នំកង និពន្ធដោយ ហេង-ឧត្ដម

នំ​កង

និពន្ធដោយ ហេង-ឧត្ដម

នំកងទាំងបី ពួកយើងទាំងបីនាក់ ខ្មែរក្រោម ខ្មែរលើ ខ្មែរកណ្តាល

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ខ្ញុំ​កាន់​តែ​ក្លាយ​ជា​មនុស្ស​រវើរវាយ​ច្រើន​ហើយ… ខ្ញុំ​ចេះ​តែ​គិត​ច្រើន ស្រមើ​ស្រមៃ​រវើរវាយ​អណ្ដែត​អណ្ដូង… ហើយ​ពេល​ទំនេរ សំកុក​ក្នុង​ខ្ទម​ម្នាក់​ឯង​ដូច្នេះ​ផង រឹត​តែ​ធ្វើ​ឱ្យ​អារម្មណ៍​របស់​​ខ្ញុំ​ហោះ​ហើរ​ទៅ​រក​ពិភព​រវើរវាយ​កាន់​តែ​ខ្លាំង​ឡើង… មាន​ពេល​ខ្លះ ខ្ញុំ​ចង់​វិល​ទៅ​រក​អតីត​កាល… ខ្ញុំ​ចង់​ក្លាយ​​ជា​កូន​ក្មេង​វិញ… ក្មេង​តូច​ដែល​គួរ​ឱ្យ​ស្រឡាញ់… ក្មេង​ដែល​មិន​ចេះ​គិត​គូរ​វែង​ឆ្ងាយ… ស្រួល​ម្យ៉ាង​ដែរ! សោះ​ហ្នឹង​ឈឺ​ក្បាល​ស្មុគស្មាញ​ច្រើន។

នា​ពេល​រលឹម​ស្រិច​ៗ​ ​ បាន​នាំ​អារម្មណ៍​របស់​ខ្ញុំ ​ដែល​កំពុង​តែ​រសាត់​តាម​មាត់​បង្អួច​ខ្ទម ​ឱ្យ​នឹក​ឃើញ​ថ្ងៃ​​មួយ​នៃ​យុវភាព…

រសៀល​ថ្ងៃ​សៅរ៍ មេឃ​ស្រទំ​មីរ​ដេរដាស​ដោយ​ដុំ​ពពក​ខ្មៅ​នៅ​ទិស​ខាង​កើត… ខ្ញុំ​ដឹង​ថា​ បើ​ខ្ញុំ​ចេញ​កង់​ទៅ មេឃ​ច្បាស់​ជា​ភ្លៀង​ទទឹក​ជោក​អស់​ហើយ តែ​ខ្ញុំ​នៅ​តែ​សម្រេច​ចិត្ត​ចេញ​ទៅ​ជួប​មិត្តសម្លាញ់​របស់​​​ខ្ញុំ។ ទោះ​បី​​ជាមេយរកបង្អុរ​ភ្លៀង​យ៉ាង​ក៏ដោយ ក៏ខ្ញុំ​មិន​ជឿ​ថា​ពួក​គេ​មិន​មក​នោះ​ទេ ព្រោះ​ខ្ញុំដឹង​​ថា​ពួកគេ​ទាំងពីរ​ជា​អ្នក​គោរព​សន្យាណាស់​​។

នៅ​តាម​ផ្លូវ ខ្ញុំ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់លក់​នំ​កង ខ្ញុំ​នឹក​ចង់​ទិញ​សម្រាប់​ខេមា​និង​ជំនិត។ ខ្ញុំ​ក៏​ឈប់​កង់ ​​ដើរ​សំដៅ​គាត់ ស្រាប់​តែ​មាន​ក្មេង​ជំទង់​ម្នាក់​ទៀត​ទូល​នំ​គម​មក​ទៀត ខ្ញុំ​ចង់​ទិញ​ទាំង​ពីរ​មុខ​ ព្រោះ​ខ្ញុំ​ដឹង​ថា​ មិត្ត​ទាំង​ពីរ​របស់​ខ្ញុំ​ចូលចិត្ត​នំ​ទាំង​ពីរ​មុខ​នេះ​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​ខេមា ។ នាង​បាន​ផ្ដាំ​ថា បើ​បាន​ឃើញ​ជួយ​ទិញ​ផ្ញើនាង​ផង ។​ ខ្ញុំ​ស្ដាយ​ដោយ​អស់​លុយ​ពី​ហោប៉ៅ​រលីង​សល់​តែ​ប៉ុន្មាន​រយ​រៀល​សម្រាប់​​ទិញ​នំ​កង​ពីរ​តែ​ប៉ុណ្ណោះ។ ទោះ​បី​ជា​នំ​កង​តិច​ក៏​ពិត​មែន តែ​វា​ចេញ​ពី​ទឹក​ចិត្ត​ដ៏​ស្មោះ​ស្មគ្រចំពោះ​មិត្តភាព…

នៅ​តាម​ផ្លូវ​ក្រោម​ដំណក់​ទឹក​ភ្លៀងផ្សែង​ក្រូច​   ខ្ញុំ​ឈប់​កង់​ឈរ​សម្លឹង​មើល​    ដោយ​ឃើញ​ស្ត្រី​ចំណាស់​​រើស​អេត​​​​​ចាយ​​​រុញ​រទេះ​ចាស់​ដ៏​កំព្រួក​ចៀស​កន្លុក ​ដោយ​ដាក់កូន​ពី​មុខ​ក្នុង​រទេះ​គ្រប​ប៉ាតង់​កៅ​ស៊ូ​កញ្ចាស់… ក្មេង​​តូច​នោះ​អើត​ក្បាល​ចេញ​មក​ក្រៅ ​ហាក់​ដូច​ជា​មិន​ចង់​ឱ្យ​ម្ដាយរបស់​​វា​ទទឹក​ទឹក​ភ្លៀង​តែ​ម្នាក់​ឯង។ ទិដ្ឋភាព​នេះ​​បាន​នាំ​ចិត្ត​របស់​ខ្ញុំ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​អារម្មណ៍​មួយ ​យ៉ាង​ចម្លែក​ក្នុង​ទុគ៌តភាព​នៃ​ជីវិត។ ខ្ញុំ​ឈរ​សម្លឹង​មើល​គាត់​សញ្ជឹង​គិត​យ៉ាង​វែងឆ្ងាយ​រហូត​ដល់​ភ្លេច​ខ្លួន… មួយ​សន្ទុះ​ក្រោយ​មក ស្ត្រី​ចំណាស់​នោះ​រុញ​រទេះ​មក​ដល់​ក្បែរ​ខ្លួន​​ខ្ញុំ ​ហើយ​លើក​ដៃ​សំពះ​ ហា​មាត់​ស្រដី​សុំ​ក្ដី​មេត្តា៖

«ពូ! សុំ​លុយ​ទិញ​បាយ​ឱ្យ​កូន​ហូប​ផង!»

