Archives de Catégorie: សាកល្បង​តែងសេចក្តី

ប្រធាន​បទ «អាក្រក់​ៗចុះឲ្យ​តែល្អ ក្រៗចុះ​ឲ្យ​តែ​មាន»

ប្រធាន​បទ «អាក្រក់​ៗចុះឲ្យ​តែល្អ ក្រៗចុះ​ឲ្យ​តែ​មាន»

 

នៅ​លើ​ពិភព​លោក​យើង​នេះ មាន​សភាវ​ពីរ​ជា​គូ​នឹង​គ្នា​ជា​និច្ច ប្រុស​គូនឹង​ស្រី សគូនឹង​ខ្មៅ សុខទុក្ខ អាក្រក់ល្អ ក្រមាន។ សភាវគូ​នេះ មាន​លក្ខណៈ​ផ្ទុយ​គ្នា។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​មានការ​លើក​ឡើងថា «អាក្រក់​ៗចុះឲ្យ​តែល្អ ក្រៗចុះ​ឲ្យ​តែ​មាន»។ តើ​ការ​លើក​ឡើង​នេះ​មាន​អត្ថន័យ​ដូចម្តេច?

 

មុន​នឹង​ចូល​ទៅ​ដល់​ការ​បក​ស្រាយ​សម្រាយ​បញ្ជាក់ យើង​គួរ​យល់​ពាក្យគន្លឹះ​មួយ​ចំនួន​សិន។ ចំពោះពាក្យ «អាក្រក់» មាន​ន័យ​ថា មិន​ល្អ​ មិន​ស្អាត រូបរាង​កាយ​អាក្រក់​ ចិត្ត​ឬ​សម្តី​អាក្រក់។ «ល្អ» គឺ​សំដៅយក ចិត្តស្អាតបាត សំដៅ​ដល់​ចិត្តកាយ​​ល្អ។ រីឯ«ក្រ» បាន​សេចក្តីថា មិន​មាន​ ខ្សត់​ខ្សោយ តូច​ទាប។ ដោយឡែក «មាន» ក្នុង​ទីនេះគឺសំដៅដល់ ការ​​មាន​ចិត្តល្អ ចិត្ត​តស៊ូព្យាយាម​។ តាម​ការ​ពន្យល់​នេះ ប្រធាន​មាន​សេចក្តី​ថា មនុស្ស​ដែល​រូប​កាយ​អាក្រក់មិន​ស្អាត តែ​មាន​ចិត្ត​ល្អ និង​ក្រ​កម្លាំង​កាយ ក្រទ្រព្យ​ធន តែ​មាន​ចិត្ត​ មាន​ចិត្តចេះ​​តស៊ូ មាន​ចិត្ត​អំណត់​អត់​ធន់ ចិត្ត​ចេះ​ជួយ​យក​អាសារគេ។

យើង​ដឹង​ហើយថា ការ​អប់​រំ​ចរិយាធម៌  សីលធម៌​ មិន​មែន​ជាការ​ងាយ​ស្រួយ​ទេ ទាម​ទារ​ឲ្យ​មាន​ការ​ហាត់​ពត់​លត់​ដំជា​រឿយៗ រហូតក្លាយ​​ទៅ​ជា​ទម្លាប់​ល្អ។ ​ទម្លាប់មិន​ល្អ​ ​ដែលតែង​តែ​​យល់​ថា ខ្លួន​អន់ មិន​ល្អ មិន​ស្អាត ខ្លួន​ក្រ មិន​អាច​ធ្វើ​អ្វី​បាន​ មិន​អាច​ជោគ​ជ័យ​ក្នុង​ជីវិត ជា​ទស្សនៈដែល​មនុស្ស​ខ្មែរ​យើង​ទាត់​ចោល​តាំង​តែ​ពី​យូរ​យារ​ណាស់​មក​ហើយ ដូច​សេ​​ចក្តី​ចែង​ក្នុង​ប្រធាន​បទសុភាសិត​ខាង​លើ ដែល​បុព្វ​បុរស​ខ្មែរ​បាន​ចង​ក្រង​បន្សល់​ទុក។ ការ​ធ្វើ​អ្វី​ជា​ប្រយោជន៍​សម្រាប់ខ្លួន និង​សង្គម មិន​អាស្រ័យ​លើរូប​អាក្រក់ រូប​មិន​ស្អាត ឬ​ខ្លួន​ក្រ​នោះ​ទេ មនុស្ស​ម្នាក់​ៗអាច​ចូល​រួម​ចំណែក​បាន​គ្រប់​ៗគ្នា​។ ចំពោះការស្វែង​រក​​ជោគជ័យសម្រេចគោល​បំណង ក៏​មិន​ប្រកាន់​ថា បុគ្គល​នេះ ខ្មៅ ស្គម តូច​ទាប មិន​ស្អាត មិន​អាច​សម្រេច​គោល​ដៅ​បាន​នោះទេ គេ​ពិត​ជា​អាច​ធ្វើ​បាន សម្រេច​បាន​ ឲ្យ​តែ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ព្យាយាម ប្តេជ្ញា​ចិត្ត​ និង​ការ​យល់​ឃើញ​ត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​។

