន៖      អារ័ត្ន!​ អត់​ចេញ​លេង​ទេហ្អី! ​តោះ​ញ៉ាំ​អី​ជា​មួយ​គ្នាហ្អេះ?

២.​នីរ័ត្ន៖​      អ្ហែង​ចេញ​មុន​ចុះ! គ្នា​មិន​ចង់​ចេញ​ទេ អត់​ឃ្លាន​ផង!

៣.ដាលីន៖     ធ្វើ​មុខ​ជូរ​ម៉េះ! ទើប​បុណ្យ​សង្សារ​ហើយ​ ម្សិលមិញ​បាន​កាដូ​អី​ខ្លះ​ហ្អេះ?

៤.នីរ័ត្ន៖​         អត់​ទេ!

៥.​ដាលីន៖      កុំ​ភរ​គ្នា​ណា!… ហេហេ! គ្នា​ឃើញ​ឯង​ជិះ​ម៉ូតូ​ជា​មួយសក្តិ​ទៀត​ណ៎! ពិត​ជា​រ៉ូម៉ែន​ទិក​មែន… សុទ្ធ​តែ​ លុត​ជង្គង់​សារភាព​ស្នេហ៍​ទៀត… ឯង​នេះ…ពិត​ជា​មាន​សំណាង​មែន…

៦.នីរ័ត្ន៖         បាន​ហើយ​! ឈប់​និយាយ​បាន​ទេ!​ គ្នា​ចង់​នៅ​ម្នាក់​ឯង​ ស្ងាត់​ស្ងៀម​បន្តិច!

៧.​ដាលីន៖     អឺ!​អ៊ីចឹង! ស្រេច​តែ​ចិត្ត! គ្នា​ទៅ​ញ៉ាំ​ប្រហិតវិញ​ល្អ​ជាង!

-​សំ​ឡេង​ដាលីន​ដើរ​ចេញ-

៨.នីរ័ត្ន៖         ហ៊ឺ!…(​ស្រមៃ​និយាយ​ម្នាក់​ឯ​ង​ក្នុង​ចិត្ត) មិន​ដឹង​ថា​ដាលីន​ បាន​ដឹង​ថា សក្តិ​បាន​ធ្វើ​អីៗ​ជា​មួយ​ខ្ញុំ​ឬ អត់​ទេ​? តែ​គេ​ប្រាប់​អម្បាញ់​មិញ​ថា​ ឃើញ​សក្តិ​ជិះ​ឌុប​ខ្ញុំ​!​ សង្ឃឹម​ថា​គេ​ដឹង​តែ​ប៉ុណ្ណឹង​ទៅ​ចុះ! ខ្ញុំ​​កំពុង ពិបាក​​ចិត្ត​ដល់​ហើយ! មិន​គួរ​ឱ្យ​ជ្រុល​ជ្រួស​ដល់​ថ្នាក់​នេះសោះ​! តែ ដើរ​លេង​ជាមួយ​សក្តិ​ក៏​សប្បាយ ម្យ៉ាង​​ដែរជា​ថ្ងៃ​ដំបូង​នៃ​ជីវិត​ ដែល​ខ្ញុំ​ហ៊ាន​​ចេញ​ទៅ​ដើរ​លេង​តែ​ពី​រ​នាក់​ជា​មួយ​បុរស!… សក្តិ​ជា​បុរស សង្ហា​។ គេ​ជា​កូនអ្នក​មាន គេមាន​ម៉ូតូ​ទំនើប​ទាន់​សម័យជិះ! សក្តិ​ប្រាប់​ថា….ស្រឡាញ់​ខ្ញុំ​យូរ​ហើយ តែ ទើប​តែ​ថ្ងៃ​បុណ្យ​សង្សារ​ម្សិល​មិ​ញ​នេះ….គេ​ដាច់​ចិត្ត​សារភាព​ចំពោះ​ខ្ញុំ​! ថាស្រឡាញ់​ខ្ញុំ! ចំពោះ​ពាក្យ​សារ​ ភាព​​ស្នេហ៍​ដ៏​ផ្អែម​ល្ហែមបែប​នេះ…ចិត្ត​ខ្ញុំ​ពេល​​នោះ​ មិន​អាច​បិទ​ទ្វារ​បេះ​ដូង​ មិន​ទទួល​គេ​នោះ​​ទេ។ យើង​​​ បាន​ទៅ​ញ៉ាំ​អី​ៗ​នៅ​កៀន​ស្វាយ​​​… ហើយ… ហើយ​អ្វី​ៗ​​បាន​កន្លង​ហួស​ទៅ! កម្រងផ្កាយ​យុវ​ភាព​​​ព្រហ្ម​ចារី ស្រី​ក្រមុំ​ដែល​ខ្ញុំ​ខំ​រក្សា​ត្រូវបាន​ប្រគល់​ជូន​សក្តិ ក្នុង​គ្រានោះ

-​ភ្លេង​កាត់​ឈុត​-

ឆាកទី៣៖ ការ​សន្ទនា​របស់​នី​រ័ត្ននឹងដាលីនពី​បុរស​សក្តិ​ដែល​បាន​ក្បត់​ចិត្ត

ទី​កន្លែង៖ នៅផ្ទះ​នីរ័ត្ន

តួអង្គ៖ នីរ័ត្ន ដាលីន ម៉ាក់​នីរ័ត្ន

រយៈ​ពេល​៖…នាទី

-សំឡេងចុច​កណ្តឹង​-សំឡេង​បើកទ្វាររបង​-

១.ម៉ាក់​នីរ័ត្ន៖   (រអ៊ូរ) ពីណា​គេ​មក៍​ទាំង​ព្រលឹម​!