ឮ​សម្ដី​នេះ​ភ្លាម ខ្ញុំ​ភ្ញាក់​ខ្លួន​ប្រមូល​អារម្មណ៍​មក​ក្នុង​ខ្លួន​ឡើង​វិញ ចិត្ត​ខ្ញុំ​សង្វេគ​អាណិត​គាត់​ជា​ខ្លាំង… ដោយ​សភាវគតិ ខ្ញុំ​ស្ទាប​ហោប៉ៅ​ខោ ​តែ​គ្មានសល់​ប្រាក់​នៅ​បាត​ហោប៉ៅ​មួយ​សេន​ឡើយ។ រំពេច​នោះ ខ្ញុំ​នឹក​ឃើញ​នំ​កង​ពីរ​នោះ ខ្ញុំ​ក៏​រូត​កាតាប​យក​មក​ជូន​គាត់​ទៅ។ គាត់​សំពះ​អរគុណ​សាជា​ថ្មី ហើយ​ពោល​ពាក្យ​ជូន​ពរ​ប៉ុន្មាន​ឃ្លា ​តែ​ខ្ញុំ​មិន​បាន​ស្ដាប់​ឮ​នោះ​ទេ ​ព្រោះ​គាត់​និយាយ​តិច​ៗ​ពេក ​ស្ទើរ​តែ​ពុំ​ហើប​មាត់​។ ខ្ញុំ​ជូន​គាត់​ក៏​មិន​ដើម្បី​តែពាក្យ​ជូន​ពរ​នោះ​ទេ គឺ​ខ្ញុំ​បួង​សួង​កុំ​ឱ្យ​គាត់​មាន​វាសនា​ដូច្នេះ​ទៀត… សូម​ឱ្យ​​គាត់​បាន​ល្អ​ប្រសើរ​ជាង​នោះ… ខ្ញុំ​សំពះ​តប​ទៅ​គាត់​វិញ ​ហើយ​ក៏​ជិះកង់​បន្ត​ទៅ​ជួប​មិត្ត​ភក្តិ​តាម​ការ​ណាត់​​ជួប​ទាំង​ដៃ​ទទេ។

ក្រោមដើមពោធិ៍ ដែលយើងតែងតែ ជួបជុំគ្នា មុខវត្តបទុម!

ខ្ញុំ​ទៅ​ដល់​ដើម​ពោធិ៍​ឃើញជំ​និត​អង្គុយ​អាន​សៀវភៅ​ចាំ​ខ្ញុំ​ជា​ស្រេច។ ខ្ញុំ​រំពៃ​រក​ខេមា​មិន​ឃើញ។ គ្រាន់​​តែ​ដាក់​គូទ​អង្គុយ​មិន​ទាំង​បាន​និយាយ​គ្នា​ប៉ុន្មាន​ផង ​ស្រាប់​តែ​អ្នកសុំ​ទាន​មក​សំពះ​សុំ​លុយ​ពួក​យើង​​តែ​ម្ដង។ ខ្ញុំ​ធ្វើ​អេះអុញ​រួច​ប្រាប់​គេ​តាម​ត្រង់​ដោយ​សម្ដី​ស្រាល​ថា​អត់​លុយ​ទេ។ ជំនិតក៏​​ដក​លុយ​ពី​កាបូប​ឱ្យ​ក្មេង​សុំ​ទាន​​នោះ​ពីរ​រយ​រៀល​ទៅ។ ក្រោយ​ពី​ក្មេង​នោះដើរ​ចេញ​បាត់ ជំនិត​និយាយ​មក​ខ្ញុំ​តិច​ៗ​តែ​ច្បាស់​ៗ​ក្នុង​ត្រចៀក​របស់​ខ្ញុំទាំង​គូ​ថា៖

«ឯង​នេះ​ចំ​ជា​ចិត្ត​អាក្រក់​មែន​ទែន! គ្រាន់​តែ​គ្នា​សុំ​ប៉ុណ្ណឹង​មិន​ឱ្យ​ដែរ… កំណាញ់​ណាស់! សព្វ​អា​ម៉ា​ពីរ​បី​រយ​ប៉ុណ្ណឹង​សោះ! ឯង​យក​ធ្វើ​មាន​អី?»

សម្ដី​គេ​មួយ​ៗ​ទេ​តែ​ជា​កាំបិត​យ៉ាង​មុត​ស្រួច ជា​គ្រាប់​ព្រួញ​ពិស​យ៉ាង​សាហាវ​អារ​បាញ់​ទម្លុះ​ដួង​ចិត្ត​ខ្ញុំ​ឱ្យ​ឈឺ​ពើត​ផ្សា​ជា​ខ្លាំង។ ខ្ញុំ​ហួស​ចិត្ត​នឹង​មិត្តរបស់​ខ្ញុំ​ដែល​ថា​ខ្ញុំ​ជា​មនុស្ស​កំណាញ់ អសប្បុរស… ខ្ញុំ​ស្ទើរ​តែ​រក​ទំនុក​ឆ្លើយ​តប​នឹង​គេ​ពុំ​កើត…​ តែ​ខ្ញុំ​ព្យាយាម​និយាយ​ពន្យល់​គេ​តិច​ៗ​ថា៖