ដើម្បី​ងាយ​ស្រួ​យ​ក្នុងការ​យល់​ទៅ​ប្រធាន​បទ​សុភាសិត​ខាង​លើ​នេះ យើង​សូម​ចែក​​ជាពីរ​ផ្នែក។ «អាក្រក់​ៗចុះឲ្យ​តែល្អ»នៅ​ឃ្លាទី​​​​​មួយ​នេះ​មា​ន​ន័យ​ថា​​ មាន​រូបរាង​អាក្រក់​​​ ពាក្យសម្តីអាក្រក់ ក៏​​​ប៉ុន្តែ​មាន​​សន្តា​នចិ​ត្ត​ល្អ ឬមួយ​​​​​​​​​​​​​​​​​​​ទៀ​ត​ថា អា​ក្រ​ក់​រូប​កា​យ ​តែ​ចរិ​យា​​មា​រ​យាទ​ល្អ​។​​​ ដូច​ក្នុ​​ង​ប្រ​លោម​លោ​ក​​​រឿ​ង​កុ​លា​បប៉ៃលិន​ តួ​អង្គចៅចិត្រ មានរូបរាង​ស្គម ហាក់​បី​ជា​ខ្សត់​ខ្សោយ អត់​កម្លាំង​កំហែង​ដូច​ជាអ្នក​ញៀន​ថ្នំា​ តា​​ម​​ពា​ក្យ​​​ស​​ម្តី​ឃុ​ន​​​នា​រី​ប្រមាថ​ថា ​​​​​ដូ​ច​ជា​​​​មនុស្ស​​​​​ញៀ​ន​អា​​ភៀន​។​ តែនោះគ្រាន់​តែ​ជាសភាពលក្ខណៈ​ខាង​ក្រៅរបស់​​ចៅ​ចិត្រ​ប៉ុណ្ណោះ​ ​ផ្ទុយ​ទៅ​វិញ​​ចៅ​ចិត្រ​​ ជាមនុស្ស​​មាន​ចិត្ត​​ល្អទូ​លាយ​ ឧស្សា​ហ៍​ព្យាយាម​​ យក​ចិត្ត​ទុក​​ដាក់​​នឹង​​​ការងារ​​ ​ស្មោះត្រ​ង់នឹ​ង​គោរព​ចៅហ្វាយនាយ។

ម្យ៉ាង​វិញទៀត​​ពេលខ្លះ​ឪ​ពុក​ម្តាយ​​ ជេរ​ស្តីប្រដៅកូនចៅ​ប្រកប​ពាក្យសម្តី​​អសុរស​​ តែ​ក្នុង​គោ​លបំ​ណង​អប់​រំ​កូន​ឱ្យ​ប្រ​ព្រឹត្ត​ល្អ​​​ ​មាន​សុជីរធម៌​ ចូល​សង្គ​ម​គេ​ចុះ​ មិន​ជា​មនុស្ស​បាត​សង្គ​ម​​។​ ​ ឪពុក​​មា្តយ​គា​ត់​ប្រើ​​ពា​ក្យ​សម្តី​អាក្រក់ក៏ពិត​មែន​​​ ប៉ុ​ន្តែពួក​គាត់​មាន​​សន្តា​ន​​ចិត្ត​​ល្អ​​។