២.ដាលីន៖     ជម្រាបសួរ​អ្នកមីង!

៣.ម៉ាក់នីរ័ត្ន៖   អូ! ក្មួយ​លីន​ទេ​អេះ! ចូល​មក៍!

៤.ដាលីន៖      ខ្ញុំ​មក​លេង​នីរ័ត្ន ព្រោះ​អត់ឃើញ គេ​​ទៅសាលា​ពីរ​បី​ថ្ងៃ​ហើយ… ឮ​​ថា​គេ​ឈឺ​មែន​ទេ​មីង!

៥. ម៉ាក់នីរ័ត្ន៖  រ័ត្ន​នៅ​ក្នុងបន្ទប់​គេ​ឯ​ណោះ!​ ជួយ​មើល​គ្នា​ផង​ក្មួយ! យ៉ាប់​មែន​កូន​នេះ​ ឈឺ​អី​ក៏​មិន​ព្រម​ប្រាប់​! ឱ្យតែ​សួរ​ វា​ថា តែ​មិន​អី​ទេៗតែ​រហូត! ថ្នាំ​សង្កូវ​អី​ក៏​មិន​ព្រម​លេប! បាយ​ក៏​មិន​នឹក​ ទឹកមិន​ស្រេក! មីង​ឯ​នេះ ពិបាក​ចិត្ត​សឹង​នឹង​ស្លាប់​ទៅ​ហើយ! អត់​ហ៊ាន​ទៅលក់ដូរ​អី​​ទេ​ថ្ងៃនេះ! នៅ​ផ្ទះ​ ចាំ​មើល​ថែ​គេ​ ហ្នឹង​ណា!

៦.ដាលីន៖      ដល់​ថ្នាក់​ហ្នឹង​ផង! (ភ្ញាក់​ដោយ​ថ្នម​សំឡេង) រ័ត្ន​នេះ​យ៉ាប់មែន​! អត់​មាន​ប្រាប់​អី​ម៉ា​ម៉ាត់! ខ្ញុំ​ចូល​​ មើល​គេ​បន្តិច​ណា​មីង!

៧. ម៉ាក់នីរ័ត្ន៖ អ៊ឹអឺ!.. ជួយ​​មើល៍គ្នី​មើល៍​គ្នាផង​ក្មួយ​អ្ហើយ!… ហ៊ឺ (ដក​ដង្ហើម​ធំ)

-សំឡេង​ដើរ​ចូល​ទៅកាន់​បន្ទប់ក្នុង​ផ្ទះ- សំឡេង​គោះ​ទ្វារ ហើយ​បើក-សំឡេង​ជើង​លីន​ដើរ​ចូល-

៨.ដាលីន៖      រ័ត្ន! ម៉េ​ច​ហើយ​អះ? អូស​មើល៍​ណែ ក្តៅ​​​តើឯង​នេះ!

៩.នីរ័ត្ន៖         អឺ​អះ! លីន​ទេ​អហ៎?

១០.​ដាលីន៖   ហ្អែង​​កើត​អី​ហ្អក់​រ័ត្ន!

១១. នីរ័ត្ន៖     គ្នាឈឺ… ​ពិបាក​ចិត្ត…ហិះ ហិៗ (​សំឡេង​យំ​តិចៗ យូរ​ទៅខ្លាំង​ឡើង)

១២.ដាលីន៖​ ប្រាប់​គ្នា​បាន​ទេ ក្រែង​គ្នា​អាច​ជួយ​បាន​ណា​! ហ្អែង​ភ្លេច​ហើយ​? យើង​សន្យា​ធ្វើ​ជា​មិត្ត​ល្អ​នឹង​គ្នា​ នោះ​អី!

១៣.នីរ័ត្ន៖      លីន… (យំ) សក្តិ​ គេ​បោះ​បង់​គ្នា​ចោល​ហើយ! (យំ) គេ​មាន​ថ្មី!

១៤​.ដាលីន៖   អ្ហា សកិ្ត​មាន​ថ្មី! (ភ្ញាក់) ក្រែងឯង​និង​គេ​ល្អូក​ល្អើន​នឹង​គ្នា​សឹង​អី​ហ្នឹង?

