ផ្កាយលើផ្ទះរបស់យើង(២)

ជំពូកទី២

ការស៊ើបអង្កេត និងការសើចចំអក

          ហាក់ដូចជាមានអាថ៍កំបាំងឧបាយកលអ្វីម្យ៉ាង ដែល​ធ្វើឱ្យ​បង​ប្អូន​ប្រុសស្រីទាំង​ពីរ​ចង់​ស្វែង​រក​ជុំវិញ​ផ្ទះ​របស់​ពួក​គេ រហូតដល់ភ្លេចបាយ ភ្លេចទឹក។ Louis អេះក្បាលដូចមុន ប្រកបដោយការជញ្ជឹងគិត។

«ឯងយល់យ៉ាងម៉េច បើយើងយកវាទៅបង្ហាញម៉ែ ពេលគាត់ត្រឡប់មកវិញនៅចុងសប្ដាហ៍?»

«ចាំបួនថ្ងៃទៀត? (Mathilde ធ្លោយមាត់) វាយូរពេកហើយ។ បើ​យើង​យក​ទៅ​ឱ្យ​លោក​សាស្ត្រ​ចារ្យ Savant ​មិនល្អហ្អេះ? ប្រហែលគាត់អាចណែនាំប្រាប់យើងបាន។»

«គំនិតល្អ!​ (Louis ឆ្លើយ) តោះអ៊ីចឹងយកផ្កាយទៅបង្ហាញគាត់​ទៅ។»

បន្តិចក្រោយមក ពួកគេចុចកណ្ដឹងទ្វារផ្ទះរបស់លោកសាស្ត្រាចារ្យ Savant​ បុរស​ចំណាស់​ចេញ​មក​ទទួល​​រាក់ទាក់​ពួកគេ ដោយស្លៀក​ពាក់ខោអាវគេងយប់ ហើយពាក់វ៉ែនតាលើខ្ទង់ច្រមុះ ព្រមទាំង​មាន​កាសែត​ក្នុង​ដៃផង។

«លោកសាស្ត្រាចារ្យ! មើលនេះ! (Mathilde និយាយព្រម​ជា​មួយ​គ្នានោះ នាងយក​ផ្កាយ​បង្ហាញនៅ​​មុខ​កាសែត​គាត់​) របស់នេះបាន ធ្លាក់លើផ្ទះពួកយើងព្រឹកមិញ!»

«លោកជឿទេថាវាជាផ្កាយ?»Louis សួរ។

«តែ… មិនមែនទេ…(លោកសាស្ត្រាចារ្យ Savant ឆ្លើយតបសម្ដីដោយសំឡេងញ័រៗ) មិន​មែន​ជា​ផ្កាយ​ទេ! វាមិនមានពន្លឺផងហ្នឹង! បើវាជារបស់ធ្លាក់ពីលើមេឃមក ប្រាកដជាសត្វស្លាបហើយ!»

បុរស​ចំណាស់និយាយដោយមើល​ទៅ​វត្ថុនោះ ហើយ​អើត​មើល​ទៅ​លើផ្ទៃ​មេឃផង។ Louis ខ្សឹបដាក់ត្រចៀក Mathilde ថា៖

«ឯងជឿថាលោកសាស្ត្រាចារ្យ Savant ឆ្កួតហើយ!»

«ឬគាត់កំពុងចំអកឱ្យយើងទេដឹង!»

«តោះយើងទៅរកលោកគ្រូគង្វាលវិញ!»

មិនយូរប៉ុន្មាន ក្មេងទាំងពីរបោះបង់សាស្ត្រាចារ្យSavantចោល។ ពួកគេនាំគ្នាតម្រង់​ទៅកណ្ដាលភូមិ ត្រង់​វិហារ​កាតូ​លិក​។

លោក​គ្រូ​បង្រៀន​គម្ពីរ​ស្រែក​ទទួល​ដោយ​អារម្មណ៍​អណ្តែត​រំភើយ​ ហោះហើរ​ទៅ​ឆ្ងាយ ដោយ​សារ​គាត់​ទើបតែ​ស្រស់​ស្រូបអាហារ​ថ្ងៃ​ត្រង់​ដ៏​ឆ្ងាញ់​ពិសា​យ៉ាង​ចំអែត​ណែន​ពោះ។

