ប្រកាសដោយ ទេពសុវិចិត្រ (ឈ្មោះក្រៅ៖ វិចូច) ថ្ងៃ០៨.០៨.២០១១ ប្រវត្តិលោកគ្រូ ម៉ុក សំឱក
ដកស្រង់ទាំងស្រុងចេញពីទស្សនាវដ្ដី មិត្តសាលាបាលី ឆ្នាំទី១ ខែមិថុនា លេខ៦។ (ឆ្នាំ១៩៥០)
លោកគ្រូ ម៉ុក សំឱក កើតនៅក្រុងភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា គ.ស. ១៨៨០។ បិតារបស់លោកនាម ម៉ុក ជាមន្ត្រីក្នុងព្រះបរមរាជវាំង ខាងក្រុមព្រះអាល័ក្ស ហើយជាកវី១រូបយ៉ាងឯកខាងកាព្យឃ្លោង មានកិត្តិស័ព្ទល្បីល្បាញក្នុងជំនាន់រាជ្យព្រះកុរណាសុវណ្ណកោដ្ឋ។ មាតានាម ជំទាវ សម។ លោកគ្រូ ម៉ុក សំឱក មានភរិយាឈ្មោះ អ្នកស្រីពុំ, បានកូនស្រីមួយឈ្មោះនាង សំឱក-ម៉ាលីយ៉ាន។
កាល ពីបឋមវ័យ, លោក ម៉ុក សំឱក បានសិក្សាក្នុងសាលាបារាំង-ខ្មែរ បានប្រលងជាប់សញ្ញាប័ត្របឋមសិក្សាបំពេញវិជ្ជា ផុតថ្នាក់ក្នុងជំនាន់នោះ។ ក្នុងឆ្នាំ១៩០៣ រាជការបានតាំងលោកឲ្យធ្វើការនៅ ក្រសួងសិក្សាធិការ, លុះបន្ទាប់តមក លោកបានធ្វើជាគ្រូបង្រៀនក្នុងសាលាដូចតទៅនេះ៖
- ឆ្នាំ ១៩០៨ នៅសាលា ឌូដាដឺឡាគ្រេ ភ្នំពេញ
- ឆ្នាំ ១៩១២ នៅខេត្តកំពង់ធំ
- ឆ្នាំ ១៩១៨ នៅសាលា ឌូឌាដឺឡាគ្រេ ភ្នំពេញ
- ឆ្នាំ ១៩២៥ នៅសាលា ហ្វ្រង់ស៊ីគារញ៉េរ ភ្នំពេញ
- ឆ្នាំ ១៩២៦ នៅសាលា ហ្វ្រង់ស្វាដូដ្វាំង ភ្នំពេញ
លោកម៉ុក សំឱក ជាគ្រូ១រូបយ៉ាងជំនាញ, ពេញចិត្តក្នុងការបង្ហាត់បង្រៀនណាស់ ហើយជាទីស្រលាញ់ពេញចិត្តនឹងគោរពកោតក្រែង ដោយស្មោះត្រង់នៃបណ្ដាសិស្សទាំងឡាយ ទើបលោកទទួលបាននូវគ្រឿងឥស្សរិយយសដូចខាងក្រោម៖
- មេដៃយ៍មណីសារាភ័រណ៍ ……………… (៩ – ១ – ១៤)
- មេដៃយ៍ប្រាក់ …………………………….. (១០ – ៥ – ១៥)
- មេដៃយ៍សំរិទ្ធិ …………………………….. (២៣ – ៤ – ១៦)
- មេដៃយ៍កិត្តិយសប្រាក់ថ្នាក់លេខ២ …… (២៩ – ៧ – ២០)
- មេដៃយ៍អស្សរិទ្ធិ ………………………….. (១៣ – ៤ – ២៦)
- មេដៃយ៍កិត្តិយសប្រាក់ថ្នាក់លេខ១ ……. (២៦ – ៨ – ២៩)។
លោកបានឡើងថ្នាក់ជា គ្រូបង្រៀនដើមខ្សែទី២ ក្នុងឆ្នាំ ១៩៣០, តែកន្លងបានមួយឆ្នាំ លោកគ្រូមានជម្ងឺក្អកឈាមជាទម្ងន់ ក្រោយដែលបានបំពេញរាជការចំនួន ២៨ឆ្នាំ ដោយយកចិត្តទុកដាក់ជាទីបំផុត លោកក៏ទទួលមរណភាពទៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៣១ ក្នុងអាយុ ៥១ឆ្នាំ។ កាលដែលលោកបាត់បង់ទៅ ប្រទេសកម្ពុជាក្នុងជំនាន់នោះ បានខាតនូវគ្រូបង្រៀនដ៏ល្អមួយ ដែលបានបំពេញករណីកិច្ចចំពោះប្រទេសជាតិ តាមនាទីរបស់ខ្លួនយ៉ាងស្មោះចំពោះ ដោយពេញនិស្ស័យ។ យើងកុំភ្លចថាក្នុងសម័យនោះ អ្នកមានចំណេះដឹងប្រហែលនឹងលោក មានចំនួនតិចគ្នាពន់ពេកណាស់ ហើយលោកស្ម័គ្រចិត្តខាងក្រសួងសិក្សាធិការ ដែលពុំសូវមានអ្នកចូលចិត្តធ្វើ ចុះលេខរៀងខាងគ្រូបង្រៀនជាលំដាប់ទី៤ ដោយលោកមានចិត្តអាណិតអាសូរដល់កុមារខ្មែរណាស់ ចង់ឲ្យបានចេះ ឲ្យបានសុភាពរាបសាសមរម្យល្អ នឹងបំពេញក្នុងសង្គម។ អធ្យាស្រ័យនេះជ្រួតជ្រាបពេញព្រៀបក្នុងកិច្ចការជាស្នាដៃរបស់លោក ស្ទើរតែគ្រប់ទំព័រ។
លោកម៉ុក សំឱក, ថ្វីបើបានបំពេញចំណេះវិជ្ជាខាងសាលា បារាំង-ខ្មែរ, គង់អាចចាត់ជាអ្នកប្រាជ្ញមួយរូប ដោយពេញលក្ខណៈខាងអក្សរសាស្ត្រខ្មែរ តែការណ៍នេះមិនគួរនាំឲ្យងឿងឆ្ងល់ទេ ព្រោះក្នុងជំនាន់នោះនៅពុំទាន់កើតការតាំងជញ្ជក់មាត់សរសើរភាសា បរទេសដល់ធ្វេស មិនរវល់ចំពោះភាសារបស់ខ្លួន រហូតដល់ទៅបន្ថោកភាសារបស់ខ្លួនដូចសព្វថ្ងៃនេះនៅឡើយ។ ឯប្រវេណីបុរាណខ្មែរ នៅព្រាយពន្លឺច្បាស់លាស់ ណាមួយបិតារបស់លោកជាអ្នកកាព្យឯក ប្រើកាព្យជាភាសានិយាយធម្មតាផង។ លោក ម៉ុក សំឱក បានរៀបរៀងរឿងរ៉ាវជាច្រើនសម្រាប់បង្រៀនសិស្ស។ រឿងរ៉ាវទាំងនោះច្រើនមានចុះនៅក្នុង បុល្លឺតាំងក្រសួងសិក្សាធិការ និងសៀវភៅសម្រាប់ថ្នាក់មាន កុមារដ្ឋាន ជាដើម និងក្នុងសៀវភៅទស្សនាវដ្ដី “ ស្រុកខ្មែរ” ពីឆ្នាំ១៩២៧ ដល់ឆ្នាំ ១៩៣០។ តាមសង្កេតមើលស្នាដៃរបស់លោក យើងបានប្រទះពាក្យកាព្យ ច្រើនជាងពាក្យរាយ ជាបទគ្រប់បែបមាន កាកគតិ, ព្រហ្មគីតិ, ភុជុង្កលីលា ជាដើម។ ចំណែកសិស្សគណៈរបស់លោក ដែលបានទន្ទេញដំបូន្មានជាពាក្យកាព្យ ចាំស្ទាត់សូត្រមាត់ទទេបាន តាំងពីកាលខ្លួននៅជាកូនសិស្ស ដរាបមកដល់សព្វថ្ងៃនេះក៏មានច្រើនរូបដែរ។ យើងសូមដកស្រង់ស្នាដៃរបស់លោកមកដោយអន្លើៗ ចុះផ្សាយចែកជូនលោកអ្នកអានទាំងឡាយ ដូចសេកក្ដីតទៅនេះ។
មេអំបៅនិងដង្កូវ
| មេអំបៅថា | អាចោមោហោ | អាដង្កូវនេះ |
| រូបរាងអាក្រក់ | ក្រខ្វក់អ្វីម្ល៉េះ | ក្លិនខ្លួនឆ្អាបឆ្អេះ |
| អញខ្ពើមណាស់ណា៎។ | ||
| ទៅណាទៅខោល | អាក្រាតននល | ជាអនាថា |
| ម្ដេចក៏គឃ្លើន | ព្រហើនអស្ចារ្យ | វារលេងលើផ្កា |