១៥. នីរ័ត្ន៖     (យំ) អឺ! តែ​ឥឡូវ… សក្តិ​គេ​បោះ​បង់​គ្នា​ចោល! គេ​ឈប់​ស្រឡាញ់​គ្នា​ទៀត​ហើយ! គេ​ឌុប​ស្រី​ថ្មី​នៅ​ មុខ បញ្ឃឺ​​ចិត្ត​គ្នា​ទៀត! គ្នា​ទើប​តែ​ដឹង​ថា គ្នា​មិន​មែន​ជា​នារី​ទី​មួយ​ក្នុង​បេះ​ដូង​គេ​នោះ​ទេ! គេ​មាន​សង្សារ​ ជា​​ច្រើន​​មក​ហើយ​… គ្នា​ខ្លាច​ហើយ​ចិត្ត​ប្រុស! ប្រុស​ក្បត់​! ប្រុស​សាវា!… ប្រុសព្រាន…

១៦.​ដាលីន៖   បាន​ហើយ​ឈប់​យំ​ទៅ! តាំង​ចិត្ត​ឱ្យ​រឺ​ង​មាំ​ឡើង​វិញ! ឯង​នៅ​មាន​ប៉ា​ មានម៉ាក់​ នៅ​មាន​គ្នាដែល​គិត​ និង​បារម្ភ​ពី​ឯង! នៅ​ជិត​ឯ​ង​ដែរ​តើ! តាំង​ចិត្ត​ឱ្យ​ក្លាហាន​ឡើង​រ័ត្ន! អ្វី​ដែល​កន្លង​ហួស​ហើយ​ឱ្យ​វា​ហួស​ ទៅចុះ ចាប់​ផ្តើ​ម​គិត​សា​ជា​ថ្មី!

១៧.នីរ័ត្ន៖      ណ្ហើយ កុំ​ខ្វល់​ខ្វាយ ការ​​ឈឺ​ចាប់គ្រាន់​តែ​ជា​​ស្រ​មោល​​អតី​ត​កាលតែប៉ុណ្ណោះ​ ​ដែល​ធ្វើ​ឱ្យ​យើងកាន់​តែ​​ ឈឺ​ចាប់!… មែន​ទេ??

១៨.ដាលីន៖   ត្រូវហើយ! ឯង​ដេង​យំ​កើត​ទុក្ខអត់​សប្បាយ​ចិត្ត​ធ្វើ​អី! នាំ​តែ​កើត​ទុក្ខក្រៀម​ក្រំ​អត់​​ប្រយោជន៍! កុំ​ខ្វល់! ពី​​មនុស្ស​ដែល​មិន​បាន​គិតបារម្ភ​​ពី​យើង​នោះ​អី! បារម្ភ​ គិត​ពី​អ្នក​ដែល​ខ្វល់​ពី​យើង​វិញ​ល្អ​ជាង! ចាត់​ទុក​ជា​មេ​រៀន​សម្រាប់​ជីវិត​ទៅ​ចុះ…

១៩.នីរ័ត្ន៖      តែ… ឯង​អត់​ដឹង​ទេ… គេ​និង​គ្នា​បាន… នែ…

-សំឡេង​គោះ​ទ្វារ ហើយបើក-ដើរចូល-

២០​.ម៉ាក់​នីរ័ត្ន៖ រ័ត្នលេប​ថ្នាំ​នេះ​ទៅ​ណា… ម៉ាក​ទើប​នឹង​ទៅ​ទិញ​មក​ពី​ហ្វាម៉ា​ស៊ី​ជិត​ផ្ទះ​យើងខាង​កើត​នោះ… លេប​ ទៅ

នេះនែ… ឆាប់​ជា​ណា!

២១.នីរ័ត្ន៖      ច៎ា! អរគុណម៉ាក់!

២២.​ដាលីន៖   ទុក​ហ្នឹង​ហើយ​អ្នក​មីង! ចាំ​ខ្ញុំ​ជួយ​បញ្ចុក​គេ…

២៣.ម៉ាក់​នីរ័ត្ន៖​ អើ!! មើលគ្នា​ផង​ណាក្មួយ… អូស​នែ ចាំ​បាយ​ថ្ងៃ​ត្រង់​ជាមួយ​មីង​ អាហ្នឹ​ង​ហើយ​ហី​ក្មួយ!

២៤ .ដាលីន៖​ ច៎ា! មិន​អី​ទេ​មីង អរគុណច្រើន​ហើយ!