«សម្លាញ់! គ្នា​មិន​កំណាញ់​ពេក​នោះ​ទេ! ការ​ជួយ​គ្នា ការ​ឱ្យ​ទាន​ជា​ការ​ល្អ​ប្រសើរ​ហើយ តែ​គ្នា​មិន​ចង់​ឱ្យ​គាត់​នោះទេ ទោះ​បី​ជា​គ្នា​មាន​លុយ​ក៏ដោយ… ឯង​ឃើញ​ទេ? គាត់​មាន​ដៃ​ពីរ​ជើង​ពីរ​ដូច​តែ​យើង​ដែរ… យើង​ខិត​ខំ​រក​ស៊ី​លំបាក​សឹង​នឹង​ងាប់​ទៅ​ហើយ ឯ​ពួក​គាត់​បែរ​ជា​មក​ដើរ​សុំ​គេស្រួល​ៗទៅវិញ!…»

ខ្ញុំ​ផ្អាក​បន្តិច​ ដោយ​ឃើញ​ជំ​និត​ជ្រួញ​ចិញ្ចើម​ ដោយ​សារ​សម្ដី​របស់​ខ្ញុំ ​ប្រាស់​​ចាក​ការ​យល់​ឃើញ​របស់​គេ​ហើយ​មើល​ទៅ។ ខ្ញុំ​លេប​ទឹក​មាត់ផ្សើមបំពង់.កបន្តិច​ រួច​ស្រូបខ្យល់​បំពេញ​សួត​ ហើយ​និយាយ​បន្ត៖

«គ្នា​និយាយ​នេះ​មិន​មែន​មាន​ន័យ​ថា ​គ្នា​អមនុស្ស​ធម៌ពេក​នោះ​ទេ ហើយ​ក៏​មិន​និយាយ​តែ​ដើម្បី​ការ​ពារ​ខ្លួន​នោះដែរ​… ប៉ុន្តែ​គ្នា​យល់​ឃើញ​ថា បើ​យើង​ជួយ​គាត់​ដោយ​ឱ្យ​ត្រឹម​តែ​លុយ​ប៉ុន្មាន​រយរៀល​គ្រាន់​តែ​ទិញ​​បាយ​មួយ​ពេល​ប៉ុណ្ណោះ… ថ្ងៃ​ស្អែក​គាត់​នឹង​ដើរ​សុំ​ទាន​គេ​ទៀត…»

និយាយ​ប្រាប់​ជំនិត​មក​ដល់​ត្រឹម​នេះ ខ្ញុំ​នឹក​រអៀស​ខ្លួន​ខ្លះ​ដែរ… មុន​នេះខ្ញុំ​ឱ្យ​នំ​កង​ទៅ​ស្រី​ចំណាស់​រុញ​រទេះ​ម្នាក់​នោះ… មិន​ដឹង​ហេតុ​អ្វី​បាន​ជា​បណ្ដាល​ឱ្យ​ខ្ញុំ​ឱ្យ​នំ​ទៅ​គាត់? ប្រហែល​ជា​មក​ពី​អាណិត​កូន​ក្មេង​ នៅ​ក្នុង​រទេះ​នោះទេ​ដឹង? ឬ​មួយ​មក​ពី​ម្ដាយ​និង​កូន​នេះ​ចេះ​ងើប​តស៊ូ​ហើយ​ ដូច្នោះ​ខ្ញុំ​ត្រូវ​តែ​ជួយជំរុញ​បន្ថែម?

ខ្ញុំ​អាក់​មួយ​សន្ទុះ ឃើញ​ថាជំនិត​យល់​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​តិច​ៗ​ដែរ… ខ្ញុំ​ក្រលេក​ទៅ​ខាង​ឆ្វេង​ដៃរបស់​ខ្ញុំ​ប្រមាណជាហុកសិប​ម៉ែត្រ ​ឃើញ​ជន​ពិការ​ជើងស្ដាំ​កំពុង​អង្គុយ​ដោះ​មួកសំពះ​​សុំ​ទាន​គេ… ខ្ញុំ​ងាក​មក​មិត្ត​របស់​ខ្ញុំ​វិញ ហើយ​កេះ​ប្រាប់​គេ៖

«ឯង​ឃើញ​ទេ? ជន​ពិការ​ស្រុក​យើង​ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​សុំ​ទាន! មាន​ជន​ពិការ​ជា​ច្រើន​លើ​ពិភពលោក​ដូច​ជាហ.អូតូតាគេ(H.Ototake) តូនី-គ្រិស្ទានសិន(Tony-Christansen) ម៉ាក-អិនគ្លិស(Mark-Inglis) លោក​ស្រី​ស្ទេន​ហ្វាន​-ហូវគិន(Stephen-Howkins)… ខ្លះ​ជា​មហាសេដ្ឋី ជា​អ្នក​បំបែក​ឯត​ទគ្គកម្ម​ពិភពលោក ជា​បុគ្គល​ជោគជ័យ​យ៉ាង​សម្បើមក្នុង​ជីវិត… ពួក​គេ​ទាំង​នោះ​មិន​ដែល​គិត​ថា​ ខ្លួន​គេ​ពិការ​ម្ដង​ណា​ឡើយ… អវយវៈ​របស់​គេ​ពិការ​ពិត​មែន​តែ​ខួរ​ក្បាល​របស់​គេ​មិន​ពិការ​ទេ! គ្នាឃើញ​ឯង​ចែក​រំលែក​ប្រាក់​កាស​ឱ្យ​អ្នក​សុំ​ទាន​ពេល​នេះ​និង​ពី​មុន​ៗ​មក គ្នា​សប្បាយ​ចិត្ត​ណាស់​ដែល​គ្នា​មាន​មិត្ត​ភក្តិ​ដ៏ល្អ មាន​ចិត្ត​សប្បុរស ចេះគិត​គូរ​ដល់​អ្នក​ក្រ​ក្សត់​ដូច​គ្នា… តែ​ឯង​មាន​ដែល​គិត​ទេ​ថា លុយ​ដែល​ឯង​ឱ្យ​គាត់​នោះ គាត់​យក​ទៅ​ធ្វើ​អី? ជា​ការ​ពិត​ណាស់​សម្លាញ់! ការណ៍ដែល​យើង​ឱ្យ​អ្វី​ទៅ​នរណា​ម្នាក់ យើង​មិន​រំពឹង​ចង់​បាន​សំណង​អ្វី​ពី​គេ​មក​វិញ​នោះ​ទេ។ យើង​គ្រាន់​តែ​ប្រាថ្នា​ចង់​ឱ្យ​ពួក​គាត់​កុំ​មាន​វាសនា​ដូចពេល​នេះ​ទៀត… ឱ្យ​គាត់​បាន​ល្អ​ប្រសើរ​ជាង​នេះ… »