 

ចំណែក​ឯឃ្លា​ថា​«ក្រៗចុះ​ឲ្យ​តែ​មាន»​ នេះគឺ​សំដៅ​យក​​ មនុស្ស​ដែ​ល​ក្រទ្រ​ព្យ​សម្បត្តិ​ ​​​​​​​លុយ​កាស​ វី​ឡា​ឡា​ន​ ​​តែ​ជាមនុ​ស្ស​ដែ​លមានចរិត​​ឫក​ពា​ថ្លៃ​ថ្នូរ ​ព្រម​ទាំង​មាន​ដួង​ចិត្ត​ល្អ​ ចិត្ត​សប្បុរសធម៌ ចេះ ជួយ​អ្នក​ដទៃ ទោះ​បី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អន្ធក្រ ដោយ​មិន​គិត​សម្លឹង​ប្រយោជន៍ ឬ​មួយ​ជា​មនុស្ស​ហុត​ទឹក​សម្លឹង​កាក។ ទាំង​នេះ​បាន​សម្តែង​តាម​រយៈ តួអង្គ​ នាង​តន់ ក្នុងរឿង ភូមិ​តិរច្ឆាន ដែល​នាង​តន់​ក្រីក្រកំព្រីកំព្រា​ទេ តែ​សុខ​ចិត្ត​យក​ប្រាប់​សន្សំកេរពី​ឪពុក​មក​ជួយ​សុវណ្ណ ពេល​បារាំង​ទារ​ពន្ធ​ដារ ទាំង​យប់​អាធ្រាត្រ ដោយ​មិន​ខ្លាច​ពាក្យ​ដំនៀល​របស់​អ្នក​ផង ដែល​ក្នុង​ភេទ​ជា​ស្រី​ក្រមុំ ហ៊ាន​ដើរ​យប់ មក​ផ្ទះ​បុរស​។

មួយ​វិញ​ទៀត តួសម ក្នុង​រឿង ព្រះអាទិត្យ​ថ្មី រះ​លើ​ផែន​ដី​ចាស់ សម​ជា​ជន​កម្សត់​ក្រី​ក្រ តាំង​តែ​ពី​ដើម​រឿង​ដល់​ចុង​ចប់ សម​បាន​ប្រកាន់​ចិត្ត​ជា​សប្បុរស​ តម្កល់​ចិត្តក្នុង​ផ្លូវ​ល្អ ទោះ​បី​ក្នុង​ស្ថានភាព​ទី​ទាល់​លំបាក​យ៉ាង​ក៏​ដោយ។ សម​មិន​ដែល​បំភ្លេច​អំពើ​ល្អឡើយ។ ទីបំផុត​សម​ទទួល​ការ​គោរព​កោត​សរសើរ​ពី​កសិករ​ក្នុង​ស្រុក និង​បាន​ធ្វើ​ជា​តំណាង​កម្មករ​ ធ្វើដំណើរ​មក​ភ្នំពេញ​ ដើម្បី​ចូល​រួម​សមាជ​ជាតិ​​ផង​ដែរ។

ដោយ​ឡែក ការ​​យល់ខុស​ចំពោះ​ម្តាយ​នាង​វិធាវី ដែល​គិត​ថា​​ប៊ុនធឿន​ធ្លាក់ខ្លួន​ក្រ ហើយ​ផ្តាច់​កូន មិន​លើក​ឲ្យប៊ុនធឿន ព្រម​ទាំង​បំបែក​បំបាក់​គូស្នេហ៍នេះ ឲ្យ​នាងវិធាវី​រៀប​ការ​ជាមួយ​ណៃ​ស៊ត ដែល​​កូន​ស្រី​ខ្លួន​គ្មាន​ចិត្ត​ស្រឡាញ់​បុរស​កំហូច​នេះ​សូម្បី​តែ​បន្តិច។ ជា​លទ្ធផល យាយ​នួនម្តាយ​នាង​វិធាវី​ត្រូវ​មាន​ក្តី​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​មរណទុក្ខ​របស់​កូន​ស្រី និង​ការ​គិត​ខុស​របស់​ខ្លួនចំពោះ​គ្រួសារ​ប៊ុនធឿន​។