-បទ​ចម្រៀង​លា​ហើយ​ស្នេហា- ត្រង់វគ្គ​II (ហួយ​-មាស? ប៉ែន-រ៉ន?)-

ឆាកទី៤៖ ការ​សន្ទនា​ដើម្បី​លើក​ទឹក​ចិត្ត​នី​រ័ត្ន​​​ ក្រោយ​ពេល​ដែល​នាង​បាន​ព្យាយាម​សម្លាប់​ខ្លួន។

ទី​កន្លែង៖ នៅមន្ទីរ​ពេទ្យ

តួអង្គ៖ នីរ័ត្ន ដាលីន ម៉ាក់​ប៉ា​របស់​នីរ័ត្ន គ្រូ​ពេទ្យ​ ។

រយៈ​ពេល​៖…នាទី

-សំឡេងសា​រ៉ែន​ឡាន​ពេទ្យ- មនុស្ស​រត់និង​ដើរនៅ​ក្នុង​មន្ទីរ​ពេទ្យ​​-សំឡេង​ស្បែក​ជើង​កែង​ចោទ-

១.ម៉ាក់នីរ័ត្ន៖   (និយាយ​ដោយ​ភ័យ) នី​រ័ត្ន​កូន! ហេតុ​អី​កូន​គិត​ខ្លី​ម៉េះ? កុំ​ធ្វើ​ឱ្យ​ម៉ាក់​ភ័យ​ណា​!

២.ប៉ា​នីរ័ត្ន៖     រ័ត្ន​កូន! ដឹ​ង​ខ្លួន​វិញ​មក​កូន!

៣.​គ្រូ​ពេទ្យ៖    ទប់​អារម្មណ៍​សិន​ទៅ​លោក​-លោក​ស្រី! ខាង​ក្រុម​គ្រូ​ពេទ្យ​យើង​នឹង​ធ្វើ​ការ​ជួយ​សង្គ្រោះ​ឱ្យ​អស់​ពី​លទ្ធ​ ភាព​។ លោក​ និង​លោក​ស្រី​រង​ចាំ​នៅ​ខាង​ក្រៅនេះ​​សិន​ហើយ។

-សំឡេង​បិទ​ទ្វារបន្ទប់​ពេទ្យ-សំឡេង​ជើង​ដាលីន​រត់​ចូល-

៤.ដាលីន៖      អ្នក​មីង​! លោក​ពូ! អារ័ត្ន!​ អារ័ត្ន!យ៉ាង​ម៉េច​​ទៅ​ហើយ?

៥.​ម៉ាក់នីរ័ត្ន៖   ខុស​មក​ពី​មីង​! មីង​ឱ្យ​គេ​រៀប​ការហ្នឹងណា!… តែ​គេបែរ​ជា​ទៅ​​លេប​ថ្នាំ​សម្លាប់​ខ្លួនទៅវិញ!

៦.​ប៉ានីរ័ត្ន៖      កូន​នេះ​ធ្វើ​អី​មិន​ចេះ​គិត​សោះ! បើ​ថា​មិន​ព្រម​ក៏​មិន​ប្រាប់ដែរ​ បែរ! បែរ​ជា… ហ៊ើយ!

៧.​ម៉ាក់នីរ័ត្ន៖   គេ​ទើប​តែ​ទៅ​យក​លទ្ធ​ផល​ពិនិត្យ​ឈាម​មុន​រៀប​ការ ពី​ព្រឹក​មិញនេះ​​ទេ! មីង​សួរ​អី​ក៏​មិន​មាត់! ហើយ​ថ្ងៃ​ បន្តិច​ស្រាប់​​តែ​… ស្រាប់តែគេ​លេប​ថ្នាំ​តែ​ម្តង!

-សំឡេង​បើក​ទ្វារ-

៨.​ប៉ានីរ័ត្ន៖      ហ្អា! លោក​គ្រូ​ពេទ្យ​! កូន​ខ្ញុំ​យ៉ាង​ម៉េច​ទៅ​ហើយ?

៩.​គ្រូ​ពេទ្យ៖     អ្នក​ជំងឺ​បាន​ដឹង​ខ្លួន និង​​​គេច​ផុត​ពី​គ្រោះ​ថា្នក់​ហើយ! (​ម៉ាក់​នីរ័ត្ន​ត្រេក​អរ) តែ​… សូម​តាំង​អារម្មណ៍​ សិន​ទៅ ព្រោះ​លទ្ធ​ផល​ដែល​ក្រុម​គ្រូ​ពេទ្យ​យើង​ បាន​ធ្វើ​កោ​សល្យ​វិច្ច័យ​វិភាគ​​ឃើញ​ថា នាង​មាន​ផ្ទៃពោះបី​ ខែ​ និង​ផ្ទុក​មេ​រោគ​អេដស៍ទៀត​ផង​!

១០.​ម៉ាក់ប៉ានីរ័ត្ន និង​ដាលីន៖   (និយាយ​រួម​គ្នា) ថាម៉េច?

១១.​គ្រូ​ពេទ្យ៖​ បាទ! គឺ​ពិត​មែន! តែ​កូន​ក្នុង​ផ្ទៃ​ត្រូវ​បាត់​បង់​ជីវិត​ហើយ…

-ស្នូរ​បញ្រ្ចៀ​ត​គ្នា​តាម​ទ្វារ​ចូល​ក្នុង​បន្ទប់-

១២.ម៉ាក់នីរ័ត្ន​៖ រ័ត្ន! ហិះហិ!!! (យំ. នីរ័ត្ន​ក៏​យំ)

១៣.ដាលីន៖   សម្រួល​អារម្មណ៍​សិន​ទៅ​អ្នក​មីង! រ័ត្ន​មិន​អី​ទេ!..(ងាក​មកនីរ័ត្ន)រ័ត្ន​តាំង​អារម្មណ៍​ឡើង​ណា​!