ខ្ញុំឈប់បន្តិចហើយបន្ត៖ «តែ​ចំពោះ​ការណ៍​ដែល​យើង​ឱ្យ​លុយ​ទៅ​អ្នក​សុំ​ទាន​ដែល​មាន​កាយ​សម្បទា​គ្រប់​គ្រាន់​ ឬ​មាន​​រាង​កាយ​ពិការ​ភាព​ខ្លះ​ល្មម​អា​ច​ធ្វើ​កិច្ចការបាន​ គឺ​ធ្វើឱ្យ​គាត់​បាត់​បង់​ការ​តស៊ូ​ក្នុង​ជីវិត គ្មាន​សេចក្តី​សង្ឃឹម​នឹង​តស៊ូ​តទៅ​ ហើយ​សុខ​ចិត្ត​​ទទួល​យក​ជីវិត​ជា​អ្ន​ក​សុំទាន​តែម្តង… មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ កូន​ៗ​របស់​គាត់​នឹង​យក​តម្រាប់​តាម… នេះ! ខ្ញុំមិន​និយាយចំពោះការដែលមានករណី​ជំរុញ​ទៅកាន់ស្ថានភាព​ទល់ច្រកនោះទេ ការណ៍​ដែល​ខ្ញុំ​និយាយ​នេះ ចំពោះតែបុគ្គលមួយចំនួនដែលលើកដៃសុំទាន់គេ ដោយមិនខ្មាស ទាំងខ្លួននៅមានកម្លាំងតស៊ូបាននៅឡើយ។

ខ្ញុំនិយាយតាមតែអារម្មណ៍ដោយមិនសូវបានគិតគូររកដំណោះស្រាយឲ្យបានវែងឆ្ងាយ។ ខ្ញុំផ្អាក​លែប​ទឹក​មាត់​ផ្សើម​បំពង់ក​ហើយ​និយាយត​៖ «យកល្អ​… បើ​សិន​​ជា​យើង​ចង់​ជួយ​ពួក​គាត់​ដោយ​ស្មោះពិត​មែន យើង​គួរ​តែ​នាំ​គាត់​ទៅ​រក​អង្គការ ឬ​មណ្ឌល​កុមារ​កំព្រា​ដើម្បី​ជួយ​ពួក​គាត់​ឱ្យ​បាន​រៀន​សូត្រ​និង​រៀន​វិជ្ជា​ជីវៈ​ផ្សេង ​ដើម្បី​ប្រកប​របរសុចរិត​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​គាត់​។​»

ពោលមក​ដល់ត្រឹម​នេះ ខ្ញុំ​នឹក​ដល់​ពេល​ដែល​ខ្ញុំ​ឱ្យ​នំ​កង​ទៅ​ស្ត្រី​នោះ​ទៀត​ហើយ! សំណួរ​តែ​មួយ​ដដែល​រត់​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ… ហេតុ​អ្វី​បានជា​ខ្ញុំ​ឱ្យ​នំ​ទៅ​ស្ត្រី​នោះ? ម៉េច​មិន​ទុក​ឱ្យ​មិត្ត​ភក្តិ​សម្រាប់​បរិភោគ​​ជុំ​គ្នា? ខ្ញុំ​ទទួល​អារម្មណ៍​ថា​ចង់​ជួប​គាត់​ម្ដង​ទៀត… ប្រហែល​ជា​មនោសញ្ចេតនារបស់​ខ្ញុំ​ផ្ដោត​ធ្ងន់​ទៅ​លើ​ស្ត្រី​ម្នាក់នោះ​​ហើយ​មើល​ទៅ? ឬ​មក​ពី​ខ្ញុំ​គ្មាន​ភាព​កក់​ក្ដៅ​ពី​ម្ដាយ​តាំង​ពី​តូច ​ទើប​បណ្ដាល​ឱ្យ​ខ្ញុំ​អាណិត​ស្ត្រី​នោះ? ចំណោទ​គ្មាន​ចម្លើយ​នៅ​តែ​វិលវល់​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​រហូត​ដល់​ជំនិត​និយាយ​ទាំង​ភ្ញាក់​ផ្អើល៖

«គ្នា​យល់​ហើយ! បើ​យើង​ឱ្យ​តែ​ត្រី មិន​បង្ហាញ​បឹង… ឬមិនបង្រៀន​របៀប​ស្ទូច គាត់​រស់​បាន​តែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ…»

«ត្រឹម​ត្រូវ​ហើយ! លោកគ្រិស្តូហ្វឺ-លី(Christophe-Lee)មាន​ប្រសាសន៍​ថា “ឱ្យ​ត្រី​គេ​ហូប គេរស់​បាន​តែ​មួយ​ថ្ងៃ តែបង្រៀន​ឱ្យ​គេ​ចេះ​ស្ទូចត្រី គេ​រស់​បាន​មួយ​ជីវិត ប៉ុន្តែបើ​យើង​បង្រៀន​ឱ្យ​គេ​ចេះ​គិត មិន​បាច់​ទៅ​នេសាទ​នោះ​​ទេ!”»

ជំនិត​គិត​មួយ​សន្ទុះ​ហើយ​មាន​យោបល់៖

«អ៊ីចឹង​យើង​គួរ​នាំ​ក្មេង​កំព្រា អ្នក​សុំ​ទាន​ទាំង​នោះ​ទៅ​មណ្ឌល​កុមារ​កំព្រា​តាម​លទ្ធភាព… ម៉េច​ល្អ​ទេ?»