| ផ្កានេះបាត់ក្លិន។ | ||
| ចៀសចេញឲ្យឆាប់ | ខំនៅនឹងស្លាប់ | នឹងរិទ្ធិភមរិន្ទ |
| ចិញ្ចឹមជីវិត | នឹងផ្កាមានក្លិន | ជាតិឯងជាតិហីន |
| ទៅស៊ីលាមកទៅ។ | ||
| ដង្កូវថាយើ | ពីម្សិលមិញតើ | ភ្លេចភ្លាមហើយចៅ |
| ស្ទាបខ្លួនឯងមើល | ត្រជាក់ឬក្ដៅ | សត្វមេអំបៅ |
| ចេញទៅពីណា។ | ||
| ឲ្យដឹងជាតិខ្លួន | សឹមលេងសំនួន | ដៀលតិះតាមការ |
| កុំអាលត្មះអញ | ជាមេជាបា | ដូចពាក្យឧបមា |
| បាចខ្សាច់ច្រាសខ្យល់។ |
ពិលាបនៃផ្លូវមួយ
| ឱះឱអញអើយ | កើតជារូបហើយ | មានឈ្មោះឧត្តម |
| អ្នកស្រុកគេហៅ | ថាឧកញ៉ាអ៊ំ | នាមចតុស្ដម្ភ |
| ដែលធំក្រៃលែង។ | ||
| គ្មានគេឧបត្ថម្ភ | រក្សាថែទាំ | ដូចគេដូចឯង |
| គឺគេមិនស្បិត | គិតតុបគិតតែង | កម្មអ្វីតែឯង |
| ឥតគេអាសូរ។ | ||
| ហេតុតែកំព្រា | ធន់ក្ដៅរងា | ក៏មិនអាចថ្ងូរ |
| លោកអើយអាណិត | ជួយគិតជួយគូរ | ឲ្យបានកៅស៊ូ |
| គ្របដណ្ដប់ផង។ | ||
| លំអរូបខ្ញុំ | ប្រយោជន៍ដល់ក្រុម | រាជការទេហោង |
| សូមលោកអាណិត | ជួយគិតខ្ញុំផង | ឲ្យបានដូចប៉ង |
| ប្រាថ្នានៃខ្ញុំ។ | ||
| ឱលោកអ្នកណា | មានចិត្តជ្រះថ្លា | នឹងការសុខុម |
| សូមលោកខំគិត | បើអាណិតខ្ញុំ | បើលោកមិនសម |
| ក៏វ្ហីទៅចុះ។ | ||
| ខ្ញុំក៏ទ្រាំក្សត់ | លោកក៏ទ្រាំអត់ | តាមកម្មផងមនុស្ស |
| អកុសលទាំងខ្ញុំ | ទាំងលោកទៅចុះ | គ្មានគេអនុគ្រោះ |
| បន្ទោសនរណា។ |
ចិត្តមាតាបិដា
| ម៉ែឪឃើញមានគំនិត | រីកថ្លើមរីកចិត្ត | រឹងរិតស្រលាញ់។ |
| ថ្នមកូនមិនឲ្យខឹងក្នាញ់ | ចំណីណាឆ្ងាញ់ | ទុកឲ្យអាស្រ័យ។ |
| ថ្និតថ្នមដូចកែវចរណៃ | ដ៏មានដំឡៃ | ស្មើដួងនេត្រា។ |
| នាំគ្នាបែរបន់ទេវតា | អារក្សអ្នកតា | កុំឲ្យឈឺថ្កាត់។ |
| មិនដែលបន្ទោសមួយម៉ាត់ | សរសើរតែស្ងាត់ | ប្រាប់ម៉ែប្រាប់យាយ។ |
| សរសើរដល់គ្រូបាធ្យាយ | ហើយលើកដៃថ្វាយ | បង្គំព្រះវិហារ។ |
| ថាហេតុតែបុណ្យសម្ភារ | ព្រះដ៏ឈ្នះមា | ទ្រទ្រង់កូនចៅ។ |
| ឲ្យមានជីវិតនិត្យនៅ | ចំណេះក៏ជ្រៅ | ប្រាជ្ញាក៏វៃ។ |
| ហើយមានមារយាទល្អក្រៃ | ដឹងកិច្ចប្រពៃ | គោរពគុណគាប់។ |
| កូននេះជាកូនដើមទ្រព្យ | វានឹងមានភ័ព្វ | សំណាងជាងឪ។ |



