ជាថ្មី​ម្តង​ទៀត ក្មេង​ទាំង​ពីរបង្ហាញ​ផ្កាយ​ទៅគាត់។

«មិនមែន​ផ្កាយ​ទេ! (គាត់​ឆ្លើយ​ដោយ​សំឡេង​គួរ​ឲ្យសង្កៀរ​ត្រចៀក) មិន​មែន​ផ្កាយ​ទេ វា​អត់​ភ្លឺ​ផង! ប្រសិន​បើ​របស់​នេះ​ ធ្លាក់​ពី​លើក​មេឃ​មែន​នោះ គឺ​ទេវ​តា​ហើយ!»

លោក​គ្រូ​គង្វាល​ចំណាស់​មើល​មេឃដោយ​ភ្នែក​នឹង​ស្នើ។ Mathilde និង Louis ចាក​ចេញ​ឆ្ងាយ​ពី​គាត់​​។

«លោក​គ្រូ​គង្វាល​ស្ទើរ​ឆ្គួត​លី​លា​ហើយ!» Mathilde ជេរ​ប្រទេច​ដោយ​ខឹង​ច្រឡោត។

«ឬ​គាត់​គ្រាន់​តែ​សើច​ចំអក​ឲ្យ​ពួក​យើងទេ!»

«តោះ​ទៅ​រក​ប៉លិស​វិញ។»

ក្មេង​ទាំង​ពីរ​ដើរ​កាត់​ពេញ​ភូមិ​ ដើម្បី​ទៅ​ដល់​ប៉ុស្តិ៍​ប៉ូលិស។

******

«ទេមិន​ទេ! (លោក​ប៉ូលិស​ប្រចាំ​ការ​ម្នាក់​និយាយ​ដោយ​ត្រួត​ពិនិត្យ​ផ្ទៀង​មើល​របស់​ពណ៌​ត្នោត​ ដែលMathilde កាន់​ចុង​ច្រមុះ​វា) មិន​មែន​ផ្កាយ​ទេ វាអត់​ភ្លឺ​ផង! ប្រសិន​បើ​របស់​នេះ​ធ្លាក់​ពី​លើ​មេឃ​ គឺ​ជា​យន្ត​ហោះ​ហើយ!»

«លោក​ប៉ូលិស​នេះ​ចំអក​ឲ្យ​យើង​ទៀត​ហើយ!» Louis ខ្សឹប​ដាក់​ត្រចៀក​Mathilde។

ដោយ​សារ​តែ​គាត់​មាន​ហេតុផល​ បុរស​នោះ​ក៏​សើច​យ៉ាង​គឹក​កង​រំពង​ឡើង។

«ខ្ញុំ​ជឿ! ខ្ញុំ​ច្បាស់​ជា​យល់​ច្រឡំ​ហើយ​មើលទៅ (Louis សារភាព​ទទួល​យល់​ព្រម​ដោយ​ឱន​ក្បាល​ចុះ) អ្នក​រាល់​គ្នា​ចំអក​ឲ្យ​យើង​គ្រប់​គ្នា វា​មិន​អាច​ជា​ផ្កាយ​បាន​ទេ។»

«ខ្ញុំ​បាន​ប្រាប់​ឯង​ច្បាស់​ហើយ! (Mathildeបញ្ជាក់) ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹងស្អី​ឲ្យ​ប្រាកដ​ទេ ចំពោះ​វត្ថុនោះ!»

ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ដាក់​វត្ថុនោះ​ក្នុង​ដៃ ទាំង​ទឹក​មុខ​ប្រកប​ដោយ​ទុក្ខ​ព្រួយ។

********

សូមរង់ចាំអានជំពូកទី៣បន្តទៀតក្នុងពេលដ៏ខ្លីនេះ!

Publicités

Laisser un commentaire

Choisissez une méthode de connexion pour poster votre commentaire:

Logo WordPress.com

Vous commentez à l'aide de votre compte WordPress.com. Déconnexion / Changer )

Image Twitter

Vous commentez à l'aide de votre compte Twitter. Déconnexion / Changer )

Photo Facebook

Vous commentez à l'aide de votre compte Facebook. Déconnexion / Changer )

Photo Google+

Vous commentez à l'aide de votre compte Google+. Déconnexion / Changer )

Connexion à %s