១៤.ប៉ានីរ័ត្ន៖   កូនកុំ​គិត​ខ្លីដូច្នេះ​អី!

១៥.នីរ័ត្ន៖      ម៉ាក កូន​មិនចង់​រស់​ទេ… ហិហិ

១៦.ម៉ាកនីរ័ត្ន៖ កូន​នីរ័ត្ន… កុំ​គិត​អ៊ីចឹង​កូន…(យំ)

១៧.នីរ័ត្ន៖      កូន​គ្មាន​សល់​អី​ទៀត​ទេ…

-ភ្លេង​កាត់ឆាក-

ឆាក​ទី៥៖ នីរ័ត្ន​សារភាព​កំហុស​ចំពោះ​ឪពុក​ម្តាយ។ ពួក​គាត់​អត់​ទោស​ដោយ​ព្រហ្ម​វិហារ​ធម៌

ទី​កន្លែង៖ នៅមន្ទីរ​ពេទ្យ

តួអង្គ៖ នីរ័ត្ន ដាលីន ម៉ាក់​ប៉ា​របស់​នីរ័ត្ន គ្រូ​ពេទ្យ

រយៈ​ពេល​៖….នាទី

-សំឡេងកែវ ពែង​កាហ្វេ-

១.ម៉ាក់នីរ័ត្ន៖   បង​អត់​ទៅ​ធ្វើ​ការ​ទេ​ថ្ងៃ​នេះ!

២.ប៉ានីរ័ត្ន៖     ចុះ​អូន​អត់​ទៅ​លក់ដូរ​ទេ​ហ្អ?

៣.ម៉ាក់នីរ័ត្ន៖   អូន​គិត​ថា នៅផ្ទះ​ម៉ា​រយៈ​ ដើម្បី​បាន​មាន​ពេល​មើល​កូន​រ័ត្ន…

៤.​ប៉ានីរ័ត្ន៖      បង​ក៏​អ៊ីចឹង​ដែរ…ថ្ងៃនេះ​បង​សម្រេច​ចិត្ត​សុំ​ច្បាប់​គេ​មួយ​ថ្ងៃ! បង​ចង់​ចំណាយ​ពេល​នៅជិត​អូន និង​កូន​ឲ្យ​បាន​ច្រើន​​… ម៉ា​រយៈ​កន្លង​ទៅនេះ បង​ហាក់​ដូច​ជា​ឃ្លាត​ឆ្ងាយ​ពី​​គ្រួសារ​មែន​ទែន មិន​សូវ​គិត​គូរ​ពីកូន​… តាំង​ពីព្រលឹម​ ចេញ​ទៅ​ធ្វើ​ការ​បាត់ៗ… មិន​ដែល​សួរ​នាំ​ខ្វល់​ខ្វាយ​ មិន​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ សិក្សារៀន​សូត្រ​របស់​កូន… បង​ជា​ឪពុក​គេ ជា​មេ​គ្រួសារ​ បង​ខុស​ធ្ងន់​ណាស់ចំពោះ​អូន​ ចំពោះ​កូន…

៥.ម៉ាកនីរ័ត្ន៖   សូម​បង​កុំ​មាន​ប្រសាសន៍​បែបនោះ! រឿង​នេះ​អូន​ជា​ម្តាយគេ អូន​ក៏​ចូល​រួម​ចំណែក​ដែរ! អូន​គិត​គូរ​តែ​ពី រឿង​រក​ស៊ី​លក់​ដូរ​ចេញមួយ​ថ្ងៃ​បាត់ៗ​ យប់​ព្រលប់​បាន​មក​ផ្ទះ​វិញ! ហ៊ឺយ! បើ​អូននៅ​ផុ្ទះ​ មើល​ការ​ខុស​ត្រូវ កូនឲ្យ​បាន​ដិត​ដល់​ ​មិន​មាន​រឿង​អ៊ីចឹង​កើត​ឡើង​នោះ​ទេ…

-សំឡេង​ដើរ​ចូល-

៦.ម៉ាក់នីរ័ត្ន៖   រ័ត្ន… កូន​ប្រញាប់​ងើប​ម្ល៉េះ!!

៧.ប៉ានីរ័ត្ន៖     កូន… ម៉េច​​មិន​សម្រាកឲ្យ​បាន​ច្រើន​ទៅ!!