ជា​សរុប​មក​វិញ យើង​ឃើញ​ថា អាក្រក់​រូប​កាយ អាក្រក់​ពាក្យ​សម្តី មិន​ប្រាកដ​ថា​ចិត្ត​ក៏​អាក្រក់​នោះ​ទេ ហើយ​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ក៏​មិន​អាច​វាយ​តម្លៃ​ថា ក្រចិត្ត​សប្បុរធម៌​នោះ​ ក៏​ទេ​ដែរ។ ទាំង​អ្នក​មាន​រូប​អាក្រក់ សម្តី​មិន​ពីរោះ​ពិសា អ្នក​ក្រទ្រព្យ​ សុទ្ធតែ​មាន​ចំណុច​ល្អ​របស់​ខ្លួន​រៀង​ៗ​ខ្លួន ជាក់​ស្តែង​គឺពួក​គេ​មាន​ចិត្ត​ល្អ​នេះ​តែម្តង។

 

យោង​ទៅ​តាម​ការ​បក​ស្តាយ​យ៉ាង​ពិស្តារ​ខាង​នេះ​រួច​មក ប្រធាន​ពិត​ជា​បាន​បង្កប់​នូវ​ពុទ្ធិ​យ៉ាង​ជ្រៅ ដែល​ជា​ចំណេះ​ដឹង​មិន​ចេះ​រីង​ស្ងួត​ ទុក​សម្រាប់​អ្នក​អាន អ្នក​សិក្សា​ស្រាវជ្រាវ និង​មនុស្ស​គ្រប់​រូប​ ស្វែង​យល់​ពិចារណា​ យក​ជា​ប្រយោជន៍​។ ប្រធាន​មាន​តម្លៃ​អប់​រំ​យ៉ាងវិជ្ជមាន។ ដូច្នេះ​ក្នុង​នាម​យើង​ជា​អ្នក​សិក្សា ត្រូវ​សិក្សា​ឆ្វេង​យល់​បន្ថែម​ទៀត​ពី​ពាក្យសុភាសិត​បុរាណ​ខ្មែរ និង​បន្ត​ការ​អភិវឌ្ឍ​កសាង​ខ្លួន​ជានិច្ច​ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​មាន​សក្តានុពល​ក្នុង​ដំណើរ​វឌ្ឍនភាព​ជាតិ៕

 

តែង​ដោយ ឡយ សុវណ្ណ និង​ ហេង ឧត្តម (P3E)

សុក្រ ២៥ មីនា ១១

«បើចង់ធំឲ្យខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីត្រូវចេះថ្លឹង កុំប្រឹងជុះតាមដំរី»

ប្រធានបទសុភាសិត៖

«បើ​ចង់​ធំឲ្យ​ខំ​ពីតូច បើខ្លាច​ខូច​កុំ​ឆាប់​ខឹង ការ​អ្វី​ត្រូវ​ចេះ​ថ្លឹង កុំ​ប្រឹង​ជុះ​តាម​ដំរី»

សេចក្តីអធិប្បាយ

 

បុព្វបុរស​ខ្មែរ​យើង​ ជា​មនុស្ស​ចាស់​ទុំ​ប្រកប​ដោយ​តម្រិះ​វិជ្ជា​ជ្រៅ​ជ្រះ​ តាម​រយៈ​ការ​សិក្សា​ពីក្បួន​ខ្នាត​គម្ពីរសាស្ត្រា ពី​​ជីវ​ភាព​ជាក់​ស្តែង​នៅ​ក្នុង​ជីវិត​ ការ​សង្កេត​ពីជីវិត​នៅ​ជុំ​វិញ​ខ្លួន និង​បទ​ពិសោធ​មនុស្ស​ដទៃ​ទៀត​។ ដោយ​ចង់​បន្សល់​ទុក​នូវ​បទពិសោធ​ជីវិត​ដល់​នរជន​ជំនាន់​ក្រោយ ទើប​បុព្វបុរស​ខ្មែរ​រៀប​ចំ​ចងក្រង​ពាក្យ​ពេចន៍​អប់​រំ​ទូន្មាន​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​សុភាសិត​មួយ​ឃ្លា​បាន​លើក​ឡើង​ថា «បើ​ចង់​ធំឲ្យ​ខំ​ពីតូច បើខ្លាច​ខូច​កុំ​ឆាប់​ខឹង ការ​អ្វី​ត្រូវ​ចេះ​ថ្លឹង កុំ​ប្រឹង​ជុះ​តាម​ដំរី»។

 

តើ​សុភាសិត​​នេះមា​ន​អត្ថ​ន័យ​ដូចម្តេចដែរ?