«ល្អ​ហើយ! គ្នា​នៅ​មណ្ឌល​កុមារ​កំព្រា​ជាង​ដប់​ឆ្នាំ​ហើយ គ្នា​ល្មម​ដឹង​រឿង​ហ្នឹង​ខ្លះ​ដែរ! យើង​ត្រូវ​តែ​សាក​ល្បង​មើល! តែ​បច្ចុប្បន្ន​មាន​មណ្ឌល​ខ្លះទាល់​តែ​មាន​បក្ស​ពួក មាន​ខ្សែ​ពួរ​ទើបចូល​បាន! មិន​មែន​ជា​រឿង​ធម្មតា​ទេ! តែទោះ​ជា​យ៉ាង​ណា ក៏យើង​ត្រូវ​តែ​សាក​ល្បង!»

យើង​កំពុង​សន្ទនា​មក​ដល់​ត្រឹម​នេះ ខេមា​ជិះ​ម៉ូតូ​មក​ដល់​ល្មម។ នាង​ដើរ​មក​រក​ពួក​យើង​ព្រម​ទាំង​និយាយឌឺ​ភ្លាម៖

«ឯ​ណា​នំ​កង? ក្រែង​ថា​ទិញ​ផ្ញើ​ខ្ញុំ​នោះអី? ចិត្ត​អាក្រក់​ណាស់​ពួក​ម៉ាក!» នាង​និយាយ​ម្ញ៉ិកម៉្ញក់​ហើយ​រូត​កាតាប​ រួច​បន្ត «នេះ​នំ​កងនែ! ពួកម៉ាក​ចិត្ត​បាន​ទាំង​ពីរ!»

នាង​និយាយ​កំប្លែង​យ៉ាង​ស្ងួត​រក​តែ​ខ្ញុំ​ទប់​ស្នាម​ញញឹម​មិន​បាន។ ខេមា​តាំង​ពី​បាន​ស្គាល់​រាប់​អាន​ពួក​យើង​មក នាង​ស្រស់​ថ្លា​ជាង​មុន នាង​លេងច្រើន​ព្រោះ​នាង​រង​ទុក្ខ​ព្រួយ​ឆ្អែត​ហើយ​ក្នុង​រង្វង់​គ្រួសារ។ ការ​ពិត​ទៅ​ខេមា​ជា​មនុស្ស​ចិត្ត​ទន់ ងាយ​នឹង​បង្ហូរ​ទឹក​ភ្នែក​ចំពោះ​មនោសញ្ចេតនាណាស់ នាង​មិន​បាន​ទទួល​ភាព​កក់​ក្ដៅ​ពី​គ្រួសារ… ពេល​ដែល​រំលឹក​រឿង​វិបត្តិ​គ្រួសារ​ម្ដង​ៗ ខេមា​យំ​តែ​រហូត… ដោយ​សារ​ការ​លំបាក​ដូច្នោះ​ហើយ​ទើប​ធ្វើ​ឱ្យ​នាង​ចេះ​តស៊ូ ជម្នះ​ឧបសគ្គ​រហូត​ដល់​បាន​អាហារូបករណ៍​នៅ​សាកល​វិទ្យា​ល័យ​​ដល់​ទៅ​បួន​ឆ្នាំ ហើយ​ដោយ​សារ​មាន​ប្រវត្តិកម្សត់​ដូច​គ្នា ទើប​យើង​បាន​ស្គាល់​គ្នា គឺ​យើង​ដឹង​ក្លិន​ ស្គាល់មុខ​អ្នក​ទុក្ខ​ព្រួយ។

ឯ​ជំនិត​វិញ ឪពុក​ម្ដាយ​លែងលះ​គ្នា​អស់​ហើយ… ជំនិត​កំព្រា​ក្នុង​នាម​មាន​មេបា។ ពួក​គេ​ប្រហែល​ជា​គ្រាន់​បើ​ជាង​ខ្ញុំ​ផង គេ​កំព្រា​មែន ​តែ​គេ​បាន​ឮពាក្យ​សុំ​លែង​លះ​គ្នា សុំ​ចែក​ផ្លូវ​របស់​ឪពុក​ម្ដាយ តែ​ខ្ញុំ​សូម្បី​តែ​បាន​ឮ​ក៏​មិន​បាន​ផង…!

ដោយ​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​កំព្រីកំព្រា​ដូច្នេះ​ហើយ​ ទើប​កាល​នោះ​យើង​ពិភាក្សា​គ្នា​រៀប​ចំ​គម្រោង​បង្កើត​មណ្ឌល​កុមារ​កំព្រា​នៅ​ទី​ជនបទ​ដាច់ស្រយាល​មួយ​កន្លែង ​ក្រោយ​ពេល​យើង​រៀន​ចប់​​បរិញ្ញាបត្រ​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​កុមារ​កំព្រា​ក្រីក្រ​ពិត​ប្រាកដ​ដែល​ទន្ទឹង​រង់​ចាំ​ជំនួយ​មនុស្សធម៌​ដ៏​ស្មោះ​​​សរ​ ដែល​ជា​ចំណែក​មួយ​ជួយ​ស្រោច​ស្រង់​ជីវិត​ចេញ​ពី​គ្រោះ​​អវិជ្ជា​ និង​ជួយ​ស្ដារ​មាតុភូមិ​ដ៏​កម្សត់​របស់​យើង…។

នឹក​មក​ដល់​គម្រោង​នេះ​ ជា​កម្លាំង​ចលករ​ជំរុញ​ឱ្យ​ខ្ញុំ​ងើប​ពី​កន្ទេល​ទាំង​ត្រដាបត្រដួស​ ព្រោះ​បាត់​ជើង​ស្ដាំ​ម្ខាង​។ ខ្ញុំ​ទើប​តែ​ចេញ​ពី​មន្ទីរពេទ្យ​បានកន្លះ​ខែ​តែ​ប៉ុណ្ណោះ។ ក្នុង​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​ចង​ចាំ​ថ្ងៃ​ណាត់​ជួប​នោះ​ជានិច្ច… ខ្ញុំ​មិន​ជឿ​ថា​​ពួក​គេ​លក់​ឧត្តមគតិ​ ធ្វើ​ជា​ខ្ញុំ​កញ្ជះ​បម្រើ​បារាំង​នោះទេ… ពីរ​ឆ្នាំ​មក​ហើយ​ដែល​ពួក​គេ​មិន​បាន​មក​ជួប​តាម​ការ​ណាត់​… ខ្ញុំ​នៅ​តែ​ចាំ​ជំនិត និងខេមា​ត្រឡប់​មក​ស្រុក​វិញ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស ជា​ថ្ងៃពិសេស​នៃ​អនុស្សាវរីយ៍… ខ្ញុំ​ត្រូវ​តែទៅរង់​ចាំពួកគេ​នៅ​កន្លែង​ណាត់ ​ទោះ​បី​ជា​ខ្ញុំ​ពិការ​ ដើរ​ស្ទើរមិន​រួច​ក៏​ដោយ ​ក៏​ខ្ញុំ​ខំ​ដើរ​ទាំង​ត្រដាប​ត្រដួស​ចេញ​ពី​ខ្ទម​ដើម្បី​ទៅ​ជួបពួក​គេ​ជា​ចុង​ក្រោយ​មុន​នឹង​ខ្ញុំ​ត្រូវ​ចាក​ចេញ​ទៅដែរ។