៨.នីរ័ត្ន៖         កូន​ឈរ​ស្ដាប់​ឮ​អស់​ហើយ…​សូម​អ្នក​ម៉ាក់​ លោក​ប៉ា កុំ​បន្ទោស​ខ្លួន​ឯង​តែ​រៀង​ខ្លួន… ដូច្នេះអី… កូន​មិន​ខំ​រៀន​​ដោយ​ខ្លួន​ឯង​តើ… កូន​បែរ​ជា​គិត​តែ​ពីដើរ​លេង ឈ្លក់​វង្វេង​នឹង​សម្ភារនិយម ចាយ​លុយ​កាក់​ដែល​ ម៉ាក់​ប៉ា​រក​បាន​ដោយ​លំបាក ទៅចាយវាយ​ខ្ជះ​ខ្ជាយ…កូន​ទេ​ ជា​អ្នក​ខុស… ពេល​នេះ​កូន​ដឹង​ខុស​ហើយ!​… ហិះហិះ… ឲ្យ​កូន​សុំ​ទោស…

៩.ម៉ាក់នីរ័ត្ន៖   ឈប់​យំ​ទៅ​កូន!!… ល្អ​ហើយ​ដែល​កូ​នយល់​​ដូច្នេះ… តែ​ប៉ា​ម៉ាក់​នៅ​តែ​អត់​ទោស​ឲ្យ​កូន​… ស្រឡាញ់​ កូន​ជានិច្ច… ឈប់​យំ​ ឈប់​កើត​ទុក្ខទៅ​កូន… ទោះ​កូន​​កើត​ទុក្ខ​យ៉ាង​ណា ក៏​ត្រូវ​​គិត​ពី​ជីវិតរបស់​ ខ្លួន​ឯង​ជា​​មុន​​ដែរ! កូនមាន​បាត់​បង់​អ្វី​ៗទាំង​អស់​ឯ​ណាហ្អ! នៅ​មាន​ប៉ាម៉ាក់ មាន​ដាលីន​ មិត្ត​កូន…ព្រម​ទាំង​ មិត្ត​ភក្តិ​​ដទៃ​ជា​ច្រើន​ទៀត ដែល​គិត​គូរ​បារម្ភ​ពី​កូន​ណា!

១០.ប៉ានីរ័ត្ន៖   ម៉ាកកូន​​និយា​យ​ត្រូវ​… កូន​ស្រី​ប៉ា​ត្រូវ​តែ​រឹង​មាំ​ក្លាហាន… ដរាប​ណានៅតែ​​មាន​ថ្ងៃ​ថ្មី កូន​ត្រូវ​តែ​មាន​ សង្ឃឹម​នឹង​រស់នៅតទៅ​ទៀត​!… ប៉ា​និងម៉ាក​កូននៅ​ក្បែរ គាំ​ទ្រ​កូន​ជា​និច្ច…

១១.ម៉ាក់​នីរ័ត្ន៖ ត្រូវហើយ​កូន!! ឈប់​យំ ជូត​ទឹក​ភ្នែក​ចេញ​ទៅ…

១២.ប៉ានីរ័ត្ន៖   ប៉ា​គិត​ថា… អូន​ និង​កូន​ទៅ​រៀប​ចំ​ខ្លួន​ឲ្យ​ស្អាត​ទៅ មក​ញ៉ាំ​អាហារ​ពេល​ព្រឹក​ជុំ​គ្នា​ម្តង ហើយ​ប៉ា​នឹង​ជូន​ កូន​និង​ម៉ាក់​កូន​ឯង​ដើរលេង​លំហែ​កម្សាន្ត​ម្ដង​ណា…

-បទ​ចម្រៀងសង្ឃឹមថ្ងៃ​មួយ(ប៉ែន-រ៉ន?)-

ឈុតទី៦៖ ការ​សន្ទនា​របស់​អ្នក​​គ្រូ​ពេទ្យ និង​នីរ័ត្ន

ទី​កន្លែង៖ នៅ​មន្ទីរពេទ្យមួយ ក្បែរ​វិទ្យាល័យ

តួអង្គ៖ នីរ័ត្ន អ្នក​គ្រូពេទ្យ

រយៈ​ពេល​៖….នាទី

-សំឡេងភ្លេងផ្តើម​ឆាក​​រាង​កម្សត់ម្នាក់ឯង​ឯកា-​សំឡេង​ជើង​ដើរ​ចូល-

១.អ្នក​គ្រូ​ពេទ្យ៖          នីរ័ត្ន! អង្គុយ​ស្ង​ប់​ស្ងាត់​ម្នាក់អ៊ី​ចឹង ដឹង​ទេហ្អី ​ថា​ធ្វើ​ឱ្យគិត​​ខ្វល់ខ្វាយ​រវើរ​វាយ​​ច្រើន​ណា​! កុំ​គិត​ ច្រើន​ពេក!​ ឯង​ក៏ត្រូវ​ដល់​ពេលទៅបើ​កថ្នាំ​ដែរ! យើង​ជា​អ្នកជួយ​​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​គេ​ មិន​ត្រូវ​អស់​សង្ឃឹម​ ​ ទេណា! ដឹង​ទេ?