 

ដើម្បី​ឈាន​ចូល​ទៅ​កាន់​ការ​បក​ស្រាយ​ឲ្យ​មាន​ន័យ​ទូលំទូលាយ​ប្រកប​ដោយ​អត្ថន័យ​ពិស្តារ​នោះ តោង​​យើង​ស្វែង​យល់​ពាក្យ​មួយ​ចំនួន​សិន។ ចំពោះ​ពាក្យ «​ចង់​ធំ» មាន​សេចក្តី ចង់​មាន​ឋានៈបុណ្យ​សក្តិ​ខ្ពស់ មាន​មុខ​មានមាត់​ក្នុង​សង្គម។ «​ថ្លឹង» សំដៅ​ដល់ ការ​ប្រមាណ ថ្លឹងថ្លែង លៃលក ប្រៀប​ប្រមាណ​មើល​។ «ឆាប់​ខឹង» មាន​ន័យថា ឆាប់​ឆេវឆាវ ងាយ​នឹង​បង្ក​ជម្លោះ ប៉ះ​​ភ្លាម​ង​រខ្ទើត​ដូច​ខ្ទួយ​។ យោង​តាម​ការ​ពន្យល់ពាក្យ​មួយ​ចំនួន​ខាង​លើនេះ ប្រធាន​ចង់​មាន​ន័យ​សេចក្តីថា បើ​ចង់​មាន​មុខ​មាត់​ឋានៈ​ធំ​ត្រូវ​ខំ​ប្រឹង​ប្រែង​ពី​តូច​ពីក្មេង បើ​ខ្លាច​ខូត​កុំ​ឆាប់​ឆេវឆាវ​បង្កជម្លោះ ចំពោះ​ការ​ធ្វើ​កិច្ច​ការ​អ្វី​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ប្រមាណមើល​ឲ្យ​បាន​ច្បាស់​លាស់ ។

ជាក់​ស្តែង​ណាស់​ក្នុង​ជីវិត​ក្តី ក្នុង​កិច្ចការ​ងារ​ក្តី គឺ​ត្រូវតែ​ចាប់​ផ្តើម​ពី​ចំណុច​ដំបូង។ មាន​ចំណុច​ផ្តើម​ទើប​មាន​ចំណុច​បញ្ចប់ ដូច​យើង​ឡើង​ជណ្តើរដូច្នោះ​ដែរ គឺត្រូវចាប់​ផ្តើ​ម​​ឡើងពី​កាំ​ទី​មួយ​ឡើង​ទៅ។ នៅ​ក្នុង​ប្រធាន​របស់​យើង​ ឃ្លា​ទី​មួយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សេចក្តីនេះ។

«បើ​ចង់​ធំឲ្យ​ខំ​ពីតូច» ដៅ​សេចក្តីថា រាល់​រូប​បុគ្គលទាំង​អស់​ដែល​បំណង​ប្រាថ្នា​ចង់​ធ្វើ​ធំ ចង់​មាន​បុណ្យ​សក្តិ​កេរ្តិ៍ឈ្មោះ​កិត្តិយស​ក្នុង​សង្គម គឺ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ពី​ក្មេង​វ័យ តាំង​ពី​ការ​រៀន​សូត្រ​ ប្រកប​កិច្ច​ការ​មុខ​របរ​ តស៊ូ​អំណត់​អត់​ធន់​ជម្នះ​នូវ​រាល់​ឧបសគ្គ​ដែល​ប្រឈមមុខ​។ នៅ​ក្នុង​ស្នាដៃ​អក្សរសិល្ប៍​ រឿង​កុលាប​ប៉ៃ​លិន តួ​អង្គចៅ​ចិត្រ ដែល​ខិត​ខំ​កសាង​ខ្លួន​តាំង​ពី​កម្មករ​ជីក​ត្បួង​រហូត​ដល់​ជា​អ្នក​កាន់​បញ្ជី និង​ឈាន​ដល់​អ្នក​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​របស់​លោក​ហ្លួង​រតន​សម្បត្តិ​​ទាំង​មូល។