ខ្ញុំជិះកង់ទៅរង់ចាំពួកគេ ទាំងពីរ។ សង្ឃឹមថាពួកគេនឹងមកជួបខ្ញុំជាចុងក្រោយ។

ខ្ញុំ​រង់​ចាំ​មិត្ត​សម្លាញ់​ទាំង​ពីរ​ នៅ​ក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី​រាជវរារាម។ ទោះ​បី​ជា​ព្រះ​អាទិត្យ​ហៀប​អស្ដង្គត​នៅ​បស្ចិម​ទិស​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែឈរ​ទប់​ខ្លួន​នឹង​ឈឺ​ច្រត់ ​សម្លឹង​មើល​ទៅ​ទិស​ខាង​កើត​នៃ​ត្រើយ​សេចក្ដី​សង្ឃឹម​ដ៏​វែង​ឆ្ងាយ។ ខ្ញុំ​រំពឹង​ថា​ខ្ញុំ​នឹង​មាន​ជីវិត​រស់​នៅ​មើល​កម្ពុជា​រួបរួម​គ្នាក្នុង​ឆ្នាំ២០៤៩… នឹក​ដល់​ចុង​កន្ទុយ​នៃ​ឆ្នាំ​នេះកាលពី​ប្រាំមួយ​​ទស្សវត្យ៍មុន​នោះ ធ្វើឱ្យខ្ញុំ​ក្ដៅ​ចិត្ត​ឆួល​ដូច​គេ​អារ​កាត់​សាច់​ទាំង​ដុំ​ៗ…

កំពុង​តែ​ឡើង​កំហឹង​ឆេះ​ក្នុង​ប្រអប់​ទ្រូង​ស្រាប់​តែ…

«ពូ​ហូប​នំ​ទៅ! ខ្ញុំ​ជូន…»

ដោយ​មិន​បាន​ចាប់​អារម្មណ៍​នឹង​ប្រភព​សំឡេង ខ្ញុំ​គ្រាន់​តែ​ឃើញ​នំ​កង​ពីរ​ប្រាកដ​ខ្លួន​នៅ​ចំពោះ​មុខ​ខ្ញុំ។ ខ្ញុំ​ប្រតិកម្ម​ភ្លាម​មួ​យ​រំពេច… គេ​ឱ្យ​ខ្ញុំប្រហែល​ជា​ស្មាន​ថា​ខ្ញុំ​ជា​អ្នក​សុំ​ទាន​ហើយ​មើល​ទៅ ដោយ​ឃើញ​រូបរាង សម្លៀក​បំពាក់​ប្រលាក់​ស្រមក​របស់​ខ្ញុំ។ ខ្ញុំ​លះ​បង់​សាច់​ស្រស់​ឈាមស្រស់​ការពារ​សន្តិភាព ការពារ​ទឹក​ដី ការ​ពារ​​ប្រជាជាតិ​មាតុភូមិ​ឱ្យ​សុខសាន្ត តែ​ទី​បំផុត​ខ្ញុំ​បាន​ត្រឹម​តែ​ឈ្មោះ​ជា​អ្នក​សុំ​ទាន បាន​ត្រឹម​តែ​គេ​បោះ​នំកង​ពីរ​ហ្នឹង​ឬ? ខ្ញុំ​គិត​ក្នុង​ចិត្ត​ម្នាក់​ឯង​ដោយ​ចិត្ត​ក្ដៅ​ងំ… ភ្នែកទាំងគូ​​របស់​ខ្ញុំ​ស្ទើរ​ស្រក់​ឈាម…

បែប​ឃើញ​ខ្ញុំ​មិន​ទទួល​នំនិងមិន​ឆ្លើយ​តប​ ទើប​មាន​សំនួន​ជា​ថ្មី៖

«ពូ! សូម​ពូ​ទទួល​នំ​នេះទុក​ហូប​ចុះ​! ប្រហែល​ជា​មិត្ត​របស់​ខ្ញុំ​មិន​មក​ទេមើលទៅ ​ក្នុង​ឆ្នាំ​នេះ!»

ឮ​សម្ដី​ម្ដង​នេះ​ជា​សំឡេង​ស្រី​ ដែល​ខ្ញុំ​ធ្លាប់​ស្ដាប់​ឮ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន… ជា​សំនៀង​យ៉ាង​ទន់​ភ្លន់… ខ្ញុំ​ស្រាប់​តែ​ភ្ញាក់​អារម្មណ៍ ​ក្រោយ​ពី​ឱន​មុខ​ចុះយ៉ាង​យូរ​មក។ ភ្លាម​នោះ​ ខ្ញុំ​ព្យាយាម​រំងាប់​ចិត្ត​ខឹង​ក្រោធ ​ដែល​កំពុង​តែ​ពុះ​កញ្ជ្រោល​អម្បាញ់មិញ ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ​ប្រយោគ​ខ្លី​ៗ​មុន​នេះ ជា​វាចា​ដ៏​ទន់​ភ្លន់​របស់​មិត្ត​នារី​​ ដែល​​ខ្ញុំ​តែង​តែ​នឹក​គិត​ដល់​នាង។ ខ្ញុំ​សម្រេច​ចិត្ត​ងើប​មើល​មុខ​ចំ…