-និយាយ​ហើយ​គាត់​ក៏​ដើរ​ហួស​បន្តិច-

២.នីរ័ត្ន៖         ចា៎!អ៎ស ចាសអ្នក​គ្រូ! ខ្ញុំ​យល់​ហើយ!​ មិន​អី​ទេ ដូច​អ្នក​គ្រូឃើញ​ស្រាប់ ខ្ញុំ​រឹង​មាំ​ច្រើន​ហើយតើ​! ខ្ញុំ​គ្រាន់​ តែ​ចង់អង្គុយ​​មើល​​ទីធ្លា​សាលា​រៀនក្បែរ​មន្ទីរពេទ្យ​យើង​​នេះ យក​ខ្យល់​អាកាស​បន្តិ​ច! បន្តិច​ទៀត​ខ្ញុំ​នឹង​ទៅ​ បើក​ថ្នាំ​ហើយ!… អរគុណ​អ្នក​គ្រូ​ ដែល​តែង​តែ​បារម្ភ​ពី​ខ្ញុំ! អ្នក​គ្រូ​តែង​តែ​អប់រំណែ​នាំ​ខ្ញុំ​ … ពេល​​ចុះ​ទៅ​ សហគមន៍​ ឬទៅ​ណា​មក​ណា​​ អ្នក​គ្រូ​តែនាំ​ខ្ញុំ​ទៅជា​មួយ​រហូត ដើម្បី​រៀន​ពី​បទពិសោធ​ថ្មីៗ។ ខ្ញុំ​​ស្រឡាញ់​ អ្នក​គ្រូដល់​ហើយ។

៣..អ្នក​គ្រូ​ពេទ្យ៖ឯង​នេះ​ប៉ិន​បញ្ចោរ​ណាស់​ណ៎​ឥឡូវ… ​ អូ! ម្សិល​មិញ​ អ្នក​គ្រូ​ឃើញឯង​​ចុះទៅ​ពន្យល់ពី​បញ្ហា​ មេ​រោគ

និង​ជំងឺ​​អេដស៍​នៅ​តាម​សហ​គម​​ន៍នោះ ព្រម​ទាំង​បាន​ចុះ​មើល​ថែ​ទាំ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យបង្អែក​ យើង​​ ហើយ​បើ​ក​ថ្នាំពន្យារ​អាយុ​ជូន​ពួក​គាត់​ លើក​​ទឹក​ចិត្ត​អ្នក​ជំងឺ​ និង​ក្រុម​គ្រួសារ​កុំ​ឱ្យ​អស់​សង្ឃឹម… ឯង​ ធ្វើ​កិច្ចការទាំង​នោះ​បាន​ល្អណាស់… មួយរយៈ​នេះ អ្នក​គ្រូសង្កេច​​ឃើញឯង​​​មាន​ភាព​រឹង​មាំ​ជា​ង​ពី​មុន​ឆ្ងាយ​ ណាស់!

៤.នីរ័ត្ន៖         ចា៎! ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ច្រើនជាង​មុន…​ ព្រោះ​ខ្ញុំ​សប្បាយ​ចិត្ត​នៅពេល​ដែល​បាន​ចុះ​ជួយ​អ្នក​ដទៃ​​​។ ខ្ញុំ​ រីក​រាយ​នឹង​បំពេញ​កិច្ច​ការ​ជា​ប្រយោជន៍​សម្រាប់​ជីវិត ​ទោះ​ក្នុង​រយៈ​ដ៏​ខ្លី​ក៏ដោយ។ ខ្ញុំ​ទទួល​ស្គាល់​ថា ខ្លួន​​ ហាក់​ទើបតែ​មាន​អាយុ​បួន​ប្រាំ​ឆ្នាំ ព្រោះ​ទើប​តែ​បួន​ប្រាំ​ឆ្នាំ​នេះ​​តែ​ប៉ុណ្ណោះ ដែល​ខ្ញុំ​បាន​យល់​ពី​ជីវិត​របស់​ខ្ញុំ​ ពិតប្រាកដ… ខ្ញុំ​រស់​នៅចំណាយ​ពេល​វេលា​ជិត​២០​ឆ្នាំ​ដោយ​ពុំ​បាន​យល់​ពី​តម្លៃ​​នៃ​ជីវិត​ទាល់​តែ​សោះ …។ ទោះ​ជា​ពេលវេលា​បួន​ប្រាំ​ឆ្នាំ​នេះ​មិន​ច្រើន​ប៉ុន្មាន​ក៏​ដោយ​ តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្នុង​ការ​រស់​នៅដ៏​ខ្លី​​នេះ​ខ្លាំង​ណាស់ ដោយ​ខ្ញុំបាន​ធ្វើនូវ​​អ្វី​ជា​ប្រយោជន៍​សម្រាប់​មនុ​ស្សជាតិ​ សម្រាប់​សង្គម​​ ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​មាន​ ជីវិត​រស់​នៅ​ នៅ​ឡើយ…

៥.អ្នកគ្រូ៖       ល្អ​ហើយ តែ​ប៉ុណ្ណេះហ្អ… អ្នក​គ្រូ​មាន​ជំនឿ​ជាក់​លើ​ឯ​ង​មែន​ទែន​ហើយ អ្នក​គ្រូ​ចូល​ទៅ​យក​ឯកសារ​ ខាង​ក្នុង​​បន្តិ​ច​សិន…(ដើរ​ចូល ហើយ​ដើរ​ត្រឡប់​មក​វិញ)… កំពុងគិត​អី​ទៀតហើយហ្នឹង​​ហះ!!