«បើខ្លាច​ខូច​កុំ​ឆាប់​ខឹង» ឃ្លា​នេះ​មាន​ន័យថា បើ​ខ្លាច​ខូច​​ខាតបាត់​បង់​បាក់​បែក​នូវ​ទ្រព្យ​សម្បត្តិ​ផ្សេង​ដោយ​សារ​តែ​ការ​ខឹង​ឆេវឆាវ​របស់​ខ្លួននោះ ជួន​កាលក៏​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​កិត្តិ​យស​កេរ្តិ៍​ឈ្មោះ​ព្រោះ​តែខឹង​ក្រោធ។ នៅ​ក្នុង​សង្គម​ជាក់​ស្តែង មនុស្ស​មួយ​ចំនួន​ដែល​មាន​ចរិត​ឆាប់​ខឹង​រឹង​រួស គ្រាន់​តែ​ខឹង​អី​បន្តិច​បន្តួច​ក៏​បោក​​របស់​របរ​ ចាន​បោក​ឆ្នាំង ប៉ះ​ដៃ​យក​ដៃ​ប៉ះ​ជើង​យក​ជើង បង្ក​វិនាស​ទ្រព្យ​ដោយ​ឥត​ប្រយោជន៍។ ទង្វើ​នេះ​ នាំ​ឲ្យ​អ្ន​ក​ដទៃ​ជិត​ខាង​មើល​ងាយ​មើល​ថោក​​ជា​អនេក។ បើ​ចង់​ចៀសឲ្យ​ផុត​ពី​​ប្រការ​ទាំងនេះ គួរ​តែ​កុំ​ឆាប់​ខឹង​ច្រលោត​ដោយ​ឥត​មូល​ហេតុ ត្រូវ​រៀន​ហាត់​ពត់​​លត់​ដំ​ចិត្ត​ រក្សា​ភាព​នឹង​នរ​ ឈ្នះ​សេចក្តីក្រោធ​ដោយ​ការ​អត់​ធ្មត់​ សន្តោស​មាន​មេត្តា​កុរណា​ធម៌។

«ការ​អ្វី​ត្រូវ​ចេះ​ថ្លឹង» គឺ​ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​អ្វី​មួយ គប្បី​ត្រូវ​ចេះ​​ថ្លឹង​ថ្លែង​ប្រមាណ​មើលឲ្យ​បាន​សមគួរ​សិន ព្រោះរាល់​ការ​អ្វី​ក៏​ដោយ បើ​យើង​មិន​ចេះ​គិត​គូរ​វា​ជាមុន​ទេ​ វា​អាច​មាន​ផល​វិបាក​ដល់​យើង​​នៅ​ពេល​ក្រោយ ហើយ​កិច្ច​ការ​នោះ​ក៏​ពុំ​បាន​សម្រេច​តាម​បំណង​ដែរ។ ក្រឡេក​មើល​ទៅ​ទំព័រ​ប្រវត្តិសាស្រ្ត​ខ្មែរ​យើង​ដ៏​ជូរ​ចត់​នៅ​សម័យ​លង្វែក​ ប្រជា​ជន​ខ្មែរ​យើង​មួយ​ចំនួន​ដែល​មាន​ចិត្ត​លោភ​លន់ មិន​បាន​គិត​ថ្លឹង​ថ្លែង​ឲ្យ​បាន​ត្រឹមត្រូវ​​ នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​ឫស្សី​យក​ប្រាក់​ដួង​ដែល​សៀម​​ដាក់បញ្ឆោត​ ធ្វើ​ឲ្យ​កំពែង​ឫស្សី​ត្រូវ​បំផ្លិច​បំផ្លាញ​ ជា​ហេតុនាំ​​ឲ្យ​ទ័ព​សៀម​វាយ​យក​ក្រុង​លង្វែក​បាន​ដោយ​ងាយ។