មែន!… មែន​គឺ​ខេមា មិត្ត​នារីជា​ទី​ស្រឡាញ់ ​ដែល​​អវត្តមាន​ពីរឆ្នាំ​ម​កហើយ​នៅ​កន្លែង​ណាត់​នេះ។ ដោយ​សេចក្ដី​ត្រេកអរ និង​ក្ដី​នឹក​រលឹក​យ៉ាង​ជ្រាល​ជ្រៅ យើង​​ស្ទើរ​តែ​ស្ទុះ​ឱប​គ្នា តែ​ដោយ​រនាំង​ជញ្ជាំងគំនិត​ប្រពៃណី យើង​ក៏​ប្ដូរ​មក​សំពះ​ និងចាប់​ដៃ​គ្នា​ដោយ​សភាវគតិ។ នាង​ញញឹម​ទាំង​ទឹក​ភ្នែក​មក​រក​ខ្ញុំ… ខេមា​យំ​ទៀត​ហើយ! លើក​នេះ ​ខ្ញុំ​អត់​ទ្រាំទប់​ទឹក​ភ្នែក​លែង​បាន… ទឹក​ភ្នែក​ជោរ​ជន់​សម្រុក​ចេញ​មក​ក្រៅ… ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អី​បាន​ជា​ខ្ញុំ​ត្រូវ​យំ​នោះ​ទេ! មក​ពី​ត្រេក​អរ​នឹង​បាន​ជួប​ខេមា ​ដែល​​បែក​គ្នា​ជា​យូរ​មក​ហើយ ឬ​អាណិត​ខ្លួន​ឯង​ដែល​ក្លាយ​ជា​ជន​ពិការ​… ទេ! ប្រហែល​ដោយ​សារ​សេចក្ដី​នឹក​រលឹក​​ត្រឹម​ត្រូវ​ជាង… ខ្ញុំ​ទប់​អារម្មណ៍ ប្រមូល​​ស្មារតី​ឡើង​វិញ។ ខ្ញុំ​សើ​រើ​ព្រឹត្តិការណ៍​មុន​នេះ​បន្តិច… ហេតុ​អ្វី​បាន​ជា​​ខ្ញុំ​ចំណាំ​សំឡេង​របស់​នាង​មិន​បាន? មក​ពី​យើង​បែក​គ្នាយូរ​ពេក? ឬ​មួយ​មក​ពី​ត្រចៀក​របស់​ខ្ញុំ​ស៊ាំ​នឹង​ស្នូរ​កាំភ្លើង​បាន​ជា​ស្ដាប់​សំឡេង​របស់​ខេមា​មិន​ស្គាល់? ឬក៏មក​ពី​ការ​ដាច់​សរីរៈ​ទើប​ធ្វើ​ឱ្យ​រូប​ខ្ញុំប្រែប្រួល​អារម្មណ៍​ផ្លូវ​ចិត្ត​ដូច្នេះ​ហើយ​មើល​ទៅ!

កំពុង​តែ​ស្លុង​ក្នុង​ការ​គាស់​កកាយ​រក​ប្រភព​នៃ​ឥរិយាបថ ខេមា​យក​ខ្នង​ដៃ​ជូត​ទឹក​ភ្នែក​ ដែល​រមៀល​មក​លើ​ថ្ពាល់​សម្លឹង​មើល​មក​ជើង​ស្ដាំ​របស់​ខ្ញុំ ហើយ​ហើប​មាត់​ទាំង​រន្ធត់៖

«រក្សា…»

នាង​គ្រាន់​តែ​ហៅ​ឈ្មោះ​របស់​ខ្ញុំ​ហើយ​ក៏​យំ​សា​ជា​ថ្មី… ខ្ញុំ​បាន​យល់​ពី​បំណង​របស់​នាង ​ហើយ​ខ្ញុំ​ក៏​ទប់​ចិត្ត​និយាយ​ប្រាប់​នាង៖

«ខ្ញុំ​ពិការជើង​​ហើយ!»

ឮ​បែប​នេះ ខេមា​ខ្ទប់​មុខ​យំ​តែ​ម្ដង។

«ខេមា! ឈប់​យំ​ទៅ! ខ្ញុំ​ពិការ​ជើង​គឺ​ដើម្បី​ជាតិ! ខេមា​ត្រូវ​តែ​ត្រេកអរ!»

នាង​ងក់​ក្បាល​តិច​ៗ​ស្ទើរ​តែ​មិន​កម្រើក ​តែ​នាង​នៅ​តែ​យំ​មិន​បាត់សោះ។

«បាន​ហើយ​ខេមា​មិត្ត​ល្អ​របស់​ខ្ញុំ! ឈប់​យំ​ទៅ​ណា៎!»

«… ហេតុ​អី​រក្សា?… »

«ខ្ញុំ​ចូល​ធ្វើ​ទាហាន​ ក្រោយ​ពេល ​ដែល​ខេមា​និងជំនិត​ទៅ​រៀន​បន្ត​នៅ​បារាំង។ ថ្ងៃពិសេស ​នៃ​អនុ​ស្សា​វរីយ៍​​ក្រោម​ដើម​ពោធិ៍នេះ​ កន្លង​ផុត​ទៅ​​ពីរ​ឆ្នាំ​មក​ហើយ! ខ្ញុំ​មក​ចាំ​មិត្ត​ទាំង​ពីរ ​ពីរ​លើក​ដែរ​ តែ​មិនឃើញ​មក។ ប៉ុន្មាន​ខែ​មុន​នេះ ​ខ្ញុំ​ត្រូវ​ទាហាន​បច្ចាមិត្ត​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ខ្មែរ​បាញ់​បេ​ផ្លាត​ត្រូវ​ជើង​របួស​ធ្ងន់ ​ហើយ​ពេទ្យ​កាត់​ចោល… តែ​ឥឡូវ​មិន​អីទេ អាច​ដើរ​បាន​គ្រាន់​តែ​លំបាក!»

ខ្ញុំឈប់និយាយ​បន្តិច​ ហើយក៏ប្តូរសាច់​រឿង ដើម្បីកុំឱ្យនាងយំខ្លាំងពេក ខ្ញុំក៏សួរបង្វែរ៖

«ចុះ​ជំនិត គេ​អត់​មក​ទេ?»