៦.នីរ័ត្ន៖         ចាស!.. ចា៎! កំពុង… កំពុងគិត! ថា​ត្រូវរៀប​ចំ​គម្រោង​យ៉ាង​ណា​មុន​ចុះ​ទៅ​ពន្យល់​ពី​បញ្ហា​ជំងឺ​អេដស៍​ កាម​រោគ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​… នៅតាម​វិទ្យា​ល័យ​ព្រោះ​ខ្ញុំ​ធ្លាប់​ តែ​ចុះនៅ​តាម​សហគមន៍​ជួប​មនុស្ស​ធំៗចាស់​ៗ ដែល​ពួក​គាត់​មាន​បទ​ពិសោធ​ច្រើន​មក​ហើយ។ ពួក​គាត់​ មិន​សូវ​មាន​ការ​អៀន​ខ្មាស​ច្រើន​នោះ​ឡើយ តែ​សម្រាប់​សិស្ស​វិទ្យា​ល័យ​វិញ? ណែ…

៧.អ្នកគ្រូ៖      ឯង​គិត​នេះ… ម្យ៉ាង​ហើយ តែ​នៅ​តាម​សហគមន៍ វា​លំបាក​ជាង​នៅ​តាម​វិទ្យាល័យ​ទៅ​វិញ​ទេ​មិនគិត!! ព្រោះ​អ្នកភូមិ! គាត់​យល់​ដឹង​បា​ន​តិច​តួ​ច​នៅ​ឡើយ… ហើយ​តាម​បទ​ពិសោធ​អ្នក​គ្រូ​ចុះ​ទៅ​ ឃើញ​ថា​អ្នក​ ភូមិពិបាក និង​អៀន​ខ្មាស​ច្រើន​ក្នុង​ការ​និយាយ​បញ្ចេញ​យោបល់ និង​មិន​សូវ​ហ៊ាន​និយាយ​ពី​បញ្ហា​ផ្លូ​វ​ ភេទ​ហ្នឹងជា​ចំហំ​នោះ​ទេ!! តែ​អ្នក​គ្រូ​ឃើញ​ឯង​បំពេញ​ការ​ងារ​ហ្នឹង​បាន​ល្អ​មក​ហើយ!! កុំ​ទៅ​ភ័យ​ច្រើន​ ពេក…

៨.​នីរ័ត្ន៖         ច៎ាអ្នក​គ្រូ!! ខ្ញុំ​យល់​ហើយ ខ្ញុំ​នឹង​ព្យាយាម​ពន្យល់​ពួក​គេ… បញ្ចេញ​ឲ្យ​អស់​ពី​លទ្ធ​ភាព។ មិន​ឲ្យ​ដូច​​ខ្ញុំ​ដែល​មិន​ដឹង​អី…កាល​ពី​នៅ​រៀន​វិទ្យាល័យ​នោះ​ឡើយ…

៩.​អ្នក​គ្រូ៖       ល្អ​ហើយ​ប្រឹង​ប្រែង​ទៅ​ណស៎! អឺ! អ្នក​គ្រូ​ប្រញាប់​​បន្តិច អ្នក​គ្រូ​ទៅមុន​ហើយ! កុំ​ភ្លេច​ទៅបើ​ក​ថ្នាំ​ ណា!! ប្រយ័ត្ន​គេ​បិទ​!

១០.​នីរ័ត្ន៖      ចា៎… អ្នក​គ្រូ!

-សំឡេង​ជើង​អ្នក​គ្រូ​ដើរ​ចេញ​ទៅ-ជួង​ចេញ​លេង​ក៏​រោ​ទិ៍​ឡើង-

១១.នីរ័ត្ន៖      (និយាយ​រាង​ស្រមៃ) សំឡេង​ជួង​…ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែនឹក​គិត​ដល់​ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ដែរ។ អ្វី​ៗ​ ហាក់​ដូច​ជា​នៅ​ថ្មី​សោះ… មិន​ស្មាន​សោះថា គ្រាន់​តែ​ពាក្យថា​«ស្រឡាញ់»មួយ​ម៉ាត់ និង​កូឡាប​មួយ​ទងអាច​ដូរយកព្រហ្ម​​ចារី​នារី​ក្មេង​ខ្លី​ម្នាក់​បាន…

-ភ្លេច​កាត់​ឈុត-

*        *

*

រាត្រី​​ថ្ងៃ​អាទិត្យ​ ២៨.មីនា.២០១០

កែ​សម្រួលថ្ងៃ​អង្គារ៍ ០៤.ឧសភា.២០១០

កែសម្រួលបញ្ចប់​ចុងក្រោយ ថ្ងៃសុក្រ ទី០៤ មិថុនា ២០១០

ដោយ៖ ​ហេង-ឧត្តម

^+^****-****^+^

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s