ឃ្លា​ចុងក្រោយ​នៃ​ប្រធានបទ​សុភាសិត​ខាង​លើគឺ «កុំ​ប្រឹង​ជុះ​តាម​ដំរី» បាន​ន័យ​ថា ឃើញ​គេ​ធ្វើ​អ្វី​ៗបាន​ល្អ ក៏​ចេះ​តែ​ចង់​ធ្វើ​តាម​គេ តែ​ពុំ​បាន​ពុំ​គិត​ពី​សមត្ថភាព ​លទ្ធភាព​របស់​ខ្លួន មិន​បាន​មើល​មុខ​មើល​ក្រោយ​ពី​ទំហំ​ដើម​ទុនដែល​ខ្លួនឯង​មាន។ ប៉ុន្តែ​មិន​មែន​មានន័យ​ថា​មិន​ឲ្យ​យើង​យក​គំរូ​តាម​អ្នក​ដទៃ​ដែល​ធ្វើ​ល្អ​នោះ​ទេ គឺ​ចង់​ពញ្ញាក់​អារម្មណ៍​ឲ្យ​យើង​គិត​ពិចារណា​ពី​លទ្ធភាព​សមត្ថភាពរបស់​ខ្លួន​ជា​មុន មុន​នឹង​ប្រកប​កិច្ច​ការ​នោះ ក៏​ដូច​ជា​ឲ្យ​យើង​ចេះ​រៀប​ចំ​ខ្លួន​ទុក​ជាមុន​ ដើម្បី​នឹង​ធ្វើ​ឲ្យ​សម្រេច​នូវ​ភារកិច្ច​ដែល​យើង​បម្រុង​នឹង​ធ្វើនោះ​។

ជាសរុប​មក​ មុន​នឹង​កាន់​កិច្ច​ការ​ធំ មាន​មុខ​តំណែង​ធំ​ខ្ពង​ខ្ពស់​នៅ​ក្នុង​សង្គម ត្រូវតែ​ខិតខំ​រៀប​ចំគោល​ដៅ​ពី​តូច ពេល​ធ្វើ​ការងារ​អ្វី​មិន​ត្រូវ​ខឹង​ច្រលោត​នាំ​ឲ្យ​ខាត​ប្រយោជន៍ ដើម្បី​ធ្វើឲ្យ​​សម្រេច​កិច្ច​ការ​គួរគប្បី​ថ្លឹង​ថ្លែង​ពិចារណា និង​មិន​ត្រូវ​ចេះ​តែ​ធ្វើ​អ្វី​តាម​តែ​គំរូ​របស់​ជន​ដទៃ ដោយ​មិន​បាន​មើល​ខ្លួន​ឯងគ្រប់​ជ្រុង​ជ្រោយ​​ជាមុនឡើយ។

 

យោង​តាម​ការ​បក​ស្រាយ​ខាង​លើ​នេះ ​​   គ្រប់​ឃ្លា​នៃ​ប្រធាន​សុភាសិត សុទ្ធ​តែ​មាន​ការ​​អប់​រំ​ទូន្មាន​យើង​ជា​អ្នក​សិក្សា​។ ប្រធាន​មាន​តម្លៃ​ជា​វិជ្ជមាន។ ក្នុង​នាម​យើង​ជា​អនុជន​ជំនាន់​ក្រោយ​ ត្រូវ​តែ​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត​ពី​ស្នាដៃ​បុព្វ​បុរស​​ដែល​បាន​បន្សល់​ទុក​ឲ្យ និង​ខិតខំ​កសាង​អភិវឌ្ឍ​ខ្លួន​ជានិច្ច​ ព្រម​ទាំង​ព្យាយាម​សិក្សា​ក្រេប​ជញ្ជក់​យក​ចំណេះ​វិជ្ជា​ ដើម្បី​ចូល​​រួម​ចំណែក​ស្តារ​កិត្តិនាម​មាតុប្រទេស​ឡើង​វិញ៕

 

តែង​ដោយ​ យុវសិស្ស ឡយ សុវណ្ណ និង​ ហេង ឧត្តម ថ្នាក់ P3E

បណ្ណាល័យ​FP ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១១

 

http://wisdomsupportcenter.blogspot.com/2011/03/blog-post_3178.html