នាង​ឆ្លើយ​យ៉ាង​ខ្លី៖

«ជំនិត​ជាប់​បួកស៍… គេ​ត្រូវ​រៀន​បន្ត​ផ្នែក​រដ្ឋបាល​ពីរ​ឆ្នាំ​ទៀត​ទើប​ចប់…»

«ល្អ​ណាស់! រៀន​ច្បាប់​កាទូត​ហើយ​ជាប់​អាហារូបករណ៍​រដ្ឋបាល​សាធារណៈ​ទៀត! ពិត​ជា​ពូកែ​មែន​មិត្ត​ខ្ញុំ! ប្រសើរ​ណាស់! គេពិតជា​បាន​ធ្វើដូច​អ្វី ​ដែលយើង​បាន​និយាយនឹង​​គ្នា​ពិតមែន!…»

ខេមា​ដឹង​ចិត្ត​ខ្ញុំ​ថា​ខ្ញុំ​គ្រាន់​តែ​ធ្វើ​ឱ្យ​នាង​សប្បាយ​ចិត្ត​តាម​រូបភាព​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។ តាម​ពិត​ទៅ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ដូច្នេះ ពិបាក​នឹង​រំភើបចិត្ត​ត្រេកអរ​ណាស់! ទោះ​ជា​យ៉ាង​នេះ​ក្ដី​ក៏​នៅ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​សរសើរ​ជំនិត មិត្តដ៏​ល្អ​របស់​ខ្ញុំ​ដោយ​សុទ្ធចិត្ត… ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ត្រូវ​បញ្ចេញមនោសញ្ចេតនា​រំភើប​យ៉ាង​ណា​ឱ្យ​សម​មិន​កើត​​សោះ​ក្នុង​ខណៈ​នេះ។

ខេមា​គ្មាន​ពាក្យ​អី​និយាយ​ទេ​ពេល​នេះ ទោះ​បី​ជា​នាង​ជា​អ្នក​ជំនាញ​កាទូត​ទើប​រៀន​ចប់​មក​ពី​បារាំង​ក៏​ដោយ… ខេមា​ស្ងាត់​មាត់យ៉ាងយូរ… ដើម្បី​បង្វែរ​ភាព​ស្ងៀមស្ងាត់ ខ្ញុំ​ក៏​រំលឹកគម្រោង​បង្កើត​មណ្ឌល​ក្មេង​កំព្រា ដែល​យើង​និយាយ​គ្នា​កាល​ពីពីរឆ្នាំមុន។ ខ្ញុំ​ប្រាប់​ឱ្យ​នាង​កាត់​យក​ប្រាក់​បៀវត្ស៍​ទាហាន​របស់​ខ្ញុំ​ ​សម្រាប់​ជា​ជំនួយ​ខ្លះក្នុង​​កិច្ចការ​នេះ។ យើង​ចាប់​ផ្ដើម​ធ្វើបណ្ដើរ​ៗ​ទម្រាំជំនិត​ត្រឡប់​មកវិញ។

ខ្ញុំ​សម្រេច​ចិត្ត​ទៅ​កម្ពុជា​ក្រោម​នា​ព្រឹក​ស្អែក​នេះ។ វា​ជា​ការ​ជ្រើស​រើសនៃ​ជីវិត​ចុង​ក្រោយ​របស់​ខ្ញុំ។ ខ្ញុំ​ផ្ដាំ​នាង​​ថា ​ខ្ញុំនឹង​ចេញ​ចូល​កម្ពុជា​កណ្ដាល​ញឹកញាប់​តាម​ការ​ចាំ​បាច់​សម្រាប់​គម្រោង​ដែល​យើង​រៀប​ចំ​ជា​មួយ​​គ្នា។

ខេមា​ក៏​បាន​ប្រាប់​ខ្ញុំ​វិញ​ផង​ដែរ​ថា​ នាង​និងជំនិត​យល់​ចិត្ត​គ្នា​ទាំងសង​ខាង​ហើយ​គ្រោង​នឹង​រៀបការ​នៅ​ពេល​ជំនិត​បញ្ចប់​ការ​សិក្សា។ ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​នៅ​ពេល​ដែល​បាន​ឮ​នាង​ប្រាប់ដំណឹង​​ដ៏​មង្គល​ដូច្នេះ។

ព្រឹក​ឡើង​នៅ​ចំណត​រថយន្ត​ក្រុង ខេមា​ជូន​ដំណើរ​ខ្ញុំ​ហើយ​ហុច​កញ្ចប់​ខ្មៅ៖

«នេះ​សម្រាប់​មិត្តភាព​របស់យើង!»

ខ្ញុំ​ប្រុង​បើក​មើល តែ​នាង​ឃាត់​ថា​ចាំ​មើល​តាម​ផ្លូវ។ យើង​លើក​ដៃ​សំពះ​លា​គ្នា… នៅ​តាម​ផ្លូវ ​ខ្ញុំ​ស្រាយ​ថង់​នោះ​មើល ​ឃើញ​នំកង​បី​និង​អក្សរប៉ុន្មាន​បន្ទាត់ក្នុងកូនក្រដាសក្រហមតូចមួយ​ថា “ដឹង​នូវ​អ្វី​ដែល​យើង​ដឹង មិន​ស្មើ​នឹង​ធ្វើ​នូវ​អ្វី​ដែល​​យើង​បាន​យល់​ដឹង​នោះ​ឡើយ!”…៕

ផ្ដើម​សរសេរថ្ងៃបុណ្យឯករាជ្យជាតិ ០៩.១១.០៩

សរសេរចប់ ១0.១១.០៩


អរគុណយុវមិត្ត កញ្ញា អ៊ឺម រចនា ដែលបាន វាយអត្ថបទរឿនេះដោយផ្ទាល់ និង

អរគុណបងប្រុស សួង ម៉ាក់ ដែលបានជួយកែសម្រួល​ពិនិត្យស្នាដៃនេះផងដែរ។

លោកអ្នកអាន អាច​ចុចយករឿង នំកង និពន្ធ ដោយ ហេង ឧត្ដម នៅទីនេះ។